សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​១០០​នាក់​ករណី​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត

ដោយ អាស៊ីសេរី
2018-03-12

ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Den Ayuthyea
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Den Ayuthyea


សមត្ថកិច្ច​ក្រុង​ភ្នំពេញបាន​ចុះ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ១០០​នាក់ ស្ថិត​នៅ​ផ្ទះ​លេខ ៩៧ ផ្លូវ ៣៣៦ សង្កាត់​បឹងសាឡាង ខណ្ឌទួល​គោក នៅ​ព្រឹកថ្ងៃទី១២ ខែ​មីនា នេះ​។ ជន​ជាតិចិន​ទាំងនោះ ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ករណី​ធ្វើការ​ងារ​ខុស​ច្បាប់ គឺ​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត។ សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​បញ្ជូន​ជន​ជាតិ​ចិន​ទាំងនោះ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក​ សន​ ជ័យ កត់​សម្គាល់​ថា ការ​ប្រើប្រាស់​ទឹក​ដី​កម្ពុជា​ជា​ទីតាំង​នៃ​ការ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត ពី​សំណាក់​ជន​ជាតិ​ចិន​នេះ មិន​មែន​ជា​លើក​ទីមួយ​​នោះ​ទេ ពោល​គឺ​ជា​រឿង​ដែល​កើតឡើង​ជា​បន្តបន្ទាប់។ លោកបន្ត​ថា វិធានការ​គ្រប់គ្រង​ជន​ជាតិ​ចិន​របស់​អាជ្ញាធរ​កម្ពុជា ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​កលល្បិច​របស់​ជន​ជាតិ​ចិន​ទាំងនោះ ដែល​បញ្ហា​នេះនឹង​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ប្រសិន​បើ​មិន​មាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេនោះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដាក់ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​តឹងរ៉ឹង​ទៅលើ​ជន​ជាតិចិន​ដែល​កំពុង​ស្នាក់​​នៅ​កម្ពុជា​ ដើម្បី​កុំ​ឱ្យ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត ឬ​ក៏​ប្រព្រឹត្ត​បទល្មើស​អ្វី​ផ្សេង​ទៀត​នៅ​លើ​ទឹក​ដី​កម្ពុជា៖ «បញ្ហា​គឺ​ត្រូវ​រក​មធ្យោបាយ​​ដើម្បី​បំបែក ​កុំ​ឱ្យ​ពួកគេ​​រស់​នៅ​ជុំ​គ្នា​ក្នុង​ចំនួន​ច្រើន​ ទី​ ២ ​បើ​ធ្វើ​បែបនេះ ​គ្មាន​ប្រសិទ្ធ​ភាព​ទេ គឺ​ត្រូវ​ចុះ​​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​តំបន់​ដែល​មាន​​ចិន​រស់​នៅ ​អាគារ ឬ​ខុនដូ​ដែល​ជួល​ឱ្យ​ចិន​ស្នាក់នៅ គឺ​ត្រូវ​តែ​ចុះ​​​​ត្រួត​ពិនិត្យ​​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​តាមដាន​ថា​តើ​ ពួកគេ​រស់​នៅ​ហ្នឹង​ ​ក្នុង​គោល​បំណង​អ្វី​ ក្នុង​បំណង​ទេសចរណ៍ ឬ​​ក្នុង​បំណង​រក​ស៊ី​ដោយ​ត្រឹម​ត្រូវ​​ ឬ​មួយ​ក៏​មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ។ បើ​មាន​អ្វី​ដែល​សង្ស័យ ​ត្រូវ​តែ​បំបែក​ជា​បន្ទាន់​ មិន​អាច​ឱ្យ​មាន​បទ​ល្មើស​មួយ​កើត​ឡើង​​រហូត​ដល់​មនុស្ស​រាប់​រយ​នាក់​បែប​នេះ​ទេ»

មួយ​រយៈពេល​ចុង​ក្រោយ​នេះ វត្តមាន​ដ៏​ច្រើន​នៃ​ជន​ជាតិ​ចិន​លើ​ទឹក​ដី​កម្ពុជា បាន​បង្ក​ឱ្យ​មាន​​ការ​ព្រួយ​បារម្ភកាន់​តែ​ខ្លាំងអំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​ និង​សេដ្ឋកិច្ច​នៅ​តាម​តំបន់សំខាន់ៗ​​មួយ​ចំនួននៃ​ប្រទេសកម្ពុជា ​ ដូច​ជា នៅ​ខេត្ត​ព្រះសីហនុ ​ខេត្ត​សៀម​រាប និងក្រុងភ្នំពេញ​ជាដើម​ ដែល​ជា​ញឹក​ញាប់ការគ្រប់​គ្រង​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់ ការ​ប្រើ​​អំពើ​ហិង្សាកាប់​ចាក់គ្នា និង​ការ​ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្ត​អំពើ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត ប្រព្រឹត្ត​ដោ​យជន​ជាតិ​ចិន​ទាំងនោះ​​ តែង​តែ​ត្រូវ​បាន​ពលរដ្ឋលើក​យក​មក​និយាយ និង​ជា​ប្រធាន​បទនៃ​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ទោះជា​បែប​នេះក្តី កាល​ពី​ដើម​ខែកុម្ភៈកន្លងទៅ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ស្យុង បូ (Xiong Bo) បានអះអាងថា រដ្ឋាភិបាល​ចិន​មិន​គាំទ្រ​ចំពោះ​សកម្មភាព​ល្មើស​បែប​នេះ​ឡើយ ហើយ​ចិន​ក៏​ប្រឆាំងដាច់​ខាត​ចំពោះ​ជន​ជាតិ​ចិន​ណា​ដែល​ជួល​ផ្ទះ ឬ​គ្រឹះស្ថាន​នៅ​កម្ពុជា​​​ ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នេះ​ផង​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles