សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ

ដោយ មួង ណារ៉េត និង​ម៉ៅ សុធានី
2018-03-11
RFA

សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ ពីហ្វេសប៊ុក
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ ពីហ្វេសប៊ុក


សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ចូលរួម​សកម្ម​ក្នុង​ការ​ផ្ដួចផ្ដើម ឲ្យ​មាន​សេចក្ដី​សម្រេច​ ក្នុង​ព្រឹទ្ធសភា​អាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ជាថ្មី ថា លោក និង​សមាជិកព្រឹទ្ធសភា​ដទៃ​ទៀត នឹង​ធ្វើ​យ៉ាង​ណា ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួល​ខុសត្រូវ​ ចំពោះ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ឌិក ឌើប៊ិន (Dick Durbin) សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​គ្នា​មួយ ជាមួយ​ពលរដ្ឋ​ខ្មែរ​ នៅ​ទីក្រុង​ឈីខាហ្គោ (Chicago) រដ្ឋ​អ៊ីលីនយ (Illinois) កាល​ពី​ថ្ងៃទី១០ ខែ​មីនា ដោយ​អះអាង​ថា ខាង​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង គណបក្ស​សាធារណៈ នឹង​ខិត​ខំ​ធ្វើ​យ៉ាង​ណា ឲ្យ​រដ្ឋាភិបាល​អាមេរិក ពិចារណា​សេចក្ដី​សម្រេច ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន«តើ​ពលរដ្ឋ​អាមេរិក មាន​រឿង​អី ដែល​ត្រូវ​ចំណាយ​ប្រាក់​បង់​ពន្ធ​របស់​យើង ទៅ​ជួយ​ដល់​របប​ជិះ​ជាន់​ផ្ដាច់ការ​មួយ ដែល​ប្រព្រឹត្ត​ទង្វើ​ដ៏​អាក្រក់​ហួសហេតុ ដូច្នេះ​នោះ! ដូច្នេះ​ហើយ បាន​យើង​រៀបចំ​ ឲ្យ​មាន​ជា​សេចក្ដី​សម្រេច​ ជា​បន្ត​បន្ទាប់ ដើម្បី​ឲ្យ​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​អាមេរិក លោក រ៉ិច ធៀលើសិន (Rex Tillerson )ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​អាមេរិក បំភ្លឺ​ក្នុង​សភា​ ថា​បើ​លោក ហ៊ុន សែន មិន​ផ្លាស់ប្ដូរ​ទម្លាប់​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​ដូច​សព្វថ្ងៃ​នេះ​ចេញ​ទេ យើង​នឹង​មិន​ត្រូវ​ផ្ដល់​ជំនួយ​ ដល់​របប​នេះ ជា​ដាច់​ខាត»

លោក​បន្ត​ទៀត​ថា នេះ​ជា​វិធី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក​ជឿជាក់​ លើ​ការ​តស៊ូ​មតិ ក្នុង​ការ​កៀរគរ ​ពលរដ្ឋ​ខ្មែរនិង​ពលរដ្ឋ​អាមេរិក នៅ​គ្រប់​ទិសទី​ ក្នុង​ការ​ក្រោក​តវ៉ា និង ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា សហរដ្ឋអាមេរិក មាន​កាតព្វកិច្ច​​ ក្នុង​ការ​ធានា​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ទាំងនេះ។

កូន​ស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​សាធារណៈ របស់​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ដែល​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ យល់ស្រប​ ថា​ដរាបណា​មន្ត្រី និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅតែ​បន្ត​ការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ និង​ដរាប​ណា​សហគមន៍​អន្តរជាតិ នៅ​តែ​បន្ត​គាំទ្រ ឲ្យ​មាន​ទណ្ឌកម្ម​ និង​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន នោះ​កញ្ញា​នៅ​តែ​សង្ឃឹមថា ថា​នឹង​មាន​ដំណោះស្រាយ​មួយ​ជាក់ជា​មិន​ខាន«កុំ​ស្ដាប់​ការ​បក​ស្រាយ​របស់​ខាង​គណបក្ស​កាន់អំណាច និយាយ​ខាង​ក្រៅ​ខាង​គេ​មិន​ខ្វល់ គេ​មិន​ភ័យ។ ធម្មតា​គេ​មិន​បង្ហាញ​ថា​គេ​ទន់ជ្រាយ​ទេ។ គេ​មិន​ដែល​បង្ហាញ​ថា​គេ​ខ្លាច ឬ ក៏​សម្ពាធ​របស់​អន្តរជាតិ​ហ្នឹង​ប៉ះពាល់​គេ​ទេ ប៉ុន្តែ​ជាក់ស្ដែង​គឺ​ប៉ះពាល់។ ខ្ញុំ​មាន​សង្ឃឹម និង​ជឿ​ថា​ដំណោះស្រាយ​ប្រាកដ​ជា​មាន ប្រសិនបើ​យើង​នៅតែ​ព្យាយាម ជំរុញ​ឲ្យ​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ​តទៅទៀត។ មិន​មែន​យើង​សង្ឃឹម​ហើយ​យើង​នៅ​ស្ងៀម​ទេ។ គំនាប​វា​មាន​ច្រើន​គន្លាក់ និង​ច្រើន​ដំណាក់កាល»

ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា ព្រមាន​ថា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ នោះ​ការ​បោះឆ្នោត​ជាតិ​ នា​ខែ​កក្កដា នឹង​គ្មានន័យ អ្វី​ទាំងអស់ ព្រោះ​ការ​បោះឆ្នោត​ ដែល​គ្មាន​ដៃគូ​ប្រកួតប្រជែង​ ដែល​ធំជាង​គេ​តែមួយគត់​បែបនេះ នឹង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។

លោក ឌីក ឌើប៊ិន និង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​ គឺ​លោក ចន ម៉ាកខេន (John McCain) បាន​រួម​​គ្នា​ធ្វើ​សេចក្ដី​សម្រេច​ ដែល​ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក អនុម័ត ដោយ​ស្នើ​ឲ្យ​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ភ្លាមៗ​កាលពី​ក្រោយ​របប​លោក ហ៊ុន​ សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ជា​លទ្ធផល កាល​ពី​ចុង​ខែ កុម្ភៈ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ ខាង​សភា និង​ព្រឹទ្ធសភា​អាមេរិក កំពុង​ស្នើ​វិធានការ​ទណ្ឌកម្ម​បន្ថែម ដែល​ឈាន​ទៅ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន។ មិន​តែប៉ុណ្ណោះ សហរដ្ឋអាមេរិក បាន​ព្រមាន​រួច​ទៅ​ហើយ ថា​នឹង​ឈាន​ដល់​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ នាំចេញ​ផលិតផល​វិស័យ​កាត់​ដេរ​ទៀត ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​ស្តា​ស្ថានការណ៍​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ"

  1. Anonymous says:

    Thank you, America.🇺🇸🐘🐴🇺🇸. My home sweet home🏡🏡🏠🌅🗽🗼🏠