ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ក្រចេះ​ធ្លាក់​ខ្លួន​ក្រ ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា

ដោយ​លោក សន ចាន់រដ្ឋា
2018-03-1
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម រស់នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល​ខែត្រ​ក្រចេះ ត្អូញត្អែរ​ពី​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ កំពុង​ធ្លាក់​ដុនដាប ដោយសារ​អាជ្ញាធរ​ដុត​ផ្ទះ​ពួក​គេ​អស់​ជា​ច្រើន​ខ្នង និង​បំផ្លាញ​ផល​ដំណាំរីឯ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ធ្លាប់​កាន់កាប់ និង​កាប់​រាន​ព្រៃ​យក​ដី​ក៏​ត្រូវ​ក្រុមហ៊ុន​ដក​ហូត បង្ក​ឲ្យ​ពួក​គេ​គ្មាន​ទី​កន្លែង​ជ្រកកោនអ្នក​ភូមិ​ខ្លះ​បាន​រត់​គេច​ខ្លួន និង​សម្ងំ​ជ្រកកោន​នៅ​ផ្ទះ​បងប្អូន​មួយ​រយៈ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន

ការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច​ប្រដាប់​អាវុធ​របប លោក ហ៊ុន សែន និង​ពលរដ្ឋ​ជាង ២​រយ​នាក់ កាល​ពី​ថ្ងៃ​ទី​០៨ មីនា​កន្លង​ទៅ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ពលរដ្ឋ និង​ការ​បំភិតបំភ័យ និង​គំរាម​ចាប់​ខ្លួន ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នោះ មិន​ឲ្យ​ងើប​មុខ​តវ៉ា​ជា​ថ្មី ជា​ពិសេស គឺ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួក​គេ​មិន​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម

ពលរដ្ឋ​ដែល​គេច​ផុត​ពី​គ្រាប់​កាំភ្លើង​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា​ថា អ្នកភូមិ​ភាគ​ច្រើន​កំពុង​ខ្វះខាត​ជីវភាព គ្មាន​ប្រាក់​ទិញ​អង្ក​បរិភោគ ខណៈ​ស្បៀង និង​ទ្រព្យ​សម្បត្តិ ដែល​សេសសល់​នៅ​ក្នុង​ផ្ទះ ត្រូវ​អាជ្ញាធរ​ដុត​កម្ទេច​ចោលអ្នកភូមិ​ខ្លះ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព បាន​រត់​ទៅ​ស្រុក​កំណើត ហើយ​ខ្លះ​ទៀត​ភៀស​ខ្លួន​ទៅ​រស់នៅ​តំបន់​ផ្សេង គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរលោក​ថា ផ្ទះ​របស់​លោក​ទំហំ​ទទឹង ៥​ម៉ែត្រ បណ្តោយ ៧​ម៉ែត្រ ប្រក់​ស័ង្កសី រនាប​ក្ដារ និង​ជញ្ជាំង​ក្ដារ ត្រូវ​អាជ្ញាធរ​ដុត​កម្ទេច​ចោល​គ្មាន​សល់។

សំឡេង៖ «ខ្ទេចខ្ទី​អស់​ហើយ ស្អី​ក៏​មិន​សល់​ដែរ ខ្ញុំ​មាន​ដី​នៅ​តាម​ភូមិ​ខ្ញុំ​លក់ ផ្ទះ​ខ្ញុំ​គេ​ដុត​ចោល​អស់​ហើយខ្ញុំ​សុំ​ផ្ទះ​បងប្អូន​ជិត​ខាង​ស្គាល់​សុំ​ស្នាក់​នៅ​សិន»។

បុរស​ដដែល​បន្ថែម​ថា លោក​បាន​លក់​ដី​នៅ​ឯ​ស្រុក បាន​ប្រាក់​ជាង ៣​ពាន់​ដុល្លារ​បាន​មក​ទិញ​ដី​នៅ​តំបន់​នោះ​ចំនួន ៤​ហិកតារ កាល​ពី​ឆ្នាំ ២០១៤ ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត តែ​ផ្ទុយ​ទៅ​វិញ ដី​របស់​គាត់​ត្រូវ​គេ​ដក​ហូត រីឯ​ផ្ទះ​សម្បែង​គេ​ដុត​កម្ទេច​ចោល ហើយ​បច្ចុប្បន្ន​លោក និង​គ្រួសារ​នៅ​សល់​តែ​ខ្លួន​ទទេ ចិញ្ចឹម​កូន ៣​នាក់​ទៀតរីឯ​អាជ្ញាធរ​ក៏​កំពុង​តាម​ដាន និង​ឃ្លាំមើល​លោក​គ្រប់​ពេល។

សំឡេង៖ «ខ្ញុំ​ស្នាក់នៅ​ផ្ទះ​គេ គេ​ឲ្យ​បាយ​អង្ក​ហូប។ កូន​ខ្ញុំ ៣​នាក់ យំ​ទារ​ហូប ឃើញ​កូន​គេ​ហូប តែ​ខ្ញុំ​មិន​ដឹង​រក​ឲ្យ​កូន​ហូប​ម៉េច​បានរក​តែ​ស្អី​ឲ្យ​កូន​ហូប​មិន​បាន ខែ​នេះ​រក​ស៊ីឈ្នួល​គេ​មិន​បាន​ទេ ព្រោះ​ខែ​នេះ​គេ​ប្រមូល​ផល​អស់​ហើយ។ អ្នក​ខ្លះ​ដើរ​រើស​អេតចាយ ធ្លាក់​ខ្លួន​តែ​ម្ដង និង​ខ្លះ​ទៀត​មាន​បងប្អូន​នៅ​ឆ្ងាយ បងប្អូន​ខល​មក​ទៅ​លេង​ចឹង »។

ពលរដ្ឋ​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន ឲ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​បាន​ពីរ​ថ្ងៃ លោក​ឮ​ព័ត៌មាន​ថា អាជ្ញាធរ​ខែត្រ​នឹង​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ជាង ២​រយ​គ្រួសារ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​បញ្ចប់​ជម្លោះ ដ្បិត​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ជាង ៤​រយ​គ្រួសារលោក​ថា ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​តាំង​លំនៅ​តំបន់​នោះ ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ ២០១០ គឺ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ មក​ពី​ខែត្រ​ត្បូងឃ្មុំ កំពង់​ចាម និង​ព្រៃវែង​ជា​ដើម។ ពលរដ្ឋ​មួយ​ចំនួន​មាន​ដី​កន្លះ​ហិកតារ និង​ខ្លះ​មាន​មួយ​ហិកតារ រហូត​ដល់ ៤​ហិកតារ ដែល​ជា​ប្រភេទ​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្នែក​ខ្លះ​មាន​ដំណាំ​ដំឡូងមី និង​ស្វាយចន្ទី ជាដើម ក៏​ប៉ុន្តែ​បច្ចុប្បន្ន ផ្ទះ​ជាង ២​រយ​ខ្នង និង​ផល​ដំណាំ ត្រូវ​គេ​ដុត​ចោល​គ្មាន​សល់ បណ្ដាល​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ធ្លាក់​ខ្លួន​ក្រីក្រ​ខ្លាំង​ឡើងលោក​សង្កត់​ធ្ងន់​ថា មូលហេតុ​ពលរដ្ឋ​សម្រុក​មក​កាប់​ទន្ទ្រាន​ដី​ធ្វើ​កសិកម្ម នៅ​តំបន់​នោះ ដោយសារ​ឮ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា នឹង​ចែក​ដី​ឲ្យ​ពលរដ្ឋ​ក្រីក្រ ដែល​បាន​ទៅ​កាប់​ទន្ទ្រាន​ព្រៃ​មក​ធ្វើ​ជា​កម្មសិទ្ធិ

កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ ដែល​មិន​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ ដែល​បាន​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ ត្រូវ​ប្រញាប់​ប្រគល់​ដី​ទាំង​នោះ​ឲ្យ​ពលរដ្ឋ​វិញ។

សំឡេង៖ «បើ​ក្នុង​គណបក្ស ខ្ញុំ​បាន​និយាយ​ថា ដី​ហ្នឹង​ម៉ែ​លោក​ឯង​មែន? ម្ដេច​ក៏​មិន​ចែក​ឲ្យ​ប្រជាជន​ទៅនិយាយ​វា​ពិត ដូច​ជា​ហួស ស្រឡាញ់​ដី​ហួស ដី​ម៉ែ លោក​ឯង​ឬ​ស្អីកាល​ពី​មួយ​ពាន់​ហិកតារ​មុន ដល់​សួរ​ទៅ​ដី​ហ្នឹង​ដី​ពី​ណា ដី​គេ​ទៅ​កាប់​ទន្ទ្រាន គេ​មិន​ទាន់​ធ្វើ​អី​ទេចុះ​ម្តេច​ក៏​មិន​វាស់​ឲ្យ​គាត់​ទៅ ប្រជាជន​ឯង​តើនយោបាយ​ដីធ្លី​យើង​ផ្ដល់​ឱកាស​ធ្វើ​បែប​ហ្នឹងខ្ញុំ​សូម​ដាស់​តៀន​សា​ជា​ថ្មី ចេញ​ពី​ខែត្រ​ណា គឺ​ខែត្រ​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ»។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈ​ពេល ៥០​ឆ្នាំ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋជាង ២​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​ផល​ដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគ​ច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់​រះ​មក​លើ​ពលរដ្ឋក្រោយ​ពី​ការ​បាញ់​រះ សាក្សី​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ​ត្រូវ​អាជ្ញាធរ​គំរាម និង រឹតត្បិត​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយចំណែក​សារព័ត៌មាន​របស់​រដ្ឋាភិបាល បាន​ស្រង់​សំដី​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ផ្សព្វផ្សាយ ក្នុង​បំណង​លាក់​បាំង​ការ​ពិត និង​ព្យាយាម​ការពារ​អាជ្ញាធរ ដែល​បាន​បង្ក្រាប​ដោយ​ហិង្សា​មក​លើ​ពលរដ្ឋ។

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ពីរ​ធ្នូ​បង្ហាញ​ថា ពលរដ្ឋ​ដែល​ទៅ​រស់​នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​វៀតណាម មាន ៤១៨​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ចំណាក​ស្រុក​ប្រហែល ៧០​ភាគរយ។ ពលរដ្ឋ​ទាំង​នោះ​មក​រស់​នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​វាយតម្លៃ​ផល​ប៉ះពាល់ ហើយ​នៅ​គ្រា​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​សិក្សា​ផល​ប៉ះពាល់ បាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ២០០​ហិកតារ។

អាស៊ី​សេរី​ព្យាយាម​ទាក់ទង​មេ​ឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន

អភិបាល​ស្រុក​ស្នូល លោក គង់ គឹមនី ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា ០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូលស្រុក​រាប់ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩​ក្រុមហ៊ុន ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាកស្រុក​មក​រស់នៅ​ខែត្រ​នេះ។ មក​ទល់​ពេល​នេះ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ច្រើន​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខែត្រ​ក្រចេះ​កាត់​ឆ្វៀល​ដី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ច្រើន​គ្រួសារ

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ អង្កេត​ឃើញ​ថា អយុត្តិធម៌​សង្គម គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ងើប​តវ៉ា ដើម្បី​ទាមទារ​ដំណោះស្រាយ តែ​ពួក​គេ​ត្រូវ​ប្រឈម​អាជ្ញាធរ​អនុវត្ត​ច្បាប់ បង្ក​ឲ្យ​ពួក​គាត់​រងគ្រោះ​ទ្វេ​ដងលោក​ថា ចំនួន​ពលរដ្ឋ​ជួប​រឿង​អយុត្តិធម៌​កាន់​តែ​ច្រើន អ្នក​ដែល​ប៉ះពាល់​ធ្ងន់​ជាង​គេ គឺ​មុខ​មាត់​របស់​រដ្ឋាភិបាលលើស​ពី​នេះ បើទោះបីជា តុលាការ​ឋិត​នៅ​អំណាច​ឯករាជ្យ​ក្ដី តែ​ការ​អនុវត្ត​ជាក់ស្ដែង​តុលាការ​មិន​បាន​អនុវត្ត​តួនាទី ស្រប​ទៅ​តាម​ខ្លឹមសារ​ច្បាប់​នោះ​ទេ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជួប​រឿង​អយុត្តិធម៌​កាន់​តែ​ច្រើន ហើយ​បន្ទុក​ភាព​ក្រីក្រ​ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ។

សំឡេង៖ «ការ​អនុវត្ត​ជាក់ស្ដែង​តុលាការ​មិន​បាន​អនុវត្ត​តួនាទី​ស្រប​តាម​ច្បាប់​ទេ ធ្វើ​ឲ្យ​អយុត្តិធម៌​សង្គម​អាច​កើត​ឡើងបើ​អ៊ីចឹង​វិល​មក​វិញ ដំណោះស្រាយ គឺ​មាន​តែ​ស្ថាប័ន​នីមួយ​ត្រូវ​អនុវត្ត​តួនាទី​ទៅ​តាម​អ្វី​ដែល​ច្បាប់​បាន​ចែង »។

មុន​ឆ្នាំ ២០០៥ នៅ​គ្រា​ដែល​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ ដី​នៅ​តំបន់​នោះ​ជា​ដែន​ជម្រក​សត្វព្រៃ សំបូរ​ដោយ​ព្រៃ​ស្រោង​រាប់​ម៉ឺន​ហិកតារ ផ្ដល់​ម្លប់​បៃតង​ត្រជាក់។ ប៉ុន្តែ​ក្រោយ​ពី​របប​លោក ហ៊ុន សែន វិនិយោគ​ដី​នៅ​ព្រៃ​តំបន់​នោះ​ឲ្យ​កូន​ស្រី​របស់​ខ្លួន គឺ​អ្នកស្រី ហ៊ុន ម៉ាណា សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​បាន​ផុស​ឡើង​ពេញ​ទំហឹង ហើយ​ឈើ​មួយ​ចំនួន​ត្រូវ​គេ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រហូត​ដល់​ឆ្នាំ ២០១៥ ព្រៃ​ឈើ​ត្រូវ​គេ​កាប់​អស់ ទើប​វិនិយោគ​បន្ត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាំ​កៅស៊ូ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles