អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​​ប្រឆាំង​​និង​ទាត់ចោល​​លទ្ធផ​ល​បោះឆ្នោត​​ព្រឹទ្ធសភា​នៅ​ថ្ងៃនេះ

ដោយ វណ្ណ សុគន្ធា
25/02/2018
RFI

media
ស្លាកសញ្ញា​របស់អតីត​គណបក្ស​សង្រ្គោះជាតិ​។
@បណ្តាញសង្គម


នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ ក្រុម​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បន្ត​ប្រើប្រាស់​ឡូហ្គោ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​ការរៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏បាន​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទៀតផង។

គឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ប្រើប្រាស់​បែបបទ​រដ្ឋបាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​នៅ​បរទេស​បាន​លើក​មូលហេតុ​បី​ដែល​ពួកគេ​ប្រឆាំង និង​បដិសេធ​ល​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​នេះ។ ទី១. គឺ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កើតឡើង​ដោយ​មិន​ស្របច្បាប់ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ទី២. ពួកគេ​ចាត់ទុកថា អង្គ​បោះឆ្នោត​ដែលជា​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សាឃុំ-សង្កាត់​ចំនួន៥.០៦២រូប ពុំមែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​ឡើយ។ និង​ទី៣. ពួកគេ​អះអាងថា ដោយសារតែ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​បាត់ទៅហើយ កាលពី​ខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ចំពោះ​សេចក្តីថ្លែងការណ៍​នេះ គណបក្សនយោបាយ​ពីរ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​បានចេញ​មុខមក​ប្រតិកម្ម។ សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ញ៉ែ​ប ប៊ុនជិន ដែលជា​អ្នកនាំពាក្យ​គណបក្ស​បានចាត់ទុក​សេចក្តីថ្លែងការណ៍​នេះ​ថា ជា​រឿង​ខុសច្បាប់ និង​ព្យាយាម​បំផ្លាញ​ដល់​បរិយាកាស​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ ចំណែក​គណបក្ស​យុវជន​កម្ពុជា​វិញ លោក​ពេជ្រ ស្រស់ ដែលជា​ប្រធាន​គណបក្ស​បាន​អះអាងថា សេចក្តីថ្លែងការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ថា​ក្រុម​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​រំលោភបំពាន​នូវ​ព្រះរាជកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​និង​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយហេតុថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ស្លាប់​ដោយ​ច្បាប់ ហើយ​ច្បាប់​មាន​សុពលភាព​គឺ​ដោយសារតែ​អង្គ​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់។

បើទោះបី​មានការ​ប្រកាស​ប្រឆាំង និង​បដិសេធ​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ពី​ក្រុម​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​ក៏ដោយ ក៏​ដំណើរការ​បោះឆ្នោត​នេះ​នៅតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​ការគ្រោងទុក។ តែ​ទោះយ៉ាងណា ក្រុម​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា និង​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​លទ្ធ​ល​នៃ​ការបោះឆ្នោត​នេះ។ ក៏ប៉ុន្តែ​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​ដូច​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​បញ្ជាក់​ហើយ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា មិន​សំខាន់​ប្រទេស​ណា​ទទួលស្គាល់​ឬក៏​អត់​នោះទេ តែ​សំខាន់​ឲ្យ​តែមាន​ពី​ការចូលរួម និង​ទទួលស្គាល់​ពី​ពលរដ្ឋ​ខ្មែរ​គឺ​គ្រប់គ្រាន់​ហើយ៕

What Next?

Recent Articles