អ្នក​ការពារ​ព្រៃឈើ​ថា រដ្ឋាភិបាល​បើកដៃ​ឲ្យ​កាប់​និង​ដឹក​ឈើ​ទៅ​វៀតណាម​យ៉ាង​កក្រើក​នៅ​ឆ្នាំ​នេះ

ដោយ សេក បណ្ឌិត
2018-02-15
RFA

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


អ្នក​ការពារ​ព្រៃឈើ​លើកឡើង​ថា រដ្ឋាភិបាល​ជា​អ្នក​បើកដៃ​ឲ្យ​មាន​ការ​កាប់​ឈើ និង​ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​កក្រើក​ក្នុង​ឆ្នាំ​២០១៨​នេះ។ ការ​ចោទ​បែបនេះ ព្រោះ​ពួកគេ មើល​ឃើញ​ថា រដ្ឋាភិបាល ពុំបាន​ចាត់​វិធានការណ៍​ទប់ស្កាត់​ជាក់ស្ដែង​នោះ​ទេ ពោល​គឺ​មានតែ​នៅ​លើ​មាត់ ឬ​លើ ក្រដាស​តែប៉ុណ្ណោះ។

សកម្មជន​ការពារ​ព្រៃឈើ ចាត់​ទុក​ឆ្នាំ​២០១៨ នេះ គឺជា​ឆ្នាំ​អាក្រក់​បំផុត​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខែត្រ​មួយ​ចំនួន​បិទ​ការ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស​យ៉ាង​ណា​ក្ដី។

អ្នកស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ និង​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ឡាំ ព្រំយ៉ឺយ រៀបរាប់​ថា លោក​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃ​ឈើ ចាប់តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៧ រហូតដល់​ដើម​ឆ្នាំ​២០១៨​នេះ គឺ​រក​ឃើញ​ថា បទល្មើស​កាប់​ឈើ និង​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​កម្ពុជា​ទៅ​វៀតណាម កំពុង​កើត មាន​ពេញបន្ទុក ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បញ្ជាក់​ថា ខេត្ត​ដែល មាន​បទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរ និង​កំពុង​សម្រុក​ដឹក​ចេញ​ទៅ​លក់​អោយ​ប្រទេស​វៀតណាម​នោះ រួម មាន​ខេត្ត​ស្ទឹង ត្រែង ខេត្ត​ក្រចេះ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ «»

លោក ឡាំ ព្រំយ៉ឺយ បន្ថែម​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ គ្មាន​អាជ្ញាធរ​ណា ចេញមុខ​ទប់ស្កាត់​នោះ ទេ ពោល​គឺ​អាជ្ញាធរ​ស្ទើរ​គ្រប់​ជាន់ថ្នាក់ មានតែ​ជួយ​សម្រួល ការពារ និង​ឃុបឃិត​ជាមួយ​ឈ្មួញ ឈើ ដែល​មាន​ងារ​ជា​ឧកញ៉ា​ទៀត​ផង។ លោក​បារម្ភ​ថា ព្រៃឈើ​កម្ពុជា នឹង​វិនាស​ហិនហោច​ក្នុង​ពេល​ដ៏ ខ្លី​ខាងមុខនេះ។ «»

កាលពី​ចុងខែ​មករា មន្ត្រី​ឧទ្យានុរក្ស​ក្រសួងបរិស្ថាន មន្ត្រី​កងរាជអាវុធហត្ថ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ចំនួន ៣​នាក់ ត្រូវ​បាន​គេ​បាញ់សម្លាប់ ហើយ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​គឺជា​មន្ត្រី​ប៉ូលិស​ព្រំដែន និង​ទាហាន​ដែល​បាន​ឃុបឃិត​ជាមួយ​អ្នក​កាប់​ឈើ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​លួច​ឆ្លងដែន។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរ៉ុង អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន និង​អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអៀង ជា​ច្រើន​លើក តែ​មិន​ទទួល ទូរស័ព្ទ ។ រីឯ​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បដិសេធ​មិន​ឆ្លើយតប​ជាមួយ​អាស៊ីសេរី​អំពី រឿង​នេះ​នោះ​ទេ។ «»

សកម្មភាព​កាប់​ឈើ និង​ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម​នេះ គឺ​កើតឡើង​ធ្ងន់ធ្ងរ នៅ​ពេល​ស្ថានភាព នយោបាយ​កំពុង​តានតឹង បន្ទាប់ពី​រំលាយ​បក្ស​សង្គ្រោះជាតិ និង​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ជា ដើម ដែល​ពុំ​មាន​អ្នក​រិះគន់​រួមចំណែក​បញ្ឈប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងនោះ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​សកម្មជន​ព្រៃឈើ​ម្នាក់​ដែល បាន​ទទួល​ពានរង្វាន់​វីរជន​បរិស្ថាន (Goldman Environmental Award Prize) នៅ​សហរដ្ឋអាមេរិក លោក អ៊ូច ឡេង មានប្រសាសន៍​ថា រឿង​កាប់ និង​ដឹក​ឈើ​ខុសច្បាប់​នេះ បាន​ក្លាយ​ជា​មុខ​ជំនួញ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​ទៅ​ហើយ ព្រោះ​រដ្ឋាភិបាល បាន​ឈ​នៅ​ពីក្រោយ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ទាំងនោះ។ លោក​បន្ត​ថា សកម្មភាព​ដឹក​ឈើ​នោះ ធ្វើឡើង​ទាំង​ថ្ងៃ​ទាំ​យប់​តែម្ដង ដោយ​គ្មាន​ខ្លាចរអា ហើយ​ឡាន​ដឹក​ឈើ​ភាគច្រើន សុទ្ធតែ​ឡាន​ទំនើប គ្មាន​ផ្លាក​លេខ ហើយ​អ្នក​បើកឡាន​សុទ្ធតែ​ពាក់ អាវ​ប៉ូលិស ទាហាន ដែល​មាន​ទឹកមុខ​កាច​សាហាវ និង​តែង​សម្លុត​គំរាម​នរណា​ដែល​ហ៊ាន​ថត​រូបភាព។ តាម​ការ​ប៉ាន់ស្មាន​របស់​លោក គឺ​ក្នុង ១​ថ្ងៃ ១​យប់ អាច​មាន​ឡាន​យីឌុប ៣០០​គ្រឿង​ដឹក​ឈើ ទៅ​វៀតណាម ហើយ​ក្នុង ១​ឡាន​អាច​ផ្ទុក​ឈើ​បាន​ជិត ១រយ​តោន ហើយ​ប្រសិនបើ​លក់​ឈើ​ក្នុង​តម្លៃ ថោក​ត្រឹម​មួយ ១​គួប តម្លៃ ១​ពាន់​ដុល្លារ ដូច្នេះ​ក្នុង​១​ថ្ងៃ អ្នក​រកស៊ី​ឈើ​ទាំងនោះ​អាច​រកលុយ​បាន​ចាប់ ពី៣០លាន ទៅ ៤០លាន​ដុល្លារ​អាមេរិក។

លោក អ៊ូច ឡេង បញ្ជាក់​ថា មិនមែន​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ គឺ​រដ្ឋាភិបាល មិនបាន​ទប់ស្កាត់​តែម្ដង ហើយ​តែងតែ​បើកឱកាស​អោយ​មាន​ការ​រកស៊ី​ឈើ​អនាធិបតេយ្យ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល មាន​ឆន្ទៈ​ទប់ស្កាត់​មែន​នោះ គឺ​តែ​២​ថ្ងៃ ក៏​បង្ក្រាប​បាន​ដែរ ព្រោះ​អ្នក​រកស៊ី​ឈើ​ទាំងនោះ សុទ្ធ​តែ​ជា​កូនក្មួយ និង​ជា​មន្ត្រី​ក្រោម​ការ​គ្រប់​របស់​នាយករដ្ឋមន្ត្រី។ រីឯ​ឧកញ៉ា​ដែល​ល្បីឈ្មោះ​ខាង​រកស៊ី​ឈើ សុទ្ធតែ​ធ្លាប់​មាន​ដីកា​ចាប់ខ្លួន​រួច​ទៅ​ហើយ។

សកម្មជន​បរិស្ថាន​រូប​នេះ លើកឡើង​ថា លោក​មិន​សង្ឃឹមលើ​ការ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ ជាពិសេស​ម្ចាស់​ជំនួយ​ផ្សេងៗ ដើម្បី​ដាក់​សម្ពាធ និង​ជួយ​ទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​នេះ។ «»

ទាក់ទិន​ករណី​នេះ​ដែរ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក សៅ សុភាព និង​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ជាច្រើនលើក តែ​មិន​ទទួល​ទូរស័ព្ទ។ រីឯ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ និង​ក៏​ជា​អ្នកនាំពាក្យ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​មាន​លោក សៅ សុខា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ជា​ប្រធាន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ថា ទិន្នន័យ​របស់​គយ​វៀតណាម ដែល​បាន​ចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ Forest Trends បង្ហាញ​អំពី​ការ​កើន​ឡើង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​អំពី​ការ​នាំចូល​ឈើហុប និង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៧។

ទិន្នន័យ​នោះ​បាន​បង្ហាញ​ថា ឈើ​ប្រមាណ​ជាង​១៦​ម៉ឺន ( ១៦៣០៧១) ម៉ែត្រគួប​របស់​កម្ពុជា ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ ២០១៧ ពោល​គឺ​មានការ​កើន​ឡើង​ចំនួន ១៧ ភាគរយ​លើស​ពី​ឆ្នាំមុន ហើយ​តម្លៃ​នៃ​ការនាំចេញ បាន​កើន​ឡើង​ដល់ ២១ %​គឺ​ស្មើនឹង​ទឹកប្រាក់ ៤០​លាន ដុល្លារ។ ទន្ទឹម​នឹង​នេះ​ដែរ តួលេខ​ការនាំចេញ​ឈើ​អារ ហាក់​បាន​បង្ហាញ​អំពី​ការ​កើន​ឡើង​បន្ថែម​ទៀត ជាពិសេស​នៅ​ក្នុង​រដូវប្រាំង។

កាលពី​ខែ​មករា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ​កាប់​ព្រៃឈើ ការនាំចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុ​តាង​នៃ​បទល្មើស​សហការ​ជាមួយ​ភាគី​វៀតណាម​និង​ឡាវ។ តាមរយៈ​សេចក្ដី​សម្រេច​នោះ​រដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​មួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ទៀត​ផង​។ ប៉ុន្តែ​បទបញ្ជា​ទាំងនោះ បាន​ឮ​តែ​សំឡេង​ក្ដុងក្ដាំង​អោយ​ល្អមើល ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​សោះឡើយ ដូច​មាន​បង្ហាញ​ស្រាប់​តាម​របាយការណ៍​ផ្សេងៗ និង​រូបភាព​ភស្តុតាង​ដាក់​បង្ហោះ។

ទោះយ៉ាង​ណា​ក្តី សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត អះអាង​ថា ពួកគេ ពុំ​ឃើញ​មាន​អ្វី​ដែល​ប្លែក​នោះ​ទេ ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល ពូកែ​ខាង​ចុះហត្ថលេខា​ទប់ស្កាត់​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​ពុំ​ដែល​បាន​ចុះ​អនុវត្ត​ផ្ទាល់​នោះ​ទេ។ លោក អ៊ូច ឡេង ឲ្យ​ដឹង​ដែរ​ថា លោក​គ្រោង​នឹង​ចេញ​របាយការណ៍​ស្ដីពី​វិនាសកម្ម​ព្រៃឈើ​កម្ពុជា ក្នុង​ពេល​ឆាប់ ៗ​នេះ ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង​ការពិត។

កាល​នៅ​មាន​ជីវិត លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធានធម្មជាតិ បាន​ផ្ដាំផ្ញើ​ទៅ​ពលរដ្ឋ ថា មានតែ​ប្រជារាស្ត្រ​ខ្មែរ​ខ្លួនឯង​ទេ ដែល​ត្រូវ​ក្រោកឈរ​ការពារ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ដោយ​ខ្លួនឯង។ លោក​បញ្ជាក់​ថា យើង​មិន​អាច​ពឹង​ពាក់​រដ្ឋាភិបាល​ដែល​ខ្វះ​ការទទួលខុសត្រូវ​នេះ​តទៅទៀត បើ​យើង​ចង់​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​ទុក​អោយ​កូនៗ​យើង​ជំនាន់​ក្រោយ​បាន​មើល និង​ស្គាល់​នោះ។

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ពេល​លោក​កំពុង​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "អ្នក​ការពារ​ព្រៃឈើ​ថា រដ្ឋាភិបាល​បើកដៃ​ឲ្យ​កាប់​និង​ដឹក​ឈើ​ទៅ​វៀតណាម​យ៉ាង​កក្រើក​នៅ​ឆ្នាំ​នេះ"

  1. Anonymous says:

    just wait and see how climate in Cambodia will be if this country become an open sea. I new HUN SEN did not care as long as he got some benefit from it . that what happen to CNRP HUN SEN have to destroy his opponent in order to do whatever he want. from now on HUN SEN is walking on air no one party oppose what his leadership doing. but I want to reminding you at this stage the whole world are knowing the true color of this evil HUN SEN. the question is where HUN SEN going to live even if he had so much monies he can not go to live in Vietnam or CHINA. HUN SEN will have no place to live Cambodia is not well come him any more because people know every thing about him. too bad so sad what he have done it will be what he will receiving . go hell Mr SOK AN is waiting for you and all Cambodian sole is waiting to escort you to the place that we call no return. GOD bless Cambodia and it’s people

  2. Anonymous says:

    just wait and see how climate in Cambodia will be if this country become an open sea. I new HUN SEN did not care as long as he got some benefit from it . that what happen to CNRP HUN SEN have to destroy his opponent in order to do whatever he want. from now on HUN SEN is walking on air no one party oppose what his leadership doing. but I want to reminding you at this stage the whole world are knowing the true color of this evil HUN SEN. the question is where HUN SEN going to live even if he had so much monies he can not go to live in Vietnam or CHINA. HUN SEN will have no place to live Cambodia is not well come him any more because people know every thing about him. too bad so sad what he have done it will be what he will receiving . go hell Mr SOK AN is waiting for you and all Cambodian sole is waiting to escort you to the place that we call no return. GOD bless Cambodia and it’s people