កសិករនៅខេត្តប៉ៃលិន បង្ខំ​ចិត្ត​ប្រមូល​ផល​ផ្លែ​ស្វាយ​យក​ទៅ​លក់​ក្នុង​តម្លៃ​ថោក ព្រោះ​បំណុល

វិទ្យុអាស៊ី​សេរី
2018-03-21

ចំការស្វាយ​របស់​កសិករ​នៅ​ភូមិ​សួន​អំពៅកើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨។ Photo provided
ចំការស្វាយ​របស់​កសិករ​នៅ​ភូមិ​សួន​អំពៅកើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨។ Photo provided


កសិករ​​ខេត្ត​ប៉ៃលិន​​អះអាង​​ថា​ ប្រសិន​​បើ​មិន​ប្រញាប់​​បេះ​ផ្លែ​ស្វាយ​ទៅ​​លក់​​ឲ្យ​ទាន់​ពេល​ទេ គឺ​​អាច​នឹង​គ្មាន​ប្រាក់​ជំពាក់​បំណុល​ស្ថាប័ន​មីក្រ​ហិរញ្ញវត្ថុ​វ័ណ្ឌ​ក​ជា​​ពុំ​ខាន។

កសិករ​​ខេត្ត​ប៉ៃលិន​​អះអាង​​ថា​ ប្រសិន​​បើ​មិន​ប្រញាប់​​បេះ​ផ្លែ​ស្វាយ​ទៅ​​លក់​​ឲ្យ​ទាន់​ពេល​ទេ គឺ​​អាច​នឹង​គ្មាន​ប្រាក់​ជំពាក់​បំណុល​ស្ថាប័ន​មីក្រ​ហិរញ្ញវត្ថុ​វ័ណ្ឌ​ក​ជា​​ពុំ​ខាន។

ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន​លើក​ឡើង​ថា មូលហេតុ​​ដែល​​ពួក​គាត់​​បង្ខំ​ចិត្ត​​ប្រមូល​​ផល​​ស្វាយ ព្រោះ​​ផ្លែ​​ស្វាយ​​ចាប់​ផ្ដើម​​ទុំ​​នៅ​​លើ​​ដើម​​បណ្ដើរៗ ​ហើយ​ គឺ​​មិន​​អាច​​ទុក​​បន្ត​​ទៅ​​មុខ​​ទៀត​​បាន​​ឡើយ។

កសិករ​ម្នាក់​រស់​នៅ​ភូមិ​អំពៅ​ខាង​កើត​សង្កាត់​ប៉ៃលិន ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​​ទី​​២១​ មីនា​​ថា មុន​​នឹង​​លោក​ប្រមូល​​ផល​​ស្វាយ​ គឺ​​លោក​​បាន​​ពន្យារ​​ពេល​​បេះ​​​ផ្លែ​ស្វាយ​​ប្រមាណ​ ១០​​ថ្ងៃ​​ហើយ​​ ដើម្បី​​​ឲ្យ​តម្លៃ​ស្វាយ​ឡើង​ថ្លៃ​បន្តិច​ ប៉ុន្តែ​តម្លៃ​នៅ​ទ្រឹង​នៅ​ចន្លោះ​ពី​ ៣០០ ​ទៅ ​៤០០​​រៀល​​ក្នុង​​មួយ​​គីឡូក្រាម​​ដដែល។ កសិករ​រូប​នេះ​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​តម្លៃ​ផ្លែ​ស្វាយ​​ចុះថោក​យ៉ាង​នេះ​ក្ដី គឺ​ពួកគាត់​ជា​​កសិករ​​ដាំ​​ស្វាយ​​​នៅ​​ខេត្ត​​ប៉ៃលិន ត្រូវ​​បង្ខំ​ចិត្ត​​បេះ​​ផ្លែ​​ស្វាយ​​​ទាំង​​សោក​ស្ដាយ ពី​ព្រោះ​​ប្រសិន​បើ​​មិន​​ឆាប់​​ប្រមូល​​ផល​​​ទេ​ គឺ​​ស្វាយ​​នឹង​​ទុំ​​ជ្រុះ​​ខូច ហើយ​​កាន់​​តែ​​​លក់​​ខាត​​ឡុង​ចុង​​ជាង​​ពេល​​នេះ​ទៅ​​ទៀត៖ «ទាំង​គេ​ទាំង​ខ្ញុំ​ភាគ​ច្រើន​គឺ​លុយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ដូច្នេះ​បើ​យើង​លក់​ស្វាយ​បាន​ប្រាប់​សង​គេ​ យើង​ខ្វះ​ខាត​អីចឹង​យើង​ដាក់​នេះ​ដាក់​នោះ​បណ្ដោះ​សង​គេ​សិន​ទៅ​កុំ​ឲ្យ​គេ​មក​ឡូឡា​ផ្ទះ​យើង​ ហើយ​យើង​​រក​​គេ​​បន្ត​​ទៀត​​ទៅ​។ ខ្ញុំ​​ពិបាក​ណាស់​តែ​មិន​ដឹង​ទៅ​បន្ទោស​អ្នក​ណា​មួយ​ឲ្យ​ទទួល​ខុស​ត្រូវ​ក៏​អត់​មាន​ដែរ​ ព្រោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ពួក​ខ្ញុំ​ទៅ​មន្ទីរ​កសិកម្ម​ហើយ​បាន​សួរ​គាត់​ថា មិន​បាច់​សួរ​គាត់​ទេ គឺ​គាត់​មិន​មាន​វិធី​ដោះស្រាយ​ទេ​រឿង​នឹង​នៅ​លើ​ប្រមុខ​រដ្ឋាភិបាល​​»។

​​​​​​​​​​កសិករ​រូប​នេះ​អះអាង​ទៀត​ថា លោក​ដាំ​ស្វាយ​កែវ​រមៀត​ទាំង​អស់​ជិត​​១០​ហិកតារ​ ហើយ​ទិន្នផល​​ស្វាយ​ឆ្នាំ​នេះ​ អាច​​បាន​​​ប្រហែល ​៦០​​តោន ​(៦០,០០០)។​ ដូច្នេះ​​បើ​​តម្លៃ​​ផ្លែ​​ស្វាយ​​ដូច​បច្ចុប្បន្ន​ គឺ​​លក់​​បាន​​ប្រាក់​​ចំនួន ​​៦​ពាន់​​ដុល្លារ​​អាមេរិក​​ប៉ុណ្ណោះ។ លោក​​បន្ថែម​​ទៀត​​ថា​ ទិន្នផល​ដែល​ទទួល​បាន​នេះ ​គឺ​​​គ្រួសារ​​លោក​​ច្បាស់​​ជា​​ជំពាក់​​គេ​​វាន់​​ករ​​ហើយ​ ព្រោះ​​លោក​​​​ចំណាយ​​អស់​​ដើម​​ទុក​​ក្នុង​​ការ​​ថែទាំ​​ប្រមាណ​ ៨​ពាន់ ​​(៨,០០០) ដុល្លារ​​អាមេរិក​​​ក្នុង​​មួយ​​ឆ្នាំ​​ឯណោះ​។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​​ថា ​តម្លៃ​ផ្លែ​ស្វាយ​ចុះថោក​ដោយសារ​រដូវ​នេះ​ជា​រដូវ​ដែល​កសិករ​ប្រមូល​ផល​ស្វាយ​ច្រើន​ធ្វើ​ឲ្យ​ទិន្នផល​ស្វាយ​មាន​ចំនួន​ច្រើន​ជាង​តម្រូវ​ការ​។ លោក​បន្ថែម​ទៀត​ថា កន្លង​មក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ​ ដើម្បី​ឲ្យ​មក​ជួយ​ទិញ​ស្វាយ​​ពី​កសិករ​រួច​មក​ហើយ​​ដែរ ប៉ុន្តែ​ដំណើរការ​នៅ​មិន​ទាន់​បាន​ប្រសើរ​ទាំង​ស្រុង​នៅ​ឡើយ៖ «ការ​ដោះស្រាយ​របស់​យើង​ធ្លាប់​បាន​ធ្វើ​ជា​បណ្ដើរៗ​ហើយ ដូច​ជា​ទាក់ទង​ទៅ​ប្រទេស​ថៃ​ដើម្បី​ឲ្យ​គេ​​អនុញ្ញាត​ឲ្យ​យើង​យក​ទៅ​លក់​នៅ​ប្រទេស​គេ​ ហើយ​យើង​ទាក់​ទង​តាម​ក្រុម​មួយ​ចំនួន​ ប៉ុន្តែ​វា​មិន​ទាន់​ឆ្លើយ​តប​បាន​ទាំង​ស្រុង​។ម្យ៉ាង​ទៀត​ក៏​មាន​ឈ្មួញ​ខ្លះ​ក៏​គាត់​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែរ​ ដោយសារ​តែ​គាត់​មាន​ម៉ូយ​ល្អ​ដែល​គេ​ត្រូវ​ការ​បញ្ជា​ទិញ​»។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន កត់សំគាល់​ថា​ ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដងៗ​ គឺ​ដំណាំ​កសិផល​​របស់​ប្រជាកសិករ​គ្រប់​ប្រភេទ តែង​តែ​ជួប​បញ្ហា​រឿង​​តម្លៃ​ចុះថោក​ជា​រៀងរាល់​ឆ្នាំ។លោក​អះអាង​ទៀត​ថា​ មូលហេតុ​ដែល​​តម្លៃ​កសិផល​ចុះថោក​មិន​ឈប់​ឈរ​នេះ​​ គឺ​ដោយសារ​ប្រព័ន្ធ​​រៀប​ចំ​ដំណោះ​ស្រាយ​នៅ​​ថ្នាក់​ជាតិ​មិន​ទាន់​បាន​ដំណើរ​​ល្អ​ប្រសើរ សម្រាប់​ជួយ​ដល់​កសិករ​៖ «ហើយ​មួយ​វិញ​ទៀត​ការ​កែច្នៃ​ស្វាយ​និង​ផលិត​កសិផល​កសិកម្ម​នឹង​គឺ​ប្រទេស​យើង​មាន​តិចតួច​ណាស់​ ជា​ពិសេស​កសិករ​គាត់​មិន​មាន​រោងចក្រ​ក៏​ដូច​ជា​មិន​មាន​ថវិកា​គ្រប់គ្រាន់​ទិញ​ឧបករណ៍​សម្រាប់​ធ្វើ​ឧបករណ៍​កែច្នៃ​កសិផល​ទុក​រយៈ​ពេល​វែង​។ដូច្នេះ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់​ក្នុង​តម្លៃ​ថោក​ដើម្បី​​ប្រមូល​បាន​ធនធាន​ និង​ថវិកា​ខ្លះ​ៗ​សម្រាប់​ដោះ​បំណុល​ដែល​ពួកគាត់​បាន​ខ្ចី​គេ​»។

តម្លៃ​ផ្លែ​ស្វាយ​បាន​ចុះ​ថោក​ខ្លាំង​ចាប់​ពី​ចុង​ខែ​កុម្ភៈ​មក។កសិករ​អះអាង​ថា​តម្លៃ​ដែល​ពួកគាត់​លក់​​ផ្លែ​ស្វាយ​​បាន​ប្រាក់​កម្រៃ​ខ្លះ​ គឺ​ចាប់​ពី​ ៨០០​​រៀល​​ក្នុង​​មួយ​​គីឡូ​ក្រាម​​ឡើង​​ទៅ។ របាយការណ៍​​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ខេត្ត​សៀមរាប​ ឲ្យ​ដឹង​ថា​ដំណាំ​ស្វាយ​ នៅ​ខេត្ត​មួយ​នេះ​ មាន​ប្រមាណ​ ៣​ពាន់ ​៥០០​​ហិកតារ (៣,៥០០) ហើយ​ភាគ​ច្រើន ជា​​ស្វាយ​កែវ​រមៀត ក្នុង​នោះ​​​ស្វាយ​​ដែល​​កំពុង​​ហុច​​ផល​​​មាន​​ជាង ​២​ពាន់ (២,០០០) ​ហិកតារ៕​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment