UN ស្នើរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយនិងអ្នកការពារសិទ្ធិមនុស្ស

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein (ប្រភព៖ webtv.un.org)


មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទូចជាថ្មី ឲ្យរដ្ឋាភិបាលធានាដំណើរការប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពវិញ ហើយការថ្លែងបែបនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមានថែមបន្ទុកលើអ្នកទោសកំពុងជាប់ឃុំ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein មានប្រសាសន៍ថា លោកមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ការរិតត្បិតសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល បន្ទាប់ពីរដ្ឋាភិបាលស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រនោះ។

លោកក៏អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយ ដែលកំពុងជាប់ឃុំក្នុងពន្ធានគារ។ ​

លោក Zeid Ra’ad Al Hussein ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីម្សិលមិញ ដែលកិច្ចប្រជុំនោះ ផ្ដោតសំខាន់លើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សលើសកលលោក។

ក្នុងកិច្ចប្រជុំនោះ លោក Zeid Ra’ad Al Hussein ថ្លែងថា៖ «ខ្ញុំមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីបង្ក្រាបទៅលើសំឡេងរិះគន់ និងបិទអង្គការសង្គមស៊ីវិល និងបក្សនយោបាយ។ បទបញ្ញត្តិច្បាប់ដែលមានពាក្យទូលាយពេក ត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ហើយនិងសមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ។ ខ្ញុំកត់សំគាល់ និងស្វាគមន៍ការអភិវឌ្ឍជាច្រើន កាលពីពេលថ្មីៗនេះ ក្នុងផ្នែកគាំពារសង្គម និងប្រាក់ឈ្នួលអប្បបរិមា ប៉ុន្ដែ ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាល​ ធានាសិទ្ធិនយោបាយ គោរពសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្ដុំ និងការជួបជុំដោយសន្ដិវិធី និងត្រូវដោះលែងអ្នកការពារសិទ្ធិមនុស្ស និងតួអង្គនយោបាយ»។

ក្នុងពិធីមួយកាលពីថ្ងៃទី៥មីនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសមិនអត់ឱនឲ្យអតីតមន្ដ្រីបក្សប្រឆាំង កំពុងជាប់ឃុំនោះឡើយ។ លោកថា ការធ្វើបែបនេះ គឺមកពីលោក សម រង្ស៊ី បានញុះញង់ឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេស និងសហគមន៍អន្ដរជាតិ ស្អប់ការដឹកនាំរបស់លោក។​

លោកថ្លែងថា៖ «ហើយអ្នកឯងនិយាយឲ្យស្រួល ប៉ុន្ដែ ប៉ុន្មានខែអ្នកឯងធ្វើអី អាចុងក្រោយដុតរូបបណ្ដោយ អាអ្នកជាប់គុក ក៏ជាប់បន្ដ កន្លងទៅ ខ្ញុំនឹងបញ្ជូនលិខិតស្នើសុំ សុំសារភាពកំហុសនៅសល់ពីរនាក់ មួយនោះ ខ្ញុំឲ្យរួចហើយ មួយទៀតនោះ តុលាការមិនទាន់រួចទេ។ ប៉ុន្ដែ អ្នកឯងរើក៏លែងរួចដែរ ព្រោះអ្នកឯងបានទទួលសារភាព លិខិតផ្ញើពីរដង ម្ដងផ្ញើមកតាមមនុស្សផ្សេង ម្ដងផ្ញើមកតាមអគ្គរដ្ឋទូតនៃប្រទេសមួយ អ្នកឯងបានទទួលស្គាល់កំហុស ថា អ្នកឯងបានទទួលស្គាល់កំហុស ដូច្នេះ ឲ្យតុលាការកាត់ថែមទៅ ព្រោះគេទទួលស្គាល់ខុសហើយតើ។ ដាក់ មិនអស់ចិត្តទេ ពួកគេបង្ករឿងម្ដងហើយ ម្ដងទៀត»។

មន្ដ្រីផ្នែកស៊ើបអង្កេតនៅសមាគមអាដហុក លោក សឹង សែងករុណា យល់ថា ការជំរុញពីអង្គការសហប្រជាជាតិនេះ គឺមកកម្ពុជាខ្លួនឯង មិនអាចរកដំណោះស្រាយនយោបាយបច្ចុប្បន្ន។ លោកថា បណ្ដាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ នឹងចូលរួមជំរុញឲ្យកម្ពុជា ងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ បើរដ្ឋាភិបាលនៅតែប្រកាន់ជំហររឹងរួស។

លោកថា៖ «ដូច្នេះហើយការដែលមិនមានការចរចាហ្នឹងហើយ ទើបមានការថ្លែងហ្នឹង ហើយការថ្លែងរបៀបនេះ យើងជឿជាក់ថា នឹងមានដំណោះស្រាយដោយអង្គការសហប្រជាជាតិ ឬក៏ប្រទេសដែលមានការគោរពសិទ្ធិមនុស្ស និងប្រកាន់លទ្ធិប្រជាធិបតេយ្យ នឹងជួយធ្វើការសម្របសម្រួល ឬអន្ដរាគមន៍ តាមនីតិវធិរបស់ប្រទេសដែលសមាជិករបស់អង្គការសហប្រជាជាតិ។ កាលណាមានការចាប់អារម្មណ៍ ហើយមានការលើកឡើងជាអន្ដរជាតដូចនេះ ហើយយើងនៅតែមិនមានការកែប្រែអ្វី ដែលជាស្ថានភាពគេព្រួយបារម្ភទេនោះ យើងជឿជាក់ថា ក្នុងប្រទេសដែលជាសមាជិកទាំងអស់ នឹងមានវិធានការផ្សេងៗ ដើម្បីតម្រង់ទិសកម្ពុជា កុំឲ្យងាកពីគន្លងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​»។

មកទល់ពេលនេះ អតីតមន្ដ្រីបក្សប្រឆាំងមួយចំនួននៅតែជាប់ឃុំក្នុងពន្ធនាគារនៅឡើយ ដូចជា ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អតីតសមាជិកសភាបក្សប្រឆាំង លោក អ៊ុំ សំអាន លោក​ មាជ សុវណ្ណារ៉ា និងតំណាងស្ដ្រីបឹងកក់ អ្នកស្រី ទេព វន្នី ជាដើម៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

One Response to "UN ស្នើរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយនិងអ្នកការពារសិទ្ធិមនុស្ស"

  1. people says:

    Dear sir’ cambodia is the fake democracy and used communist rule and capture cambodian people as their hostage ‘ so they can do anything they wanted’. The leader of cambodia is the former veitcong killer and his group are mafia so they are bunch of mafia ‘It no way they release all political prisoners because they think political prisoners are their enemy who reveal the truth to people so this beast government won’t release all political prisoners ‘ believe me ‘specially ANGKA LOUR from hanoi told them not to release ‘because some political prisoners protest about border between veitname and cambodia . Only one solution is not accept any vote or this illegal government then they will bow to U N ‘ . GOD bless all good people’