កម្ពុជា​កំពុង​មាន​ហានិភ័យ​បំណុល​ក្រោម​គម្រោង​​ចិន «ខ្សែក្រវ៉ាត់មួយ-វិថីមួយ»

ដោយលោក​ មាន ឫទ្ធិ
2018-03-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

cam-china-flag.JPG
cam-china-flag.JPG (Photo: RFA)


មជ្ឈមណ្ឌល​ដើម្បី​ការអភិវឌ្ឍន៍​សាកល​ (Center for Global Development) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ត្រួតពិនិត្យ​មើល​ផល ប៉ះពាល់​នៃ​បំណុល​របស់​មហាអំណាច​ចិន​ មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​ ៦៨​ ដែល​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​មហិច្ឆតា​ប្រ​ចាំ​សតវត្ស​របស់​ចិន​ ក្រោម​គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវាត់​មួយ វិថី​មួយ​» ឬ​ហៅថា «វិថី​សូត្រ​ថ្មី​»។ មជ្ឈមណ្ឌល​នេះ​ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ថា​មាន​«ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​»។

មជ្ឈមណ្ឌល​ដើម្បី​ការអភិវឌ្ឍន៍​សាកល​ ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​ការសិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ និង​ការអនុវត្ត​របស់​ក្រុម​ប្រទេស​អ្នក​មាន​ និង​ស្ថាប័ន​មាន​ឥទ្ធិពល​ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​នៅ​ទូ​ទាំង​សាកលលោក រក​ឃើញ​ថា​ ប្រទេស​កម្ពុជា អាច​នឹង​បង្កើន​ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង​ៗ​នា​ពេល​អនាគត​ ធៀប​នឹង​ភាគរយ​នៃ​បំណុល​រដ្ឋ​សរុប​ ដែល​កម្ពុជា​ជំពាក់​បរទេស​ ជាពិសេស​ក្រោយ​ពេល​ដែល​មហាអំណាច​ចិន​ ចាប់​ផ្តើម​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​​យុទ្ធសាស្ត្រ​ ក្រោម​គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវាត់​មួយ-វិថី​មួយ» ឬ​ហៅ​ថា​ «វិថី​សូត្រ​ថ្មី»។

គំនិត​ផ្ដួចផ្ដើម​ «ខ្សែ​ក្រវាត់​មួយ​- វិថី​មួយ» ឬ ហៅ ថា «វិថី​សូត្រ​ថ្មី» នេះ គឺ​ជា​មហិច្ឆតា​ប្រចាំ​សត វត្សរ៍​របស់​ចិន​ ដើម្បី​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ ភូមិសាស្ត្រ​នយោបាយ​ និង​វប្បធម៌​របស់​ខ្លួន​ ស្រប​ពេល​ដែល​ចិន​កំពុង​ឡើង​គ្រង​តំណែង​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក​។ ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​ ស៊ី ជីង​ពីង (Xi Jinping) ចិន​បាន​លាតត្រដាង​ គំនិត​ផ្ដួចផ្ដើម​នេះ​ជា​លើក​ដំបូង​ កាល​ពី​ឆ្នាំ​២០១៣​ ក្រោម​ហេតុផល​ថា​ ដើម្បី​ផ្សារ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​សម្រួល​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ក្នុង​ទ្វីប អាស៊ី​ទៅ​កាន់​ទ្វីប អាហ្វ្រិក​ និង​ អឺរ៉ុប​ និង ទៅ​កាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភព​លោក​។ ដើម្បី​សម្រេច​មហិច្ឆតា​នេះ​ ចិន​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​រហូត​ដល់​ទៅ​ជិត​ ១០០​ ពាន់​លាន​ដុល្លារ​ ឬ ១​ទ្រី​លាន​ដុល្លារ​។

តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​នេះ​ គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ជា​ច្រើន​ត្រូវ​បាន​លាតត្រដាង​ និង​អនុវត្ត​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ រួម​មាន​ការ​សាង​សង់​ផ្លូវថ្នល់​ល្បឿន​លឿន​ ផ្លូវ​រត់​ភ្លើង​ភ្ជាប់​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ កំពង់ផែ​ទឹក​ជ្រៅ​ កំពង់ផែ​ស្ងួត​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ប្រលានយន្តហោះ​អន្តរជាតិ​ជា​ដើម​ ដែល​គម្រោង​ទាំងនេះ​ ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍​ និង​កម្ចី​បរទេស​។ ចិន​ក៏​បាន​លាតត្រដាង​ពី​ផែន​ការ​ដែល​ថា​ នឹង​ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ល្បឿន​លឿន​ ឲ្យ​បាន​ប្រវែង​ ២,២៣០​ គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ គិត​ត្រឹម​ឆ្នាំ​២០៤០​ ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជាង​ ២៦​ពាន់​លាន​ដុល្លារ​។​

បើ​ទោះ​បី​ជា​ មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល​នេះ​ មិន​ទាន់​ទស្សន៍ទាយ​ថា​ គម្រោង​វិនិយោគ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ «ខ្សែ​ក្រវាត់​មួយ-វិថី​មួយ​» ប្រកប​ដោយ​ការ អន្ទង​ចិត្ត​របស់​មហាអំណាច​ចិន​ទាំង​នេះ​ អាច​នឹង​បណ្ដាល​ឲ្យ​កម្ពុជា​ជួប​នឹង​វិបត្តិ​អសមត្ថភាព​ក្នុង​ការ​សង​ ឬ​ដោះ​បំណុល​ជា​មួយ​ចិន​នា​ពេល​អនាគត​ក៏​ដោយ​ ក៏​មជ្ឈមណ្ឌល​នេះ​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោល​ដៅ​ចំនួន​ ២៣​ ដែល​កំពុង​ប្រឈម​នឹង​ «ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​» នា​ពេល​បច្ចុប្បន្ន​នេះ​។

អ្នក​ជំនាញ​ថា​ កម្ពុជា​ មិន​ត្រូវ​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​ ទៅ​លើ​ម្ចាស់​បំណុល​ចិន​តែ​មួយ​នោះ​ទេ​ ព្រោះ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​ប្រទេស​ជាតិ​ជំនួស​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​។

Ear_Sophal
អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។
Facebook

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល​ ប្រាប់​អា​ស៊ី​សេ​រី​តាម​សារ​អេឡិចត្រូនិក​ថា​ លោក​យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ​ ដែល​លោក​ថា​ជា​របកគំហើញ​សម​ហេតុ​ផល​មួយ​។​ លោក​កត់​សម្គាល់​ថា​ កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ដល់​ទៅ​ ៤,៣​ ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ជាង​ ២០​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​កម្ពុជា ដែល​នេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​លើស​លុប​ ដែល​កម្ពុជា​ជំពាក់​ម្ចាស់​បំណុល​តែមួយ​ គឺ​មហាអំណាច​ចិន​។

យោង​តាម​ទិន្នន័យ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព​នៅឡើយ​ គិត​ត្រឹម​ឆមាស​ទី​១​ ខែ​កញ្ញា ឆ្នាំ​២០១៧​ កន្លង​ទៅ​ បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា ជំពាក់​បរទេស ​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ដទៃ​ទៀត គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៩​ពាន់​លាន​ដុល្លារ (៩.២៩៥,២៦)។ ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​នេះ​ បំណុល​ដែល​កម្ពុជា ជំពាក់​ចិន មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់ គឺ​ស្មើ​នឹង​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ (៣.៩៩៥,១៥) ឬ​ស្មើ​នឹង ៤២,៩៨% នៃ​បំណុល​រដ្ឋ​សរុប​ទាំង​មូល​ដែល​ជំពាក់​បរទេស​។ ទាំង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​បំណុល​ដទៃ​ទៀត​ដែល​វិស័យ​ឯកជន​កម្ពុជា ជំពាក់​ចិន ដែល​អាច​នឹង​កើន​ឡើង​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។

ទិន្នន័យ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដដែល​ ឲ្យ​ដឹង​ដែរ ថា​ក្រៅ​ពី ម្ចាស់​បំណុល​ចិន​ កម្ពុជា​ នៅ​ជាប់​ជំពាក់​បំណុល​ជប៉ុន​ជាង​ ១​ពាន់​លាន​ដុល្លារ​ (១.០៣៣,៦៣ ស្មើនឹង ១១,១២%) កូរ៉េខាងត្បូង​ជាង​ ៦៨០​ លាន​ដុល្លារ​ (៦៨១,៧៥ ស្មើនឹង ៧,៣៣%) ព្រម​ទាំង​ប្រទេស​ដទៃ​ទៀត​ ជា​សមាជិក​ក្លឹប ប៉ារីស​ និង​មិន​មែន​សមាជិក​ក្លឹប ប៉ារីស រួមមាន ប្រទេស​បារាំង ថៃ ឥណ្ឌា ម៉ាឡេស៊ី និង​វៀតណាម​ ជាដើម។ ដោយឡែក សម្រាប់​ការ​ខ្ចី​បុល​ជា​មួយ​ម្ចាស់​បំណុល​ពហុភាគី​វិញ​ កម្ពុជា​ជំពាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ជាង​ ២​ពាន់​លាន​ដុល្លារ​ (២.០៧៥,១៨ ស្មើនឹង ២២,៣៣%) ធនាគារ​ពិភព​លោក​ (WB) ជិត​ ៩៥០​ លាន​ដុល្លារ​ (៩៤៧,៨៧ ស្មើនឹង ១០,២០%) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD) ជាង​ ១២៥​លាន​ដុល្លារ​ (១២៦,៥១ ស្មើនឹង ១,៣៦%)។ ក្រៅ​ពី​នេះ​ កម្ពុជា​នៅ​ជំពាក់​បំណុល​ចាស់​ពី​សម័យ​សង្គ្រាម​ទសវត្សរ៍​ទី​៧០​ និង​៨០​ ដែល​បច្ចុប្បន្ន​មិន​ទាន់​ដោះ​ស្រាយ​រួច​ សរុប​ជាង​ ៦២០​លាន​ដុល្លារ​ (៦២០,០៥)។

បើ​ទោះ​បី​ជា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជុំ​ទិស​យ៉ាង​នេះ​ក្តី​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ធ្វើ​ការ​សន្និដ្ឋាន​ និង​អះអាង​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ខ្លួន​ដ​ដែល​នេះ​ថា​ ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន​មាន​ «ចិរភាព» និង «ហានិភ័យ​កម្រិត​ទាប» ឬ​ក្នុង​ន័យ​ម្យ៉ាង​ទៀត​ថា​ កម្ពុជា​នៅ​មាន​លទ្ធភាព​អាច​សង​ម្ចាស់​បំណុល​បាន​នៅឡើយ​ ហើយ​ក៏​នៅ​តែ​អាច​បន្ត​ខ្ចី​បុល​បរទេស​បន្ថែម​ទៀត​បាន។​

បន្ថែម​ពី​លើ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​០២​ មីនា បាន​ថ្លែង​ការពារ​ពីស្ថានភាព​បំណុល​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​លោក​អះអាង​ថា​ អត្រា​បំណុល​របស់​កម្ពុជា​ ស្ថិត​ក្នុង​ស្ថានភាព​ដ៏ រឹងមាំ​ និង​មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ។​ លោក​ ហ៊ុន សែន ថា នៅ​លើ​ពិភពលោក​នេះ​ គ្មាន​ប្រទេស​ណា​មួយ​ដែល​មិន​ជំពាក់​បំណុល​បរទេស​នោះ​ទេ។​ លោក​ពន្យល់​ថា​ តាម​ស្តង់ដារ​ជា​ទូទៅ​នៃ​អនុបាត​បំណុល​ ប្រទេស​នីមួយៗ​ អាច​ខ្ចី​បំណុល​បាន​ត្រឹម​ ៤០​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ខណៈ​ដែល​អនុបាត​បំណុល​របស់​កម្ពុជា​ ដែល​លទ្ធភាព​ត្រូវ​ខ្ចី​ដល់​ ៤០​ភាគរយ​នេះ កម្ពុជា​ខ្ចី​ត្រឹម​តែ​ ២២​ភាគរយ​ប៉ុណ្ណោះ​ ដែល​នេះ​គិត​បញ្ចូល​ទាំង​បំណុល​ចាស់​តាំង​ពី​សម័យ​សង្គ្រាម​ផង។​

សំឡេង​លោក ​ហ៊ុន សែន៖

«ប្រទេស​ខ្លះ​ នៅ​ក្នុង​តំបន់​របស់​យើង​ ជំពាក់​គេ​រហូត​ដល់​១២០​ភាគរយ​ ហើយ​ប្រទេស​ខ្លះ​ទៀត​ ជំពាក់​គេ​រហូត​ដល់​២០០​ភាគរយ​ នៃ​អនុបាត​បំណុល​ទៅ​ហើយ។​ សាក​សួរ​ប្រទេស​បារាំង​ទៅ​មើល​ ប្រជាជន​ម្នាក់​ជំពាក់​គេ​ជាង​៥​ម៉ឺន​ដុល្លារ​ ពួក​ប្រឆាំង​ស្អី​ឡើង​ កូន​ខ្មែរ​កើត​ឡើង​ ភ្លាម​ជំពាក់​គេ​ជាង​២០០​ដុល្លារ​ ប៉ុន្តែ​អា​អ្នក​និយាយ​នោះ​ វា​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​មនុស្ស​កើត​ឡើង​ភ្លាម ​ជំពាក់​គេ​ជាង​៥​ម៉ឺន​ដុល្លារ​ តែ​វា​អត់​គិត​ វា​នឹក​ស្មាន​ថា​ខ្មែរ​មិន​ចេះ​គិត​។ ពលរដ្ឋ​អាមេរិក​ម្នាក់​ ជំពាក់​គេ​ជាង​៤​ម៉ឺន​ដុល្លារ​ ឯ​យើង​ទើប​នឹង​ប៉ុន្មាន​រយ​ តែ​យើង​ត្រូវ​តែ​បន្ត​ការ​គ្រប់​គ្រង​ យើង​មាន​ច្បាប់​របស់​យើង​ចង​។ យើង​សុខ​ចិត្ត​ធ្វើ​មុខ​ក្រាស​បន្តិច​សោះ​ គឺ​សុំ​ ប៉ុន្តែ​សុំ​តែ​របស់​ណា​ ដែល​យក​មក​បម្រើ​ឲ្យ​ជំរុញ​ នូវ​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​»។​

លោក​ ហ៊ុន​ សែន​ បន្ត ថា​បើ​ទោះ​ជា​សេដ្ឋកិច្ច​កម្ពុជា​ បាន​ឈាន​ដល់​កម្រិត​មួយ​ ដែល​ត្រូវ​ខ្ចី​លុយ​ពី​បរទេស​ ក្នុង​អត្រា​ការ​ប្រាក់​ពាណិជ្ជកម្ម​ក៏​ដោយ​ ប៉ុន្តែ​ដៃ​គូ​អភិវឌ្ឍន៍​នៅ​តែ​បន្ត​ឲ្យ​កម្ពុជា​ខ្ចី​ក្នុង​អត្រាការ​ប្រាក់​អនុគ្រោះ​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ឥណទាន​សម្បទាន​ដ​ដែល​។

យ៉ាង​ណា​ក៏​ដោយ​ ផ្ទុយ​ពី​ការ​លើក​ឡើង​ និង​ថ្លែង​ការពារ​របស់​លោក​ ហ៊ុន​ សែន​ នេះ​ លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល​ ពន្យល់​ថា​ បើ​ទោះ​ជា​និរន្តរភាព​បំណុល​របស់​កម្ពុជា​ជា​រួម នៅ​មិន​ទាន់​អាក្រក់​នៅ​ឡើយ​ក៏​ដោយ​ ក៏ប៉ុន្តែ លោក​ថា​ កម្ពុជា​ជំពាក់​បំណុល​ចិន​តែឯង​ស្មើ​នឹង​ ២០%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ខណៈ​ដែល​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប​ ស្មើ​នឹង​៣២% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)។ នេះ​មានន័យ​ថា​ ៦២,៥%​នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប​ គឺ​សុទ្ធ​តែ​ជា​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​ ដែល​នេះ​គឺ​ជា​ចំនួន​ខ្ចី​បុល​ដ៏​ច្រើន​លើស​លុប​ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ ស្តែង​ឲ្យ​ឃើញ​ពី​ការ​ពឹង​ផ្អែក​ស្ទើរ​តែ ទាំងស្រុង​ទៅ​លើ​មហាអំណាច​ចិន​តែមួយ​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល​ ព្រមាន ថា ការណ៍ នេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ ផុង​ខ្លួន​ជំពាក់​បំណុល​មហា​អំណាច​ចិន កាន់​តែ​ច្រើន​មហាសាល​ចូល​ក្នុង អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន ហើយ​ជា​លទ្ធផល​ មហាអំណាច​ចិន​ អាច​ក្លាយ​ជា​ម្ចាស់​សម្រេច​ជោគវាសនា​របស់​កម្ពុជា​តែម្ដង​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ កម្ពុជា​ក្លាយ​ជា​អាណាខេត្ត​ ឬ​បុត្រ សម្ព័ន្ធ​មួយ​របស់​មហាអំណាច​ចិន​ ក្រោម​រូបភាព​ជា​អ្វី​មួយ​ ដែល​លោក​ហៅ​ថា​ ជា​ការ​ដាក់​នឹម​ត្រួតត្រា​អាណានិគម​ក្នុង​យុគសម័យ​ទំនើប​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល​ ពន្យល់​បន្ត ថា​កម្ពុជា​មាន​អនុបាត​បំណុល​ ៣២%​ ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ក៏​ប៉ុន្តែ​លោក​ថា​ អនុបាត​បំណុល​នេះ​ នឹង​ខិត​ទៅ​កៀក​នឹង ៤០%​ ធៀប​នឹង​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប​ ដែល​ជា សញ្ញា​ប្រកាស អាសន្ន ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា ជួប​នូវ​បញ្ហា​ណា​មួយ​ ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់ ចុះ​សេដ្ឋកិច្ច​ ឬ​ប្រសិន​បើ​បំណុល​នោះ​ ចេះ​តែ​កើន​ឡើង​ខ្លាំង​ទៅ​ៗ​យ៉ាង​ឆាប់​រហ័ស​ពេក​ ពោល​គឺ​កើន​ឡើង​ច្រើន​ជាង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)នោះ។ លោក​បន្ត ថា​ការ​កើន​ឡើង​ឆាប់​រហ័ស​នៃ​ការ​ជាប់​បំណុល​ គឺ​អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ «ហានិភ័យ» ដែល​ជា​ការ​គួរ​ឲ្យ​បារម្ភ​។ លោក​ថា​ សហរដ្ឋអាមេរិក មាន​បំណុល​ជាង​ ១០៦%​ ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ខណៈ​ជប៉ុន​ មាន​បំណុល​ដល់ទៅ​ ២៤៥%​ ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ប៉ុន្តែ​ភាគ​ច្រើន​នៃ​បំណុល​ទាំង​នេះ​ គឺ​ពលរដ្ឋ​អាមេរិក​ និង​ជប៉ុន​ ជា​អ្នក​ចាត់​ចែង​ កាន់​កាប់​ និង​ចាយ​វាយ​បំណុល​ទាំង​នោះ​ដោយ​ខ្លួន​ឯង​។​ ម៉្យាង​វិញ​ទៀត​ លោក​ថា​ គ្មាន​នរណា​ជឿ ថា​សហរដ្ឋអាមេរិក ឬ​ជប៉ុន អាច​នឹង​មិន​មាន​លទ្ធភាព​សងបំណុល​ដែល​ប្រទេស​នេះ​ជំពាក់​គេ​នោះ​ទេ​ ដោយ​សារ​ហានិភ័យ​មាន​កម្រិត​តិចតួច​ណាស់​ ខណៈ​ឯ​កម្ពុជា​ ធ្លាប់​មាន​ប្រវត្តិ​នៃ​ការ​ហាមប្រាម​ការ​ចាយ​វាយ​ប្រាក់​កាស​ ដែល​នេះ​ជា​មូលហេតុ​ ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើ​ប្រាស់​ជំនួស​ឲ្យ​ប្រាក់​រៀល​ក្នុង​ប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ សុផល ផ្ដល់​អនុសាសន៍​ថា ប្រសិន​បើ​កម្ពុជា​ចង់​ជៀស ផុត​ពី​បញ្ហា​ហានិភ័យ​បំណុល​នេះ​ ហើយ​ប្រសិន​បើ​កម្ពុជា​ មិន​ចង់​ក្លាយ​ជា​អាណាខេត្ត​ ឬ​បុត្រ សម្ព័ន្ធ​មួយ​របស់​ចិន​នោះ​ទេ​ ជា​ការ​ប្រសើរ​ដែល​កម្ពុជា​ ត្រូវ​ធ្វើ​ពិ​ពិត​កម្ម​ម្ចាស់​បំណុល​ ឬ​ធ្វើ​ការ​ខ្ចីបុល​ពី​ម្ចាស់​បំណុល​ចម្រុះ​ ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​ទៅ​លើ​ម្ចាស់​បំណុល​តែ​មួយ​ លើស​ពី ៥០%​ នៃ​បំណុល​រដ្ឋ​ជំពាក់​បរទេស​សរុប​នោះ​ឡើយ។

របាយការណ៍​មជ្ឈមណ្ឌល​ដើម្បី​ការអភិវឌ្ឍន៍​សាកល​ (cgdev) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​ ៨​ ថា​ងាយ​នឹង​រង់​គ្រោះ​បំផុត​ ឬ​មាន​ហានិភ័យ​បំណុល​ខ្ពស់​ ដោយ​សារ​គំនិត​ផ្ដួចផ្ដើម​ «ខ្សែ​ក្រវាត់​មួយ វិថី​មួយ​» របស់​មហាអំណាច​ចិន។ ​ប្រទេស​ទាំង​នេះ​ រួម​មាន​ ប្រទេស​ ជី​ប៊ូ​ទី​ ម៉ាល់ឌីវ​ ឡាវ​ ម៉ុងតេណេក្រូ ម៉ុងហ្គោលី តា​ជី​គី​ស្ថាន​ គឺ​ហ្សី​ស្ថាន និង​ប៉ាគីស្ថាន។

បច្ចុប្បន្ន ដោយ​សារ​តែ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ មហាអំណាច​ចិន​ បាន​យក​ប្រទេស​ជី​ប៊ូ​ទី ធ្វើ​ជា​មូលដ្ឋាន​យោធា​ក្រៅ​ប្រទេស​របស់​ខ្លួន​ដំបូង​បង្អស់​។ ប្រទេស​ ស្រីលង្កា ក៏​ត្រូវ​ បាន​ ប្រែក្លាយ​ ពី​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ មក​ជា​ការ​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​ជំនួស​វិញ​ ដោយ​សារ តែ​ប្រទេស​នេះ បាន​ធ្លាក់​ខ្លួន​ផុង​ជ្រៅ​ចូល​ក្នុង​បំណុល​វ័ណ្ឌក​ ជា​មួយ​ចិន​ ក្នុង​តម្លៃ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ប្រទេស​នេះ​ បាន​បង្ខំចិត្ត​ ដាក់​លក់​ភាគហ៊ុន​ចំនួន​ ៨៥​ ភាគរយ​ នៃ​ការ​ គ្រប់​គ្រង​កំពង់ផែ​អន្តរជាតិ ឈ្មោះ ហាម​បាន​តូ​តា (Hambantota) របស់​ខ្លួន​ ទៅ​ឲ្យ​ប្រទេស​ចិន​ គ្រប់​គ្រង ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ទឹក​ប្រាក់​បំណុល​ចំនួន​ ១,១ ពាន់​ លាន​ ដុល្លារ​ (១,១​ ប៊ី​លាន)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "កម្ពុជា​កំពុង​មាន​ហានិភ័យ​បំណុល​ក្រោម​គម្រោង​​ចិន «ខ្សែក្រវ៉ាត់មួយ-វិថីមួយ»"

  1. ?? says:

    CAMBODIA under HUN SEN is going 100% to CHINA policy . I do not know about that but people around the world do not want CHINA to be world’s supper powers. as we Cambodian knew POL POT was 100% to CHINA at last more then two and half million was vanish from this sad land. I personally do not want to hear HUN SEN saying he is a democracy holder . at first I knew HUN SEN was 100% communist Vietnam now he is changing or may be both. that will be rise to have war at any time the worse can be world war three may happen in this region. Cambodia now is under un certain situation that this nation can be easily wipe out from the world. to be safe Cambodia should take true democracy as their main policy I do not think US and EU will give up the world supper powers to CHINA . if we are talking about modern high tech weapon CHINA can not match US . if HUN SEN going too deep to CHINA policy it will be more the ever going to be a big question to all Cambodian to make their final judgement . GOD bless Cambodia and all Cambodian people

  2. sokhon says:

    វាជាការល្អណាស់ ប្រសិនអ្នកជួយជំរុញអោយមហាអំណាចផ្សេងអោយខ្ជីលុយដូចចិន តែវាមិនអាចរឺ?

  3. people says:

    Big fish alway eat small fish’ . Cambodia is under control of communist china since 1970 because our leader is communist (king si haknouk) got in the trap of communist and after one and other one until khmer lost everything in the future then will become a small town of china .Cambodia need a strong leader like Singapore or Israel that why keep the country independent ‘ or need protection from super power like America ‘otherwise will become a small town of china one day. Now china used hun-sen as their puppet to control all hkmer people and the country ‘Poor cambodia and her people’.My guess is the world war three coming up at south china sea ‘maybe cambodia could survive a little ” let hope so ‘.Cambodia must vote to change the communist brain leader to rescue from communist rule because we already learn about communist that leaded to disaster 3 million and lost a lot and still suffer .Cambodia is a small fish so need to protected by poison that why the big fish can’t eat ” GOD bless all good people’

  4. Anonymous says:

    Ah KVAK wants to stay in his family control in Cambodia. Under international pressure, HUN SEN will soon going to see his friends such as Saddam, Gardafee and so on …..etc….