បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ របស់​អតីតចៅសង្កាត់ ​បក្ស​ប្រ​ឆាំង ​ត្រូវ​បាន​បដិ​សេធ​ ឯ​សាល​ក្រម​លើ​អង្គ​សេច​ក្ដី​ត្រូវ​ពន្យា​រពេល

អតីតចៅសង្កាត់ជាប់ឆ្នោតនៃអតីតបក្សប្រឆាំងលោក ចៅ វាសនា នាពេលកន្លងម​ក។ រូប សហការី



ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ សាលា​ដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ​១៣​ មីនា​នេះ ​​បាន​បដិ​សេធ​មិន​ឲ្យ​លោក​ ចៅ វាស​នា អតី​ត​ចៅ​សង្កាត់​ប៉ោយ​ប៉ែត​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទេ ខណៈ​ការប្រកាស​សាល​ក្រម​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​ហិង្សា​ត្រូវ​បាន​ពន្យារ​ពេល​​​ដោយ​មិន​កំណត់​។នេះ​បើ​តាម​មេធាវី​ការពារ​ក្ដី​លោក​ កាល​ពី​ព្រឹក​មិញ ។

ការ​ប្រកា​ស​សាល​ក្រម​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​សាលា​ដំបូង​ខេត្តនេះ ​បាន​បើក​សវនា​ការ​ជំនុំជម្រះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​និង​ជម្រះ​លើ​អង្គ​សេចក្តី​ដែល​លោក​ចៅ​វាសនា​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​បទ​ចោទ​ចំនួន​ ៣ រួម​មាន ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បទ​សំ​គំនិត​ចូល​រួម​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធា​រណៈ​និង​បទ​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ នៅ​ក្នុង​សំណុំ​រឿង​បាតុ​កម្ម​ហិង្សា​នៅស្នា​ក់ការ​គយ​នៅ​ប៉ោយ​ប៉ែត​នៅ​ កាល​ពី​ខែ ​ឧសភា ​ឆ្នាំ​​ ២០១៥ ។

លោក​ ជូង ជូងី​ មេធាវី​ការ​ពារ​លោក ចៅ វាសនា បាន​ថ្លែង​ថា៖​ «តុលា​ការ​បដិ​សេធ​មិន​ឲ្យគាត់​នៅ​ក្រៅ​ឃុំ​ទេ យើង​នឹង​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត។​ចំពោះ​អង្គ​សេចក្តី​គេ​នឹង​ប្រ​កា​ស​នៅ​ពេល​ក្រោយ»។

លោក ចៅ​ វាសនា ដែល​ធ្លាប់​ជា​ចៅ​សង្កាត់​រង​ទី​២​សង្កាត់​ប៉ោយ​ប៉ែត​ពី​កូតា​គណបក្ស​សម រង្ស៊ី ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ខេត្ត​បន្ទាយ​មាន​​ជ័យ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នៅ​ពេល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ចៅសង្កាត់​​ប៉ោយ​ប៉ែត​កូតា​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា​បាន​ពាក់​ព័ន្ធ​ក្នុង​ហិង្សា​នោះនៅ​ពេល​កម្មករ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទាម​ទារ​កុំ​ឲ្យ​មន្ត្រីគយ​យក​ប្រាក់​ខ្ពស់​ពី​កម្មករ​អូស​រទេះ​និង​មាន​ព័ត៌មាន​មក​ក្រៅ​ថា​បាន​ស្លាប់​ទើប​កើត​ហិង្សានេះ​ឡើង។មនុ​ស្ស​១០​នាក់​ត្រូវ​បាន​ចោទ​ប្រកា​ន់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការ​ណ៍​នេះ​៕


Contact author: នៀម ឆេង

What Next?

Recent Articles