បក្ស​ប្រឆាំង​ស្នើ​​អន្តរជាតិ​បដិសេធ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ឯ​សង្គម​ស៊ីវិល​ពហិការ​មិន​ចូល​រួម​សង្កេតការណ៍

ដោយ យន់ សាមៀន
2018-02-24
RFA

លោក សាយ ឈុំ បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា កាល​ពី​​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។ Senate Photo
លោក សាយ ឈុំ បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា កាល​ពី​​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។ Senate Photo


គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ (អ.ស.ប) និង​សហគមន៍​អន្តរជាតិ ទាត់​ចោល​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​របប​លោក ហ៊ុន សែន។ ចំណែក​ឯ​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នេះ។

សេចក្ដី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កុម្ភៈ នេះ ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ កុំ​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយសារ​តែ​ការ​បោះឆ្នោត​នេះ រំលោភ​រដ្ឋធម្មនុញ្ញ គ្មាន​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​បង្កើត​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យ​ដឹង​ថា ការ​មិន​ដាក់​អ្នក​សង្កេតការណ៍ ឬ​មិន​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ដោយសារ​អង្គការ​ខុមហ្វ្រែល មើល​ឃើញ​ថា មិន​មាន​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត។ ម្យ៉ាង​ទៀត ការ​បោះឆ្នោត​នេះ​ជា​ប្រភេទ​អសកល ប៉ុន្តែ​អង្គការ​មួយ​នេះ តែង​បាន​ចូលរួម​ឃ្លាំមើល​ពី​ការ​ទិញ​សន្លឹក​ឆ្នោត និង​ការ​គំរាមកំហែង​ដល់​អង្គ​បោះ​ឆ្នោត។ សម្រាប់​អាណត្តិ​ទី​៤​នេះ ខុមហ្វ្រែល នឹង​មិន​ចូលរួម​ឃ្លាំមើល​ការ​ទិញ​សន្លឹក​ឆ្នោត ឬ​ការ​គំរាមកំហែង​អង្គ​បោះឆ្នោត​ទេ ព្រោះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ គណបក្ស​កាន់​អំណាច​មិន​មាន​ដៃគូ​ប្រកួត​​ទេ៖ «»។

គ.ជ.ប បាន​ប្រកាស​ផ្ដល់​លទ្ធភាព​ឲ្យ​គណបក្ស​ចំនួន ៤ ចូលរួម​បោះឆ្នោត​ព្រឹទ្ធ​សភា។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ គ.ជ.ប បាន​ជូន​ដំណឹង​ថា មាន​អង្គការ និង​សមាគម​ក្នុង​ស្រុក​ចំនួន ១២ បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ជាតិ ដើម្បី​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤។ នៅ​ក្នុង​ចំណោម​អង្គការ​សមាគម​ក្នុង​ស្រុក​ទាំង ១២ នោះ​ ​មាន​អ្នក​សង្កេតការណ៍​សរុប ២៧៦​នាក់ ដែល​អង្គការ​សមាគម អាច​ស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច ដូចជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។ ចំណែក​ភាគី​អន្តរជាតិ​វិញ មាន​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​ម៉ាឡេស៊ី ចូល​រួម​សង្កេតការណ៍។ អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ផ្អាក​ជំនួយ​នៃ​ការ​បោះឆ្នោត​ទាំង​ស្រុង​ហើយ។ អាមេរិក និង​អាល្លឺម៉ង់​ថែម​ទាំង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​របប​លោក ហ៊ុន សែន ទៀត​ផង។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ប្រាប់​ថា អង្គការ​របស់​លោក​ក៏​មិន​បាន​ចូលរួម​សង្កេតការណ៍​​បោះឆ្នោត​ព្រឹទ្ធ​សភា​ដែរ ដោយសារ​​សង្គម​ស៊ីវិល​អាច​គណនា​ដឹង​លទ្ធផល​អាសនៈ​របស់​គណបក្ស​ដែល​ចូលរួម​ប្រកួត៖ «»។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា នឹង​ត្រូវ​ផ្សាយ​នៅ​ថ្ងៃ​បោះឆ្នោត។ បើ​មិន​មាន​បណ្ដឹង​ទេ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣០ មីនា ឬ​ប្រសិនបើ​មាន​បណ្ដឹង ​លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​ផ្សាយ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles