ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ល្បី​ឈ្មោះ​មួយ​ចំនួន ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ​ពី​ច្បាប់​ការងារ​បច្ចុប្បន្ន

សកម្មភាព​ការងារ​របស់​កម្មករ​នៅក្នុង​រោងចក្រ​មួយ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ពេល​កន្លង​មក​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រុម​មួយ​ដែល​តំណាង​ឱ្យ​ម៉ាក​យីហោ​សម្លៀកបំពាក់​ធំៗ នៅ​សហរដ្ឋអាមេរិក​ និង​ទ្វីបអឺរ៉ុប​ដែល​រួមមាន​យីហោ​ល្បីៗ​មួយ​ចំនួន​ដូចជា Gap, Levis និង ASOS បាន​សម្តែង​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ជុំវិញ​ច្បាប់​ការងារ​បច្ចុប្បន្ន និង​រឿង​ក្តីក្តាំ​នៅ​តុលាការ​ជាច្រើន​ដែល​ពួកគេ​បាន​ពិពណ៌នា​ថា ជា​ការ​រឹតត្បិត និង​ជា​រឿង​អយុត្តិធម៌​។

នៅក្នុង​លិខិត​បើក​ចំហ​មួយ ក្រុម​នេះ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការហាមឃាត់​សំណើសុំ​ស្រាវជ្រាវ​ឯករាជ្យ​មួយ​លើ​ដំណើរ​ការចរចា​ប្រាក់​ខែ​អប្បបរមា និង​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​វិវាទ​ការងារ ដែល​ក្រសួង​ការងារ​បាន​សន្យា​កាលពី​ខែ​តុលា​។ នៅក្នុង​លិខិត​នោះ​បាន​សរសេរ​ថា​៖ «​រយៈពេល​ ៥ ​ខែ​បាន​កន្លង​ផុត​ទៅ គឺ​មាន​ការជឿន​លឿន​តិចតួច​ប៉ុណ្ណោះ នៅ​ក្នុង​ការបំពេញ​ការ​ប្តេជ្ញា​ចិត្ត​ទាំងនោះ​ពី​រដ្ឋាភិបាល​របស់​អ្នក​»​។

ក្រុម​នេះ​រួមមាន​សមាគម​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក (Apparel & Footwear Association) និង​ក្រុមហ៊ុន Ethical Trading Initiative​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ស្នើឱ្យ​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ពិភាក្សា​អំពី​កង្វល់​របស់​ខ្លួន​។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ថ្លែង​ថា​៖ «​ភាសា​ភាគច្រើន​នៅក្នុង​លិខិត​នោះ គឺ​មិន​ទាក់ទង​ហើយ​មិន​តំណាង​ឱ្យ​ការពិត​ទេ​»​។ លោក​ថ្លែង​ថា​ក្រសួង​បាន​លុបចោល​បម្រាម​ដែល​បាន​ស្នើសុំ​ធ្វើការ​ស្រាវជ្រាវ​រួចហើយ​ក៏​ដូចជា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិវាទ​ការងារ​។ លោក​សួរ​ថ្លែង​ថា​៖ «​ក្រសួង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ពិតប្រាកដ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​នៅពេល​ដែល​យើង​បាន​ទទួល​លិខិត​នោះ​ជា​ផ្លូវការ​»​។

ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ដែល​មាន​កម្មករ​ជាង ៧០ ម៉ឺន​នាក់​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​កំពុង​បញ្ចុះបញ្ចូល​ឱ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ និង​អ្នក​បញ្ជា​ទិញ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា បាន​ធ្វើឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​។

លោកស្រី​ មូរ សុខហួរ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា​៖ «​ស្ថានភាព​នយោបាយ វា​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ទាំង​នោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​»​។ លោកស្រី​ថ្លែង​នៅ​ក្នុង​សារ​មួយ​ថា​៖ «​ការមិន​អើពើ ចំពោះ​ការអំពាវនាវ​របស់​ពួកគេ​ទាក់ទង​នឹង​សកម្មភាព​ជាក់លាក់​ណា​មួយ វា​អាច​នាំ​ឱ្យ​ពួកគេ​ដក​ចេញ​។ វា​មិន​ល្អ​ទេ សម្រាប់​ឧស្សាហកម្ម​នេះ​នៅពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​»​។

លោក ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​អន្តរជាតិ បាន​លើក​ឡើង​ថា​លោក​ចូលរួម​ចែករំលែក​ក្តី​ព្រួយបារម្ភ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​រួមមាន​ទាំង​កង្វះ​ភាពជឿន​លឿន​លើ​ការដោះស្រាយ​ការផ្តល់​អនុសាសន៍​ដែល​លើក​ឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​កាលពី​ខែ​កក្កដា​។

លោក​ ថារ៉ូ ​បាន​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​សកម្មភាព​ណាមួយ​នៅឡើយ​ទេ ទាក់ទង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ផែនការ​នោះ​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​អាច​នឹង​ពិចារណា​ហើយ​នឹង​ចាត់​វិធានការ​សំខាន់ៗ​ដើម្បី​កែលម្អ​ និង​ដោះស្រាយ​កង្វល់​ទាំង​នេះ​»​។

នៅក្នុង​លិខិត​របស់​ខ្លួន​ក្រុម​នេះ​ក៏​បាន​រិះគន់​ដល់​ច្បាប់​សហជីព​ដ៏ចម្រូងចម្រាស​ផង​ដែរ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៦ ដែល​បាន​បញ្ជាក់​ថា​រោងចក្រ​អាច​តំណាង​ដោយ​សហជីព​តែ​មួយ​ប៉ុណ្ណោះ​។

ក្រុម​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការយាយី​ដល់​សកម្មជន​ការងារ​មួយ​ចំនួន​ផង​ដែរ ដូចជា​លោក មឿន តុលា ប្រធាន​អង្គការ​សិទ្ធិ​ការងារ​ហៅ​កាត់​សង់ត្រាល់ និង​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​ពួកគេ​ទាំង​ ២ ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ប្រឈម​នឹង​ការចោទ​ប្រកាន់​៕ NS


Contact author: Daphne Chen

What Next?

Recent Articles