នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ថា មូល​និធិ​គន្ធ​បុប្ផា​​កម្ពុជា​នឹង​អាច​ដំណើរ​ការ​នៅ​ខែ​មេសា

សុខភាព

រូបឯកសារ​៖ មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)


19 មិនា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក ​ហ៊ុន សែន​ ​ដែល​កំពុង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន-អូស្រា្តលី​ ​ប្រកាស​ថា​ មូលនិធិ​ថ្មី​មួយ​គឺ​មូលនិធិ​​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​កម្ពុជា​នឹង​ដំណើរ​ការ​នៅខែ​មេសា​ដើម្បី​ជួយ​រកថវិកា​បន្ថែម​លើ​មូលនិធិ​ ដែល​មាន​ស្រាប់​របស់​លោក​វេជ្ជ​បណ្ឌិត​ Beat Richner (បេអាត រិចឆ្នឺរ )។

​​

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ក្នុង​ពិធី​ជួបសំណេះ​សំណាលប្រជាពលរ​ដ្ឋ​ខ្មែរ ​នៅ​ប្រទេស​អូស្ត្រាលី​ ​កាល​ពីថ្ងៃ​សៅរ៍​ថា​ ​មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផានឹង​អាច​ដំណើរការនៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ដើម្បី​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​ព្យាបាល​កុមារ​នេះ​ អាច​បន្ត​ប្រតិ​បត្តិការ​របស់​ខ្លួន​ ​នៅ​ពេល​មិន​មាន​វត្តមាន​លោក​វេជ្ជបណ្ឌិត​ ​Beat Richner​ (បេអាត ​រិចឆ្នឺរ)។​ នេះ​បើយោង​តាម​ព័ត៌មាន​សង្ខេប​មួយ​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ ​ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​Richner។

ព័ត៌មាន​របស់​អង្គភាព​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​ហើយ​ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​វេជ្ជបណ្ឌិត​ ​Richner​ នៅ​ថ្ងៃ​ច័ន្ទ​ ឲ្យ​ដឹង​ថា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ និង​នូវែលសេឡង់​ ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្ត្រាលី។​ ​ក្នុង​ជំនួប​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ ​មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ដែល​មាន​ឈ្មោះ​ថា​ ​«មូលនិធិ​គន្ធបុប្ផាកម្ពុជា»​ នឹង​អាច​ដំណើរ​ការ​នៅ​ថ្ងៃទី​១១​ ​ខែ​មេសា​ សម្រាប់​មន្ទីរពេទ្យ​ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំៗ​នេះ។​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«តាម​ការ​គ្រោង​ទុក​ បើ​គ្មាន​ការ​ប្រែប្រួល​ទេ​ ថ្ងៃទី​១១​ ខែ​មេសា​ មុន​ចូល​ឆ្នាំ​ខ្មែរ​ យើង​នឹង​ប្រកាស​ឲ្យ​ចាប់ផ្តើម​អនុវត្ត​សម្ពោធ​ អនុវត្ត​មូលនិធិ​គន្ធបុប្ផាកម្ពុជា​ ដែល​ជា​ជំនួយ​ដ៏ធំ​សម្រាប់​ស្រោច​ស្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា»។​

លោក​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា​ ​មូលនិធិ​ថ្មី​នេះ​នឹង​ផ្តល់​ការផ្គត់​ផ្គង់​ខាង​ហិរញ្ញ​វត្ថុ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បន្ថែម​លើ​មូលនិធិ​របស់​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ។​

«មាន​មូលនិធិ​គន្ធ​បុប្ផាដែល​វេជ្ជបណ្ឌិត​ រិចឆ្នឺរ​ គាត់​បង្កើត​នៅ​ឯ​ក្រៅ​ប្រទេស​ និង​យើង​មាន​មូលនិធិ​គន្ធ​បុប្ផា នៅ​ក្នុង​ប្រទេស​យើង​ ដែល​យើង​ប្រមូល​ធនធាន​នៅ​ក្នុង​ជាតិ​របស់​យើង​ ជួយ​មន្ទីរពេទ្យ​មួយ​នេះ​ ​ដែល​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ​ សម្រាប់​ព្យាបាល​កុមារ​ ​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​អាមេរិក»។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រា្តលី​នៅ​ប្រទេស​អូស្រ្តាលី​ អះអាង​ថា លោក​គឺ​ជា​ប្រធាន​កិត្តិយស​របស់​មូលនិធិ​នេះ។​

លោក​វេជ្ជ​បណ្ឌិត​ ​បេអាត រិចឆ្នឺរ​ ​ដែល​មានវ័យ​៧១​ឆ្នាំ​ ​គឺ​ជា​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​មនុស្ស​ធម៌​គន្ធបុប្ផា។​ ​លោក​បាន​ជួយ​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផាដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩២​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​សម័យ​សង្គ្រាម។​

លោក​ រិចឆ្នឺរ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់កាលពីខែ​មីនា​ ឆ្នាំ​២០១៧។ ​បុគ្គលិក​សុខា​ភិបាល​នៅ​មន្ទីរពេទ្យ​នេះ​មិន​អាច​បញ្ជាក់​អំពី​ជំងឺ​របស់​លោក​ រិចឆ្នឺរ​ នោះ​ទេ ​កាល​ពី​ពេល​នោះ។​

ជាង​២៥​ឆ្នាំមក​នេះ​ មាន​កុមារ​ជាង​១២​លាន​នាក់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​មាន​ទីតាំង​ចំនួន​ប្រាំ​កន្លែង​នៅ​ក្នុង​ប្រទេស។​ ​តួលេខ​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ខែមីនា​ ​ឆ្នាំ​២០១៧។​

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ កុមារ​កម្ពុជា​ចំនួន​ជាង​ ​៨​ម៉ឺន​នាក់​ត្រូវ​បាន​នាំយក​មក​ពិគ្រោះ​ជំងឺ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់ៗជាង​មួយ​ម៉ឺន​នាក់​ ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ។​ ​តួលេខ​នេះ​ត្រូវ​បាន​ស្រង់​ចាប់​ពីថ្ងៃ​ទី​ ២១ ​ខែ​មករា​ ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ឆ្នាំ២០១៨​ ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ទី១​ ​ខែមីនា​ ​ឆ្នាំ២០១៨​ ​បាន​ចុះ​ហត្ថលេខា​បង្កើតជា​ផ្លូវការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ដើម្បី​បន្ត​ប្រតិ​បត្តិការ​របស់​មន្ទីរពេទ្យ​នេះ​ ​កុំ​ឲ្យ​ដួល​រលំ​ដោយ​សារ​អវត្ត​មាន​លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ។ ​នេះ​បើយោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ Freshnews​ដែល​មាន​និន្នាការ​លម្អៀង​ទៅរក​រដ្ឋាភិបាល​កម្ពុជា។​

លោក​វេជ្ជបណ្ឌិត​ ​រិចឆ្នឺរ​ ​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​១៩៧៥​ ដោយ​កាកបាទ​ក្រហម​ប្រទេស​ស្វ៊ីស។​ ក្រោយ​សម័យ​សង្គ្រាម​គឺ​នៅ​ខែ​ធ្នូ​ ឆ្នាំ​១៩៩១​ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​កសាង​ឡើង​វិញ​ និង​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម៕

What Next?

Recent Articles

One Response to "នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ថា មូល​និធិ​គន្ធ​បុប្ផា​​កម្ពុជា​នឹង​អាច​ដំណើរ​ការ​នៅ​ខែ​មេសា"

  1. Serey says:

    On Tue 20/Mar/2018

    Dear PM,

    That’s a good job !.
    Please do on your best !.
    Dr. Bead Richner health is not good because of his ages and can not going on his mission (sympathy) for rescue our so pity children .
    Please step by step going on now a day our nation have its’ ability to responsible .
    God bless all Cambodian !
    Cheer!!!

    Thank a lots.