អ្នក​ជំនាញ​នយោបាយ​ការបរទេស​ព្រមាន​ថា​ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា (ភាគ​បញ្ចប់)

ដោយ មាន ឫទ្ធិ
2018-02-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


វិបត្តិ​នយោបាយ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​រុញច្រាន​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ឲ្យ​ងាក​ទៅ​ពឹង​ផ្អែក​ប្រទេស​ចិន កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ ប្រទេស​ចិន បាន​ឆ្លៀត​ឆក់​យក​ឱកាស​នេះ ធ្វើ​ការ​បណ្ដាក់​ទុន​វិនិយោគ និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្នូល​នៃ​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូចិន និង​អាស៊ី​អាគ្នេយ៍​ដី​គោក។ ក្រុម​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការបរទេស ព្រមាន​ថា មហាអំណាច​ចិន អាច​នឹង​ឆ្លៀត​ឱកាស​នេះ ជំរុញ​ឲ្យ​មាន​ការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ការពារ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​នយោបាយ​ពាណិជ្ជកម្ម និង​យោធា​នៅ​ក្នុង​តំបន់​របស់​ខ្លួន ស្រប​ពេល​ដែល​ឥទ្ធិពល​អាមេរិក កំពុង​តែ​ថមថយ។ ​

​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក មាន ឫទ្ធិ ភាគ​ទី​២ ​ដែល​ជា​ភាគ​បញ្ចប់​នេះ យើង​នឹង​ពិនិត្យ​មើល​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​វិនិយោគទុន​របស់​ជនជាតិ​ចិន នៅ​កម្ពុជា ជាមួយ​នឹង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំង​នេះ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​ការបរទេស៖

ក្រៅ​ពី​ការ​ព្រមាន​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ខាង​គោលនយោបាយ​ទំនាក់ទំនង​អន្តរជាតិ អំពី​លទ្ធភាព​ដែល​មហា​អំណាច​ចិន អាច​នឹង​ដាក់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ពេល​អនាគត ជា​រឿយៗ​គម្រោង​វិនិយោគ​ធំៗ​របស់​មហា​យក្ស​ចិន តែង​តែ​ទទួល​រង​នូវ​ការរិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្រុម​អ្នក​បរិស្ថាន ក្រុម​អ្នក​អភិរក្សនិយម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថា បាន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន និង​ដល់​សង្គម ដែល​រួម​មាន​ដូចជា​ការ​កេងប្រវ័ញ្ច និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា​ព្រៃឈើ និង​រ៉ែ ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទន់​ខ្សោយ ការ​ធ្លាក់ចុះ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដោយសារ​តែ​អំពើ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​ច្បាម​យក​ដីធ្លី ការ​រីក​រាលដាល​នៃ​អំពើ​ពុករលួយ​ដល់​ឆ្អឹង​ក្នុង​ចំណោម​មន្ត្រី​ខ្មែរ និង​អំពើ​លាង​លុយ​កខ្វក់​ក្រោម​រូបភាព​ជា​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជាដើម។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ផង​នូវ​បញ្ហា​រាប់​សែន​ជំពូក​ដែល​តែងតែ​កើត​មាន​ឡើង​ជា​ញឹកញាប់​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ស្បែកជើង​ដែល​ស្ថានភាព​រោងចក្រ​គ្រប់គ្រង​ដោយ​ថៅកែ​ជា​ជនជាតិ​ចិន មិន​មាន​លក្ខណៈ​អំណោយ​ផល​ដល់​សុខភាព​របស់​កម្មករ​និយោជិត ប្រាក់​បៀវត្សរ៍​មាន​កម្រិត​ទាប ជម្លោះ​ការងារ​អំពើ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការងារ អំពើ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​ការ​បំពារបំពាន​រាង​កាយ​ជាដើម ។ល។

ជា​ឧទាហរណ៍​ជាក់ស្ដែង សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក គឺ​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The New York Times) ក្នុង​អត្ថបទ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ ដាក់​ចំណង​ជើង​ថា «កម្ពុជា​រក​ឃើញ​គោល​ដៅ​ថ្មី​សម្រាប់​វិស័យ​អចលនទ្រព្យ គឺ​វិនិយោគិន​ជនជាតិ​ចិន» កាសែត​នេះ បាន​ស្រង់​ប្រសាសន៍​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហានិភ័យ​នយោបាយ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក គឺ​លោក ចច ម៉ាកឡេអូដ៍ (George McLeod) ដែល​លោក​បាន​លើក​ឡើង​ថា «ដោយសារ​តែ​ការ​គ្រប់គ្រង និង​គោលនយោបាយ​ផ្ទៃក្នុង​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា មាន​សភាព​ធូរ​រលុង​ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​បើក​ចំហ​យ៉ាង​ទូលំទូលាយ​នូវ​មធ្យោបាយ​ក្នុង​ការ​លាង​លុយ​កខ្វក់​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ»។ លោក​បន្ត​ថា ផ្អែក​តាម​បទពិសោធន៍​របស់​លោក លោក​ជឿ​ជាក់​ថា អំពើ​លាង​លុយ​កខ្វក់​មក​ពី​ប្រទេស​ចិន មាន​ទំហំ​ច្រើន​សន្ធឹកសន្ធាប់ ក្រោម​រូបភាព​នៃ​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ក្រុង​ភ្នំពេញ។

​យោង​តាម​របាយការណ៍​សន្ទស្សន៍​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ ឆ្នាំ​២០១៧ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន បាសែល (Basel) ស្ដីពី​អភិបាលកិច្ច​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាសែល ប្រទេស​ស្វីស ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ នៅ​លើ​ពិភពលោក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ខាង​អំពើ​លាង​លុយ​កខ្វក់ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវករ​វិទ្យាស្ថាន​នេះ​បាន​ដាក់​ចំណាត់​ក្រុម​ប្រទេស​ទាំង​១០ ដែល​ក្នុង​នោះ​រួម​មាន​កម្ពុជា ថា​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ ឬ​ប្រព័ន្ធ​ប្រឆាំង​នឹង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ភេរវករ​នៅ​ទន់​ខ្សោយ​នៅ​ឡើយ លាយ​លំ​ជាមួយ​នឹង​ភាព​ងាយ​រង​គ្រោះជា​ប្រព័ន្ធ និង​អត្រា​ខ្ពស់​នៃ​អំពើ​ពុករលួយ ប្រព័ន្ធ​យុត្តិធម៌​សង្គម និង​បទដ្ឋាន​វិស័យ​ហិរញ្ញវត្ថុ​នៅ​ខ្សោយ ក៏​ដូចជា​ហានិភ័យ​ផ្នែក​នយោបាយ​ខ្ពស់ និង​កង្វះ​តម្លាភាព​សាធារណៈ និង​គណនេយ្យភាព​ជាដើម។

គំរូ​​ប្លង់ ព្រលាន​សៀមរាប ៦២២
គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot
Photo Screenshot

អត្ថបទ​បែប​ស៊ើប​អង្កេត​របស់​កាសែត ហ្វាយណេនស្យល ថាមស៍ (Financial Times) ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ដាក់​ចំណង​ជើង​ថា «វិធីសាស្ត្រ​ដែល​ចិន​ប្រើប្រាស់​លុយ​ដើម្បី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា» លាត​ត្រដាង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន ដែល​គេ​ដឹង​ថា ជា​របស់ «ក្រុម​បង​ធំ​ត្រកូល​ហ្វ្វូ» (Big Brother Fu) ទទួល​បាន​នូវ​ការ​អនុគ្រោះ​ជាពិសេស ក្រោយ​ពី​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មន្ត្រី និង​ថ្នាក់ដឹកនាំ​ខ្មែរ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី​ទំហំ​ដែល​ច្បាប់​អនុញ្ញាត ព្រមទាំង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​នឹង​រាល់​ការ​តវ៉ា​ណា​មួយ​ពី​សំណាក់​ក្រុម​ពលរដ្ឋ និង​កសិករ រង​គ្រោះ​ពី​ការ​ច្បាម​យក​ដីធ្លី​ស្រែចម្ការ​របស់​ពួកគាត់។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​កិច្ច​សន្យា​ជួល​រយៈពេល​វែង ៩៩​ឆ្នាំ នៅ​លើ​ផ្ទៃដី​សរុប​មិន​តិច​ជាង ៤,៦​លាន​ហិកតារ ដែល​មាន​ទំហំ​ស្មើនឹង​ក្រឡា​ផ្ទៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ហុល្លង់ មួយ។

​កង្វល់ និង​ការ​ត្អូញត្អែរ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន មិន​មែន​មាន​តែ​ពី​ខាង​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​ប៉ុណ្ណោះ​ទេ។ សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ខ្លួន​ឯង គឺ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​សារភាព និង​ទទួល​ស្គាល់​អំពី​ករណី​ទាំង​នេះ​ដែរ។ ជាក់ស្ដែង ក្នុង​របាយការណ៍​ផ្លូវការ​មួយ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៤ មករា អភិបាល​ខេត្ត​ព្រះសីហនុ រូប​នេះ​បាន​ត្អូញត្អែរ​អំពី​កង្វល់​មួយ​ចំនួន​ដែល​ខេត្ត​របស់​លោក​កំពុង​ជួបប្រទះ ដោយសារ​តែ​ការ​ហូរ​ចូល​របស់​អ្នក​វិនិយោគទុន​ជនជាតិ​ចិន​នេះ រួម​មាន​ដូច​ការ​បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បាត់បង់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ជនជាតិ​ចិន ដូចជា​ពួក​ម៉ាហ្វីយ៉ា មួយ​ចំនួន​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ និង​ចាប់​ជំរិត​អ្នក​វិនិយោគ​ជនជាតិ​ចិន បង្ក​អសន្តិសុខ​ក្នុង​ខេត្ត​របស់​លោក​ជាដើម ខណៈ​ជនជាតិ​ចិន ខ្លះ​ទៀត​បើក​ហាង​រក​ស៊ី​តូចតាច​នាំ​ឲ្យ​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ បើក​បរ​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពាក់​ស្លាក​លេខ​ខ.ម (ខេមរភូមិន្ទ) ន.ប (នគរបាល) មិន​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​ខ្លះ​ទៀត​ផឹកស៊ី​ស្រវឹង ស្រែក​ឡូឡា ឈ្លោះ​ប្រកែក​គ្នា វាយតប់​គ្នា​នៅ​តាម​ភោជនីយដ្ឋាន​ជាដើម។

​យ៉ាង​ណា​ក៏ដោយ ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ទាំង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ក្រុង​ភ្នំពេញ កាល​ពី​ដើម​ខែ​កុម្ភៈ បាន​និយាយ​ថ្លែង​ការពារ​ពី​វិនិយោគទុន​ចិន នៅ​កម្ពុជា ដែល​នេះ​ទំនង​ជា​ការ​​ទះ​កំផ្លៀង​ដល់​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​របប​លោក ហ៊ុន សែន ខ្លួន​ឯង គឺ​លោក យន្ត មីន ពី​ខាង​ដើម​នេះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រូបភាព​វិនិយោគទុន​របស់​ជនជាតិ​ចិន នៅ​កម្ពុជា​តែម្ដង។

លោក ហ៊ុន សែន ចាត់​ទុក​ការ​ហូរ​ចូល​នៃ​វិនិយោគិន​ចិន និង​ជនជាតិ​ចិន យ៉ាង​គំហុក​មក​ប្រទេស​កម្ពុជា ដោយសារ​តែ​កម្ពុជា មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​យ៉ាង​ច្រើន​នៃ​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ដល់​ការ​វិនិយោគ​ទាំង​នោះ ខណៈ​ដែល​សមត្ថភាព​ធនធាន​មនុស្ស​របស់​កម្ពុជា នៅ​មាន​កម្រិត និង​ត្រូវ​ការ​នូវ​ពេល​វេលា​សមស្រប​សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ទៀត៖ «ទាំង​អស់​គ្នា​បាន​ដឹង​ហើយ បាន​ឃើញ​ហើយ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បែរ​ជា​នាំ​គ្នា​ភ័យ​ព្រួយ​ថា វត្តមាន​នៃ​អ្នក​វិនិយោគិន​ចិន ធ្វើ​ឲ្យ​មាន​កង្វល់។ ប៉ុន្តែ ខ្ញុំ​ចង់​សួរ​ថា នៅ​ក្នុង​ពេល​ដែល​មាន​ការ​វិនិយោគ​ដ៏​សន្ធឹកសន្ធាប់​យ៉ាង​ដូច្នេះ ធនធាន​មនុស្ស​របស់​យើង​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ឲ្យ​គេ​ហើយ ឬ​នៅ? ដោយសារ​ដោះស្រាយ​មិន​គ្រាន់​ហ្នឹង​ហើយ បាន​ត្រូវ​មាន​វត្តមាន​របស់​គេ​ចូល​មក»

​ការ​ថ្លែង​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន នេះ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​រដ្ឋាភិបាល​ចិន។ ថ្លែង​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ជាមួយ​អ្នក​កាសែត ធ្វើ​ឡើង​ក្នុង​ស្ថានទូត​ចិន ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៧ កុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង បូ ប្រកាស​ដែល​ហាក់​ជា​ការ​មើល​រំលង​ដែន​សមត្ថកិច្ច​របស់​របប​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ចិន ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​វិនិយោគ​ចិន ឬ​ជន​ជាតិ​ចិន ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​មក​បណ្ដាក់​ទុន​សាងសង់​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ ឬ​យក​ទីតាំង​ខេត្ត​នេះ ធ្វើ​ជា​កន្លែង​លេងល្បែង​ស៊ីសង និង​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ខុស​ច្បាប់ ព្រមទាំង​មិន​គាំទ្រ​នូវ​រាល់​សំណើ​ទាំង​ឡាយ​ណា​ដែល​ចង់​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ទីក្រុង​ស៊ិនជិន ទី​ពីរ ឬ​ឆាយណា ថោន ជាដើម។

កាស៊ីណូ ព្រះសីហនុ ២០១៧ ១៤៤០
កាស៊ីណូ​របស់​ជនជាតិ​ចិន នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ក្នុង​ក្រុង​ព្រះសីហនុ។ រូបថត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧
RFA

លោក ស្យុង បូ ក៏​បាន​ថ្លែង​ការពារ​ផង​ដែរ ដោយ​លោក​ចាត់​ទុក​រាល់​ព័ត៌មាន​អវិជ្ជមាន​មក​លើ​អ្នក​វិនិយោគិន​ចិន ជាពិសេស​ទាក់ទិន​នឹង​អំពើ​លាង​លុយ​កខ្វក់​ថា ជា​ព័ត៌មាន​មិន​ពិត មាន​ចរិត​លាប​ពណ៌ ដើម្បី​បម្រើ​នយោបាយ​របស់​ក្រុម​ប្រទេស​បស្ចិម​ប្រទេស ដោយសារ​តែ​ប្រទេស​ទាំង​នោះ​មិន​ចង់​ឃើញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន៖ «ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ថា មាន​សារព័ត៌មាន​មួយ​ចំនួន​តូច​ចុះ​ផ្សាយ​ថា វិនិយោគទុន​ចិន​នៅ​កម្ពុជា ភាគ​ច្រើន​គឺ​ដើម្បី​លាង​លុង​នៅ​កម្ពុជា។ ខ្ញុំ​ចាប់​អារម្មណ៍​ថា សារព័ត៌មាន​ទាំង​អស់​នេះ ភាគ​ច្រើន​គឺ​មកពី​ប្រទេស​ខាង​លិច ហើយ​ខ្ញុំ​យល់​ឃើញ​ថា សារព័ត៌មាន​ទាំង​អស់​នេះ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​ទាំង​អស់​នេះ គឺ​ដោយសារ​គាត់​មាន​គោល​បំណង​របស់​គាត់ សំដៅ​មិន​មែន​ទៅ​លើ​ពាណិជ្ជកម្ម ទៅ​លើ​វិនិយោគទុន​ទេ គឺ​ទៅ​លើ​នយោបាយ ហើយ​ដោយសារ​គាត់​មិន​ចង់​មើល​ឃើញ​ថា ទំនាក់ទំនង​ចិន និង​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ដូច​ពេល​បច្ចុប្បន្ន​នេះ។ មិន​ចង់​មើល​ឃើញ​ថា ការ​ផ្ដួចផ្ដើម​គំនិត​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន មាន​ដំណើរ​ល្អ​ស្រួល​រលូន​ដូច​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា ហើយ​ក៏​មិន​ចង់​ឃើញ​ប្រទេស​ចិន បង្កើន​វិនិយោគទុន​កាន់​តែ​ច្រើន​នៅ​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដល់​កម្ពុជា»

​ដើម្បី​ដោះស្រាយ​នូវ​កង្វល់ និង​ក្តី​បារម្ភ​នានា បង្ក​ឡើង​ដោយ​វិនិយោគិន​ជនជាតិ​ចិន នៅ​កម្ពុជា​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ ផ្ដល់​អនុសាសន៍​ថា របប​លោក ហ៊ុន សែន ត្រូវ​តែ​មាន​ភាព​បុរេ​សកម្ម​ក្នុង​ការ​បំពេញ​ការងារ​ដើម្បី​ធានា​ថា ប្រទេស​ចិន សហការ​​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នានា​ដែល​មាន​ស្រាប់​ស្ដីពី​ការ​វិនិយោគ​បរទេស កម្មសិទ្ធិ​អចលនទ្រព្យ និង​អាជ្ញាប័ណ្ណ​ស្នាក់​នៅ​ជាដើម។ លោក​ថា របប​លោក ហ៊ុន សែន ត្រូវ​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​នៅ​ច្បាប់​ទាំង​នេះ ខណៈ​ដែល​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ត្រូវ​កសាង​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ច្បាប់។ ដូច​គ្នា​នេះ​ដែរ របប​លោក ហ៊ុន សែន ត្រូវ​ចាត់​វិធានការ​ដើម្បី​ធានា​ថា អាជីវកម្ម​ខ្នាត​តូច​របស់​កម្ពុជា និង​ពលរដ្ឋ​ក្នុង​ស្រុក​អាច​ចូលរួម​ចំណែក និង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការ​វិនិយោគ​ទាំង​នេះ។

យ៉ាង​ណា​ក៏ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ ហាក់​មិន​មាន​សុទិដ្ឋិនិយម​ទាល់​តែ​សោះ​អំពី​ដំណោះស្រាយ​នេះ ដោយសារ​តែ​លោក​យល់​ថា របប​ផ្ដាច់ការ​ឯក​បក្ស​បច្ចុប្បន្ន​នៅ​កម្ពុជា​នេះ មិន​មាន​ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​នូវ​ដំណោះស្រាយ​ពិតប្រាកដ ប្រកប​ដោយ​ប្រសិទ្ធភាព​ជុំវិញ​ក្តី​កង្វល់​អំពី​ទិដ្ឋភាព​អវិជ្ជមាន​នានា នៃ​វិនិយោគ​របស់​ប្រទេស​ចិន។ របប​នេះ​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ និង​រក្សា​តុល្យភាព​អំណាច​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ព្រោះ​ថា ទាំង​ប្រព័ន្ធ​សន្តិសុខ និង​ប្រព័ន្ធ​តុលាការ ងាយ​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ផ្នែក​នយោបាយ ខណៈ​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មិន​មាន​តម្លាភាព​ទាល់តែសោះ។ លោក​ថា ដោយសារ​តែ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ច្រើន​ពី​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន របប​លោក ហ៊ុន សែន មិន​មាន​បំណង​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ធ្វើការ​កែប្រែ​នូវ​ទម្លាប់​ដែល​ពួកគេ​កំពុងតែ​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles