នយោបាយ
22 កុម្ភៈ 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ
ក្រោយពីចូលជាធរមាន សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើរបាយការណ៍ជារៀងរាល់បីខែម្តងមកឱ្យសភាជាតិរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់«ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ» ហៅកាត់ថា CARI Act បានស្នើឱ្យដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះក្នុងទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។
សេចក្តីព្រាងច្បាប់ CARI Act ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលចំនួន៥នាក់មកពីគណបក្សធំៗទាំងពីរនឹងដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកម្ពុជា ក្នុងនោះមានដាក់លក្ខខណ្ឌជំនួយ ហាមមិនឱ្យជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យចូលក្នុងសហរដ្ឋអាមេរិក បង្កកទ្រព្យសម្បត្តិជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរាល់ប្រាក់កម្ចីនិងជំនួយពីស្ថាប័នអន្តរជាតិទៅកម្ពុជាក៏ដូចជាហាមឃាត់ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាង៥០០លានដុល្លារផងដែរ។
សមាជិកព្រឹទ្ធសភាអាមេរិកាំងប្រាំរូបដែលស្នើសេចក្តីព្រាងច្បាប់CARI Act នេះកាលពីថ្ងៃទី៨ខែកុម្ភៈ មានលោកLinsey Graham, Ted Cruz, Dick Durbin, Patrick Leahy, និងលោក Ben Cardin។
ចុចអានសេចក្តីព្រាងច្បាប់ CARI Act ជាភាសាអង់គ្លេស៖
លោក ធីម រ៉ាយស័រ (Tim Rieser) ជំនួយការផ្នែកគោលនយោបាយការបរទេសរបស់លោកសមាជិកព្រឹទ្ធសភា Patrick Leahy បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ CARI Act នេះស៊ីសង្វាក់គ្នាជាមួយនឹងការគាំទ្ររយៈពេលវែងរបស់សហរដ្ឋអាមេរិកដែលផ្តល់ការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
លោក រ៉ាយស័រ បានបន្ថែមថា ការដាក់ទណ្ឌកម្មនេះគឺដើម្បី«បញ្ជាក់ឱ្យច្បាស់ថាគោលនយោបាយដែលគាបសង្កត់របស់គណបក្សប្រជាជនកម្ពុជាគឺមិនតំណាងឱ្យផលប្រយោជន៍ពលរដ្ឋកម្ពុជាទេ»។
លោកបានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់VOA ខេមរភាសាថា៖
«សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានបក្សតែមួយឡើងវិញ ដូចពេលមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ នេះមិនមែនជាអ្វីដែលពលរដ្ឋកម្ពុជាបានបោះឆ្នោតចង់បាននៅរាល់ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣មកទេ»។
សេចក្តីព្រាងច្បាប់ CARI Act ហាមឃាត់មិនផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាដោយរួមទាំងផ្នែកយោធា កងរាជអាវុធហត្ថ ប៉ូលិស និងតុលាការ។ ការហាមឃាត់នេះពង្រីកដល់មន្ត្រីនិងបុគ្គលិកនៃអង្គភាពនានាដែលរួមមានអង្គភាពក្រៅប្រទេសនិងអ្នកជួយសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ ដែលមន្ត្រីទាំងនោះគ្រប់គ្រងឬជាម្ចាស់កម្មសិទ្ធិ និងសមាជិកក្រុមគ្រួសារនៃមន្ត្រីទាំងនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកត្រូវបញ្ចូលក្នុងរបាយការណ៍ពីវិធានការដែលបានដាក់ទណ្ឌកម្មក៏ដូចជាបញ្ជីឈ្មោះមន្ត្រីដែលត្រូវហាមឃាត់ទាំងនោះដាក់ជូនសភាជាតិ។ នេះបើយោងតាមសេចក្តីស្នើច្បាប់ដែល VOA ទទួលបាន។
ក្រៅពីហាមឃាត់ទិដ្ឋាការ CARI Act ក៏តម្រូវឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីទាំងនោះដែលមាននៅក្នុងសហរដ្ឋអាមេរិកឬគ្រប់គ្រងដោយពលរដ្ឋអាមេរិកាំងហើយនឹងដាក់ទោសទណ្ឌដល់ជនទាំងឡាយណាដែលរំលោភ មានបំណងរំលោភ ចូលដៃចូលជើងដើម្បីប្រព្រឹត្តល្មើសបទប្បញ្ញត្តិស្តីពីការបង្កកទ្រព្យសម្បត្តិមន្ត្រីខិលខូចកម្ពុជាទាំងនេះដោយពិន័យជាប្រាក់រហូតដល់២៥០.០០០ដុល្លារឬ១.០០០.០០០ដុល្លារ និងជាប់ពន្ធនាគាររហូតដល់២០ឆ្នាំតាម«ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាមានអាសន្នអន្តរជាតិ»។
នេះគឺជាទណ្ឌកម្មធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ១៩៩៧ ដែលនៅពេលនោះ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយដោយសារតែភាគីគណបក្សប្រជាជនកម្ពុជាបានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច។ បម្រាមនោះត្រូវបានលើកលែងវិញនៅខែកុម្ភៈឆ្នាំ២០០៧។
សេចក្តីព្រាងច្បាប់ CARI Act បានកំណត់ថា លក្ខខណ្ឌទណ្ឌកម្មទាំងនេះអាចលើកលែងបានដរាបណារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា កម្ពុជាបានពង្រឹងសន្តិសុខនិងស្ថិរភាពក្នុងតំបន់ជាពិសេសពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនិងជួយពង្រឹងទណ្ឌកម្មអន្តរជាតិដែលបានដាក់លើប្រទេសកូរ៉េខាងជើង។
ចំណុចមួយទៀតគឺរដ្ឋាភិបាលត្រូវគោរពសិទ្ធិនិងការទទួលខុសត្រូវដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាក្នុងនោះមានការផ្តល់សិទ្ធិស៊ីវិលនិងនយោបាយឡើងវិញដល់គណបក្សសង្គ្រោះជាតិ បណ្តាញឃោសនានិងអង្គការសង្គមស៊ីវិល។ គណបក្សកាន់អំណាចត្រូវប្រគល់សងវិញនូវតំណែងរបស់មន្ត្រីគណបក្សប្រឆាំងដែលបានជាប់ឆ្នោតក្នុងពេលកន្លងមកក៏ដូចជាដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងនោះមានអ្នកកាសែត សកម្មជនសង្គមស៊ីវិល និងសមាជិកគណបក្សប្រឆាំង។
សេចក្តីព្រាងច្បាប់ CARI Act បានបញ្ជាក់បន្ថែមថា ការហាមឃាត់នេះ«នឹងនៅតែមានប្រសិទ្ធភាពរហូតដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកសម្រេចនិងរាយការណ៍មកគណៈកម្មាធិការហិរញ្ញវត្ថុសភាជាតិថាការបោះឆ្នោតសភាជាតិកម្ពុជាត្រូវបានធ្វើឡើងដោយសេរីនិងត្រឹមត្រូវដែលក្នុងនោះមានសមាជិកនិងគណបក្សសង្គ្រោះជាតិចូលរួមយ៉ាងពេញលេញនិងគ្មានការរំខាន»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាឆ្នាំនេះ។
លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Iseas-Yusof Ishak នៅសិង្ហបុរីបានយល់ថា ការដាក់ភ្ជាប់បញ្ហាកម្ពុជាទៅនឹងសមុទ្រចិនខាងត្បូងនិងកូរ៉េខាងជើង អាចនឹងទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ឱ្យយល់ព្រមពង្រឹងទណ្ឌកម្ម៖
«លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មិនសូវយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សក៏ដូចជាលទ្ធិប្រជាធិបតេយ្យទេក៏ប៉ុន្តែគាត់ចាប់អារម្មណ៍ពីបញ្ហាសន្តិសុខ។ អីចឹងទេ បើសិនជាដាក់លក្ខខណ្ឌបញ្ហាសន្តិសុខក្នុងតំបន់ជាពិសេសទាក់ទងសមុទ្រចិនខាងត្បូងនិងកូរ៉េខាងជើងដូច្នេះលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងយកចិត្តទុកដាក់ពីបញ្ហាហ្នឹងអីចឹងទេអាចនឹងចាត់វិធានការមានប្រសិទ្ធភាព»។
ប៉ុន្តែលោក វណ្ណារិទ្ធ យល់ថា ទណ្ឌកម្មនេះអាចនឹងពិបាកឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាមដោយសារតែកម្ពុជាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងប្រទេសកុម្មុយនិស្តចិន៖
«ចំពោះការឆ្លើយតបពីកម្ពុជាខ្ញុំគិតថា ប្រហែលជាមិនធ្វើតាមឬអនុវត្តតាមនូវសេចក្តីសម្រេចណាមួយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងគោលនយោបាយការបរទេសនៅកម្ពុជាជាពិសេសទំនាក់ទំនងកម្ពុជាចិន។ និយាយឱ្យចំគោលដៅសហរដ្ឋអាមេរិកធ្វើយ៉ាងណាឱ្យយើងងាកចេញពីចិនហើយឱ្យមានតុល្យភាពនិងមានឯករាជ្យភាពពីចិនតាមការយល់ឃើញរបស់សហរដ្ឋអាមេរិក»។
សហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបានចាប់ប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ដាក់ពន្ធនាគារតាំងពីខែកញ្ញានិងរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីខែវិច្ឆិកាហើយបានស្នើឱ្យកែប្រែសភាពការណ៍ឱ្យមកដូចដើមវិញ។
សេចក្តីស្នើច្បាប់ CARI Act នេះកំពុងតែស្ថិតនៅគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំងហើយនឹងត្រូវយកមកពិភាក្សាក្នុងពេលខាងមុខទៅតាមនីតិវិធីធម្មតារបស់ព្រឹទ្ធសភា។
លោក ធីម រ៉ាយស័រ ជំនួយការខាងផ្នែកគោលនយោបាយការបរទេសរបស់លោកសមាជិកព្រឹទ្ធសភា Patrick Leahy នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Vermont បានបញ្ជាក់ថា៖
«មានការព្រួយបារម្ភពីគណបក្សទាំងពីរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនចំពោះការខិតខំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានិងការចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិនកាន់តែកើនឡើងនិងបើកចំហ»។
លោកបានបន្ថែមថា ប្រទេសចិនបានធ្វើការងារប្រកបដោយប្រសិទ្ធភាពក្នុងទាក់ទាញទឹកចិត្តគណបក្សប្រជាជនកម្ពុជានិងលោក ហ៊ុន សែន។
«វាជាសោកនាដកម្មមួយដែលលោក ហ៊ុន សែន ហាក់ដូចជាលក់ប្រទេសរបស់គាត់ជាថ្នូរនឹងសម្ព័ន្ធមិត្តជាមួយនឹងទីក្រុងប៉េកាំងដែលកំពុងតែព្យាយាមកែប្រែប្រទេសកម្ពុជាទៅតាមអ្វីដែលខ្លួនចង់បាន»។
លោក ប៊ិន ម៉ាថឺ (Ben Marter) អ្នកនាំពាក្យរបស់លោកសមាជិកព្រឹទ្ធសភា Dick Durbin នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Illinois បានបញ្ជាក់ថា ការណ៍នេះដោយសារតែរដ្ឋបាលលោកប្រធានាធិបតីត្រាំបានបោះបង់ចោលតួនាទីដឹកនាំផ្នែកការទូតនៅជុំវិញពិភពលោកដែលនាំឱ្យចិននិងរុស្ស៊ីកំពុងបង្កើនទំហំឥទ្ធិពលរបស់ខ្លួន។
សេចក្តីព្រាងច្បាប់ CARI Act នេះក៏អនុញ្ញាតឱ្យបង្កើតកម្មវិធីព័ត៌មានជាភាសាខ្មែរឱ្យបានច្រើនតាមភាពចាំបាច់សម្រាប់ផ្សាយតាមបណ្តាញអ៊ីនធឺណិតដើម្បីបង្ហាញនិងអប់រំពលរដ្ឋកម្ពុជាពីតួនាទីរបស់ប្រទេសចិនក្នុងការគាំទ្ររបបខ្មែរក្រហមនិងតួនាទីរបស់សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកក្នុងការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសព្រមទាំងផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ១៩៩១ដល់២០១៧ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង។
ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាទទួលបានជំនួយជាច្រើនពីបស្ចិមប្រទេសនិងកម្ចីពីស្ថាប័នអន្តរជាតិដើម្បីយកមកអភិវឌ្ឍន៍ប្រទេសនិងកសាងធនធានមនុស្ស។ ប៉ុន្តែក្នុងរយៈពេលជាង១០ឆ្នាំនេះ ប្រទេសចិនបានបង្កើនជំនួយនិងកម្ចីរបស់ខ្លួនមកកម្ពុជាដែលធ្វើឱ្យឥទ្ធិពលបស្ចិមប្រទេសចុះខ្សោយ។
សេចក្តីព្រាងច្បាប់ CARI Act ក៏នឹងជំទាស់រាល់ប្រាក់កម្ចីនិងជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដល់កម្ពុជាផងដែរ។
«រដ្ឋមន្ត្រីក្រសួងរតនាគារត្រូវណែនាំទៅនាយកប្រតិបត្តិស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនីមួយៗរបស់សហរដ្ឋអាមេរិកឱ្យប្រើសំឡេងជំទាស់និងសំឡេងឆ្នោតរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងការពង្រីកការផ្តល់ប្រាក់កម្ចីឬជំនួយហិរញ្ញវត្ថុឬបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជាក្រៅតែពីតម្រូវការចាំបាច់ខាងផ្នែកសិទ្ធិមនុស្ស»។
លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា បម្រាមនេះអាចប៉ះពាល់តិចតួចប៉ុណ្ណោះដល់កម្ចីរបស់កម្ពុជាពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៖
«យើងមើលកម្ចីក្នុងការអភិវឌ្ឍឃើញថា ចិននាំមុខគេបច្ចុប្បន្ននេះ ជាពិសេសកម្ចីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ស្ពានជាដើមហើយយើងឃើញថាធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកនៅជាតួអង្គសំខាន់។ បើសហរដ្ឋអាមេរិកដាក់វិធានការហ្នឹងវាអាចប៉ះពាល់ដល់កម្ចីពីធនាគារពិភពលោកក៏ប៉ុន្តែADB ប្រហែលជាមិនប៉ះពាល់ទេពីព្រោះ ADB ក្រោមការដឹកនាំរបស់ជប៉ុន»។
ក្រោយពីចូលជាធរមានសេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើរបាយការណ៍ជារៀងរាល់បីខែម្តងមកឱ្យសភាជាតិរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕
VOA prepare and prepare but any act.
USA need Cambodia to receive more then
2000 khmer rican who made something
illegal in USA.
in Khmer country
on the pediment of the large entrance gate of the pagoda we see a big wheel
a russian who says with the capitalist system he announces the color not the socialist communist
in a banquet the capitalist leaves a bone to gnaw but never with the socialist communist, with for quote ALL FOR THE PEOPLE NOTHING FOR THE PEOPLE
SOCIAL ELEVATOR EXISTS IN THE CAPILISTE SYSTEM IN spite of IMPERFECTIONS BUT THE SYSTEM COMMUNISTS ALL CHILDREN OF FRAMES OF THE PARTY WILL COME ABROAD TO SEE THAT UNIVERSE IS VAST BUT THE BEST INTELLIGENT OF THE POOR MUST STAY AT THE BOTTOM OF WELL WHY HUN SEN SENT THESE REJECTS TO THE GREAT SCHOOLS OF THE WESTERN COUNTRIES
Great appreciated CARI act, long live USA,
Hun Sen have to reverse his stand by re-install democracy system in Cambodia, if not USA and international community should reconsider the method which use for overthrow Saddam Husein of Iraqand Gaddafi of Lybia,
When HUN SEN hold his breath for a little while, he will choke up. He need to change or he will be change.
Hun Sen must go!!!!!!!!!!!!!! ????!!!!!!!!!!!!.