កម្ពុជា​បង្កើត​ក្រុម​ការងារ​ការពារ​អធិបតេយ្យ​ព្រំដែន​ជាមួយ​ថៃ​និង​ឡាវ

កម្ពុជា

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)


20 មិនា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក​ ហ៊ុន សែន​ បង្កើត​ក្រុមការងារ​ការពារ​អធិបតេយ្យ​ព្រំដែន​ជាមួយ​ថៃ​និង​ឡាវ​ ដែលក្នុង​នោះកូន​របស់​លោក​មាន​តួនាទី​សំខាន់ ​ ហើយ​អ្នកវិភាគ​យល់​ថា ​ អាច​មាន​ហេតុផល​ផ្សេង​ទៀត។

រដ្ឋាភិបាល​កម្ពុជា​បង្កើតក្រុម​ការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យ​ ​ដែល​មាន​កូនប្រុសច្បងរបស់លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ជាអនុ​ប្រធានប្រចាំ​ការ​ដើម្បី​អនុវត្ត​ការងារ​ពាក់ព័ន្ធនឹង​អធិបតេយ្យ​ភាពតាម​បន្ទាត់​ព្រំដែន​ជាមួយ​ថៃ ​និង​ឡាវ ​និង​ព្រំដែន​សមុទ្រ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ នេះបើ​តាមសេចក្តីសម្រេចដែល​ចេញ​ដោយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន។​

ការ​សម្រេចបង្កើតក្រុម​ការងារ​ពិសេស​នៅ​តាម​ព្រំដែន​ថៃ និង​ឡាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី​កម្ពុជា​ធ្លាប់​ប្រឈម​គ្នា​ដោយ​អាវុធ​ជាមួយ​រដ្ឋាភិបាល​បរទេស​ទាំងពីរ​នេះ​នា​ពេល​កន្លង​មក​ និង​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ធ្លាប់​ប្រកាស​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ចូល​រួម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

សេចក្តីសម្រេចស្តីពីការ​បង្កើតក្រុម​ការងារពិសេស​ថ្នាក់​ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញកាល​ពីថ្ងៃទី៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​ដែល​ VOA​ ទើប​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ ​បញ្ជាក់​ថា ​រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​នេះដោយ​មាន​លោក ​ប៊ិន ឈិន ​ឧប​នាយក​រដ្ឋមន្រ្តីប្រចាំការ​ និង​ជា​រដ្ឋមន្រ្តីស្តីទី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ជា​ប្រធាន។

ក្រុម​ការងារ​នោះ​មាន​អនុប្រធាន​ចំនួន​៨​រូប ​ក្នុង​នោះ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​លោក ​ហ៊ុន ម៉ាណែត ​នាយ​រង​សេនាធិការ​ចម្រុះ ​និង​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក ​មាន​តួនាទី​ជា​អនុ​ប្រធាន​ប្រចាំ​ការ ​ព្រមទាំង​មាន​សមាជិក ​និង​លេខាធិការ​ចំនួន​២៣​រូប​ ដែល​ភាគ​ច្រើន​ជា​មេ​បញ្ជាការ​យោធា​ នគរបាល ​និង​អភិបាល​ខេត្ត ​ជាដើម។​

ប្រការ០​២​នៃ​សេចក្តី​សម្រេច​នេះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​ការងារ​មាន​ភារកិច្ច​គ្រប់​គ្រង​ថវិកា​ពិសេសសម្រាប់កិច្ចការ​អធិបតេយ្យ​ ដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយក​រដ្ឋមន្រ្តី ​សហការ​ជាមួយស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដើម្បីអនុវត្តការងារពាក់ព័ន្ធ​នឹងអធិបតេយ្យ​ភាព ឲ្យ​បានជោគ​ជ័យ ​និង​ប្រសិទ្ធ​ភាពខ្ពស់ ​ធ្វើរបាយ​ការណ៍ជា​ប្រចាំ​ជូន​រាជ​រដ្ឋាភិបាល»។​

ប្រការ០៣​នៃ​សេចក្តី​សម្រេច​នោះ​បញ្ជាក់​ថា ​ការ​ប្រើប្រាស់​ថវិកា​ពិសេស​សម្រាប់​កិច្ចការ​អធិបតេយ្យ ​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍ ​និង​វិសាល​ភាព​សម្រាប់​ចំណាយ​លើ​មុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ការងារ​អធិបតេយ្យ​ ជាពិសេស​ទិស​ព្រំ​ដែនជាមួយ​ឡាវ​ និង​ថៃ ​និង​ព្រំដែន​ទឹក។ ​សម្រាប់​ចំណាយ​លើ​មុខ​សញ្ញា​ចាំបាច់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការងារ​អធិបតេយ្យ​គឺ​តាម​ការ​សម្រេច​របស់​នាយក​រដ្ឋមន្រ្តី។​

លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ក្រុម​ការងារ​ពិសេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំណង​ការពារ​អធិបតេយ្យ​នៅ​តាមព្រំ​ដែន​កម្ពុជា-ឡាវ ​និង​កម្ពុជា-ថៃ។ ​លោក​បាន​បន្ថែម​ថា​ កន្លង​មក​កម្ពុជា​មិន​ធ្លាប់​មាន​កញ្ចប់​ថវិកា​ពិសេសដាច់​ដោយឡែក​ ត្រៀម​លក្ខណៈ​ឆ្លើយ​តប​នឹង​ព្រឹត្តិ​ការណ៍​ជាយថាហេតុ​ណា​មួយ​ តាម​បន្ទាត់​ព្រំដែន​នោះ​ទេ ​ដូច្នេះ​កញ្ចប់​ថវិកា​នេះ​នឹងត្រូវយក​ទៅ​ប្រើ​ប្រាស់ដើម្បី​បំពេញ​ចន្លោះ​នេះ។​

លោក ​ផៃ ស៊ីផាន ​មាន​ប្រសាសន៍​ដូច្នេះ​ថា៖​

«យថាហេតុ​ ឧបមា​ថា​ ដូចជា​មាន​រឿងអី ​ដូច​អង្កាល់​ជាមួយ​នឹង​ឡាវ ​យើង​ឃើញ​មួយ​ប្រាវ​ហ្នឹង យើង​ប្រើ​លុយ​អស់​ច្រើន​ណាស់ ​ត្រូវ​បញ្ជូន​ទ័ព​ពីនេះ​ទៅ។ ​ដូច្នោះ​ពេល​នោះ​លុយ​អត់​មាន​គម្រោង​ទេ ​យើង​ត្រូវ​ដក​ពីនេះ ​ដក​ពីនោះ។ ​ក៏​ប៉ុន្តែ​ពេល​នេះ ​ដោយ​សារ​ការ​ពិសោធន៍​ទាំង​នោះ។ ​ហើយ​ ដូច​ជាមួយ​ប្រាសាទ​ព្រះ​វិហារ​ យើង​អត់​មាន​គម្រោង​ទុក​សម្រាប់​អីចឹង​ទេ ​ប៉ុន្តែ​ពេល​នេះ​យើង​មាន​គម្រោង​ទុក ​ជា​កញ្ចប់​ថវិកា​ផ្គត់ផ្គង់​ទៅ​ដល់ក្រសួង​ការពារ​ជាតិ»។

លោក​ ផៃ ​ស៊ីផាន​ បន្ថែម​ថា ​កញ្ចប់​ថវិកា​នោះ​នឹង​ត្រូវ​បង្វិល​ទៅ​ចូល​ឃ្លាំង​រដ្ឋ​វិញ​ប្រសិន​បើ​មិន​មាន​ការ​ប្រើប្រាស់​ជា​រៀងរាល់​ឆ្នាំ។​ ទោះ​ជា​យ៉ាង​ណា លោក​ថា ​លោក​មិន​បាន​ដឹង​ថា​ កញ្ចប់​ថវិកា​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

បើ​ទោះ​ជា​សេចក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​ថ្មី​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ចុះ​ហត្ថ​លេខា​តាំង​ពី​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ហើយ​ក៏ដោយ ​ ក៏​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​ថ្នាក់​ដឹក​នាំ ​និង​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ការងារ​ពិសេស​ដែល​ទើប​បង្កើត​ថ្មី​នេះ​ បែរ​ជា​បាន​និយាយ​ប្រាប់​ VOA ​ថា​ ពួក​លោក​មិន​បាន​ដឹង​អំពី​ការ​បង្កើត​ក្រុម​ការងារ​នេះ​នៅ​ឡើយ។​

លោក ​ប៊ិន ឈិន ​ឧប​នាយក​រដ្ឋមន្រ្តី​ប្រចាំ​ការ ​និង​ជា​រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​នេះ​ ​បាន​ឆ្លើយ​តប​នឹង​ ​VOA ​យ៉ាង​ខ្លី ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក​មិន​ដឹង​រឿង​ទេ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បញ្ជាក់​យ៉ាងខ្លី​ថា៖​

«កុំ​មក​សួរ​ខ្ញុំ ខ្ញុំ​អត់​ដឹង​ទេ»។​

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ​ហ៊ុន ​ម៉ាណែត ​ដែល​ជា​អនុ​ប្រធាន​ប្រចាំ​ការក្រុមការងារពិសេស​នេះទេ​ ​ហើយ​ការទាក់ទងតាមទូរស័ព្ទមិន​មាន​អ្នក​ទទួល។​ ​ដោយ​ឡែក​លោក​ យន្ត ​មីន ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ដែល​មាន​ឈ្មោះ​ជា​សមាជិក​ក្រុម​ការងារ​ពិសេស​នេះ​ដែរ​ បាន​ប្រាប់​ VOA ​ថា ​លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​សម្រេច​ដែលចេញ​កាលពី​ថ្ងៃ​ទី៦ ​ខែ​កុម្ភៈ​នោះ​នៅ​ឡើយ​ទេ។

ប្រកា​រ០៧នៃ​សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា ​រដ្ឋមន្រ្តី​គ្រប់​ក្រសួង​ និង​ប្រធាន​គ្រប់គ្រង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ​និងសមាសភាព​ទាំង​អស់​ក្នុង​ក្រុម​ការងារ​នេះ ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ​តាម​ភារ​កិច្ច​រៀងៗ​ខ្លួន ​ចាប់​ពីថ្ងៃ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន ​សែន ​ចុះ​ហត្ថ​លេខា។​

កន្លង​មក​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​នៅ​ក្រៅ​ប្រទេស ​តែង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​រស់នៅ​ក្នុង​ និង​ក្រៅ​ប្រទេស ​ចូលរួម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។ ​លោក ​សម រង្ស៊ី​ ក៏​បាន​អំពាវនាវ​ផង​ដែរឲ្យ​កងទ័ព​កុំ​ស្ដាប់​បញ្ជា​រដ្ឋា​ភិបាល​កម្ពុជា​ បើ​សិន​ជា​មាន​បញ្ជា​ឱ្យ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល។​

លោក ​មាស នី ​អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ បាន​លើកឡើង​ថា ​លោក​គាំទ្រ​ ​ប្រសិន​បើ​រដ្ឋាភិបាល​ពិតជាត្រៀម​ថវិកា​សម្រាប់​ការពារ​ព្រំដែន​ប្រាកដ​មែន។​ ទោះ​យ៉ាង​ណា​ លោក​បាន​លើក​ជា​ចម្ងល់​ថា​ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាលទើប​តែ​ត្រៀម​ថវិកា​ការពារ​ព្រំដែននា​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិដែល​នឹង​ខិត​ជិត​ចូល​មក​ដល់ ​ហើយ​ថា​ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ត្រៀម​តែ​សម្រាប់​ព្រំដែន​ឡាវ ​និង​ថៃ ​ដែល​ជា​ព្រំដែន​រវាង​ប្រទេស​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ដែល​តែង​មាន​ភាព​រកាំ​រកូស​តាម​ព្រំដែន​ជា​ញឹកញាប់ បែរ​មិន​មាន​ការ​ត្រៀម​ការពារ។​

លោក​ មាស នី ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ឆ្ងល់​ថា ​ចុះ​ហេតុអី​ក៏​ការ​ត្រៀម​ហ្នឹង ទើប​តែ​មានត្រៀម​មុន​ពេលបោះឆ្នោត ​ដែល​រដ្ឋាភិបាល​ច្រើន​តែ​ប្រកាស​ថា ​យើង​កំពុង​តែ​មាន​សន្តិភាព​ពេញ​លេញ។​ ប៉ុន្តែ​ដល់​ឥឡូវនេះមក​ត្រៀម​លក្ខណៈ​ការពារ​ព្រំដែន​អី​ហ្នឹង​ យើង​ចេះ​តែ​ឆ្ងល់​ទៅ​ ​ថា​តើ​វា​អាច​នឹង​មាន​រឿង​អី​កើត​ឡើង? ​រដ្ឋាភិបាល​គាត់​មើល​ឃើញ​តម្រុយ​អី? ​ឬ​ក៏​គិត​ឃើញ​យ៉ាង​ម៉េច?​ អាហ្នឹង​យើង​ក៏​មិន​ហ៊ាន​ថា​ទេ។​ ក៏​ប៉ុន្តែ​ស្ងាត់ៗ ​ស្រាប់តែ​បង្កើត​ថវិកា​ហ្នឹង​ចេញ​មកហើយ​ការពារ​តែ​ព្រំដែន​ខាង​លិច ​ហើយ​ជាមួយ​នឹង​ព្រំ​ប្រទល់​ឡាវ​នេះ។​ យើង​ក៏​កើត​ជា​ចម្ងល់​ដែរ ​ខ្ញុំ​មិន​ដឹង​ថា តើ​វា​មាន​ស្អី​នៅ​ខាង​ក្រោយ?»​

ដោយ​បញ្ជាក់​ពី​មូលហេតុ​ ដែល​ថវិកា​នេះ​ត្រៀម​ការពារ​តែ​តាម​ព្រំដែន​កម្ពុជា-ឡាវ​ និង​កម្ពុជា-ថៃ​ មិន​មាន​បញ្ជាក់​ពី​ព្រំដែន​កម្ពុជា-វៀតណាម​ ​លោក ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​បាន​បន្ថែម​ថា៖​

«បើ​យើង​ប្រៀបធៀប​ស្ថានភាព​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ ​គឺ​មាន​ស្ថានភាព​ខុស​ពី​ព្រំដែន​ជាមួយវៀតណាម​ ពីព្រោះ​ព្រំដែន​ជាមួយ​វៀតណាម​ យើង​បាន​បើក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​រួច​ស្រេច ​ក្នុងការ​ពិនិត្យមើល​ខ្សែ​ខណ្ឌ​សីមា​នេះ ​នៅ​ក្នុង​ស្ថានភាព​មួយ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ហើយ​ក៏​អត់​មាន​ការ​ប៉ះពារ ​ឬ​ក៏​ការ​ប្រឈម​នឹង​សព្វាវុធ​ ឬ​ការ​ប្រឈម​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​អី​ទេ ​គឺ​អត់​មាន​ទេ​ ​ជាមួយ​វៀតណាម »។

កម្ពុជា​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ថៃ​ទាក់ទង​ការ​ប្រទាញ​ប្រទង់​ដណ្ដើម​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ឆ្នាំ​២០០៨។ ​រីឯ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​កង​ទ័ព​កម្ពុជា​ក៏​បាន​ប្រឈម​មុខ​នឹង​កង​ទ័ព​ឡាវ​មួយ​រយៈពេល​ខ្លី​ ទាក់ទាងការ​ទាម​ទារ​ការ​កាន់​កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។​

លោក​ សម រង្ស៊ី​ និង​អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បាន​ចាប់​ផ្តើម​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ ​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មករា ​ឆ្នាំ​២០១៨​ ដោយ​អះអាង​ថា ​វាជា​ការ​តស៊ូ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​រៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ​លោក ​សម ​រង្ស៊ី ​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ​ ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធ​ភាព​ការងារ​របស់​ចលនា​នេះ។​

ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ ​គេ​ឃើញ​មន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន ​និង​មេ​នគរបាល​ជា​ច្រើន​រូប រួម​មាន ​លោក ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក សៅ សុខា ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាដើម ​បាន​ហៅ​ចលនា​នោះ​ថា ​ជា​«ភេរវកម្ម»​ និង​បានប្តេជ្ញា​បង្រ្កាប​ចលនា​នេះ​ មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា​ជា​ដាច់​ខាត៕

What Next?

Recent Articles

2 Responses to "កម្ពុជា​បង្កើត​ក្រុម​ការងារ​ការពារ​អធិបតេយ្យ​ព្រំដែន​ជាមួយ​ថៃ​និង​ឡាវ"

  1. ដារា says:

    ចុះខាងវៀតណាម?

  2. Anonymous says:

    HAS………………. only THAI and LAO that all how about VIETNAM …..HO sorry I understand now the border of VIETNAM now is all the way to THAILAND . this 2018 is the year that all Cambodian know we still alive or every thing is over . GOD bless KAMPOUCHEA