អ្នក​រិះគន់​នាយក​រដ្ឋមន្ត្រី​ពី​កូរ៉េ ​រង​ការ​គំរាម​ចាប់​ និង​សម្លាប់

បុរស ឈ្មោះ សុត ស៊ីឡាត ដែល​រង​ការ​គំរាម​ចាប់​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​​វីដេអូ​មួយ​ដោយ​គំរាម​ចាប់​ខ្លួន​ និង​បាញ់​សម្លាប់​ពលករ​ម្នាក់​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​​កូរ៉េ​ខាង​ត្បូង ដោយសារ​តែ​ការ​បង្ហោះ​វីដេអូ​ប្រមាថ និង​ចង់​ប្រកួត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នោះ​មាន​ឈ្មោះ​ កង ប៊ុនទូ ​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​ហ្វេសប៊ុក​ជា​ការ​ឆ្លើយតប​នឹង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ សុត ស៊ីឡាត ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ចោទសួរ​ការ​ធ្វើ​អត្ថាធិប្បាយ​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្មីៗ​នេះ​ដែល​ថា​​លោក​នឹង​បាញ់​គ្រាប់​បេ​ទៅ​​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ប្រសិន​បើ​គាត់​ចូល​មក​ក្នុង​តំបន់​អាស៊ី​។

យោង​តាម​ព័ត៌មាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់ លោក ប៊ុនទូ ដែល​មាន​ទំព័រ​គណនី​ឈ្មោះ វិទូ យុវជន​ដើម្បី​មនុស្សធម៌ ហើយ​រូបថត​ភាគច្រើន​បាន​បង្ហាញ​ថា គាត់​បាន​ផ្តល់​ចំណី​អាហារ​ដល់​ពលរដ្ឋ​ក្រីក្រ ខណៈ​រូប​ខ្លះ​ទៀត​ក៏​បាន​បង្ហាញ​ពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ផង​ដែរ​។

លោក ប៊ុនទូ បាន​ថ្លែង​ក្នុង​វីដេអូ​ដែល​ក្រោយ​មក​បាន​លុប​ចេញ​ពី​គណនី​ហ្វេសហ៊ុក​របស់​លោក​ថា​៖ «​ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ទៅ​ចាប់​ខ្លួន ហើយ​នាំ​គាត់​ត្រឡប់​មក​វិញ​ដើម្បី​ទទួល​ទោស​ហើយ​ខ្ញុំ​អាច​នឹង​បាញ់​ក្បាល ប្រសិន​បើ​គាត់​ហ៊ាន​តដៃ​ជាមួយ​ខ្ញុំ​»​។

វីដេអូ​នេះ​អម​ដោយ​រូបថត​របស់​លោក ប៊ុនទូ ដែល​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាមួយ​នឹង​កាំភ្លើង​ខ្លី​សៀត​នៅ​ចង្កេះ​។

គាត់​ក៏​បាន​អះអាង​ផង​ដែរ​ថា គាត់​គឺជា​អ្នក​នាំ​ខ្លួន​អ្នកស្រី សំ សុខា ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​គប់​ស្បែក​ជើង​ទៅ​លើ​ស្លាក​ប៉ាណូ​គណបក្ស​ប្រជាជន​ដែល​ឈាន​ដល់​ការ​បញ្ជូន​ខ្លួន​ពី​ប្រទេស​ជិត​ខាង​កម្ពុជា​មក​វិញ កាលពី​ដើម​ខែ​នេះ​។

គាត់​បាន​លើក​ឡើង​ក្នុង​វីដេអូ​នោះ​ថា​៖ «​យើង​បាន​នាំ​ខ្លួន​គាត់​មក​វិញ ហើយ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​សកម្មភាព​របស់​គាត់​ចំពោះ​មេដឹកនាំ​របស់​យើង​។ ​គាត់​បាន​ជេរប្រមាថ​ដល់​រដ្ឋាភិបាល ដូច្នេះ​ហើយ​ច្បាប់​នឹង​មិន​មាន​ការ​លើកលែង​ទោស​ដល់​ពួក​ល្ងីល្ងើ​ណា​ដែល​រំលោភ​ច្បាប់​នោះ​ទេ​»​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ មិន​បាន​បញ្ជាក់​ថា តើ​លោក ប៊ុនទូ មាន​ជាប់​ពាក់ព័ន្ធ​នឹង​កងយោធពល​ខេមរភូមិន្ទ​ ឬ​មួយ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ការ​លើក​ឡើង​នោះ​គឺជា​រឿង​ផ្ទាល់​ខ្លួន និង​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ទេ​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​គាត់​និយាយ​គឺ​គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​។ ​គ្មាន​នរណា​ម្នាក់​ទៅ​ចាប់​ខ្លួន​ចោរ ហើយ​ប្រាប់​ចោរ​មុន​ថា ខ្លួន​មាន​កាំភ្លើង​នោះ​ទេ​។ ដូច្នេះ​ហើយ​កុំ​ខ្វល់​ករណី​នេះ​មិន​ពិត​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា ការ​អះអាង​លើ​ករណី​របស់​អ្នកស្រី​ សុខា ក៏​មិន​ពិត​ដែរ ពីព្រោះ​បញ្ហា​ធ្វើ​បត្យាប័ន​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ប្រទេស និង​ប្រទេស​មិនមែន​ធ្វើ​តាមរយៈ​បុគ្គល​ណា​ម្នាក់​ទេ​។

លោក សុត ស៊ីឡាត ក៏​បាន​ប្រើ​ហ្វេសប៊ុក​ឆ្លើយ​បដិសេធ​ទៅ​នឹង​ការ​គំរាម​របស់​លោក ប៊ុនទូដែរ និង​ថា​មាន​មន្ត្រី​ដទៃ​ទៀត​បាន​ទៅ​គំរាម​កំហែង​ដល់​ម្តាយ និង​ពូ​របស់​គាត់​ឱ្យ​ប្រាប់​គាត់​ឲ្យ​បញ្ឈប់​រិះគន់​វាយ​ប្រហារ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ និង​ឲ្យ​សុំទោស​ចំពោះ​ការ​បង្ហោះ​វីដេអូ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​ផង​ដែរ​។

តាមរយៈ​ទូរស័ព្ទ​លោក ស៊ីឡាត បាន​ថ្លែង​ថា មិន​ចាំបាច់​ឱ្យ​គាត់​សុំទោស​ទេ ពីព្រោះ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយ​គ្រាន់​តែ​និយាយ​លេងសើច​អំពី​ការ​ចង់​ប្រកួត​ជាមួយ​លោក​ ហ៊ុន សែន ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​គឺ​គ្រាន់​តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ ហើយ​ខ្ញុំ​និយាយ​គឺ​ដោយសារ​តែ​ខ្ញុំ​ធុញទ្រាន់​នឹង​សកម្មភាព​របស់​លោក​ ហ៊ុន សែន បាន​ធ្វើ​ចំពោះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​»​។

ម្តាយ​របស់​គាត់​គឺ​អ្នកស្រី សុខ បៀន បាន​ថ្លែង​ថា​ក្រុមមន្ត្រី​បាន​មក​ជួប​អ្នកស្រី​ហើយ​គេ​គ្រាន់​តែ​បាន​ប្រាប់​ថា​៖ «​ពួកគេ​ជា​មន្ត្រី​ក្រសួង​ដែល​បាន​បញ្ជូន​កូន​គាត់​ទៅ​បរទេស​ហើយ​​កូន​គាត់​ត្រូវ​បញ្ឈប់​បង្ហោះ​វីដេអូ​រិះគន់​លើ​បណ្ដាញ​សង្គម​»​។

អ្នក​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​បង្ហាញ​វីដេអូ​របស់​កូនប្រុស​ខ្ញុំ​។ កូនប្រុស​ខ្ញុំ​បាន​និយាយ​ពីនេះ​ពី​នោះ​។ ​ពួកគេ​បាន​ប្រាប់​ខ្ញុំ ឱ្យ​ខ្ញុំ​ប្រាប់​កូន​ប្រុស​ខ្ញុំ​ឱ្យ​បញ្ឈប់​ការ​ជេរប្រមាថ​ និង​ត្រូវ​កែខ្លួន​»​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា លោក ស៊ីឡាត គឺជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំងក្លា​ម្នាក់​ដែល​បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ហើយ​ថា ការ​គំរាម​កំហែង​បែប​នេះ​ត្រូវ​តែ​ចាត់​វិធានការ​ឆ្លើយតប​ឲ្យ​បាន​ខ្លាំងក្លា​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការ​គំរាមកំហែង​ដោយ​បើកចំហ​ដល់​អាយុជីវិត​នៅ​លើ​ហ្វេសប៊ុក​បែប​នេះ​ត្រូវ​តែ​មាន​ចំណាត់ការ​ឲ្យ​បាន​ខ្លាំងក្លា​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​»៕ NS

រាយការណ៍​បន្ថែម​ដោយ Ananth Baliga


Contact author: នៀម ឆេង


What Next?

Recent Articles