ពលរដ្ឋខេត្ត​ព្រះវិហារ បារម្ភ​​ពី​​ជីវភាព ពេល​​ដែល​​សត្វ​​គោ​​របស់​គាត់​​នៅ​​តែ​​បន្ត​​ងាប់​​​មិន​ដឹង​មូលហេតុ​

ដោយ តាំង សារ៉ាដា
2018-03-20
RFA

ផែនទី​ខេត្ត​ព្រះវិហារ (Photo: RFA)
ផែនទី​ខេត្ត​ព្រះវិហារ (Photo: RFA)


អ្នកភូមិ​បារម្ភថា ប្រសិនបើ​ករណីនេះ នៅ​តែ​កើត​ឡើងបន្តទៀត នឹងបណ្តាលឱ្យប៉ះពាល់ដល់ជីវភាព​ ព្រមទាំង​សុខភាព​របស់​​​ពួក​គាត់​ថែម​ទៀត។ អាជ្ញាធរ​មូលដ្ឋាន​​បញ្ជាក់​ថា ពួក​គេ​នឹង​ស្រង់​ទិន្នន័យ​​សត្វ​គោ​ដែល​ងាប់ និង​​បាត់​​ឱ្យ​បាន​​ច្បាស់ ហើយ​នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ជំនាញ។

ប្រជាពលរដ្ឋនៅឃុំសង្កែ២ អំពាវនាវ​ឱ្យ​មន្ត្រីជំនាញ របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​​ស្រាវជ្រាវ​​រក​ការ​ពិត អំពី​មូលហេតុ ដែល​បណ្តាល​ឱ្យ​សត្វ​គោ​របស់​អ្នក​ភូមិ​រាប់​សិប​ក្បាល​ងាប់​​ជា​​បន្ត​បន្ទាប់។ អ្នក​ភូមិ​​ខ្លះ​ថា បើ​ទោះ​បី​ជា​​ពួក​គាត់​​ត្រូវ​ប្រឈម​​បញ្ហា​​ងាប់​​សត្វ​​ពាហនៈ​​រយៈ​ពេល​​ជាង ២​ខែ​​ទៅ​ហើយ​​ក្តី ប៉ុន្តែ​មិន​ទាន់​មាន​​មន្ត្រី​ជំនាញ​​ណា​ម្នាក់​​ចុះ​ណែនាំ​ពី​វិធី​​ការពារ ឬ​បង្ហាញ​អំពី​មូលហេតុ​​ពិត​ប្រាកដ​​​ឡើយ។

ពលរដ្ឋនៅភូមិជោគជ័យ ឃុំសង្កែ២ លោក ជុំ សុភឿត ឱ្យដឹងថា ​បច្ចុប្បន្ន​សត្វគោ​របស់អ្នក​ភូមិ​ជា​ច្រើន​ក្បាល​​នៅ​តែ​​បន្ត​ងាប់​​រហូត​ ចាប់​តាំង​ពី​ខែ​មករា​មក។ លោក​បន្ត​ថា​ នៅ​ភូមិ​ជោគជ័យ សត្វ​គោ​​ជាង ២០​​ក្បាល​បាន​ងាប់ ហើយ​ជា​ច្រើន​ក្បាល​ទៀត​កំពុង​បាត់ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ ទោះ​បី​ពលរដ្ឋ​​មិន​ទាន់​អាច​បញ្ជាក់​​ពី​មូលហេតុ​បណ្តាល​ឱ្យ​សត្វគោ​ងាប់​ក៏​ដោយ​ ប៉ុន្តែ​​កន្លង​​មក អ្នក​ភូមិ​ដាក់​​ការ​​សង្ស័យ​ថា អាច​​ពាក់ព័ន្ធ​​​ក្រុមហ៊ុន​​ស្ករ​អំពៅ​ចិន​ឈ្មោះ ហេង ហ្វូ នៅ​តំបន់​នោះ ព្រោះ​​សត្វគោ​​របស់​​អ្នក​ភូមិ​​តែងទៅ​​​ស៊ី​ចំណី​នៅ​តំបន់​​ចម្ការ​​អំពៅ​របស់​ក្រុមហ៊ុន​ជា​ប្រចាំ។ ពលរដ្ឋ​ដដែល លើក​​ឡើង​​ទៀត​ថា អ្នក​​​ភូមិ​សម្រេច​លក់​​សត្វគោ​របស់​ខ្លួន​​មួយចំនួន ព្រោះខ្លាច​ងាប់​បន្តទៀត​។

លោក សុភឿត បញ្ជាក់ថាចំពោះ​សត្វគោដែលងាប់កន្លងមក អ្នកភូមិបានយកទៅបរិភោគ ប៉ុន្តែ​លោក​បារម្ភ​អំពី​បញ្ហានេះ ព្រោះ​អាចបណ្តាលឱ្យមានជំងឺ និងប៉ះពាល់ដល់សុខភាព​របស់​ពលរដ្ឋ ពិសេស​ក្មេងៗ ក្នុង​ភូមិតែម្តង«ប្រជាពលរដ្ឋ​គាត់​មានការ​ព្រួយបារម្ភច្រើន ព្រោះអីរកមិនទាន់ឃើញគោ។ អីចឹងបារម្ភថាមិនដឹងថា​គោរបស់គាត់​ងាប់​អស់​ប៉ុន្មាន​ក្បាល​ ហើយនៅសល់ប៉ុន្មានក្បាល។ មានការព្រួយបារម្ភដល់សុខភាព ដល់អាយុជិវិត»។

​តំណាង​ពលរដ្ឋនៅភូមិសំបូរ លោក ផាវ យ៉ន មានប្រសាសន៍ថា ​ក្នុងចំណោមគោ​របស់លោកចំនួន ​២១​ក្បាល គឺ​ងាប់អស់ ៣​ក្បាល និង​បាត់ចំនួន ៥​ក្បាល។ លោកបន្ថែមថា ​នៅ​ក្នុង​ភូមិ​របស់គាត់ ​គោដែលងាប់ មានចំនួន ៣០ ទៅ ៤០​ក្បាល និងរាប់សិបក្បាលផ្សេងទៀតបាត់​ ដោយខ្លះរកឃើញ​ងាប់​ក្នុងព្រៃ និង​ខ្លះបាត់​មិនទាន់រកឃើញទេ។ លោក ផាវ យ៉ន បញ្ជាក់ថា អាការៈ​សត្វ​គោមុនពេល​ងាប់ គឺ​មាន​លក្ខណៈ​ហើម​ពោះ ឈឺ​ជើង និង​មាន​ឈាម​​មក​​តាម​មាត់ និង​គូទខ្លះ​ដែរ នៅ​​ពេល​​វា​​ដួល​​ដល់​ដី«មានការព្រួយបារម្ភ​ច្រើន​ព្រោះ​វា​មិន​ទាន់​​ផុត​ងាប់​ផង នៅ​​តែ​ងាប់​ជា​បន្ត​បន្ទាប់»។

ឃុំសង្កែ២ មាន​ភូមិចំនួន បី ហើយភូមិដែលកំពុង​ប្រឈម​បញ្ហាសត្វគោងាប់ មានតែពីរភូមិប៉ុណ្ណោះ គឺ​ភូមិ​ជោគជ័យ និង​​ភូមិសំបូរ។ ប្រជាជន​នៅ​ឃុំ​សង្កែ ២​សរុប​ មាន​ចំនួនជិត បួនរយគ្រួសារ ​(៣៨៥) ហើយ​ពលរដ្ឋ​ដែលចិញ្ចឹមសត្វគោមាន​ប្រមាណ ៨០​ភាគរយ។

ជាទម្លាប់របស់ពលរដ្ឋ​មួយចំនួន​ក្នុងឃុំសង្កែ​ តែងលែងសត្វគោក្របីរបស់ពួកគាត់ ចោលក្នុងរដូវ​ប្រាំង ហើយ​​រដូវ​វស្សា​ទើប​នាំ​គ្នា​ដើរ​​រក និង​ប្រមូល​ចូល​ផ្ទះ​វិញ។ ប៉ុន្តែ​អ្នកភូមិខ្លះ​ទៀត​ចេញ​ទៅ​ឃ្វាល​រាល់​ថ្ងៃ​តែម្តង។ ពលរដ្ឋនាំគ្នា ចិញ្ចឹម​សត្វគោ ព្រោះអាចលក់ដោះស្រាយជីវភាពគ្រួសារ​បាន​មួយគ្រាៗ ពិសេសនៅពេលតម្រូវការចាំបាច់ ដូច​ជា​មាន​សមាជិក​ឈឺ ឬ​លក់​​ដោះដូរ​សម្ភារៈ​​ប្រើ​ប្រាស់​​ក្នុង​គ្រួសារ។ បន្ថែម​ពី​នេះ អ្នក​ភូមិ​ក្នុង​ឃុំ​សង្កែ​​២ ​មាន​ទម្លាប់​មួយ គឺ​នៅ​ពេល​​រៀបចំ​មង្គលការ​​កូន​​ប្រុស​ស្រី គឺ​ឪពុក​ម្តាយ​ខាង​កូន​ស្រី តែង​ទាមទារ​​​សត្វ​គោ​​​មួយ​​ក្បាល ដើម្បី​យក​មក​រៀបចំ​ពិធី និង​​ជា​​ថ្លែ​​បណ្ណាការ​​ខ្លះ​ផង។

មេឃុំសង្កែ២ លោក ខៀវ យ៉េនទទួលស្គាល់ថា ​សត្វគោរបស់អ្នកភូមិ​ពិតជា​ងាប់​ជា​បន្តបន្ទាប់​​ប្រាកដ​​មែន ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​​មិន​ទាន់​ដឹង​​ពី​មូលហេតុ​ពិត​ប្រាកដ​ទេ។ យ៉ាង​នេះក្តី លោក​​សន្និដ្ឋាន​​ថា សត្វគោ​​ទាំង​នោះ មិន​មែន​ពុល​ថ្នាំ​ឡើយ ប៉ុន្តែ​ជា​ជំងឺ​​ដែល​​កើត​​ឡើង​​ចំពោះ​សត្វគោ​តែ​ម្តង ប៉ុន្តែ​​លោក​មិន​ទាន់​​អាច​​បញ្ជាក់​បាន​​ថា ​ជា​​ជំងឺ​អ្វី​។ លោក​ថា លោក​ធ្លាប់​បាន​រាយការណ៍​បញ្ហា​នេះ តាម​រយៈ​​ពេទ្យ​​សត្វ​នៅ​​មូលដ្ឋាន​​ទៅ​មន្ត្រី​ជំនាញ​ស្រុក ខេត្ត ហើយ​គេ​​ក៏​​បាន​​បញ្ជូន​ថ្នាំសម្រាប់​ចាក់​បង្ការ​ខ្លះ​ដែរ។ មេឃុំរូបនេះ មិនទាន់​ដឹងថា​មាន​ចំនួន​សត្វគោ​ងាប់​ប៉ុន្មាន​ក្បាលទេ។ យ៉ាងណាក៏ដោយខាងលោក​​នឹង​ស្រាវជ្រាវ​ករណី​នេះ ហើយ​ផ្ញើ​របាយការណ៍​ទៅ​មន្ត្រីជំនាញ និង​អាជ្ញាធរ​ស្រុក ដើម្បី​រិះរក​វិធីជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ពលរដ្ឋ​ពេល​នេះ«ជួយរាយការណ៍​ទៅដល់ជំនាញ​​ដល់កសិកម្ម ដែលទទួលបន្ទុក​ពេទ្យស្រុកអី ណាបង»។

លោក ខៀវ យ៉េន អះអាង​ថា កន្លងមក ករណី​ងាប់គោច្រើនបែបនេះ មិនធ្លាប់កើតមានទេ ហើយ​​​លោក​បារម្ភថា​ប្រសិនបើគ្មានវិធានការទប់ស្កាត់ សត្វគោ​ក្របី​របស់​អ្នក​ស្រុក​នឹង​ងាប់​​បន្ថែម​​ទៀត។

មន្ត្រី​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មើល​​ឃើញ​​ថា របៀប​​ធ្វើ​ការ​​របស់​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​​មន្ត្រី​​ជំនាញ​កសិកម្ម គឺ​​មាន​​ភាព​យឺតយ៉ាវ ​មិន​បាន​​យក​ចិត្ត​​ទុក​​ដាក់​​ចំពោះ​​បញ្ហា​​ប្រឈម​​របស់​​ពលរដ្ឋ​។ លោក​យល់​ថា មន្ត្រី​ជំនាញ​​គប្បី​មាន​​វិធានការ​ជា​បន្ទាន់ ដើម្បី​​ឆ្លើយ​តប​​ទៅ​​នឹង​​សេចក្តី​ត្រូវការ​​របស់​​ពលរដ្ឋ​ពេល​នេះ ម្យ៉ាង​​​បង្ហាញ​ពី​​ប្រសិទ្ធ​ភាព​​ការងារ​​ប្រកប​​ដោយ​​អភិបាលកិច្ច​​ល្អ​​ផង​​ដែរ«ករណីនេះ វាមិន​មែន​​ជា​ករណី​​ដែល​​ត្រូវ​សម្ងំ​ទុក មិន​ចាត់ការ​ទេ។ ជាសមត្ថកិច្ច​ខាងជំនាញ ហើយ​ជា​ពិសេស​ខាងក្រសួងកសិកម្ម​ ខាងពេទ្យសត្វអីហ្នឹង គឺគួរតែចុះទៅធ្វើកោសល្យវិច័យ ពិសេស​ឱ្យ​បាន​ជាក់លាក់​ច្បាស់​លាស់​ ដើម្បី​ឱ្យ​ពន្យា​ពេល​វេលា»។

ប្រជាសហគមន៍​នៅឃុំសង្កែ លើកឡើងថា ចាប់តាំងពីក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ និង​​ក្រុមហ៊ុន​​ដែល​ជា​​បុត្រ​​សម្ព័ន្ធ​​របស់​ខ្លួន​មួយ​ចំនួន​ទៀត មានវត្តមាន​នៅ​ក្នុង​ខេត្តព្រះវិហារ គឺ​បង្កផល​​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ជាហូរហែ។ ផល​ប៉ះពាល់​ទាំងនោះ​ ដូចជា​បាត់បង់​ដីធ្លី ដី​សហគមន៍ និង​បាត់បង់​មុខរបរ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។ បាត់​បង់​​​​កន្លែង​​លែង​គោ​ក្របី ​ពីព្រោះ​​តំបន់​​មួយ​​ចំនួន ​ត្រូវ​បាន​ក្រុមហ៊ុន​កាន់កាប់។ ជាងនេះទៀត ស្រូវ​ដែលអ្នកភូមិ​បង្កបង្កើនផល​ក្បែរដី​ក្រុមហ៊ុន គឺ​​ឈ្មួញ​​មិន​​ហ៊ាន​​ទទួល​​ទិញ​​ឡើយ ក្រោម​​​ហេតុផល​​ថា​​មាន​​ផ្ទុក​​សារធាតុ​គីមី។ លើសពី​នេះ​ទៀត​ ក៏បង្ក​ប៉ះពាល់​​ដល់​ការ​ប្រើប្រាស់​ទឹក​ស្ទឹង​របស់​ពលរដ្ឋ និង​​ប៉ះពាល់​​ដល់​​បរិស្ថាន​​ទៀត​ផង​ ដូចជា​ករណី​បង្ហូរ​កាក​សំណល់​​​​មាន​​សារធាតុ​​ពុល​​ចេញ​​ពី​​ក្រុមហ៊ុន ចូល​​ទឹក​ស្ទឹង បណ្តាល​​ឱ្យ​​មាន​​ត្រី​​ងាប់​រាប់​ម៉ឺន​ក្បាល ​កាល​​ពី​ឆ្នាំ​២០១៧ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles