តា​អាយុ ៧០​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ហៅ​ទៅ​សួរ ហើយ​ដោះ​លែង​វិញ រឿង​និយាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​លោក​ ហ៊ុន សែន​

លោក តា ម៉ា រី ត្រូវ​សមត្ថ​កិច្ច​ខេត្ត​កំពត​នាំ​ខ្លួន​ទៅ​សាក​សួរ​កាលពីម្សិល​មិញ។ រូប​ថត សហការី​




ភ្នំពេញប៉ុស្តិ៍

កំពតៈ ភ្លាម​ៗ​បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋ​មន្ត្រី តាអាយុ​ ៧០ ​ឆ្នាំ​ម្នាក់ ​​​ដែល​ជា​អតី​ត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​​ទៅ​​សាក​សួរ និង​​​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ​​​ ពាក់​ព័ន្ធនឹង​ការ​និយាយ​ព័ត៌មាន​មិន​ពិត​ អំពី​ដំណើរ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​អូស្ត្រាលី​​ កាលពី​ចុង​សប្តាហ៍​មុន។

សមត្ថកិច្ច​បាន​​បញ្ជាក់​ថា លោក​តា​រូប​នេះ ​មាន​ឈ្មោះ​ ម៉ា​ រី អាយុ​ ៧០​ ឆ្នាំ ទើប​​តែ​​សឹក​ពី​ព្រះ​សង្ឃ​ កាល​ពី​កន្លះ​ខែ​មុន។ គាត់​ត្រូវ​បាន​ប៉ូលិស​ខេត្ត​កំពត​ ចុះ​ទៅ​នាំ​ខ្លួន​ពី​ផ្ទះ​ប្រពន្ធ​ចុង​ នៅ​ក្នុង​​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុកកំពង់ត្រាច យក​ទៅ​សាក​សួរ​។

ការហៅ​មក​សាក​សួរ​​ម្សិល​មិញ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​​​​ប៉ុណ្ណោះ ក្រោយ​ពី​​មានការ​បញ្ជា​ផ្ទាល់​ ពី​លោក ​ហ៊ុន សែន ដែល​លោកបាន​ថ្លែង​ក្នុង​ពេល​ជួប​សំណេះ​សំណាល ជាមួយ​កម្មករ​កម្មការិនីរោង​ចក្រ​កាត់​ដេរ។

លោក​នាយក​រដ្ឋ​មន្ត្រី​​ថ្លែង​ថា៖ «​តាម​រក​អាមួយ​ហ្នឹង​ ហៅ សង្ឃ ម៉ារី។ យើង​មាន​រូប​មុន​ពេល​បួស។ សង្ស័យ​អានេះ​កោរ​ត្រង៉ោល​ដាក់​ស្បង់​ចេះ​តែ​ទៅ​អត់​មាន​វត្ត​ពិត​ប្រាកដ។ អា​នេះ​ភូត​ប្រចាំ​ត្រកូល ហើយ​ភូត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពី​មុន​ភូត​ថា​ ដល់​ត្រឹម​នេះ​គេ​ធ្វើ​អីចេះ​ដល់​ត្រឹម​នេះ​ធ្វើ​អីចេះ។​ អាថ្ងៃ​ឯង​ចេញ​ពី​នេះ​ វា​ថា ​ឯង​គេច​ចេញ​ពី​អ្នក​កាសែត​រត់​ឡើង​កប៉ាល់​ហោះ។ អានេះ​ឆ្កួត​វា​ឆ្កួត។ ឯង​ទៅ​ប្រជុំ​តាំង​ពីព្រឹក​»។

ដោយ​​អះអាង​ថា​ ជន​នេះ​​ អាច​​ជា​ចារកម្ម​នោះ​ លោក​​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​បន្ត​ថា៖​«តាមការ​ស្មាន​របស់​ខ្ញុំ​ អានេះ​មិន​មែន​លោក​សង្ឃ​ទេ។ រូប​ថ្មីៗ​យើ​ង​រក​ឃើញ។ មិន​មែន​ជា​សិទ្ធិព័ត៌មាន​ទេ​អានេះ។ អានេះធ្វើ​ចារកម្ម។ មុន​​ទៅ(អូស្ត្រាលី)​​អាម៉ាសៀ​នេះ​ វា​បោក​ថា លោក ​ហ៊ុន​ សែន ​ទៅ​នេះ ​ត្រូវ​គេ​ចាប់។ ​ផុត​ពី​គេ​ចាប់​ គេ​ថា​ ទៅ​ចរចា។ ចាំ​តែ​ចរចា​ទៅ ហ៊ុន ​សែន​អត់​ត្រូវ​ការ​ចរចា​ជាមួយ​អ្នក​ណា​ទេ»។

លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុរិទ្ធ​​ ស្នងការ​​​ខេត្ត​កំពត​ បាន​ថ្លែង​ថា សមត្ថកិច្ច​​របស់​លោក​ មិន​បាន​ចាប់​ខ្លួន​តា​ឈ្មោះ ម៉ា រី នេះ​ទេ គ្រាន់​តែ​ហៅ​មក​សាក​សួរ​ប៉ុណ្ណោះ រួច​ដោះ​លែង​វិញ។ លោក​និយាយ​ថា​៖ «យើង​អញ្ជើញ​គាត់​ គឺ​គាត់​កំពុង​នៅ​ផ្ទះ​ប្រពន្ធ​ចុង​ទី២​របស់​គាត់។ ឃាត់​ខ្លួន​ទាល់​តែ​មាន​បទ​ល្មើស»។ ដោយ​បដិសេធផ្តល់​ព័ត៌មាន​​លម្អិត​លើ​ការ​សាកសួរ លោកស្នង​ការ​​បាន​ថ្លែង​ថា ឈ្មោះ ម៉ា រី ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​សាក​សួរចប់។

លោក ជ័យ រិទ្ធី មេប៉ុស្តិ៍​ ឃុំ​ព្រែក​ក្រឹស បាន​ឲ្យ​ដឹង​ថា ឈ្មោះ ម៉ារី មិន​សូវ​ចូល​មក​រស់​នៅ​ក្នុង​ភូមិឃុំ​នេះ​ទេ យូរៗ​មក​ម្តង។ លោក រិទ្ធី​និយាយ​ថា៖ «គាត់​មិន​មែន​លោក​សង្ឃ​ទេ តែ​ពេល​ខ្លះ​នៅ​ផ្ទះ​ គាត់​យក​ស្បង់​ជីពរ​មក​គ្រង​ធ្វើ​លោក​សង្ឃ។​ ពេល​គាត់​ទៅ​ណា​ឆ្ងាយ គាត់​ដាក់​ស្បង់​ជីពរ​ទៅ​តាម។ ផ្ទះ​គាត់​នៅ​ជិត​វត្ត។ ពេល​គាត់​មក​ដល់​ផ្ទះ​គាត់​សំងំ​នៅ​តែ​ផ្ទះ សូម្បី​អ្នក​ជិត​ខាង​ក៏​គាត់​មិនដែល​ទៅ​ជិត​ផង»។

លោក តូច សុវណ្ណ អធិការ​​​ស្រុក​ដំណាក់​ចង្អើរ ​ខេត្តកែប បាន​​ឲ្យ​ដឹង​ដែរ​ថា ​តា​ឈ្មោះ ម៉ារី នេះ ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​​អូរដូង ​ឃុំពង​ទឹក​ ស្រុក​ដំណាក់​ចង្អើរ ខេត្ដកែប។ គាត់​មាន​ប្រពន្ធ និង​កូន​ចំនួន​ ៥​នាក់។ គាត់​ធ្លាប់​បាន​បួស​​ពីរ​ដង ហើយ​ចុង​ក្រោយ​ទើប​តែ​បាន​សឹក​កាល​ពី​កន្លះ​ខែ​មុន។ លោក​បាន​បញ្ជាក់​ដែរ​ថា តា ម៉ារី ក៏​មាន​ប្រពន្ធ​នៅ​ស្រុក​ដង​ទង់​ផង​ដែរ ហើយ​កាលពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​រំលាយ គាត់​គឺ​ជា​សកម្មជន​សកម្ម​ម្នាក់ ប៉ុន្តែ​មិន​បាន​ឈរ​ជា​បេក្ខជន​អ្វី​ទេ៕


Contact author: នៀម ឆេង

What Next?

Recent Articles

2 Responses to "តា​អាយុ ៧០​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ហៅ​ទៅ​សួរ ហើយ​ដោះ​លែង​វិញ រឿង​និយាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​លោក​ ហ៊ុន សែន​"

  1. ?? says:

    all I can say is >>> be aware of this sick dog please…….GOD bless Cambodian

  2. Anonymous says:

    These dogs have no respect for babies or seniors, just be ware of dogs!!!!!!!!!!!!!!!!!!!!!!

Leave a Reply

Submit Comment