តំណាងរាស្ត្រ​អូស្ត្រាលី​​ថ្កោល​ទោស​ការ​គំរាម​ប្រើ​ហិង្សា​របស់​លោក ​ហ៊ុន ​សែន

នយោបាយ

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)


01 មិនា 2018
ឆេងប៉រ អូន
វីអូអេខ្មែរ

កាល​ពី​សប្តាហ៍​មុន លោក​ ហ៊ុន សែន​ ​បាន​ព្រមាន​ដល់​អ្នក​ដែល​មាន​ផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ប្រទេស​អូស្ត្រាលី​​ថា ​លោក​នឹង​តាម​វាយ​ដល់​ផ្ទះ​ ​ប្រសិន​បើ​អ្នក​ទាំង​នោះ​ហ៊ាន​ដុត​រូប ​ឬ​ដុត​ទីងមោង​រូប​លោក​ ពេល​ពួកគេ​ធ្វើ​បាតុកម្ម។

មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ព្រមាន​តាម​វាយ​ក្រុម​បាតុករ​ដល់​ផ្ទះ បើ​សិន​ជា​ពួកគេ​ហ៊ាន​ដុត​រូប​របស់​លោក​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី​មក សមាជិក​រដ្ឋសភា​អូស្ត្រាលី​ម្នាក់​ បាន​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ខ្លាំង ដោយ​អំពាវនាវ​ឲ្យ​រដ្ឋសភា​អូស្ត្រាលី​ប្រឆាំង​នឹង​បុគ្គល​ណា ឬ​ក៏​មេ​ដឹកនាំ​ណា​ ដែល​ប្រើប្រាស់​ភាសា​បែប​មិន​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​បែប​នេះ។

តំណាងរាស្ត្រ​គណបក្ស​ការងារ​អូស្ត្រាលី លោក Chris Bowen បាន​ថ្លែង​ការពារ​សិទ្ធិ​របស់​បាតុករ​ក្នុង​ការ​តវ៉ា​ដ៏​ស្រប​ច្បាប់​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា៖

«សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​មាន​កំហឹង​ដ៏​ត្រឹមត្រូវ ហើយ​ពួកគេ​ពិត​ជា​ភ័យខ្លាច​ពិតៗ។ ហើយ​ពួកគាត់​ត្រូវការ​ដឹង​ថា​ សភា​មួយ​នេះ​នឹង​មិន​បណ្ដែតបណ្ដោយ​ឱ្យ​ភាសា​របៀប​នេះ​ទទួល​ការ​យោគយល់​ ដោយ​ចេញ​ពី​មាត់​បុគ្គល​ណា​ម្នាក់​ឡើយ បើ​ទោះ​ជា​អ្នក​នោះ​ជា​ប្រមុខ​រដ្ឋាភិបាល ឬ​បើ​ទោះជា​អ្នកនោះ​ជា​សមាជិក​អាស៊ាន​ក៏​ដោយ»។

ចុច​ស្តាប់​ការ​ថ្លែង​របស់​លោក​ជា​ភាសា​អង់គ្លេស៖

​លោក Chris Bowen បាន​បន្ថែម​ថា៖

«បើ​ទោះជា​គាត់​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​គាត់​មិន​អាច​មក​ប្រទេស​របស់​យើង ហើយ​ប្រកាន់​កិរិយា​មារយាទ​របៀប​នេះ​បាន​នោះ​ទេ»។

ការ​ថ្លែង​ការពារ​សិទ្ធិ​បាតុករ​ដោយ​លោក Chris Bowen បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​បាន​នាំ​គ្នា​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​នឹង​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ដោយ​បាន​នាំ​គ្នា​ដុត​រូប​ទីងមោង​របស់​លោក​ ហ៊ុន សែន​ ជាច្រើន​រូប។ នេះ​បើ​យោង​តាម​រូបភាព​នៃ​ការ​ដុត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​បាន​ព្រមាន​ដល់​អ្នក​ដែល​មាន​ផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ប្រទេស​អូស្ត្រាលីថា ​លោក​នឹង​តាម​វាយ​ដល់​ផ្ទះ​ ​ប្រសិន​បើ​អ្នក​ទាំង​នោះ​ហ៊ាន​ដុត​រូប ​ឬ​ដុត​ទីងមោង​រូប​លោក​ ពេល​ពួកគេ​ធ្វើ​បាតុកម្ម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍ នឹង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ ​នា​ខែ​មីនា​ខាង​មុខ​នេះ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ​ដោយ​មាន​ប្រទេស​សិង្ហបុរី​ជា​ប្រធាន​នៃ​ការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សេងៗ​របស់​ប្រជាជាតិ​អាស៊ាន​ ​និង​អូស្ត្រាលី។

កិច្ច​ប្រជុំ​នោះ​ក៏​នឹង​ពង្រឹង​ការ​រួម​ចំណែក​រួម​គ្នា​របស់​អូស្រ្តាលី​ ​និង​អាស៊ាន​ ​ចំពោះ​សន្តិសុខ​ ​និង​វិបុលភាព​ក្នុង​តំបន់​ រួម​ទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជា​ដើម៕

What Next?

Recent Articles