ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ​ប្តេជ្ញា​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ​ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី

ដោយលោក​ មាន ឫទ្ធិ
2018-03-06
RFA

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​ដោះលែង លោក កឹម សុខា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo provided
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន និង​ដោះលែង លោក កឹម សុខា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo provided


ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន


វត្តមាន​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៧-១៨ ​មីនា​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ប្រទាញ​ប្រទង់មួយ​ ក្រោយ​ពេលដែល​លោក ហ៊ុន សែន​ បាន​គំរាម​ប្រើប្រាស់​អំពើ​ហិង្សា​តាមវាយ​ដល់ផ្ទះ​ចំពោះ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ទាំងឡាយ​ណា ​ដែលហ៊ាន​ចេញ​មុខតវ៉ា​ និង​ដុត​ទីងមោង​ដែល​តំណាង​ឲ្យ​រូបលោក​ ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​។ ​សារ​គំរាម​របស់​លោក ​ហ៊ុន សែន ​បែបនេះ​ មិន​បាន​រារាំង និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ​មាន​អារម្មណ៍​ភ័យខ្លាច​ តក់ស្លុត​ និង​រួញរា​ឡើយ​ ក្រៅ​តែ​ពី​បាន​បង្ក​ឲ្យ​មាន​ភាព​ក្តៅ​ក្រហាយ​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅអូស្ត្រាលី​ជា​ពិសេស​ និង​ក្នុង​ចំណោម​សហគមន៍ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​រួម ​ប៉ុន្តែ​សារ​នេះ​រឹត​តែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ ប្តេជ្ញា​ចិត្ត​បន្ថែម​ទៀត​កាន់​តែ​ខ្លាំងក្លា​ជា​ពេលណា​ៗទាំងអស់​ ដើម្បី​នាំ​គ្នា​ចេញ​មក​ធ្វើ​បាតុកម្ម រង់ចាំ​ស្វាគមន៍​វត្តមាន​ដ៏​ចម្រូងចម្រាស់​របស់លោក​ ហ៊ុន សែន​ នៅ​ក្នុង​ទឹក​ដី​អូស្ត្រាលី។​

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ម្នាក់ ​គឺ​អ្នកស្រី ​វ៉ា ម៉ាលី​ណា​ អះអាង​ប្រាប់​អាស៊ីសេរី​ កាល​ពី​ថ្ងៃ​ទី​០៥​ មីនា ម្សិលម៉ិញ​ថា​ក្រុម​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ នឹង​ដឹកនាំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន ដើម្បី​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា​។ ​អ្នកស្រី​ថា ​បាតុកម្ម​នេះ​ គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ ដោះលែង​អ្នក​ទោស​នយោបាយ​ ទាមទារ​ឲ្យ​មាន​នូវ​ដំណោះស្រាយ​នយោបាយ​យូរ​អង្វែង​មួយ​ តាមរយៈ​ការ​ធានា​ឲ្យ​មាន​នូវ​ការ​បោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ និង​យុត្តិធម៌ ​និង​ការ​វិល​ត្រលប់​មក​វិញ​នូវ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ដែល​មាន​ការគោរព​សិទ្ធិមនុស្ស ​គោរព​នីតិរដ្ឋ ​និង​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។

អ្នកស្រី វ៉ា​ ម៉ាលីណា​ ថ្លែង​ប្រាប់​អាស៊ីសេរី​អំពី​ជំហរ​ដ៏​មោះមុត មិន​រួញរា​របស់​អ្នកស្រី​ដែល​នឹង​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ​ហ៊ុន សែន​ នេះ ​បើ​ទោះ​បី​ជា​អ្នកស្រី​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួន​យ៉ាងណា​ក៏ដោយ​។ អ្នក​ស្រី​បន្ត​ថា ​ការណ៍​ដែល​អ្នកស្រី មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ដូច្នេះ​គឺ​ដោយសារ​តែ​អ្នកស្រី​មាន ការ​ឈឺចាប់​នឹង​ការ​គំរាម​កំហែង​មិន​ឈប់ឈរ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​មិន​ត្រឹម​តែ​គំរាម​ពលរដ្ឋ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​គំរាម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទៀត។

សំឡេង​អ្នកស្រី ​វ៉ា ម៉ាលីណា៖

«ព្រាត់ប្រាស់បង​ប្អូន​អត់​បាន​នៅ​ក្នុង​ប្រទេស​ខ្លួនឯង ​វាកំសត់​មួយហើយ​។ ​ហើយស្អី​ដែលកំសត់ ស្អីដែលគួរឲ្យ​ខឹងនឹង​ ហេតុអី​បានជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ខ្លួនឯងហ្នឹង​តាមចង់​វាយពលរដ្ឋ​ខ្លួនឯង​ដល់​ទឹកដីគេទៀត? ​អារម្មណ៍មួយទៀត ​គឺខ្ញុំមានអារម្មណ៍​ខ្មាសគេមែនទែន​ នៅ​ពេល​ដែល​គាត់​គំរាម​វាយពលរដ្ឋ​ខ្លួនឯង​នៅ​លើទឹកដីរបស់គេ។​ ជា​ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើការ​មិត្តភក្តិ​បរទេស​របស់​ខ្ញុំ​ប្រាប់ថា​ ខ្ញុំ​ឮ​ថា​នាយករដ្ឋមន្ត្រី​អ្នកឯង​ចង់​វាយ​អ្នកឯងដល់ផ្ទះ។​ អ្នកឯង​ឈឺចាប់ដែរឬអត់?​ អញ្ចឹង​ខ្ញុំ​ខ្មាស់គាត់មែនទែន​។​ ហើយអារម្មណ៍មួយទៀត​ ខ្ញុំអាណិត​នាយករដ្ឋមន្ត្រីខ្មែរ។​ ខ្ញុំគិតថា​គាត់ខំស្នាដៃ​មក​ជាង៣០ឆ្នាំមកហើយ​។ ​ប៉ុន្តែ ហេតុអី​គាត់តែង​តែបញ្ចេញអត្តចរិក​បែប​ឃោឃៅ ​មិន​ព្រម​បន្សល់នូវអ្វី​ដែលល្អសម្រាប់ក្មេង​ជំនាន់ក្រោយ​ ហេតុអី​គាត់តែង​បញ្ចេញ​ចរិតបែបហ្នឹង?​ ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ​ខ្ញុំពិតជាអាណិតគាត់មែនទែន!​ ពីព្រោះ​យ៉ាងណាក៏ដោយពួកយើងក៏ជាខ្មែរដែរ។ ​ហើយមានអ្នកដឹកនាំបែបហ្នឹង ដើរទៅណាពេល​គេសួរអញ្ចឹង ​ខ្ញុំមាន​អារម្មណ៍ថា​ខ្មាស់​គេណាស់។​

អ្នកស្រី​ វ៉ា ម៉ាលីណា ​ឲ្យដឹងទៀតថា ​ក្រុមពលរដ្ឋ​ដែល​នឹងមកចូលរួម​ធ្វើបាតុកម្មនេះ​ មាន​មកពីតាមទីក្រុង​នានាក្នុងប្រទេសអូស្ត្រាលី ​រួមមានទីក្រុងមែលប៊ន ​ទីក្រុងអាល់ដឺឡែត​ ពីរដ្ឋ​ Queensland​។ ​ក្រុមបាតុករ​ នឹង​ចេញដំណើរនៅល្ងាចថ្ងៃសុក្រថ្ងៃទី១៦ មីនា ហើយ​មក​ជួបជុំ​គ្នា​នៅ​កន្លែង​បាតុកម្ម​ក្នុង​ក្រុង​ស៊ីដនី​ ថ្ងៃទី១៧មីនា ​វេលាម៉ោង​១១ព្រឹក។

កិច្ច​ប្រជុំកំពូល​អាស៊ាន-អូស្ត្រាលី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្តៅ នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ជា​លំដាប់ ​ក្រោយ​ពេល​ដែល​របប​លោក​ ហ៊ុន សែន​ បាន​សម្រេច​ជា​ស្ថាពរ​ក្នុង​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ កិច្ច​ប្រជុំ​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា អាច​ជា​ឱកាស​មួយ​ដែល​សហគមន៍​អន្តរជាតិ​ អាច​លើក​យក​បញ្ហា​របស់​កម្ពុជា​ មក​ដាក់​លើ​តុ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ។​

បើ​ទោះ​បីជា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្លាប់​បាន​ព្រមាន​ផ្ទួនៗ​ជា​បន្ត​បន្ទាប់​អំពី​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​នេះ ​និង​ថា​កិច្ច​ប្រជុំ​កំពូល​អាស៊ានអូស្ត្រាលី​ នឹង​ប្រែ​ក្លាយ​ជា​គ្មានន័យ ​ប្រសិន​បើ​គ្មាន​វត្តមាន​របស់​លោក​ ក៏ដោយ ដោយសារតែកិច្ច​ប្រជុំ​នេះ​នឹង​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​បាន​នោះ លោក ហ៊ុន សែន កាល​ពីថ្ងៃចន្ទ​ទី០៥​ មីនា​ បាន​ប្រកាសសារ​ជាថ្មីថា​ លោក​នឹង​នៅ​តែ​ទៅ​ចូលរួមកិច្ច​ប្រជុំកំពូលនេះ ទោះ​បីជា​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​យ៉ាងណា​ក៏ដោយ។​

សំឡេងលោក​ ហ៊ុន សែន៖​

«ឯខ្ញុំទៅ ​គឺបញ្ជាក់ថា ​ខ្ញុំទៅដោយមិនចាត់តាំង​អ្នកណានោះទេ ​គឺខ្ញុំចង់​ផ្តល់កិត្តិយស​ឲ្យអូស្ត្រាលី ព្រោះ​អូស្ត្រាលី​ក៏ធ្លាប់ពឹងពាក់ខ្ញុំ ​តាំងពី​ឆ្នាំ២០០២​ណោះ ក្នុងការ​ប្រែក្លាយ​ខ្លួនទៅជាដៃគូសន្ទនាប្រចាំឆ្នាំ​ ក្នុង​កម្រិត​ខ្ពស់ ដែលខ្ញុំធ្លាប់ទទួល ​បានជោគជ័យ​ ក្នុង​ការដឹកដៃឥណ្ឌា ចូល​ប្រជុំអាស៊ានឥណ្ឌាលើកដំបូង​ នៅទីក្រុងភ្នំពេញ ​ក្នុងឋានៈកម្ពុជា ជា​ប្រធាន​អាស៊ាន​នៅពេលនោះ»​

លោក​ ហ៊ុន សែន​ ក៏ធ្លាប់បានថ្លែងដោយមោទនភាពថា វត្តមាន​របស់​លោកនៅក្នុងកិច្ចប្រជុំកំពូលនេះ ​គឺ​ជា​កិត្តិយស​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​រដ្ឋាភិបាល​អូស្ត្រាលី គួរ​តែ​អរគុណ​លោក​ទៅ​វិញទេ​ ហេតុដូច្នេះ​ហើយ​លោកថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ពីវត្តមាន​របស់​លោក​នៅ​អូស្ត្រាលី​នេះ​។

ប្រសិន​បើលោក​ ហ៊ុន សែន ទៅចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល​នៅ​អូស្ត្រាលី​ដូច​តាម​ការ​អះអាង​របស់លោក​មែន​ នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​លោក​ ហ៊ុន សែន ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​លោកសេរី ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ចាត់ទុក​ជា​មេដឹកនាំ​ដែល​បង្ក​ការ​គំរាម​កំហែង​ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍​។​

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ មាស នី ​មើល​ឃើញ​ថា​ ការគ្រោង​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន ​និង​ការ​ចាត់​ទុក​លោក​ ហ៊ុន សែន​ ចូល​ក្នុង​បញ្ជី​ក្រុម​មេ​ដឹកនាំ​បង្កការ​គំរាម​កំហែង​ដល់​តំបន់​នេះ​ គឺ​ជា​កត្តា​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​រូបភាព​របស់​លោក ហ៊ុន សែន ​នៅ​លើ​ឆាក​អន្តរ​ជាតិ។

សំឡេង​លោក​បណ្ឌិត​ មាស នី៖

«ការ​ទៅ​ប្រជុំអញ្ចឹង ​បើសិន​ណា​ជា​មេដឹកនាំ​នោះ ​គាត់​មាន​បញ្ហា​អី​ផ្សេងៗ​ផ្ទាល់​ខ្លួន​គាត់​ ចឹង​ពេល​ដែល​មាន​ការ​តវ៉ាអីមក ​វា​នាំ​ឲ្យ​ខូច​កិត្តិយស​របស់​អ្នក​ដឹកនាំ​រូបនោះ​ខ្លួន​ឯង។»

លោក​បណ្ឌិត​ មាស នី​ ផ្តល់​អនុសាសន៍​ថា ជា​ការ​ប្រសើរ​ដែល​មេ​ដឹកនាំ​ប្រទេស​ត្រូវ​តែ​មាន​ភាព​ឆ្លាតវៃ ​និង​ត្រូវ​ធ្វើ​យ៉ាងណា​ជៀសវាង​កុំ​ឲ្យ​មាន​នូវ​រឿង​អាស្រូវ​ណាមួយ​កើត​ឡើង​នៅ​ក្នុង ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មេដឹកនាំ​ខ្លួន​ឯង​ផង និង​កិត្តិយស​របស់​ជាតិ​ដែល​មេ​ដឹកនាំ​រូប​នោះ​ជា​អ្នក​តំណាង​ផង។

សំឡេង​លោក​បណ្ឌិត​ មាស នី៖

«រឿង​សំខាន់​គឺ​អ្នក​ដឹកនាំ​ត្រូវ​តែ​មាន​ភាពឆ្លាតវៃ ​ធ្វើម៉េច​កុំ​ឲ្យ​មាន​ភាព​អាស្រូវ​ទាំងអស់​នោះ​កើតឡើង​។ ទៅ​ណា​ឲ្យ​មាន​ពលរដ្ឋ​ខ្លួនឯង​ទទួល​ស្គាល់ ​អបអរសាទរ​ទៅ ​ដូច​អ្នក​ដឹកនាំ​ដទៃ អាហ្នឹងវាជារឿងប្រសើរបំផុតសម្រាប់មេដឹកនាំគ្រប់រូប។​»​

កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៧-១៨​ ខែមីនា ខាង​មុខ​នេះ​ នៅ​ទីក្រុង​ស៊ីដនី​ និង​ដឹកនាំ​ធ្វើ​ម្ចាស់​ផ្ទះ​ដោយ​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក​ ម៉ាល់ខុម​ ធឺនប៊ល (Malcolm Turnbull)។ ​នេះ​ជាលើក​ទីមួយ​ហើយ​ដែល​ប្រទេស​អូស្ត្រាលី​ រៀបចំ​ឲ្យ​មាន​ឡើង​នូវកិច្ច​ប្រជុំ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក ​ជាមួយ​ក្រុម​ប្រទេស​ជា​រដ្ឋសមាជិក​ប្លុក​អាស៊ាន​នេះ។ កិច្ច​ប្រជុំ​នេះ ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ក្នុង​ប្លុក​អាស៊ាន​ ពង្រឹង​ដៃ​គូ​យុទ្ធសាស្ត្រ​ និង​ឱកាស ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​ប្រទេស​អូស្ត្រាលី​។ ​

សមាគមន៍​អាស៊ាន​ ដែល​មាន​ប្រជាជន​សរុប​ជិត​ ៦៥០​លាន​នាក់ គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​ទី​បី​ របស់​ប្រទេស​អូស្ត្រាលី ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រហូត​ដល់​ទៅ​ជាង​ ៧២,១១ ពាន់​លាន​ដុល្លារ​។ ​ក្រៅ​ពី​ជំនួប​រវាង​ក្រុម​មេដឹកនាំ​កំពូល​ប្រចាំ​តំបន់​អាស៊ាន និង​អូស្ត្រាលី​នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​នេះ ​ក៏​នឹង​មាន​កិច្ច​ប្រជុំ​សំខាន់ៗ​ចំនួន​ពីរ​ផ្សេង​ទៀត​ផង​ដែរ​ គឺ​កិច្ច​ប្រជុំ​វិស័យ​ធុរកិច្ច​អាស៊ាន-អូស្ត្រាលី​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ការងារ ​វិនិយោគ និង​ជំនួញ​រវាង​តំបន់​អាស៊ាន​ និង​អូស្ត្រាលី​ និង​កិច្ច​ប្រជុំ​ស្វែងរក​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេវរកម្ម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ​ប្តេជ្ញា​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ​ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី"

  1. people says:

    Bravo’ brothers&sisters’ in Australia’ we are cambodian people around the world support you all and must let the world and australian government know that dictator must go to hell ‘.

  2. Anonymous says:

    Thank you all for your preparation in favor the peaceful rally against Pime Minister HUN SEN.
    Special thank to the leadership of cambodians Community such as Uncle Hong Lim, uncle Chea You Horn, uncle Tak Meng Hieng and all colleagues that make preparation event to show HUN SEN and his allies in advance that Cambodians in Australia and around the world will not welcome HUN SEN presentation anywhere, not only in Australia but in the global net work.
    Release all political parties from prison,!!!!!!!!!!!!!!!!!!!!!!!!!
    Free and fair election in 2018 under international watch, !!!!!!!!!!!!
    Enforce immigration laws and practices effectively!!!!!!! !!!!!!!!!!!!!
    No communist China plays their secret roles in Cambodia!!!!!!!!!!!!
    If you, HUN SEN cannot handle the truth, step your blind ass down!!!!!!!!!!!!! It is enough!!!!!!!!
    Your time is expired!!!!!!!!!!!!!!! Lot of shits done by you. Hun Sen must step down!!!!!!!!!!!!!!!!!!