សហគមន៍​ព្រៃឡង់​លើក​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃឡង់ និង​បំបួស​ដើមឈើ

ដោយ សន ចាន់រដ្ឋា
2018-03-20
RFA

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ (Photo: RFA)
បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ (Photo: RFA)


ក្រុម​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត សម្រេច​លើក​ពេល នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើមឈើ​ដោយ​គ្មាន​ការ​កំណត់ ក្រោយ​អាជ្ញាធរ​គំរាមកំហែង ម្យ៉ាងទៀត ពលរដ្ឋ​ក៏​មិនទាន់​ប្រមូល​ដំណាំ​របស់​ខ្លួន​រួចរាល់​ផង។

ក្រុម​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ការ​សោកស្ដាយ នៅ​ពេល​ដែល​ត្រូវ​លើក​ពេល​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ។

ប្រជា​សហគមន៍​យល់ថា ការ​ទាមទារ​របស់​អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​ធ្វើ​លិខិត​សុំ​ការអនុញ្ញាត​ដែល​ជា​ការ​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​ពួកគេ។

តំណាង​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ សម្រេច​លើក​ពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ​ព្រោះ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រៃឡង់ មិន​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជា​សហគមន៍​ក្នុង​ការរៀបចំ​កម្មវិធី។

ក្រៅពី​បញ្ហា​នេះ លោក ហឿន សុភាព ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ប្រារព្ធ​ពិធី​មិនសូវ​សំបូរ​ដើមឈើ ដើម្បី​បំបួស ហើយ​ប្រជា​សហគមន៍​មួយ​ភាគ​ធំ​ដែល​ជា​កសិករ​នោះ​កំពុង​មមាញឹក និង​ការ​ប្រមូល​ផល​ដំឡូង និង​ស្វាយចន្ទី​របស់​ពួកគាត់៖ «យើង​មិនទាន់​កំណត់​ថា ដាក់​ថ្ងៃ​ណា​ទេ ខាង​អាជ្ញាធរ​គាត់​មាន​ការ​រារាំង​ខ្លះ​ដែរ គេ​តម្រូវ​ឲ្យ​ខាងយើង​ធ្វើ​លិខិត​ស្នើសុំ ធ្វើ​ច្បាប់​បុណ្យ​តាម​ខេត្ត»

តាម​គម្រោង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​មាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល មាន​ជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជា​ជនជាតិ​ដើម​ភាគតិច​កួយ នឹង​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៦ និង​២៧ ខែ​មីនា ក្នុង​គោលបំណង​ឧទ្ទិស​រំឭក​គុណ​ដល់​ព្រៃឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​នៅ​គង់វង្ស ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃឈើ។ ជាង​នេះ​ទៅ​ទៀត ប្រជា​សហគមន៍​មាន​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់ដឹង​ដល់​ប្រជា​សហគមន៍ និង​ជា​សាធារណជន​ទូទៅ​ឱ្យ​បាន​ដឹង​ថា ព្រៃឡង់​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ជា​ព្រៃ​ការពារ។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​មួយ​រូប​ទៀត លោក ស្រី ថី ឲ្យ​ដឹង​ថា ស្ថានភាព​សព្វថ្ងៃ​នេះ មិន​អំណោយ​ផល​ដល់​ការ​ជួបជុំ​ឡើយ ត្បិត​សព្វថ្ងៃ​នេះ​អាជ្ញាធរ​តែងតែ​ចេញ​មក​រារាំង​ការ​ជួបជុំ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា បើ​អាជ្ញាធរ​នៅ​តែ​រឹតត្បិត​ការ​ជួប​របស់​ពលរដ្ឋ គម្រោង​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃឡង់​អាច​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០១៩៖ «យើង​សហការ​គ្នា​បាន​ល្អ ប៉ុន្តែ​ស្ថានភាព​មិន​អំណោយផល​និយាយ​ទៅ​សកម្មភាព​យើង​ធ្វើ​នៅ​កណ្ដាល​ព្រៃ បើ​គេ​ចោទ យើង​យើង​មាន​បញ្ហា»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​នៃ​ខេត្ត​ជាប់​តំបន់​ព្រៃ​ឡង់ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីន​។ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​ឆ្នាំ ២០១៧ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​ពិធី «ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ព្រៃឈើ» ដោយ​បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃឡង់​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​មន្ទីរ​បរិស្ថាន​ជាមុន។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​ក្រចេះ​ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី ចំនួន ៤៣១.៦៨៣​ហិកតារ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles