លោក​ ទៀ បាញ់​ ចាត់​ទុក​ការផ្សព្វផ្សាយ​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ក្រចេះ​ «​ជា​ការ​បំភ្លៃ​ព័ត៌មាន​របស់​ក្រុម​ក្បត់ជាតិ​»

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ផ្ដល់​បទសម្ភាស​ដល់​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ថ្ងៃ​សុក្រ​។ ផា លីណា


, and
ភ្នំពេញប៉ុស្តិ៍

ក្រចេះ: ខណៈ​ដែល​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ធ្វើការ​ចោទប្រកាន់​ប្រជាពលរដ្ឋ ៧ នាក់ ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ក្នុង​ពេល​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​ស្នួល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន ហើយ​អាជ្ញាធរ​បាន​ចេញ​ប្រតិកម្ម​បដិសេធ​ភ្លាមៗ​នោះ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ចាត់​ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នោះ​ថា «​ជា​ការ​បំភ្លៃ​ព័ត៌មាន និង​ជា​ចេតនា​របស់​ក្រុម​ក្បត់​ជាតិ​ញុះញង់​» ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ឌិត ស៊ីវុទ្ធី ប្រធាន​សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន ៧ នាក់​ត្រូវ​បាន​ចៅក្រម​ធ្វើការ​ចោទប្រកាន់​រួចហើយ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​បាន​ពី​បទ​ចោទ​នោះ​ទេ​។

លោក​ ស៊ីវុទ្ធី មាន​ប្រសាសន៍​ថា​៖ «​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី គឺ​ស្ថិត​នៅ​ក្នុង​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ហើយ​កំពុង​តែ​សាកសួរ​ចម្លើយ​។ ព័ត៌មាន​នេះ​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន​ច្បាស់​ទេ​»​។

លោក ទៀ បាញ់ ​បាន​ចាត់​ទុក​ការផ្សព្វផ្សាយ​ដែល​ថា​មាន​មនុស្ស​ស្លាប់ ៦ នាក់​ និង​រងរបួស​ជាច្រើន​នាក់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលដ្ឋ និង​សមត្ថកិច្ច​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះ​ថា ជាការ​ «​បំភ្លៃ​ព័ត៌មាន​ដែល​ជា​ចេតនា​របស់​ក្រុម​ក្បត់​ជាតិ​មាន​បំណង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​ខ្ពើម​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​»​។

លោក ទៀ បាញ់ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ និង​សមិទ្ធផល​នានា​នៅ​វត្ត​បឹង​ខ្នារ​ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៨ ​ថា​ថ្មីៗ​បំផុត​នេះ​សារព័ត៌មាន​បាន​ចេញ​ជា​បន្តបន្ទាប់​ពី​រឿង​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក​បញ្ជាក់​ថា​រឿង​នេះ​វា​បាន​កើតឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចំណាកស្រុក​បាន​នាំ​គ្នា​ទៅ​តាំងទី​លំនៅ និង​ស៊ីឈ្នួល​គេ​រួច​ហើយ​ទៅ​បំពាន​ផ្លូវ​ច្បាប់​ដោយ​ទៅ​បោះជំរំ​ធ្វើ​ខ្ទម ចង់​យក​ដី​របស់​គេ ទើប​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​បាន​បង្ក​ការរារាំង​គឺ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​ធ្វើឲ្យ​ប៉ះពារ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​ជាទូទៅ ដូច្នេះ​សមត្ថកិច្ច​ដែល​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​សុវត្ថិភាព​…​ពីព្រោះ​ផ្លូវ​គេ​ធ្វើ​សម្រាប់​ធ្វើ​ដំណើរ ដូច្នេះ​នៅ​ពេល​ពួកគេ​មិន​ឲ្យ​គេ​ធ្វើ​ដំណើរ​បាន​វា​ធ្វើឲ្យ​ខកខាន​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​…​មាន​ការ​តតាំង​គ្នា​មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ទេ គ្មាន​អ្វី​ធំដុំ​ប៉ុន្មាន​នោះ​ទេ​។ បែរ​ជា​គេ​បង្កើត​រឿង​ថា ស្លាប់​មនុស្ស​ហើយ​របួស​យ៉ាង​ច្រើន ហើយ​ចុះ​ផ្សាយ​ពេញ​ពិភពលោក​។ គេ​ខំ​ណាស់​ចេញ​មក​និយាយ​គ្រប់​បែប​យ៉ាង​ទាំងអស់ ហើយ​មួលបង្កាច់​ការពិត គ្រប់​ការពិត ញុះញង់​និយាយ​បំផ្លើស បំភ័ន្ត​សព្វ​បែបយ៉ាង​ទាំងអស់​។ ក្បូន​របស់​គេ គឺ​មាន​តែ​ប៉ុណ្ណឹង​»​។

លោក​បន្ត​ថា​៖ «​ដល់​ពេល​រដូវកាល​ដែល​គេ​ស្វែងរក​ការ​គ្រាំទ្រ ឬ​និយាយ​ឲ្យ​ចំ គឺ​ពេល​ដែល​គេ​ស្វែងរក​សន្លឹកឆ្នោត នៅ​ពេល​ខាងមុខ​…​រឿង​ទាំងអស់​នេះ​នឹង​មកទៀត​តាមរយៈ​អ្នក​នោះ​អ្នកនេះ ហើយ​ធ្វើការ​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​»​។ «​រឿង​តូច​គេ​យក​ធ្វើជា​រឿង​ធំ​ហើយ​វ៉ៃ​ប្រហារ​មកលើ​គណបក្ស​ប្រជាជន ជា​មុខសញ្ញា​សំខាន់​របស់​គេ​ដើម្បី​ស្វែងរក​ការគាំទ្រ​។ ធម្មតា​ណាស់ ដើម្បី​រក​ការគាំទ្រ​ខ្លួនឯង គឺ​ត្រូវ​តែ​វាយប្រហារ និង​បន្ទាប​អ្នក​ដទៃ​ទើប​លើក​ខ្លួន​ឯង​បាន​»​។

នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី ហើយ​តវ៉ា​បិទ​ផ្លូវ​នៅ​ក្នុង​ស្រុក​ស្នួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រជាពលរដ្ឋ​មួយ​ចំនួន និង​មេឃុំ​នៅ​ក្នុង​តំបន់​នោះ​ព្រម​ទាំង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា មាន​មនុស្ស​ស្លាប់​ចំនួន ៦ នាក់ និង​របួស​ជាង​ ៤០ ​នាក់​។

ភ្លាមៗ​នោះ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ចេញ​មក​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​ទេ​គឺ​មាន​តែ​អ្នក​រងរបួស​ប៉ុណ្ណោះ​។ នៅពេល​ក្រោយ​មក​ទៀត​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​ថា​មាន​មនុស្ស​ស្លាប់​ និង​របួស​នោះ​បាន​ផ្លាស់ប្តូរ​សម្តី​របស់​ខ្លួន​វិញ​ដែល​ក្នុង​នោះ​ក៏​មាន​អ្នក​តវ៉ា​ម្នាក់ ឈ្មោះ ទិន ភ័ក្ត្រ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​។

អ្នកស្រី​ ភ័ក្ត្រ បាន​ថ្លែង​នៅ​ក្នុង​វីដេអូឃ្លីប​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទទួល​បាន​ហើយ​ក៏​បាន​និយាយ​ដល់​ឈ្មោះ​លោក​ ជុន ចាន់បុត្រ ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​របស់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​ដោយ​អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «​លោក​ អេង និង​វិទ្យុ​អាស៊ីសេរី​បាន​ឱ្យ​ខ្ញុំ​និយាយ​ថា​មនុស្ស​ស្លាប់ ៦ នាក់ និង​អ្នក​របួស ៤០ នាក់ ប៉ុន្តែ​តាម​ការពិត​នៅ​ពេល​ដែល​ខ្ញុំ​ពិនិត្យ​មើល​ខ្លួនឯង​ទើប​ខ្ញុំ​ដឹង​ថា វា​មិនមែន​ជា​ការពិត​ទេ​»​។

អ្នកស្រី​បន្ថែម​ថា​មាន​បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ៤ នាក់ បាន​ជិះ​ម៉ូតូ​មក​ប្រាប់​អ្នកស្រី​ឱ្យ​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​មនុស្ស ៦ នាក់​ស្លាប់ ហើយ​ថា​លោក​ «​អេង​» និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នេះ​បាន​ញុះញង់​ឱ្យ​អ្នកស្រី​និយាយ​កុហក​។ អ្នកស្រី​ ភ័ក្ត្រ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​ហើយ​កាលពី​ថ្ងៃ​សុក្រ​អ្នកស្រី​បាន​បដិសេធ​និយាយ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការ​អះអាង​របស់​អ្នកស្រី​នេះ​។

លោក កែវ សុជាតិ ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃ​សៅរ៍​បាន​ឱ្យ​ដឹង​ថា​ការ​ទទួល​ស្គាល់​របស់​អ្នកស្រី​ភ័ក្ត្រ​ថា គាត់​បាន​និយាយ​កុហក គឺ​វា​បាន​បង្ហាញ​ថា​របាយការណ៍​ពី​សារព័ត៌មាន​អំពី​ការសម្លាប់​នេះ គឺ​មិន​ពិត​នោះ​ទេ​។ នៅពេល​សួរ​ថា តើ​លោក​មាន​បាន​សម្ភាស​អ្នកភូមិ​ផ្សេង​ទៀត ឬ​មាន​បាន​ចូល​ទៅ​កន្លែង​តវ៉ា​នោះ​ឬ​អត់ លោក​ សុជាតិ បាន​និយាយ​ថា​លោក​មិន​ចង់​ឆ្លើយ​សំណួរ​ទាំង​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទេ​។ ខ្ញុំ​គ្រាន់តែ​ស្វែងរក​ការពិត ថា​តើ​មាន​មនុស្ស​ស្លាប់​ដូច​នឹង​អ្វី​ដែល​សារព័ត៌មាន​បាន​និយាយ​ដែរ​ឬ​ទេ​»​។

យោង​តាម​លោក សុជាតិ តុលាការ ក៏​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ចំនួន​ ៧ ​នាក់​ក្នុង​ចំណោម​ ៨ ​នាក់​ផង​ដែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ប៉ុន្តែ​លោក​បាន​អះអាង​ថា លោក​មិន​បាន​ចាំ​ឈ្មោះ​របស់​ពួកគេ ឬ​ក៏​ធ្វើ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​ដែល​ពួកគេ​អាច​នឹង​ប្រឈម​នោះ​ទេ​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្ទៀងផ្ទាត់​ឈ្មោះ​ជន​ជាប់ចោទ​ចំនួន ៥ នាក់​ដែល​ក្នុង​នោះ​មាន អ្នកស្រី ល័ក្ខ សាត អាយុ ៤៤ ​ឆ្នាំ លោក គឹម ណៃ អាយុ ២៣ ​ឆ្នាំ លោក ភូង ផល អាយុ ៣៦ ​ឆ្នាំ លោក​ ប៊ុត វ៉ន អាយុ ៥៥ ឆ្នាំ និង​លោក វឹម ឌុយ អាយុ ៦៤ ​ឆ្នាំ​ហើយ​បច្ចុប្បន្ន​លោក​ វ៉ន កំពុង​ទទួល​ការព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​សាកសួរ​នៅ​ឡើយ​ទេ​។

ចំណែក​អ្នក​របួស​គឺ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​ត្រគាក ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​ការវះកាត់​។ បុរស​ម្នាក់​ផ្សេង​ទៀត​ឃើញ​មាន​ស្នាម​របួស​គ្រាប់កាំភ្លើង​ចំ​ភ្លៅ​ខាង​ឆ្វេង​។

ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​ស្វែងរក​ទីកន្លែង​ស្នាក់​នៅ​របស់​ពួកគាត់​បាន​ទេ​។ កាលពី​ថ្ងៃ​សៅរ៍​អង្គការ​លីកាដូ​បាន​អះអាង​ថា មាន​មនុស្ស​ទី​ ៣ ​ម្នាក់​ទៀត​ក៏​បាន​រងរបួស​ស្រាល​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ត្រង់​ភ្លៅ​ខាង​ស្តាំ​ផង​ដែរ​ហើយ​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​៕ NS


Contact authors: ម៉ិច ដារ៉ា, គង់ មេត្ដា and Ananth Baliga

What Next?

Recent Articles

2 Responses to "លោក​ ទៀ បាញ់​ ចាត់​ទុក​ការផ្សព្វផ្សាយ​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ក្រចេះ​ «​ជា​ការ​បំភ្លៃ​ព័ត៌មាន​របស់​ក្រុម​ក្បត់ជាតិ​»"

  1. Anonymous says:

    All innocent people now are being accused of traitors. Tea Banh is one of Hun Sen allies.
    No surprise if Hun Sen says Yeah, all allies will say Yeah. On the other hand, when the blind leader says Neah, then we will hear Neah……..Neah………Neah…………..h…….h…….h.

  2. Anonymous says:

    Who tell the truth??? and who lie??? The truth is still true, nobody can deleted.
    We all agree that authorities used excessive forces by open fires with their real weapons (guns).
    Sor Kheng will launch a full investigation, and we all hope that this incident will layout timeline to clear from mystery, all victims will be providing justice as written in the constitution.
    Whoever ordered the code red must be punished to a maximum requirement.
    Thanks to each everyone for their attention.