ការបោះឆ្នោតព្រឹទ្ធសភាដំណើរការទៅ ដោយអវត្តមានបក្សប្រឆាំង

ដោយ អ៊ឹង ប៊ុនថន
25/02/2018
RFI

media
លោក សិក ប៊ុនហុក​ ពេល​ផ្តល់​សម្ភាសដល់​អ្នកសារព័ត៌មាននៅវិទ្យាល័យ​វត្តភ្នំ
@អ៊ឹង ប៊ុនថន


ដូចការ​​គ្រោង​ទុក​​ ការ​​បោះឆ្នោត​​​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធសភា​នីតិ​កាល​ទី៤​ ​បាន​​ដំណើរ​ការ​​ទៅ​ដោយ​​​រលួន​​ នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​​បើ​ទោះ​បី​​ជា​​​មិន​​មាន​​ការ​​​ចូលរួម​​ពី​​អតីត​​គណ​បក្ស​​ប្រឆាំង​​ធំ​​ជាង​​គេ​​នៅ​កម្ពុជា​​ក៏​ដោយ​​។​ ​ប្រធាន​​គណៈ​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​ការ​​​បោះឆ្នោត​​ បាន​​ចាត់​​ទុក​​​ថា​ ​ការ​​​បោះ​ឆ្នោត​​​អសកល​​មួយនេះ​​ ធ្វើ​​ឡើង​​​ទៅ​​តាម​​​ច្បាប់​​របស់​​​កម្ពុជា​ ​​ដោយ​​មិន​​​ខ្វល់​​​ពី​​​ការ​​​រិះគន់​​​របស់​​​មជ្ឈដ្ឋាន​​​ខាង​​​ក្រៅ​ឡើយ​​។

ចាប់តាំង​ពី​​ព្រឹក​​ព្រ​លឹម​​ស្រាងៗ​ ​អង្គ​​បោះឆ្នោត​​​ដែល​​ជា​​សមាជិក​​ក្រុម​​ប្រឹក្សា​​ឃុំ-សង្កាត់​ ​ សរុប​ជាងមួយ​ម៉ឺន​នាក់​ ព្រមទាំង​​សមាជិក​​រដ្ឋសភា​​ចំនួន​​១២៣​​រូប​ បាន​ទៅ​ឈរ​​តម្រង់​ជួរ​គ្នា រងចាំ​​បោះឆ្នោត​នៅតាម​ការិយាល័យ​រៀងៗខ្លួន។ សម្រាប់មណ្ឌល​រាជធានីភ្នំពេញ ការបោះឆ្នោត បានធ្វើឡើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដែលមានចំនួនពីរការិយាល័យ។

លោក សិក ប៊ុនហុក ប្រធានគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ដែលបានទៅ​ឃ្លាំមើលការបោះឆ្នោតនៅក្នុងមណ្ឌលខាងលើនេះ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​​បោះឆ្នោត​​នេះ​​ធ្វើ​ឡើង​​នៅ៨​ភូមិ​ភាគ ដែល​​មាន​៣៣​​ការិយាល័យ​​បោះឆ្នោត​នៅទូទាំង​ប្រទេស​។

បើ​តាម​ប្រធាន​ គជប​ រូបនេះ ដំណើរ​​ការ​​បោះឆ្នោត​​អស​កល​​មួយ​​នេះ ​បាន​​ដំណើរ​ការ​​ទៅ​ជាប្រក្រ​តី ​ទាំងផ្នែកសន្តិសុខ​ សណ្តាប់ធ្នាប់ ទាំង​សម្ភារៈ ​ ហើយ​​លទ្ធផល​​បឋម​​នឹង​​ប្រកាស​​នៅ​ល្ងាច​ថ្ងៃនេះ​តែម្តង​។​​

ឆ្លើយ​តបនឹង​សំណួរ​របស់​អ្នកកាសែត​​ ចំពោះ​​ការ​រិះគន់​​ពី​អតីត​គណបក្ស​សង្រ្គោះជាតិ​ និង​​អង្គការ​​មួយ​​ចំនួន​​ដែល​​មិន​ទទួល​​ស្គាល់ការ​​បោះ​ឆ្នោត​នេះ ​លោក ​សិក ​ប៊ុនហុក​ បាន​អះអាង​ថា ​ការ​បោះ​ឆ្នោត​នេះ ​គជប​ ធ្វើ​​ឡើងដោយ​​ផ្អែក​​តាម​​ច្បាប់​​របស់​​កម្ពុជា​ និង​ថា​ គជប កម្ពុជា ​​មិន​​មែន​កើត​ឡើង​ពី​​​សហរដ្ឋ​​អាមេរិក​ និង​​ពី​សហភាព​អ៊ឺរ៉ុប​នោះទេ​។ សហរដ្ឋ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​គឺជា​អ្នក​ផ្តាច់​ជំនួយ​ដល់ គជប ដោយ​សារតែការ​រំលាយ គណបក្ស​សង្រ្គោះជាតិ។

សូមបញ្ជាក់ថា​ ការ​​បោះឆ្នោតជ្រើសតាំងសមាជិក​​ព្រឹទ្ធ​សភា​នៅពេលនេះ​ បានទទួលការ​​ចូល​រួម​​សង្កេតការណ៍​​ពី​​តំណាង​ស្ថានទូត​ជប៉ុន​ និង​​ម៉ាឡេស៊ី ​រួម​ទាំង​អ្នក​សង្កេត​ការណ៍​របស់​អង្គការ​សមាគមក្នុង​ស្រុក​មួយ​ចំនួនទៀត។

​ការ​​បោះឆ្នោត​ព្រឹទ្ធសភានេះ​ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​​គេ​រំពឹងថា ​​​នឹង​​​ស្រូប​​យក​​អសនៈ​ស្ទើរ​តែ​ទាំងអស់​របស់​​ស្ថាប័ន​កំពូល​មួយនេះ​ ខណៈ​គណបក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ របស់​​សម្តេច ក្រុម​​ព្រះនរោត្តម រណឬទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​អតីត របស់ លោក ញឹក ប៊ុនឆៃ រួមទាំង​ ​គណបក្សយុវជនកម្ពុជា របស់​​លោក ពេជ្រ ស្រស់ ដែល​គេកម្រ​​​ឃើញ​វត្តមាន ​អង្គបោះឆ្នោត របស់​​គណបក្សទាំងនេះ ទៅ​បោះឆ្នោត​​នៅ​​មណ្ឌល​​វិទ្យាល័យវត្ត​ភ្នំ​​នោះឡើយ៕

What Next?

Recent Articles