កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​បិទ​បញ្ចប់​ញាំញី​ដោយ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​ផ្ដាច់ការ

ដោយ មាន ឫទ្ធិ
2018-03-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នា​ទីក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo of Hun Sen Facebook Page
កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នា​ទីក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo of Hun Sen Facebook Page


កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីញាំញីដោយបាតុកម្មប្រឆាំង និងគាំទ្រ


កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី បាន​បិទ​បញ្ចប់​ហើយ​កាលពី​ចុង​សប្ដាហ៍​មុន នេះ ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ និង​អូស្ត្រាលី ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ តាមរយៈ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ហៅថា សេចក្ដីថ្លែងការណ៍​ស៊ីដនី។ កិច្ចប្រជុំ​ដដែល​នោះ ក៏បាន​ញាំញី​ដោយ​បាតុកម្ម​ប្រឆាំង និង​បាតុកម្ម​គាំទ្រ ក្រុម​មេដឹកនាំ​ផ្ដាច់ការ​មកពី​អាស៊ាន ពិសេស​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ។ របប​លោក ហ៊ុន សែន ចាត់ទុកថា កិច្ចប្រជុំ​កំពូល​នេះ បាន​ផ្ដល់​នូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន។

ទោះបី​ជា​មាន​សង្គ្រាម​ពាក្យ​សម្តី​ធ្ងន់ៗ ឆ្លងឆ្លើយ​គ្នា​នៅមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​នេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ទីបំផុត​ទៅ ពុំ​មាន​ឡើយ​ការ​តាម​វាយ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ដល់​ផ្ទះ ដូច​តាម​សារ​គំរាម​របស់​លោក ហ៊ុន សែន នៅមុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ បើ​ទោះ​បី​ជា​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក និង​ការ​ដុត​ទីមោង​រូបលោក ហ៊ុន សែន បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ផុលផុស​ដូច​តាម​ការ​គ្រោងទុក ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជាច្រើន​រយ​នាក់ ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​ព័ត៌មាន​ជាតិ​អូស្ត្រាលី និង​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ។ ក៏​ពុំ​មាន​ឡើយ​ដែរ ការ​រាំង​ខ្ទប់​មិន​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ណាមួយ​រវាង​អាស៊ាន និង​អូស្ត្រាលី ដូច​តាម​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​ថា​លោក​នឹង​ធ្វើ​ឲ្យ​អូស្ត្រាលី​ខ្មាស​គេ ប្រសិនបើ​ហ៊ាន​លើក​យក​បញ្ហា​ផ្ទៃក្នុង​កម្ពុជា មក​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ និង​ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កាលពី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១២ និង​២០១៦ ដើម្បី​ការពារ​មុខមាត់​មហាអំណាច​ចិន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ទំនង​ជា​មាន​ការណ៍​ដែល​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​ប្រតិភូ​ហែហម​របស់​លោក បាន​បាក់មុខ​មាត់​មាត់​មិន​តិច​ឡើយ នៅ​ក្នុង​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ​នេះ ដោយសារ​តែ​មាន​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ជាច្រើន​រយ​នាក់ បាន​រួមដៃ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក និង​បាន​ធ្វើ​យុទ្ធនាការ​ដុត​ទីងមោង​រូបលោក​ជា​បន្តបន្ទាប់ ទាំង​នៅមុន និង​អំឡុង​ពេល​កិច្ចប្រជុំ​នេះ។

បើទោះបីជា​កិច្ចប្រជុំ​កំពូល​នេះ ដិតដាម​ដោយ​រឿងអាស្រូវ​នៃ​សារ​គំរាម​តាម​វាយ​ដល់​ផ្ទះ​របស់​លោក ហ៊ុន សែន និង​ការ​ធ្វើ​បាតុកម្ម​ដុត​ទីមោង​រូបលោក ហ៊ុន សែន ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​ទីនោះ​ក៏ដោយ នៅ​ពេល​វិល​ត្រលប់​មក​កម្ពុជា​វិញ ក្រោយ​ការ​បិទ​បញ្ចប់​ទៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ កាលពី​យប់​ថ្ងៃ​ទី​១៨ មីនា លោក ហ៊ុន សែន បាន​អួតអាង​អំពី​មោទនភាព ចំពោះ​លទ្ធផល​វិជ្ជមាន​ជាច្រើន​អំពី​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។

ក្រៅពី​បាន​ផុស​រូបភាព​បង្អួត​ពី​ការ​ជួបជុំ​រវាង​លោក នឹង​ក្រុម​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដែល​បាន​មក​ចាំ​ទទួល​ស្វាគមន៍​លោក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​រូបថត​ដែល​លោក​ទំនងជា​បាន​ព្យាយាម​សុំ​ថត​សែលហ្វី (Selfie) ជាមួយ​មេដឹកនាំ​តំបន់​អាស៊ាន និង​អូស្ត្រាលី​ម្នាក់​ម្តងៗ។ ដោយ​ហាក់​មិន​ចាប់អារម្មណ៍​ទៅ​នឹង​ខ្លឹមសារ និង​វត្ថុបំណង​នៃ​កិច្ចប្រជុំ​នេះ លោក ហ៊ុន សែន ព្យាយាម​ចង់​បង្អួត​ប្រាប់​សាធារណជន​ក្នុងស្រុក​ថា លោក​ទទួល​បាន​នូវ​ការ​គាំទ្រ​ពេញទំហឹង​ពី​ក្រុម​មេដឹកនាំ​ទាំងនេះ និង​ថា​ក៏​មាន​ផង​ដែរ​ក្រុម​ពលរដ្ឋ​ដែល​មក​ទទួល​ស្វាគមន៍​លោក​យ៉ាង​កក់ក្ដៅ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តាមរយៈ​កិច្ចប្រជុំ​កំពូល​នេះ ក្រៅពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ក្នុង​តំបន់ ពិសេស​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ការទប់ស្កាត់​អំពើ​ភេរវកម្ម រដ្ឋាភិបាល​អូស្ត្រាលី កាន់​តែ​មាន​ទំនាក់ទំនង​ល្អ​ជិតស្និទ​ជាមួយ​កម្ពុជា ដែល​ប្រទេស​ទាំង​ពីរ​បាន​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ក្នុង​នោះ​រួម​ទាំង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ជាង ៨៧​លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា។

យ៉ាងណាក៏ដោយ​លោក ហ៊ុន សែន មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឡើយ​ថា តើ​ភាគី​អូស្ត្រាលី បាន​លើក​ឡើង​អំពី​កង្វល់​នានា​ជុំវិញ​ករណី​រំលោភ​សិទ្ធិមនុស្ស និង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ជំនួប​ទ្វេភាគី​រវាង​លោក និង​សម​ភាគី​អូស្ត្រាលី​របស់​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ម៉ាល់ខុម ធឺនប៊ុល (Malcolm Turnbull) កាលពី​ថ្ងៃ​ទី​១៦ មីនា។ ប៉ុន្តែ សារព័ត៌មាន​អូស្ត្រាលី​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​សម្ដែង​ក្ដី​បារម្ភ​ប្រាប់​ទៅ​លោក ហ៊ុន សែន ជុំវិញ​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក ម៉ាល់ខុម ធឺនប៊ុល ប្រាប់​ទៅ​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​នោះ​ថា អូស្ត្រាលី មាន​វិធី​ដោះស្រាយ​បញ្ហា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដោយ​ការ​គោរព​គ្នា​ទៅវិញទៅមក ហើយ​ថា អូស្ត្រាលី គោរព​នូវ​គំរូ​នៃ​ការសម្រេចចិត្ត​ផ្អែកលើ​ការព្រមព្រៀង​ជា​លក្ខណៈ​ឯកច្ឆន្ទ​ដែល​សមាគម​អាស៊ាន​កំពុង​អនុវត្ត។

ថ្លែង​ក្នុង​ពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល បាន​ហៅ​កិច្ចប្រជុំ​នេះ​ថា ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត ដោយ​លោក​ថា ក្នុង​រយៈពេល ៥០ ឆ្នាំ​កន្លង​ទៅ​នេះ អាស៊ាន​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​គាំទ្រ និង​ថែរក្សា​នីតិរដ្ឋ ហើយ​ថា​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អូស្ត្រាលី​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​អាស៊ាន​នៅ​ក្នុង​ការ​បំពេញ​នូវ​តួនាទី​នេះ។

កិច្ចប្រជុំ​កំពូល​នេះ បាន​បិទ​បញ្ចប់​ទៅ​ដោយ​បណ្ដា​ក្រុម​មេដឹកនាំ​ក្នុង​តំបន់​អាស៊ាន និង​អូស្ត្រាលី បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដែល​ដាក់​ឈ្មោះ​ថា សេចក្ដីថ្លែងការណ៍​ស៊ីដនី ដែល​បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​មេដឹកនាំ​ទាំងនេះ ក្នុង​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ច្រើន​វិស័យ។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល កាលពី​ថ្ងៃ​ទី​១៨ មីនា លោក​ថា សេចក្ដីថ្លែងការណ៍​ស៊ីដនី នេះ ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​អនាគត​នៃ​ភាពជា​ដៃគូ​អាស៊ាន​-​អូស្ត្រាលី និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​របស់​ក្រុម​មេដឹកនាំ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់។ លោក​ថា យើង​ក៏​បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ជា​សាកល ដូចជា​បញ្ហា​នៅ​កូរ៉េខាងជើង បញ្ហា​ភេរវកម្ម និង​អំពើ​ជ្រុលនិយម​ប្រកបដោយ​ភាព​ហិង្សា ព្រមទាំង​បាន​ព្រមព្រៀង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន គំនិត​ផ្ដួចផ្ដើម​ការ​កសាង​សមត្ថភាព​កិច្ច​សហប្រតិបត្តិការ​វិស័យ​នាវាចរណ៍ ទំនាក់ទំនង​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ការ​គំរាមកំហែង​ផ្នែក​សុខភាព​ដែល​ទើបនឹង​លេចចេញ​នៅ​ក្នុង​តំបន់ ជាដើម។

ក្រុម​មេដឹកនាំ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​បង្កើន​ការ​ផ្សារភ្ជាប់​របស់​អូស្ត្រាលី ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចំពោះ​កិច្ចប្រឹងប្រែង​រួម​ក្នុង​ការ​ទប់ស្កាត់​នឹង​អំពើ​ភេរវកម្ម។ កិច្ចព្រមព្រៀង​នេះ នឹង​ពង្រឹង​ការ​ចែក​រំលែក ព័ត៌មាន​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល និង​បង្កើន​កិច្ច​សន្ទនា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់។

ដោយឡែក​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​វិញ ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អូស្ត្រាលី ប្ដេជ្ញា​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ ក្រោម​ឈ្មោះថា «ភាពជា​ដៃគូ​វិស័យ​សេដ្ឋកិច្ច​ទូលំទូលាយ​ប្រចាំ​តំបន់» ហៅថា Regional Comprehensive Economic Partnership (RCEP) ឲ្យ​បាន​នូវ​មុន​ដំណាច់​ឆ្នាំ​២០១៨​នេះ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មាន​ប្រទេស​ជា​ដៃគូ​ចរចា​ចំនួន ១៦ប្រទេស ក្នុង​នោះ​រួមមាន​ប្រទេស​អាស៊ាន​ទាំង១០ អូស្ត្រាលី ចិន នូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles