អ្នក​សកម្ម​វាយ​ប្រហារ​លើ​អតីត ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ មនុស្ស​មួយ​ចំនួន​​ទៀត ត្រូវ​បាន​តែង​តាំង​តំណែង​ក្នុង​បក្ស​កាន់​អំណាច

កញ្ញា ធី សុវណ្ណថា​ និង លោក ផែ សុវណ្ណារិទ្ធ នាពេលកន្លងមក។ រូបថតៈ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អតីត​អ្នក​គាំទ្រ​បក្ស​ប្រ​ឆាំង​ កញ្ញា ​ធី សុវណ្ណ​ថា រួម​នឹង​ លោក ​ស្រី​ ចំរើន ដែល​ធ្លាប់​សកម្ម​ក្នុង​ការ​វាយ​ប្រហា​រលើ​អតីត​ថ្នាក់ដឹ​ក​នាំ​អតីត​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ និង ​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រ​ធាន​នៃ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​ត្រើយ​ស្លា​ ជាអ្វី​ដែល​មន្ត្រី​គណ​បក្ស​កាន់​អំណាច​ថា ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គុណ​សម្បត្តិ​ពួក​គេ​។

យោង​​តាម​សេចក្តី​សម្រេច​​ចុះ​ហត្ថលេខានៅ​ថ្ងៃ​ទី​ ៩ ​មីនា ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សេន​ ដែល​ជា​ប្រធាន​ គណ​បក្សប្រជាជន​កម្ពុជា​ និង ជាប្រធានគណៈ​អចិ​ន្ត្រៃយ៍​គណៈ​ពង្រឹង​មូល​រដ្ឋាន​ខេត្ត​កណ្តាល​ផងនោះ ​បាន​សម្រេច​តែង​តាំង​លោក ​ខូវ ​មករា​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណី​យ៍ និង ​ទូរគ​មនា​គមន៍​ ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​ ត្រើយ​ស្លា កញ្ញា​ ធី សុវណ្ណ​ថា ជា​អនុ​ប្រធាន​ទី​ ១, លោក តុល ​ញ៉ក់ ​អគ្គ​នាយក​នៃ​អគ្គ​នា​យក​ដ្ឋាន​ប្រៃ​សណី​យ៍​និង​ទូរគ​មនា​គមន៍​ជា​អនុ​ប្រធាន​ទី​ ២​។

ដោយឡែក លោក​ គង់ ​ពុទ្ធារ៉ា​ អគ្គ​នា​យក​រង​អគ្គ​នា​យក​ដ្ឋាន​រដ្ឋ​បាល-​ហិរញ្ញ​វត្ថុ​ក្រសួងប្រៃសណីយ៍, លោក ​ឌួង​ ឆាយ ​និង​​ភរិយាឈ្មោះ ដេត ម៉ា​ លីណា, ​លោក ​ហួត ចាន់​យ៉ា​រ៉េត លោក សុខ ​ដារិទ្ធិ, ​លោក ជាង ​សុភ័ក្រ, លោក ​ពុត ​ហេ​ម៉ុណ្ណា, ​អ្នក​ស្រី នឹម​ វណ្ណៈ, ​លោក ​គី ​ឡេង…អ្នក​ស្រី ​ប៉ាត់ ​សុធា​រ៉ា លោក​ ឧក​ញ៉ា ជា ​ចំរើន​, លោក ​ផែ សុវណ្ណា​រិទ្ធ ជា​អនុ​ប្រ​ធាន​ធម្មតា ។ រីឯលោក ​ប៉ាវ ​ប៉េង​ អនុ​ប្រ​ធាន​ប្រចាំ​កា​រ។

ក្រៅពីនោះគេឃើញមានឈ្មោះលោក ​ផែ ​សុវណ្ណា​រិទ្ធ​ ក៏កាន់ជា​ប្រធាន​លេខា​ធិកា​រដ្ឋាន​ឃុំ​នេះផងដែរ ខណៈលោក​ ព្រាប​ កែវ​ វិថា ​លោក ​ស្រី ​ចំរើន​, អ្នក​ស្រី​ ផែ សុ​គន្ធា , លោក ​សរ ​សារិន, ​លោក ​ហ៊ូ ពិសិ​ទ្ធ ,លោក នាង បញ្ញា, លោក ​ឯម ឫទ្ធិ លោក ​តាំង​ ស៊ី​គង់, លោក សុខ ចន្រ្ទា​បុត្រ ,លោក យូ វ៉េង​គី , លោក ឆិន តូ និង លោក ​តត ​គង់​ ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន រីឯ ​អ្នក​ស្រី ​យត​ វួច​លីម​ ,អ្នក​ស្រី ​ហេន​ ឡា​ដែន, អ្នក​ស្រី​ដុំ​ ភារ៉ា​ អ្នក​ស្រី​ នៅ​ ចន្ធី​ និង អ្នក​ស្រី ឡូត ហ្វី​លីព ជា​សមា​ជិក​។

កាលពីឆ្នាំមុន ​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​បច្ចុប្បន្ន​ជា​សកម្ម​ជន​ល្បី​របស់​គណ​បក្ស​ប្រជា​ជន​​ កញ្ញា​ ធី ​ធ្លាប់​សរសេរក្នុង​បណ្តាញ​ហ្វេស​ប៊ុកព្រមាន​ប្ដឹង​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ​៥ ​ពាន់​នាក់​នៃ​គណ​បក្ស​ប្រឆាំង ​ដែល​ជាប់ឆ្នោត​ពី​បទ​សម​គំនិត​ក្នុង ​«​អំពើ​ក្បត់​ជាតិ​» ​ជាមួយ​លោក ​កឹម​ សុខា។ ក្រោយពី​នេះ នៅ​ក្នុងឆ្នាំ​ ២០១៦ កញ្ញា​ និង​ក្រុម​សកម្មជន​របស់​ខ្លួន​ធ្លាប់​បាន​ធ្វើយុទ្ធនាការ​សុំដក​លោក កឹម សុខា​ ពីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និងក៏ធ្លាប់បានស្នើឲ្យដកតំណែង​លោក កឹម សុខា ពីអនុ​ប្រធាន​រដ្ឋ​សភា​ផងដែរពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ។

ជាមួយនេះដែរ ​នៅឆ្នាំ​​ ២០១៦​ ដដែលក៏មាន​លេចធ្លាយ​សារ​ឆ្លង​ឆ្លើយ​គ្នាដែល​គេ​ជឿ​ថា ជា​សារ​របស់​លោក​ ហ៊ុន​ សែន​ និង ធី សុវណ្ណ​ តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ហៅ​ថា Line ដែលបាន​បង្ហាញ​ក្នុង​ការ​សន្ទនា​នោះ​ដោយ​ប្រើ​ពាក្យ​ «តា​និង​ចៅ» លើកឡើង​ពី​រឿង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ ប៉ុន្តែ​ភាគ​ច្រើន​ផ្តោត​លើ​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​គណ​បក្ស​ប្រឆាំង​។

ចំណែក​ ក្រុមលោក​ ស្រី​ ចំរើន​ ក៏ត្រូវបាន​គេ​ស្គាល់​ថា​​ ជា​អ្នក​ចេញ​មុខ​យ៉ាង​សកម្ម​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹងលោក កឹម សុខា ទាក់​ទង​នឹង​រឿង​អា​ស្រូវ​ផ្លូវ​ភេទ​ផង​ដែរ​​ កាល​ពី​ឆ្នាំ​ ២០១៦​។

លោក ស្រី ចំរើន ក្នុងវេទិកាកន្លងមក។ រូបថតៈ ហ្វេសប៊ុក

ដោយ​ឡែក​​ លោក ជា ​ចំរើន ​ធ្លាប់​បាន​លា​លែង​ពី​គណ​បក្ស​ប្រជា​ជន​ទៅ​បង្កើត​គណ​បក្ស​ថ្មី​មួយ ​ប៉ុន្តែ​ក្រោយ​មក​បាន​ផ្ទេរ​ទៅ​ឲ្យ​សែ​រាជ​វង្ស​ជា​អ្នក​ដឹក​នាំ​ជំនួស​វិញ ខណៈ​រូប​លោក​នៅ​តែ​បន្ដ​បម្រើ​គណ​បក្ស​កាន់​អំ​ណាច​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន លោក​ សុខ ​ឥសាន ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​តែង​តាំង​នេះ​គឺ​មិន​ប្រ​កាន់​អតី​ត​គណ​បក្ស​នយោ​បាយ​នោះ​ទេ ប៉ុន្តែ​អា​ស្រ័យ​លើ​គណ​បក្ស​ចុង​ក្រោយ​ដែល​គាត់​បាន​បម្រើ និង​ផ្អែក​លើ​គុណ​សម្បត្តិ​របស់​ពួក​គាត់​ដែល​បាន​បំពេញ​កន្លង​មក​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

2 Responses to "អ្នក​សកម្ម​វាយ​ប្រហារ​លើ​អតីត ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ មនុស្ស​មួយ​ចំនួន​​ទៀត ត្រូវ​បាន​តែង​តាំង​តំណែង​ក្នុង​បក្ស​កាន់​អំណាច"

  1. akwac says:

    the sow and the boar and the piglets

  2. people says:

    Sat darichan ‘ they are animals’