ក្រុមហ៊ុន​បញ្ជាទិញសំលៀក​បំពាក់​ស្នើ​រដ្ឋាភិបាល​ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្សឡើង​វិញ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 5:36 PM
http://vodhotnews.com

សិទ្ធិមនុស្ស

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលីនាថ្ងៃនេះ (រូបថត៖ FB PM)


ក្រុម​ហ៊ុន​បញ្ជាទិញ​ផលិត​ផល​សំ​លៀក​បំពាក់​ជាង​២០០​ទូ​ទាំង​ពិភព​លោក​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាក​មក​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ ដោយ​ថា​ដើម្បី​រក្សា​កេ្តរ៍​ឈ្មោះ​ល្អ ក៏​ដូច​ជា​ផ្តល់​តម្លៃ​ដល់ម្ចាស់​ម៉ាក​ដែល​ទិញ​ផលិត​ផល​ពី​កម្ពុជា​ផងដែរ។

​ក្រុម​ហ៊ុន​បញ្ជាទិញជាង​២០០​ស្ថាប័ន​​ដែល​តំណាង​ដោយ American Apparel and footwear Association (AAFA), Amfori – trade with Purpose Ethical Trading Initiative (ETI), Fair Labor Association (FLA), Fair Wear Foundation (FWF) និងSocial Accountability International (SAI)។

​ក្នុង​លិខិត​ផ្ញើ​ទៅកាន់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៩ មីនា​ម្សិល​មិញបាន​ស្នើ​ទៅកាន់​លោក​ហ៊ុន សែន ឲ្យ​រដ្ឋាភិបាល​លោក​ងាក​មក​គោរពលទ្ធិប្រជា​ធិបតេយ្យ បញ្ឈប់​ការ​គំរាម​កំហែង​អ្នក​ការ​ពារសិទ្ធិ​មនុស្ស ​គោរព និង​ការ​ពារ​​ឲ្យ​បាន​ពេញលេញ​នូវ​មូលដ្ឋាន​សិទ្ធិ​មនុស្ស ដើម្បី​ជា​ប្រយោជន៍ និង​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក៏​ដូចជា​ម្ចាស់​ម៉ាក និង​ប្រយោជន៍ឲ្យ​គ្នា​ទៅ​វិញទៅ មក​ផង​ដែរ។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖ « ដូច្នេះយើងនៅតែព្រួយបារម្ភពីកង្វះសកម្មភាពក្នុងការដោះស្រាយបញ្ហាទាំងនេះនឹង​​ធ្វើឲ្យប៉ះពាល់ចំពោះសមាជិករបស់យើងក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។ ការជំនះមហន្តរាយទាំងនេះគឺជាជោគជ័យដ៏អស្ចារ្យមួយ»

ក្រុមហ៊ុនទាំងនោះបញ្ជក់​ថា ពួកគេ​បាន​ផ្តល់ការ​ងារដល់​ពេល​រដ្ឋ​ខ្មែរ​ជាង៦សែន​៥ម៉ឺននាក់ និង​ប្រាក់​ចំណូល​មិន​តិច​ជាង​៦០០០លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​​។​

កាលពី​ថ្ងៃ​ទី​១៧ មីនា មូល​និធិ​រូបិយប័ណ្ណពិភពលោក​ក៏​បាន​ចេញ សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផង​ដែរ​ដោយ​បាន​ព្រួយ​បារម្ភចំពោះ​ស្ថាន​ភាព​មិន​ប្រាកដប្រជា​របស់​នយោបាយកម្ពុជា​បច្ចុប្បន្ន​ និង​ហានិភ័យ​នៃ​ម៉ាក្រូ​ហិរញ្ញវត្ថុ​កំពុង​តែ​ជះឥទ្ធិពល​ដល់​ទំនុក​ចិត្ត​​អតិថិជន និង​អ្នក​វិនិយោគ​នៅ​កម្ពុជា។​

ការ​សរសេរ​លិខិត​របស់​អ្នក​បញ្ជារ​ទិញ​អន្តរជាតិ​ ផ្ញើរ​ទៅ​កាន់​លោក​ហ៊ុន សែន​នេះគឺធ្វើ​ឡើង​មួយ​សប្តាហ៍​​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​លោក​ស្រី​រ៉ូណា ស្មីត បាន​បញ្ចប់​ដំណើរទស្សនៈកិច្ច​របស់​លោក​ស្រី​​​ ហើយ​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​សិទ្ធិ​មនុស្ស​កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ងាក​មក​ចាប់​យក​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និង​សន្តិភាព​ពិតប្រាកដ។

ទោះ​ជា​យ៉ាង​ណាប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក​កែវ រ៉េមី ធ្លាប់​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនានេះថា មូល​ដ្ឋាន​សិទ្ធិ​មនុស្ស​មិន​អាច​មាន​នោះ​ទេ ​បើ​កម្ពុជា​គ្មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ។ លោក​ចាត់​ទុក​ថា​ ការ​ប៉ះពាល់​​សិទ្ធិ​មនុស្ស​មួយ​ក្រុម​តូច ​ដើម្បី​ការពារ​មនុស្ស​ចំនួន​ធំ វា​ជា​ការ​ចាំ​បាច់​បំផុត​សម្រាប់​​រដ្ឋាភិបាល​ក្នុង​ការ​ដឹក​នាំ​ប្រទេស​។

លោក​ថា៖ « រដ្ឋាភិបាលដើម្បីគ្រប់គ្រងប្រទេសមួយប្រសិនជាយើងចង់ការពារមនុស្សចំនួនធំណាមួយរាប់លាននាក់ យើងត្រូវមានអារកាត់ប៉ះពាល់មិនខានទេ នូវជ្រុងណាមួយហើយជាពិសេសគឺយើងជំរុញឲ្យមានការអនុវត្តន៍ច្បាប់ពេលនេះគាត់យល់ខុសមកលើរដ្ឋាភិបាលក៏ប៉ុន្តែថ្ងៃណាមួយគាត់នឹងយល់ត្រូវ គាត់នឹងយល់ឃើញថារដ្ឋាភិបាលធ្វើត្រូវ សំខាន់បំផុតខ្ញុំថា សំខាន់នៅពេលដែលអ្នកឯងយល់ថាកម្ពុជាកំពុងធ្វើត្រូវ ប្រហែលជាអ្នកឯងប្តូរតួនាទីលែងធ្វើផ្នែកសិទ្ធិមនុស្សហើយ»

ប្រធាន​សហភាពការ​ងារកម្ពុជា​លោក អាត់​ ធន់ មាន​ប្រសាសន៍​ថារដ្ឋាភិបាល​គួរ​តែពិចារណា​ពី​ការ​ស្នើ​របស់​អ្នក​បញ្ជា​ទិញ​ទាំង​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ទទួល​ផល​ពីវិស័យ​ទាំង​នេះ។

លោក​ថា៖ « យើងមានការបារម្ភដោយសារតែកន្លងមកខាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកគាត់បានស្នើដែរថ្មីៗនេះម្ចាស់ម៉ាកគាត់បានស្នើជាពិសេសគឺពាក់ព័ន្ធនឹងសិទ្ធិកម្មករ ពាក់ព័ន្ធនឹងការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីពអីផ្សេងនោះណា ចឹងមានការបារម្ភ។ ខ្ញុំគិតថារដ្ឋាភិបាលនឹងពិចារណាទៅលើលិខិតហ្នឹងនឹងឆ្លើយតបយ៉ាងមិចជាវិជ្ជមានទៅឲ្យគេ »

ប្រទេសកម្ពុជាត្រូវបានសហគមន៍អន្តរជាតិបានចាត់ទុកជាប្រទេសដែលគ្រប់គ្រងតែមួយបក្ស បន្ទាប់​ពី​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ឃុំ​ ហើយ​បក្ស​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដែល​ស្ថានភាព​បែប​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប និង​អាមេរិក ចាត់​ទុក​ជាការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ឈាន​ទៅ​រង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ស្តារ​បញ្ហា​នេះ​ឡើង​វិញ តែរហូត​មក​ទល់​នឹង​ពេល​នេះ​កម្ពុជា​នៅតែ​មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមា​នណាមួយ​នោះ​ទេ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles