ស្ថាបនិក​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ងាក​មក​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

ដោយលោក​ មាន ឫទ្ធិ
2018-03-09
RFA

ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ សាស្ត្រាចារ្យ​​​ហ្ការ៉េត អេវ៉ាន​ (Gareth Evans) និង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី មូរ សុខហួ នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​កាល​ពី​ថ្ងៃ​ទី​០៩​ មីនា ឆ្នាំ២០១៨។ រូបភាពពីហ្វេសប៊ុក
ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ សាស្ត្រាចារ្យ​​​ហ្ការ៉េត អេវ៉ាន​ (Gareth Evans) និង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី មូរ សុខហួ នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​កាល​ពី​ថ្ងៃ​ទី​០៩​ មីនា ឆ្នាំ២០១៨។ រូបភាពពីហ្វេសប៊ុក


ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ និង​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក​សាស្ត្រាចារ្យ​​​ហ្ការ៉េត អេវ៉ាន​ (Gareth Evans) ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​របស់​លោក​នាយករដ្ឋមន្ត្រី​ ម៉ាល់ខុម ធឺនប៊ល​ (Malcolm Turnbull) ​ត្រូវ​តែ​ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ងាក​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើង​វិញ​ ដើម្បី​ធានា​ថា​ ប្រទេស​កម្ពុជា ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​។​

​សំណើ​របស់​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ ថ្ងៃ​ទី​១៧-១៨​ មីនា​ខាង​មុខ​នេះ​ ដែល​អូស្ត្រាលី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​សន្និសីទ​កំពូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ក្រុម​ប្រទេស​ប្លុក​អាស៊ាន​ទាំង​១០​។ កិច្ច​ប្រជុំ​កំពូល​នេះ ក៏​ជា​ឱកាស​មួយ​ ដែល​មាន​ការ​រំពឹង​ទុក​ថា​ អាច​នឹង​មាន​ជំនួប​ទ្វេភាគី​ រវាង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក ​ម៉ាល់ខុម ធឺនប៊ល ​និង​លោក​ ហ៊ុន សែន​។​

ថ្លែង​ក្នុង​សន្និសីទ​សាធារណៈ​មួយ​ស្តី​ពី​បញ្ហា​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​កាល​ពី​ថ្ងៃ​ទី​០៩​ មីនា​ ម្សិលម៉ិញ​ លោក​ ហ្ការ៉េត អេវ៉ាន បាន​សង្កត់​ធ្ងន់ៗ​ថា​​ ម្តង​ហើយ​ម្តង​ទៀត​ សហគមន៍​អន្តរជាតិ​បាន​បិទ​ភ្នែក​ បណ្តែត​បណ្តោយ​ឲ្យ​របប​លោក​ ហ៊ុន​ ​សែន​ រួច​ខ្លួន​ តាម​រយៈ​ការ​បំពារបំពាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ដូច្នេះ​ លោក​ថា​ ល្មម​ដល់​ពេល​ហើយ​ ដែល​សហគមន៍​អន្តរជាតិ​ ត្រូវ​តែ​រួម​គ្នា​ប្រឈម​នឹង​ការ​ពិត​មួយ​នេះ​ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​រិះរក​វិធី​ឆ្លើយ​តប​យ៉ាង​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​តម្រូវ​ឲ្យ​លោក​ ហ៊ុន​ សែន ងាក​មក​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ​ឡើង​វិញ​។​

ក្នុង​ឱកាស​នៃ​សន្និសីទ​សាធារណៈ​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ និង​រៀបចំ​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​ក្រោយ​ពេល​ដែល​របប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សម្រេច​គាស់​រម្លើង​ និង​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា និង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​គ្រោះថ្នាក់​ និង​ដំណោះ​ស្រាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​» ​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន​ ក៏​បាន​ថ្លែង​ថ្កោលទោស​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​ជា​ភាគី​ហត្ថលេខី​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​លោក​ថា​ មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​និយាយ​រិះគន់​ទៅ​កាន់​របប​លោក​ ហ៊ុន សែន​ អំពី​បញ្ហា​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នេះ​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​នេះ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​។​

លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន​ បន្ត​ថា​ ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ធឺនប៊ល ត្រូវ​តែ​អង្គុយ​និយាយ​ដោយ​ត្រង់​អំពី​បញ្ហា​កម្ពុជា​នេះ​ ក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នា​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អូស្ត្រាលី​ខាង​មុខ​នេះ​។​ ​លោក​សង្កត់​ធ្ងន់​ៗ​ថា​ ដល់​ពេល​វេលា​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ និយាយ​ចំ​ឈ្មោះ​ ធ្វើ​ឲ្យ​អាម៉ាស់​ បើក​ការ​ស៊ើប​អង្កេត​ និង​ដាក់​ទណ្ឌកម្ម​ណា​មួយ​ មក​លើ​ក្រុម​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​។​

ដោយ​ឡែក​ អ្នកស្រី​ មូរ​ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​វាគ្មិន​សំខាន់​ម្នាក់​ទៀត ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​សន្និសីទ​នេះ​ បាន​រំឭក​ពី​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​០៨​ មីនា​ ។

អ្នកស្រី​ មូរ សុខហួរ​ បាន​ថ្លែង​អំណរ​គុណ​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន ​ដែល​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ និង​ប្រទេស​អូស្ត្រាលី ​ដែល​បាន​ផ្តួចផ្តើម​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​កាល​ពី​ជាង​២៥​ឆ្នាំ​មុន​ ដែល​អ្នកស្រី​ថា នេះ​គឺ​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ដែល​អូស្ត្រាលី​បាន​បន្សល់​ទុក​ជូន​ប្រទេស​កម្ពុជា​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​រួម​។​ អ្នកស្រី​ មូរ សុខហួរ ​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ប្រាប់​អង្គ​សន្និសីទ​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​គឺ​នៅ​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ​ ហើយ​ថា ប្រទេស​អូស្ត្រាលី​ និង​ក្រុម​មន្ត្រី​រៀបចំ​គោល​នយោបាយ​អូស្ត្រាលី​ នៅ​តែ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​យ៉ាង​ ត្រូវ​ការពារ​នូវ​រាល់​ខ្លឹមសារ​ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ងាក​មក​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពិត​ប្រាកដ​ឡើង​វិញ​។​

សំឡេង​អ្នកស្រី​ មូរ សុខហួរ​៖ ​«ខ្ញុំ​មក​ទី​នេះ​ ដើម្បី​រំឮក​ដល់​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​ថា ​ប្រទេស​អូស្ត្រាលី​ បាន​បន្សល់​ទុក​នូវ​កេរដំណែល​មួយ​សម្រាប់​កម្ពុជា​ ដែល​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​។​ ដូច្នេះ​ អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ វិល​ត្រលប់​មក​រក​ស្ថានភាព​ដូច​ប្រក្រតី​ឡើង​វិញ​។…​ ​សប្ដាហ៍​ក្រោយ​នេះ​ អូស្ត្រាលី ​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ានអូស្ត្រាលី​ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ​ ដែល​អូស្ត្រាលី​ ជា​សមាជិក​មួយ​នៃ​សមាជិក​ចំនួន​៤៧ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។​ នៅ​ថ្ងៃ​ទី២១​ ខែ​មីនា​ ខាង​មុខ​នេះ​ នឹង​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា​ នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។​ អូស្ត្រាលី​ ត្រូវ​តែ​ការពារ​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​បាន​ចុះ​ហត្ថលេខា​ ជា​ភាគី​ហត្ថលេខី​មួយ​រូប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។​» ​

ក្រៅ​ពី​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​មន្ត្រី ​និង​រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​តែ​ការពារ​កេរដំណែល​ប្រវត្តិសាស្ត្រ​នេះ អ្នកស្រី​ មូរ សុខហួរ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ បើ​ទោះ​បី​ជា​លោក​ ហ៊ុន សែន ​បាន​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដោយ​ជោគជ័យ​មែន​ក៏​ដោយ​ ក៏​ប៉ុន្តែ​គណបក្ស​នេះ ​នៅ​តែ​បន្ត​រស់រាន​ក្នុង​ផ្នត់​គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ដែល​អ្នកស្រី​ហៅថា​ នេះ​គឺ​ជា​សិទ្ធិ​អំណាច​សីលធម៌​មួយ ​ដែល​មិន​ចេះ​ស្លាប់​ ឬ​រីង​ស្ងួត​នៅ​កម្ពុជា​ឡើយ​។​

សម្រាប់​លោក​ ហុង លីម ​ជា​តំណាង​រាស្ត្រ​ខ្មែរ-អូស្ត្រាលី​ និង​ជា​វាគ្មិន​មួយ​រូប​នៃ​អង្គ​សន្និសីទ​នេះ​ដែរ ​លោក​ក៏​បាន​ថ្លែង​សារ​ថ្កោល​ទោស​រដ្ឋាភិបាល​អូស្ត្រាលី​យ៉ាង​ធ្ងន់​ៗ​ ដែល​បាន​បន្ត​ការពារ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​របប​លោក​ ហ៊ុន សែន ​បច្ចុប្បន្ន​នេះ​។​ លោក​ថ្លែង​យ៉ាង​មុតមាំ​ថា ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​បញ្ចប់​ការ​ស្ងៀមស្ងាត់​នេះ​ និង​ថា​ពិភពលោក​មិន​អាច​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​ដោយ​របប​លោក​ ហ៊ុន សែន ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

អង្គ​សន្និសីទ​ បាន​បិទ​បញ្ចប់​ទៅ​ក្នុង​ថ្ងៃ​ដដែល​ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថា ​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​លើក​យក​ពី​បញ្ហា​កម្ពុជា​ មក​ពិភាក្សា​ដោយ​ត្រង់ៗ​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នា​ថ្ងៃ​ទី​១៧-១៨​ ខាង​មុខ​នេះ។​ ក្រុម​អ្នក​ចូលរួម​ ប្ដេជ្ញា​ថា​ នឹង​បន្ត​តាមដាន​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ដំណើរ​វិវត្ត​នៃ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ ជា​បន្ត​ទៅ​ទៀត​។

កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ និង​ដឹកនាំ​ធ្វើ​ម្ចាស់​ផ្ទះ​ដោយ​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក​ ម៉ាល់ខុម​ ធឺនប៊ល។ ​នេះ​ជាលើក​ទីមួយ​ហើយ​ដែល​ប្រទេស​អូស្ត្រាលី​ រៀបចំ​ឲ្យ​មាន​ឡើង​នូវកិច្ច​ប្រជុំ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក ​ជាមួយ​ក្រុម​ប្រទេស​ជា​រដ្ឋសមាជិក​ប្លុក​អាស៊ាន​នេះ។ កិច្ច​ប្រជុំ​នេះ ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ក្នុង​ប្លុក​អាស៊ាន​ ពង្រឹង​ដៃ​គូ​យុទ្ធសាស្ត្រ​ និង​ឱកាស ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​ប្រទេស​អូស្ត្រាលី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ស្ថាបនិក​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ងាក​មក​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ"

  1. people says:

    No way that this beast regime respected Parish Accord” haha’ even big opposition and nearly half of country support but been dissolve without respected constitution so Don’t expect this beast regime respect parish accord or U N ‘ it no way because this country is under veitcong mafia dictator never respected any law&order or anybody ‘ they only used cambodia and her people as their hostage .this country is in the iron fist of veitcong mafia dictator and his groups so it have a fake democracy ‘fake justice’ fake T V news ‘ fake everything ‘. GOD bless all good people’