រ៉ូណា ស្មីត លើកឡើងក្តីបារម្ភពីការរំលាយបក្សប្រឆាំងប្រាប់លោក ហេង សំរិន

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 3:54 PM
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន (FB: National Assembly of Cambodia)


អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានលើកឡើងពីក្តីបារម្ភមួយចំនួនពិភាក្សាជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន ក្នុងរួមមានទាំងការរំលាយគណបក្សប្រឆាំង និង ការបោះឆ្នោតផងដែរ។​

នៅព្រឹកនេះ លោកស្រី រ៉ូណា ស្មីតបានជួបជាមួយលោក ហេង សំរិន និងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។​ នៅក្នុងជំនួបនោះលោកស្រីថា បានលើកឡើងពីបញ្ហាផ្សេងៗក្នុងនោះរួមទាំងការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។​

លោកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះក្នុងន័យថា៖«បញ្ហាដែលខ្ញុំបានលើកឡើងនៅរដ្ឋសភារួមមានទាំងការរំលាយគណបក្សសង្គ្រោះជាតិដែលយើងកំពុងតាមដាន ដែលជះឥទ្ធិពលដល់ដំណើរការសភា ជះឥទ្ធិពលដល់ដំណើការបោះឆ្នោត ហើយយើងក៏បានលើកឡើងពីការបង្កើតច្បាប់ថ្មីៗដែលប៉ះពាល់ទំនៀមទម្លាប់នៃការគោរពសិទ្ធិមនុស្ស»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានពន្យល់ពីដើមចមដែលនាំឲ្យរំលាយគណបក្ស​សង្គ្រោះ​ជាតិ និងយកកៅអីរបស់បក្សនេះចែកទៅឲ្យបក្សនយោបាយ​ផ្សេង​ៗថា ដោយសារ​មេដឹកនាំគណ​បក្ស​ប្រឆាំងប្រព្រឹត្តខុសច្បាប់​។

យ៉ាងណាក៏ដោយ លោក ឥសាន បញ្ជាក់​ថា ទោះជាការបោះឆ្នោត​អាណត្តិទី៦នេះ មិនមានវត្តមាន​គណប​ក្សស​ង្គ្រោះ​​ជាតិចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ក៏មិនធ្វើឲ្យប៉ះពាល់​ដល់​ដំណើរ​ការបោះ​ឆ្នោត​នោះ​ទេ ដោយសារ​មា​ន​គ​ណ​បក្សជាង៣០ទៀតកំពុង​ត្រៀមខ្លួន​ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច​។

លោកថ្លែង​ថា«អត់មានជះឥទ្ធិពលទេ ពីព្រោះ​ប្រទេសយើងអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស​ ឥឡូវនេះ​ បក្សនៅទូទាំងប្រទេសកម្ពុជា​ វាមាន៣៥គណបក្ស ហើយខ្ញុំជឿជាក់ថា ក្នុង​ចំណោម៣៥គណបក្ស​នយោ​បាយ នឹង​ធ្វើការ​ចុះឈ្មោះជា​បេក្ខជន​ប្រកួតប្រជែង​ការបោះឆ្នោតនាពេលខាង​មុខ​ មិនមែនបោះឆ្នោតតែ​ឯកបក្ស ដោយគណបក្សប្រជាជន​ដែលជាគណបក្សកាន់អំណាច​តែម្នាក់ឯងនោះទេ​»។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយតាមបណ្តឹងរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧។ អាសនៈសភា និង អាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះ ត្រូវបានបែងចែងទៅឲ្យគណបក្សផ្សេងទៀត ចំណែកប្រធាន និងមន្ត្រីបក្សមួយចំនួនទៀតកំពុងជាប់ពន្ធនាគារ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles