លោក​ស្រី រ៉ូណាស្មីត សួរ​លោក ស ខេង ករណី​បាញ់​ប្រហារ​នៅខេត្ត​ក្រចេះ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

លោក ស្រី រ៉ូណា ស្មីត និង លោក ស ខេង( រូប The Cambodia Daily)


អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិលោក​ស្រី រ៉ូណាស្មីត ចោទ​សួរ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃពី​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ។

ប្រធាន​នាយក​ដ្ឋាន​​ទំនាក់​ទំនងអន្តរជាតិរបស់​ក្រសួង​មហា​ផ្ទៃលោក ផាត សុផានិត បាន​ឲ្យ​អ្នក​សារព័ត៌មាន ដឹង​បន្ទាប់​ពី​ជំនួប​រយៈពេល​ជិត​​២​ម៉ោងរ​វាង​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ​លោក ស ខេង និង​លោក​ស្រី​រ៉ូណា ស្មីត នៅ​រសៀល​ថ្ងៃ​ទី​១២ មីនានេះ ថា លោកស្រី រ៉ូណា ស្មីត បាន​សួរកិច្ច​ការអនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជាមួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​​ការ​វិវត្តន៍​ថ្មី​នៃ​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ​។តាមលោក ផាត សុផានិតគឺ ​លោក​ស ខេង បាន​ឆ្លើយ​តបថា​លោក​បាន​ទទួល​របាយការណ៍​បឋម និង​បាន​ចាត់​មន្ត្រី​ទៅ​ពិនិត្យ​បន្ថែម​ចំពោះ​ករណី​នេះ​ហើយ។

លោក​ថា៖ « គាត់បានជម្រាបសួរសម្តេចថាសម្តេចបានទទួលបានរឿងអីបន្ថែមចំពោះករណីនៅខេត្តក្រចេះទេ? សម្តេចថានៅពេលនេះសម្តេចបានទទួលព័ត៌មានបឋមមួយចំនួនដែរ។ តែសម្តេចបានចាត់ក្រុមពីក្រសួងមហាផ្ទៃមានទាំងខាងនគរបាលមានទាំងអធិការកិច្ច ទៅធ្វើការស្រាវជ្រាវបន្ថែមទៅលើករណីដែលកើតឡើងនៅក្រចេះនេះ។ ហើយរហួតមកទល់ពេលនេះ សម្តេចក៏ពុំទាន់បានរបាយការណ៍អ្វីបន្ថែមពីក្រុមការងារនេះដែរ។ ពេលដែលបានទទួលយ៉ាងណាៗនោះសម្តេចនឹងធ្វើការបន្តទៀតនៅពេលដែលទទួលបានលទ្ធផល​ »

កាលពីថ្ងៃទី៨ខែមីនា មានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។​ ក្រោយ​កើតហេតុ​ប្រជា​ពល​រដ្ឋ និង សមត្ថកិច្ចបកស្រាយខុសគ្នា។​

ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិ ដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម ក្រោយ​មក​ពលរដ្ឋ​ផ្ទុះការ​តវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់ ខណៈអាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និង​ដំបង​​ជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់ បង្ក្រាប​កើត​ឡើង​។ អាជ្ញាធរអះអាង​ថា ក្នុងហេតុ​ការណ៍​ផ្ទុះអាវុធនេះ​មិនមាន​អ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន​៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់ និង សមត្ថកិច្ច៧នាក់។​

កាលពី​ថ្ងៃ​ទី​១០ មីនា ​មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (OHCHR) អះអាងថា ពួកគេមិនអាច ចូល​ទៅ​កាន់​ទីតាំង​ដែលមានការបាញ់ប្រហារពីសមត្ថកិច្ចលើពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុក ស្នួលខេត្តក្រចេះបានទេ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃទី១៤ខែមីនា ក្នុងគោលបំណងធ្វើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដាក់ជូនទៅក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការ​សហ​ប្រជាជាតិ នាខែកញ្ញាឆ្នាំ២០១៨៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

One Response to "លោក​ស្រី រ៉ូណាស្មីត សួរ​លោក ស ខេង ករណី​បាញ់​ប្រហារ​នៅខេត្ត​ក្រចេះ"

  1. people says:

    Dear ms smith’ this country is the communist state wearing democracy shirt and cheated international since they did the coup 1997 and don’t ask for justice or what so ever because this country is in the cage of veitcong mafia dictator and his groups .They are communist mafia and theses groups never care about international or U N or what so ever so you don’t need to ask them ‘they will cheat you again and again since they did the coup 1997. GOD bless all good people’