តំណាង​រាស្ត្រ​អូស្ត្រាលី ​បន្ត​រិះគន់​ទស្សន​កិច្ច​លោក ​ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​

ដោយលោក​ មាន ឫទ្ធិ
2018-03-01
RFA

ពី​ឆ្វេង​ទៅ​ស្ដាំ​ តំណាង​រាស្រ្ដ​អូស្ដ្រាលី ​លោក ម៉ាក ដ្រេយ៍ហ្វាស់ (Mark Dreyfus)  និងលោក ជីម ខាលម័រស៍ (​Jim Charlmers) ថ្លែងក្នុងសភា អូស្ដ្រាលី កាលពីថ្ងៃ​ទី០១ ខែ មីនាឆ្នាំ២០១៨។ រូបភាពពីទំព័រហ្វេសប៊ុក Mark Dreyfus និង Jim Charlmers
ពី​ឆ្វេង​ទៅ​ស្ដាំ​ តំណាង​រាស្រ្ដ​អូស្ដ្រាលី ​លោក ម៉ាក ដ្រេយ៍ហ្វាស់ (Mark Dreyfus) និងលោក ជីម ខាលម័រស៍ (​Jim Charlmers) ថ្លែងក្នុងសភា អូស្ដ្រាលី កាលពីថ្ងៃ​ទី០១ ខែ មីនាឆ្នាំ២០១៨។ រូបភាពពីទំព័រហ្វេសប៊ុក Mark Dreyfus និង Jim Charlmers


តំណាងរាស្ត្រ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​ ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់ មក​រិះគន់​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ ហ៊ុន សែន ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពាក់​កណ្តាល​ខែ​មីនា​នេះ​ នៅ​ពេល​លោក​ ហ៊ុន​សែន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​មាន​ភាព​ចាំ​បាច់​ជាទី​បំផុត។​ ចលនា​ប្រឆាំង​វត្តមាន​លោក​ហ៊ុនសែន​ មិន​ឲ្យ​ជាន់​ទឹកដី​អូស្រ្តាលី​នេះ​ ដោយសារ​តែ​លោក ហ៊ុន សែន បាន​គំរាម​ពលរដ្ឋ​អូស្ត្រាលី​ដល់​ផ្ទះ​ប្រសិន​បើ​ហ៊ាន​ដុត​រូប​ទីងមោង​លោក។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី១ ​មីនា​នេះ ​បន្ត​ព្រមាន​ថា កិច្ច​ប្រជុំកំពូល​អាស៊ាន-អូស្ត្រាលី​ នឹង​ប្រែ​ក្លាយ​ជា​គ្មានន័យ ​ប្រសិន​បើ​គ្មាន​វត្តមាន​របស់​លោក​ ហើយ​ថា​ កិច្ច​ប្រជុំ​នេះ ​នឹង​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​បាន​ឡើយ​។ លោក​ ហ៊ុន សែន​ លើក​ឡើង​ថា វត្តមាន​របស់​លោក ​គឺ​ជា​កិត្តិយស​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​រដ្ឋាភិបាល​អូស្ត្រាលី គួរ​តែ​អរគុណ​លោក​ទៅ​វិញទេ​។

«ពេល​ហ្នឹង​អូស្រ្តាលី​ គួរតែអរគុណ ​លោក ហ៊ុន សែន ​ទៅវិញទេ ​ដែលគាំទ្រសម្រាប់ ការប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​ ក្នុង​ប្រទេស​អូស្រ្តាលី​។ សូម​ផ្តាំ​ទៅ​ឱ្យ​រៀនសូត្រ​ពីអាស៊ាន​ឱ្យបានច្បាស់ ប្រសិន​បើពេលហ្នឹង​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​និយាយ​ត្រឹម​តែ​ថា​ ខ្ញុំ​ទៅ​មិន​បាន​ទេ សូម​លើក​កិច្ច​ប្រជុំ​ទៅ​ពេល​ក្រោយ​ក៏​បាន​ ព្រោះ​ខ្ញុំ​ត្រូវ​ជាប់​បោះឆ្នោត” ​ប្រទេស​មួយ​ចំនួន​គេ​មាន​កិច្ចការ​របស់​គេ​ដែរ ​ប៉ុន្តែយើងត្រូវតែទៅ ដើម្បី​ផ្តល់​កិត្តិយស​ឱ្យ​អូស្រ្តាលី ​ក្នុង​ពេល​ដែល​យើង​ទៅ​ចូលរួម​ ប្រជុំ​អាស៊ានឥណ្ឌា​២ដង​ហើយ យើង​ទៅ​ប្រជុំអាស៊ានកូរ៉េ ១ដង​ ហើយអាស៊ានជប៉ុន, ​អាស៊ានចិន ​អញ្ចឹងយើងក៏គួរផ្តល់នូវឱកាស សម្រាប់​មេ​ដឹកនាំ​អាស៊ាន ​នៅ​លើ​ទឹកដី​អូស្រ្តាលី»​

លោក ​ហ៊ុន សែន ​បន្ត​អួតអាង​ពី​វត្តមាន​របស់​លោក ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​នេះ ដោយ​លោក​អះអាង​ថា ​នេះ​គឺ​ដោយសារ​តែ​អាស៊ាន​មិនមាន​សំឡេង​ភាគច្រើន​ និង​ភាគតិច​ទេ តែ​រាល់ការ​សម្រេច​របស់​អាស៊ាន​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ជា​ឯកច្ឆន្ទ ​ដែល​មាន​ន័យថា ទាល់​តែ​គ្រប់​មេ​ដឹកនាំ​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឯកភាព​ទើប​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​បាន​។ ​ហេតុដូច្នេះ​ហើយ​ លោក​ ហ៊ុន សែន​ ថា ​រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ពីវត្តមាន​របស់​លោក​នៅ​អូស្ត្រាលី​នា​ពាក់​កណ្តាល​ខែនេះ​។

ការថ្លែង​ម្តង​ហើយម្តងទៀត​ទាមទារ​ឲ្យរដ្ឋាភិបាលអូស្ត្រាលី​ទទួលខុសត្រូវ​ និង​អួត​ពី​វត្តមាន និង​គុណ​សម្បត្តិ​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នេះ ​ទំនង​ជា​លោក ​ហ៊ុន សែន កំពុង​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​សុវត្ថិភាព​របស់​លោក​ ក្នុង​ប្រទេស​អូស្ត្រាលី​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ មក​ពី​សហគមន៍​ខ្មែរ​ជា​ច្រើន​រយនាក់​ គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​វត្តមាន​របស់​លោក ដែល​រួមមាន​ទាំង​ការ​ដុត​រូបទីមោង​លោក​ហ៊ុន សែន ​ផងដែរ។ ​លោក ហ៊ុន សែន ​កាល​ពី​ពេលថ្មីៗ​នេះ បាន​គំរាម​តាមចាប់​ខ្លួន​ និង​វាយ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ ដល់​ផ្ទះ​ ប្រសិន​បើ​ពួកគេ​ ហ៊ាន​ចេញ​មុខ​តវ៉ា​ និង​ដុត​រូប​ទីងមោង​លោក​ នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំអាស៊ាន-អូស្ត្រាលី ​នា​ពាក់​កណ្តាល​ខែ​នេះ។ សម្តី​ប្រកប​ដោយ​ហិង្សា​របស់​លោក ​ហ៊ុន សែន ​នេះ បាន​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សហគមន៍​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស។

ការតវ៉ា ​និងរិះគន់​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ ហ៊ុន សែន​ នេះ ក៏​មាន​ជា​ហូរហែរ​ផងដែរ​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អូស្ត្រាលី​។ ​តំណាងរាស្ត្រ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ ប្រចាំ​មណ្ឌល​ Isaacs ​នៃ​រដ្ឋ ​Victoria​ លោក ម៉ាក ដ្រេយ៍ហ្វាស់ (​Mark Dreyfus)​ ជា​អគ្គមេធាវី​ និង​ជា​រដ្ឋ​មន្ត្រី​សន្តិសុខ​ជាតិ​ស្រមោល​ នៅថ្ងៃទី១​ មីនា​នេះ ​បន្ត​រិះគន់​របបលោក ​ហ៊ុន សែន​។ លោក​ថា ប្រទេស​អូស្ត្រាលី​មាន​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​មាន​មោទនភាព​នៃ​ការ​សម្តែង​មតិ​ផ្នែកនយោបាយ​ ។ លោក​គូស​បញ្ជាក់​ថា ជា​ការ​ត្រឹមត្រូវ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ចេញ​មុខ​ថ្កោលទោស ​លោក​ ហ៊ុន សែន នូវ​សម្តី​ប្រកប​ដោយ​ហិង្សា​របស់​លោក​នេះ។

«ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​បើ​លោក​ ហ៊ុន សែន បន្ត​ចាប់​សមាជិក​ក្រុម​អ្នកប្រជាធិបតេយ្យ​ដាក់​ពន្ធនាគារ ​បើ​លោក​ ហ៊ុន សែន ​បន្ត​បញ្ជា​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ​បើ​លោក ​ហ៊ុន សែន នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ រួម​ទាំង​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​ពលករ នឹង​បន្ត​រិះគន់​ទង្វើ​របស់​លោក ​ហ៊ុន សែន ​នេះ​ជា​បន្ត​ទៅទៀត​។ ខ្ញុំនឹង​មិន​គាំទ្រ​ជា​ដាច់​ខាត​ឲ្យ​លោក ​ហ៊ុន សែន គំរាម​ធ្វើការ​វាយ​ប្រហារ​សមាជិក​សហគមន៍​ពលរដ្ឋ​ខ្មែរអូស្ត្រាលី ​ដែល​ជា​សហគមន៍​ដ៏​អង់អាច​ ដែល​បាន​នាំ​គ្នា​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​ការ​បំភិតបំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​របប​លោក ហ៊ុន សែន។​ នៅ​ពេល​ដែល​លោក​ ហ៊ុន សែន​ ធ្វើ​ដំណើរ​មកដល់​ប្រទេសអូស្ត្រាលី ​នៅ​ខែ​មុខនេះ​ លោក​គួរ​រំពឹង​ថា ​នឹង​មាន​ក្រុម​អ្នក​តវ៉ាជាច្រើនរយនាក់​ ដោយសារ​តែអូស្ត្រាលី​ មិនអាច​ទទួល​យក​បាន​ឡើយ​នូវការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ណាមួយ​។ តាម​ប្រពៃណី​ប្រជាធិបតេយ្យ​ របស់​អូស្ត្រាលី មាន​ន័យថា ​យើង​ហ៊ាន​ចេញ​មុខ​និយាយ​។ ខ្ញុំ​អំពាវនាវ​ឲ្យ​លោក​ ហ៊ុន សែន ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​ការ​ជិះជាន់​សង្កត់​សង្កិន​មក​លើ​ក្រុម​អ្នក​សារព័ត៌មាន​ សកម្មជន​សិទ្ធិមនុស្ស​ ហើយ​ត្រូវ​បំពេញ​តាម​គោលការណ៍​គោរព​សិទ្ធិមនុស្ស​និង​គោរព​នូវ​គោលការណ៍​ជា​មូលដ្ឋាន​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ខ្ញុំ​ក៏សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក​ ម៉ាល់កុម ​ធឺនបល​ ត្រូវ​យក​ចំណុច​ទាំង​នេះ​មក​គូស​បញ្ជាក់​ឲ្យ​ច្បាស់​ និង​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់​ ក្នុង​ពេល​សន្និសីទ​អាស៊ានអូស្ត្រាលី​ខាង​មុខ​នេះ។»

តំណាង​រាស្រ្តអូស្ត្រាលី​ មក​ពី​គណបក្ស​ពលករ​ម្នាក់​ទៀត​ ប្រចាំ​រដ្ឋ​ Queensland ​គឺ​លោក ជីម ខាលម័រស៍ (​Jim Charlmers) ​ថ្លែង​ថា ​លោក ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​ដែល​បាន​ឮ​ពី​ការ​គំរាម​ប្រើប្រាស់​ហិង្សា​របស់​លោក​ ហ៊ុន សែន ​ដែល​ជា​សម្តី​គួរ​ឲ្យ​ស្អប់ខ្ពើម​ និង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ ជុំ​វិញ​ការ​គំរាម​ប្រើប្រាស់​អំពើ​ហិង្សា ​ប្រឆាំង​នឹង​អ្នក​ទាំងឡាយណាដែលហ៊ានចេញមុខតវ៉ា និងសម្តែងការរិះគន់ នៅពេលដែលលោក ហ៊ុន សែន មកធ្វើទស្សនកិច្ចនាពាក់កណ្តាលខែមីនានេះ។

«វាជាការ​មិន​អាច​ទទួល​យកបានយកទាល់​តែសោះ​សម្រាប់មេដឹកនាំជាតិសាសន៍មួយ ដែលនិយាយចេញពីមាត់ថា ​លោកនឹងតាមវាយ និងតាមចាប់ក្រុមអ្នកតវ៉ាដល់ផ្ទះ។ នេះជាសម្តីរបស់មេដឹកនាំ ​ដែលបានធ្វើការ​បង្ក្រាបមក​លើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ​សង្គមស៊ីវិល​នៅ​ក្នុង​ប្រទេសរបស់ខ្លួន ​ហើយ​បាន​រម្លាយ​គណបក្សប្រឆាំង​ និង​ចាប់​ខ្ឡួន​មេដឹកនាំ​គណបក្សប្រឆាំង។ ​ខ្ញុំចង់និយាយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរអូស្ត្រាលីនៅក្នុង​សហគមន៍របស់​ខ្ញុំថា លោកអ្នកមានសិទ្ធិគ្រប់​បែបយ៉ាង ​ដើម្បីធ្វើការតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសនេះ។ ហើយតាងនាម​ឲ្យ​ពលរដ្ឋទាំងនេះ ​យើង​ថ្កោលទោស​សារគំរាមរបស់​លោក ​ហ៊ុន សែន យ៉ាងខ្លាំង​ជាទីបំផុត ​ហើយយើងនឹង​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលីទាំងនោះ និងការតស៊ូរបស់ពួកគេ ដើម្បី​ជា​បុព្វហេតុ​នៃសិទ្ធិ​នយោបាយ​ជាមូលដ្ឋាន​ ខណៈដែលសិទ្ធិទាំងនេះរបស់បងប្អូន និង​សាច់ញាតិ​ក្រុមគ្រួសាររបស់ពួកគេនៅកម្ពុជា ត្រូវបានរបបលោក ហ៊ុន សែន បដិសេធ។»

កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី ​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៧-១៨​ មីនា ​ខាងមុខ​នេះ នាទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី​។ ​ បច្ចុប្បន្ន ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ កំពុង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​ស្ថាប័ន​ប៉ូលិស​អូស្ត្រាលី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់ការ​រឿង​លោក ហ៊ុន សែន គំរាមនេះ ទៅតាម​ផ្លូវ​ច្បាប់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles