កីឡា ៩ ប្រភេទ ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​បុណ្យ​ទន្លេ

សកម្ម​ភាព​ប្រណាំង​ទូក ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ដង​ទន្លេ នៃ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កន្លង​មក។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ លើក​ទី ៤ ដែល​នឹង​ត្រូវ​ធ្វើ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០១៨ ខាងមុខ​នេះ បាន​ដាក់​ប្រភេទ​កីឡា មាន​ប្រជាប្រិយ​ចំនួន ៩ ឲ្យ​ធ្វើ​ការ​ប្រកួត និង​សម្តែង ក្នុង​ពិធី​បុណ្យ​ទន្លេ ឆ្នាំ​នេះ។

ចំពោះ​ប្រភេទ​កីឡា​ទាំង ៩ ដែល​ទាក់ទាញ​មហាជន ព្រមទាំង​ស៊ី​ទៅ​នឹង​អត្ថន័យ​នៃ​បុណ្យ​ទន្លេ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ នៅ​ក្នុង​នោះ​មាន​កីឡា​រត់​ប្រណាំង​កម្សាន្ត ជិះ​កង់​កម្សាន្ត និង​ជិះ​កង់​អាជីព ប្រណាំង​ទូក​ប្រពៃ​ណី បាល់ទះ​មិត្តភាព​អន្តរជាតិ​កម្ពុជា-វៀតណាម បាល់ទាត់​មិត្តភាព​អន្តរជាតិ​កម្ពុជា-វៀតណាម កីឡា​អុក​ចត្រង្គ ប្រដាល់​គុន​ខ្មែរ ចំបាប់​បុរាណ និង​កីឡា​ហែល​ទឹក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​អនុ​គណៈកម្មការ​កីឡា​បុណ្យ​ទន្លេ លើក​ទី ៤ នេះ បាន​ថ្លែង​ថា ក្រោយ​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ពិសេស​អាជ្ញាធរ​ខេត្ត​កណ្តាល និង​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​រួចមក យើង​បាន​សម្រេច​ជ្រើស​រើស​យក​តែ​កីឡា​ចំនួន ៩ ប្រភេទ​ទេ សម្រាប់​ដាក់​ឲ្យ​លេង​ក្នុង​ពិធី​បុណ្យ​ទន្លេ ជូន​ប្រជាពលរដ្ឋ ចូល​ទស្សនា​កម្សាន្ត​សប្បាយ។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​កីឡា​ទាំង ៩ ប្រភេទ​នេះ កីឡា​ប្រដាល់​គុន​ខ្មែរ ត្រូវ​ចំណាយ​ច្រើន​ជាង​គេ ហើយ​បើ​យើង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នោះ ពិត​ជា​មិន​អាច​ទប់​ការ​ចំណាយ​បាន​ទេ។ ហេតុ​នេះ​តាម​យោបល់ ពី​ថ្នាក់​ដឹកនាំ និង​អ្នក​បច្ចេកទេស យើង​នឹង​រៀបចំ​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​សកល ជាមួយ​គ្នា​តែ​ម្តង ដោយ​យក​កីឡាករ​កម្រិត​ថ្នាល មាន​វ័យ​ក្មេង ដែល​លំបាក​ស្វែងរក​ការ​ប្រកួត តាម​សង្វៀន​នានា ឲ្យ​មក​ប្រកួត ដើម្បី​ទទួល​បាន​ឱកាស​ប្រកួត ក្នុង​បុណ្យ​ទន្លេ​នេះ»។

ចំណែក​លោក និន ភិរម្យ អគ្គលេខាធិការរង សហព័ន្ធ កីឡា​ប្រដាល់​គុន​ខ្មែរ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​ថា៖ «តាម​គោល​ការណ៍​របស់​គណៈកម្មការ​បុណ្យ​ទន្លេ យើង​នឹង​រៀបចំ​ការ​ប្រកួត​ចំនួន ២ ថ្ងៃ ក្នុង​នោះ​នឹង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ ទើប​តែ​ហ្វឹកហាត់​ថ្មី​ថ្មោង មិន​សូវ​បាន​ឡើង​ប្រកួត ឲ្យ​ឡើង​ប្រកួត។ នេះ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ថ្មីៗ​កម្រិត​ថ្នាល បាន​ឡើង​ប្រកួត​គ្នា ព្រោះ​នៅ​តាម​សង្វៀន​ឯកជន​តាម​ប៉ុស្តិ៍ នានា គេ​មិន​ងាយ​នឹង​ដាក់​ឲ្យ​កីឡាករ​កម្រិត​ថ្នាល ឡើង​ប្រកួត​នោះ​ទេ ដោយ​គេ​តម្រូវ​តែ​កីឡាករ​ចាស់​វស្សា មាន​បទពិសោធ​ល្អៗ​ស្រាប់»។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​នេះ យើង​ត្រៀម​រៀបចំ​ប្រកួត​ចំបាប់ នៅ​ពេល​ល្ងាច ចំនួន ២ ថ្ងៃ នៅ​ទីលាន​កីឡដ្ឋាន​បាល់ទាត់​ខេត្ត​កណ្តាល​តែម្តង ហើយ​តាម​គម្រោង យើង​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​ការ​ប្រកួត​នោះ ក្លាយ​ទៅ​ជា​ការ​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ខេត្ត តែ​ម្តង»។

ចំណែកឯ លោកស្រី ប្រាក់ សម្ផស្ស ពិធី​ការិនី​កីឡា ដែល​ទទួល​ខុស​ត្រូវ​ពិធីការ បាន​និយាយ​ថា៖ «ការ​ប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​ខ្នាត​វែង មាន​ទូក​ចំនួន ១៦ ក្នុង​នោះ​តាម​ការ​ពិភាក្សា​ជាមួយ​ក្រុម​បច្ចេទេស រូបមន្ត​ប្រកួត អាច​នឹង​ធ្វើ​តាម​ការ​ប្រកួត​ថ្នាក់​ជាតិ គឺ​អុំ ២ ជើង​មាន​ខ្សែ​ទឹក​ខាង​ក្នុង និង​ខ្សែទឹក​ខាង​ក្រៅ ទើប​បម្រើ​ទស្សនិកជន​បាន​យូរ ព្រោះ​បើ​ប្រកួត​តាម​រូបមន្ត​ជម្រុះ​នោះ គឺ​ក្នុង​ការ​អុំ ១ ជើង ស៊ីពេល​តែ​ជាង ២ នាទី​ប៉ុណ្ណោះ ក្នុង​ចម្ងាយ ១៧០០ ម៉ែត្រ អ៊ីចឹង​វា​មិន​ទាក់​ទាញ​មហាជន​ឡើយ ព្រោះ​មួយ​ភ្លែត​ចប់​បាត់»។

ដោយ​ឡែក សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក បាន​ត្រៀម​កីឡាករ កីឡាការិនី​រួច​ហើយ ប៉ុន្តែ​មិនទាន់​កំណត់​ចំនួន​នៅ​ឡើយ ដោយ​ភាគ​ច្រើន​យក​ក្រុម​ជម្រើស​ជាតិ​នៅ​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ដូច​យក​អត្តពលិក​មក​ពី​ខេត្ត។

ទោះជា​យ៉ាងណា លោក ហែម គិរី ដែលជា​អគ្គលេ​ខាធិការ បាន​ប្រាប់​ថា សហព័ន្ធ បាន​ត្រៀម​គណៈកម្មការ​បច្ចេកទេស​ចំនួន ២០ នាក់ ឲ្យ​ទៅ​ពិនិត្យ​ទីតាំង​ជាមុន ព្រោះ​នេះ​ជា​ការ​ហែល​កាត់​ទទឹង​ទន្លេ ដែល​មាន​ចម្ងាយ​រហូត​ដល់ ៨០០ ម៉ែត្រ គឺ ២០០ ម៉ែត្រ គុណ​នឹង ៤ ដង​ឯណោះ។

គួររំឭកថា បុណ្យ​ទន្លេ​នេះ ជា​ព្រឹត្តិការណ៍​បុណ្យ​ប្រចាំឆ្នាំ ដែល​ប្រារព្ធ​ធ្វើ​ឡើង ប្តូរ​វេន​គ្នា​នៅ​តាម​ខេត្ត មាន​ទីតាំង​ជាប់​ទន្លេ​មេគង្គ ដោយ​ចាប់​ផ្តើម​លើក​ទី ១ នៅ​ខេត្ត​ក្រចេះ ក្នុង​ឆ្នាំ ២០១៥ ឯ​លើក​ទី ២ នៅ​ខេត្ត​កំពង់ចាម ឆ្នាំ ២០១៦ លើក​ទី ៣ នៅ​ខេត្ត​ស្ទឹងត្រែង ឆ្នាំ ២០១៧ និង​លើក​ទី ៤ នេះ នៅ​ខេត្ត​កណ្តាល ដោយ​ក្នុង​ព្រឹត្តិការណ៍​ម្តងៗ បាន​ដាក់​ឲ្យ​មាន​ការ​ប្រកួត​កីឡា​យ៉ាង​តិច ៩ ប្រភេទ ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ។

តាម​ការ​វាយ​តម្លៃ​ពី​អ្នកជំនាញ គឺ​លោក វ៉ាត់ ចំរើន ថា​បុណ្យ​ទន្លេ ដែល​នឹង​ធ្វើ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឆ្នាំ ២០១៨ នេះ អាច​មាន​ប្រជាពលរដ្ឋ ប្រហែល ១ លាន​នាក់ ចូលរួម​កម្សាន្ត ព្រោះ​នៅ​ជិត​ទីក្រុង​ភ្នំពេញ៕

What Next?

Recent Articles