សាច់ញាតិ​ជនរងគ្រោះ​ដែល​​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​វាយ​ស្វែង​រក​យុត្តិធម៌

ដោយ សន ចាន់រដ្ឋា
2018-02-24
RFA

លោក សាន គឹមសាន ដែល​សាច់ញាតិ​អះអាង​ថា​ត្រូវ​របួស​ដោយសារ​មន្ត្រី កងរាជអាវុធហត្ថ​វាយ សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុក​មង្គលបូរី កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨។ Photo provided
លោក សាន គឹមសាន ដែល​សាច់ញាតិ​អះអាង​ថា​ត្រូវ​របួស​ដោយសារ​មន្ត្រី កងរាជអាវុធហត្ថ​វាយ សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុក​មង្គលបូរី កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨។ Photo provided


សាច់ញាតិ​ដែល​អះអាង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​វាយ​ទាត់​ធាក់​ទៅ​លើ​​ជនរងគ្រោះ​ឲ្យ​រង​របួស​ធ្ងន់​បាន​ទៅ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​ជួយ​ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌។

សាច់ញាតិ​ជនរងគ្រោះ​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា មូលហេតុ​ដែល​ពួកគេ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​ឲ្យ​ជួយ​នេះ​ គឺ​ដោយសារ​ថ្មីៗ​នេះ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ទៅ​គំរាម​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​​ឲ្យ​បញ្ចប់​រឿង ហើយ​មិន​ឲ្យ​ប្ដឹងផ្ដល់​បន្ត​ទៀត​នោះ​ទេ។

បង​ប្រុស​ជនរងគ្រោះ លោក សាន គឹមសែន ថ្លែង​ថា ដំបូង​ឡើយ​ក្រុម​គ្រួសារ​របស់​លោក​គិត​ថា នឹង​​មិន​ចង់​ប្ដឹងផ្ដល់​ទៅ​ណា​វែងឆ្ងាយ​នោះ​ទេ ព្រោះ​ខ្លាច​អំណាច​សមត្ថកិច្ច ក៏​ប៉ុន្តែ​អំឡុង​ពេល​ព្យាបាល​របួស​ឲ្យ​​ប្អូន​ប្រុស​ស្រាប់​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​​ទៅ​គំរាម​កំហែង​ម្ដាយ​របស់​ខ្លួន​ថា ប្រសិន​បើ​សាច់​ញាតិ​​​ប្ដឹង​រក​ខុស​រក​ត្រូវ​ក្នុង​រឿង​នេះ គឺ​សមត្ថកិច្ច​នឹង​មិន​បន្ធូរបន្ថយ​ទោស​​អ្នក​ប្ដឹង​នោះ​ឡើយ។

លោក​អះអាង​ថា ដោយសារ​តែ​​អត់​ទ្រាំ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​នេះ មិន​បាន​ទើប​លោក​សម្រេច​ចិត្ត​ប្ដឹង​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​តែម្ដង៖ «ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច​គាត់​ទទួល​ខុស​ត្រូវ ព្រោះ​គាត់​មិន​ទទួល​ខុស​ត្រូវ​ដល់​ជនរងគ្រោះ​ទេ ដោយ​គិត​ថា គាត់​មិន​បាន​មក​ធ្វើ​បាប​ពួក​ខ្ញុំ​ទេ តែ​តាម​ពិត​គាត់​ធ្វើ​វាយ​ធ្វើ​បាប​ច្បាស់​ណាស់​ ហើយ​ថែម​ទាំង​សមត្ថកិច្ច​ចាប់​ខ្ញុំ​ទៅ​ឃុំ​អស់​មួយ​ទៀត​ផង»

លោក សាន គឹមសែន ​អះអាង​ទៀត​ថា កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា កន្លង​ទៅ​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​រូប​លោក និង​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​របស់​ស្រាបៀ​កម្ពុជា នៅ​ក្នុង​ប៉ោយប៉ែត ដោយសារ​តែ​ការ​យល់​ច្រឡំ​គ្នា។ លោក​បន្ថែម​ថា ក្រោយ​មក​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ប្រមាណ ១០​នាក់ ក៏​បាន​ចូល​មក​បង្ក្រាប គឺ​សមត្ថកិច្ច​​បាន​វាយ​លោក​រហូត​ដល់​ដួល​សន្លប់ ហើយ​ភ្លាមៗ​នោះ​ប្អូន​របស់​លោក​ក៏​មក​ជួយ​ឃាត់ ស្រាប់​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ក៏​បាន​ប្អូន​លោក​ចាប់​ទាត់​ធាក់ ហើយ​ឈូស​នឹង​ស្បែក​ជើង​ជា​ច្រើន​ជើង​បណ្ដាល​ឲ្យ​ដាច់​​ពោះវៀន​ធ្លាយ​ជា​៣​កំណាត់៖ «ខ្ញុំ​គិត​ថា​រឿង​នេះ​សាហាវ​ណាស់​ គាត់​ធ្វើ​ហ្នឹង​វា​ជា​អំពើ​ព្រៃផ្សៃ​មក​ជន​រងគ្រោះ​ដូច​ពួក​ខ្ញុំ​ជា​ចោរ​លួច​ចោរ​ប្លន់​អ៊ីចឹង ហើយ​បើ​សិន​ជា​គាត់​ចូល​មក​គាត់​និយាយ​ស្រួល​មាន​អី តែ​គាត់​ចូល​មក​ដល់​គាត់​ទះកំផ្លៀង​ខ្ញុំ​ហើយ ចំណែក​ប្អូន​ខ្ញុំ​គ្រាន់​តែ​ចូល​ទៅ​ឃាត់ ហើយ​ខ្ញុំ​ឃើញ​គាត់​ក្រៀក​ក​ប្អូន​ខ្ញុំ ខ្ញុំ​ក៏​គ្រវាស​គាត់​ចេញ ហើយ​គាត់​វាយ​ខ្ញុំ​ដួល​នៅ​កន្លែង​តែ​ម្ដង ហើយ​ខ្ញុំ​ភ្ញាក់​មក​ខ្ញុំ​ឃើញ​សមត្ថកិច្ច​វាយ​ប្អូន​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​មែន​ទែន»

មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក នួន នីណារ៉ូ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​ពុំ​មែន​សមត្ថកិច្ច​គេច​មិន​ទទួល​ខុស​ត្រូវ​លើ​ជន​រងគ្រោះ​​ទេ ​ប៉ុន្តែ​​មូលហេតុ​ដែល​មិន​ទទួល​ខុស​ត្រូវ​ដោយសារ​រឿង​នេះ​ ពុំ​មែន​មន្ត្រី​អាវុធហត្ថ​ជា​អ្នក​វាយ​ទៅ​លើ​ជនរងគ្រោះ។

លោក នួន នីណារ៉ូ អះអាង​ទៀត​ថា បើ​ទោះ​ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ដល់​ណា​ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​ថា មន្ត្រី​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ​ដែ៖ «សកម្មភាព​ការងារ​ខ្ញុំ​បង្រៀន​កូនចៅ​ពេល​ដែល​គាត់​ធ្វើ​ការ បើ​មាន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ប្រឆាំង​នឹង​សមត្ថកិច្ច​ក៏​យើង​នាំ​គាត់​មក​កន្លែង​ដែរ​ដើម្បី​អប់រំ​គាត់ ប៉ុន្តែ​រឿង​នេះ​ពួក​ខ្ញុំ​អត់​បាន​ចាប់​ជនរងគ្រោះ​មក​កន្លែង​ទេ ពួក​ខ្ញុំ​អត់​មាន​អី​ទាំង​អស់»

សាក្សី​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​លោក សួន វិន អះអាង​ថា នៅ​ពេល​កើត​ហេតុ​ការណ៍​នោះ​ពុំ​មែន​ជា​ការ​វាយ​ដំ​រវាង​ប្រជាពលរដ្ឋ​និង​ពលរដ្ឋ​នោះ​ទេ​ គឺ​សមត្ថកិច្ច​វាយ​ប្រជាពលរដ្ឋ។ លោក​បន្ថែម​ទៀត​ថា ពេល​នោះ​លោក​ថែម​ទាំង​បាន​ទៅ​ជួយ​ឃាត់​សមត្ថកិច្ច​វាយ​ជនរងគ្រោះ​ដែរ ក៏​ប៉ុន្តែ​មិន​អាច​ឃាត់​បាន ព្រោះ​សមត្ថកិច្ច​មាន​ជា​ច្រើន​នាក់៖ «គាត់​ងើប​ហើប​ពី​ដី​បន្តិច​មក​សមត្ថកិច្ច​ឈូស​មួយ​ជើង​ចុង​ក្រោយ​ធ្ងន់​តែ​ម្ដង រឿង​នេះ​សាហាវ​ណាស់ ព្រោះ​ទាត់​ដាច់​អស់​ពោះវៀន​ហើយ។ ខ្ញុំ​គិត​ថា រឿង​ត្រូវ​ដោះស្រាយ​តាម​ច្បាប់ ព្រោះ​គាត់​ជា​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ពលរដ្ឋ​គ្រប់​ពេល ហើយ​បើ​មិន​ចាត់​វិធានការ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ថ្ងៃ​ក្រោយ​ទៀត»

ចំណែក​សាក្សី​ដែល​ឃើញ​​ហេតុការណ៍​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់​ទៀត គឺ​លោក សូ បារាំង រៀបរាប់​ថា នៅ​ពេល​កើត​ហេតុ​នោះ​លោក​​នៅ​ក្បែរ​ជនរងគ្រោះ​ ហើយ​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​​ស្ថិត​ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​បាន​ទាត់​ផង​ធាក់​ផង​ទៅ​លើ​ជនរងគ្រោះ រហូត​ដល់​​ជនរងគ្រោះ​​ដួល​សន្លប់​ទើប​ឈប់​ធ្វើ​សកម្មភាព៖ «គាត់​មក​ដល់​គាត់​អត់​មាន​និយាយ​ស្ដី​អី​ទេ​ ស្រាប់​តែ​គាត់​មក​ដល់​វាយ​ជនរងគ្រោះ​តែ​ម្ដង ខ្ញុំ​ឃើញ​សមត្ថកិច្ច​គាត់​ធាក់​ឈូស​ពី​លើ​ចុះ​មក​ក្រោម​ភ្ញច់​យក​តែម្ដង ហើយ​គាត់​ធាក់​ប៊ិស​នឹង​ត្រូវ​ខ្ញុំ​ទៀត​ផង»

ជនរងគ្រោះ​បន្ទាប់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ទាក់​ជា​ច្រើន​ជើង​ហើយ​ បាន​ប្រកាច់​នៅ​នឹង​កន្លែង ហើយ​ភ្លាមៗ​នោះ​សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​​ក្រុង​ប៉ោយប៉ែត និង​បាន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន​ ស្រុក​មង្គលបូរី ទាំង​យប់​បន្ត​ទៀត។ ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ជិត​មួយ​ខែ ហើយ​បាន​​​ត្រឡប់​មក​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​រហូត​មក​ទល់​ពេល​នេះ​​ជំងឺ​​មិន​ទាន់​ជា​ស្រួលបួល​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ រឿង​នេះ​លោក​បាន​សាកសួរ​សាក្សី​ និង​សាច់ញាតិ​ដើម​បណ្ដឹង​រួច​ហើយ​ គឺ​នៅ​ខ្វះ​​មន្ត្រី​កងរាជអាវុធហត្ថ​មិន​ទាន់​បាន​ចុះ​សួរ​នាំ​ដើម្បី​ធ្វើ​កំណត់​ហេតុ​នៅ​ឡើយ។ លោក​អះអាង​ទៀត​ថា បើ​ទោះ​ជា​មិន​ទាន់​បាន​ស្រាវជ្រាវ​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ថា បាន​យក​ពាក្យ​បណ្ដឹង​របស់​សាច់ញាតិ​​ជនរងគ្រោះ​ដាក់​ជូន​​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ៖ «ចំពោះ​សមត្ថកិច្ច​គេ​ហៅ​ថា មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ពេល​ចុះ​បេសកកម្ម​ការងារ​របស់​គាត់​ដែល​អាច​ជួប​ គឺ​ត្រូវ​វិគ្រោះ​រាល់​បទល្មើស មាន​ន័យ​ថា បទល្មើស​ធំ​ប៉ុន្មាន​ក៏​ដោយ​ឲ្យ​តូច​បំផុត ដើម្បី​កុំ​ខ្លួន​ក្លាយ​ទៅ​ជា​ជនល្មើស​មាន​ន័យ​ថា រាល់​ការ​អ្នក​ប្រព្រឹត្ត​ទាំង​អស់​ដែល​ប្រឆាំង​ជាមួយ​សមត្ថកិច្ច គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ចាប់​ប្រគល់​ឲ្យ​ច្បាប់​អត់​មែន​ខ្លួន​ទៅ​ទាត់​ទៅ​ធាក់​ទេ។ នៅ​ពេល​ដែល​ខ្លួន​ទៅ​វាយ​ជន​ណា​មួយ​នោះ​ខ្លួន​នឹង​ក្លាយ​ទៅ​ជា​ជន​ប្រព្រឹត្តិ»

លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា មូលហេតុ​ដែល​លោក​ចាប់​អារម្មណ៍​លើ​សំណុំ​រឿង​​នេះ​ ដោយសារ​មាន​ចំណុច​ដែល​សង្ស័យ​ត្រូវ​ស៊ើប​អង្កេត​ ពីព្រោះ​រឿង​នេះ​ពលរដ្ឋ​ក្រីក្រ​ជា​អ្នក​ប្ដឹង​សមត្ថកិច្ច​ផ្ទាល់​ ហើយ​ប្រសិន​បើ​​​មិន​មែន​ជា​រឿង​ពិត​ទេ គឺ​ពលរដ្ឋ​​​នឹង​មិន​ហ៊ាន​ប្ដឹង​នោះ​ឡើយ​​ ព្រោះ​ជា​ទូទៅ​ពលរដ្ឋ​ភាគ​ច្រើន​ខ្លាច​អំណាច​សមត្ថកិច្ច។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​ខាង​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ មិន​ចាត់វិធានការ​លើ​សំណុំ​រឿង​នេះ​ទេ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អគ្គព្រះរាជអាជ្ញា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles