ពលរដ្ឋមាន​ជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខែត្រ​ក្រចេះ​ជាង ២​រយ​នាក់ ជួប​ជុំ​គ្នា​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយវិវាទដីធ្លី

ដោយ ម៉ៅ សុធានី
2018-03-20
RFA

សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo courtesy of Fresh News
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo courtesy of Fresh News


ពលរដ្ឋរងគ្រោះដីធ្លីនៅឃុំពីរធ្នូ ស្រុកស្នួល ដែលរងការបង្ក្រាបដោយហិង្សាពីសំណាក់​យោធា​កាល​ពី​ដើម​ខែ​មីនា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មីនា​ថា អ្នក​ភូមិ​ជាង ២​រយ​នាក់​​បាន​​ជួប​ជុំ​​គ្នា​នៅ​ភូមិជើងឃ្លេ ឃុំពីរធ្នូ កាលពីថ្ងៃទី ១៩មីនា ដើម្បីទទូចឲ្យអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ច និងដោះស្រាយបញ្ហាមួយចំនួន ខណៈលំនៅឋានពួកគាត់ជាច្រើនខ្នង និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ត្រូវអាជ្ញាធរដុតកម្ទេចចោល និងហាមពលរដ្ឋមិនឲ្យចេញចូលទីតាំងដីដែលធ្លាប់រស់នៅកន្លងមក។

ពលរដ្ឋរស់នៅឃុំពីរធ្នូថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពលរដ្ឋឈរហាលថ្ងៃក្តៅជាច្រើនម៉ោង ដើម្បីអង្វរឲ្យអាជ្ញាធរឲ្យរកដំណោះស្រាយការលំបាករបស់ពួកគាត់ ព្រោះ​ពួក​គាត់ភាគច្រើនកំពុងប្រឈមជីវភាពខ្វះខាត គ្មានជម្រកស្នាក់នៅ និង ខ្វះស្បៀងអាហារជាដើម។ ក៏ប៉ុន្តែពុំឃើញមានអាជ្ញាធរណាចុះជួបពលរដ្ឋនោះទេ មាន​តែ​តំណាង​ក្រុមហ៊ុន​អម​ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ មកជូនដំណឹងឲ្យពួកគាត់រំសាយ បើពុំដូច្នេះទេគេនឹងចាប់ដាក់គុក៖ «ទាំង​ខែត្រ​ទាំង​ស្រុក និងឃុំគេអត់ខ្វល់ដល់ពួកខ្ញុំប៉ុន្មាន​រយ​គ្រួសារ​ហ្នឹង​ទេ។ សម្តេចគាត់អត់យកចិត្តទុកដាក់ខាងអាជ្ញាធរប្រើគ្រាប់កាំភ្លើងបាញ់ផង បែរជាទៅខ្វល់ខ្វាយរឿងនៅប្រទេសក្រៅគេដុតទីម៉ោងរួបគាត់។ គាត់ឈឺចាប់ តែ​គាត់​មិន​ងាក​មក​មើល​ពលរដ្ឋឈឺចាប់ផង គេដុតផ្ទះ និងទ្រព្យសម្បត្តិគ្មានសល់។ ដល់ពេលយើងនិយាយរឿងចឹង គេថាយើងបក្សប្រឆាំង»។

លោកបន្ថែមថា កុមារជាច្រើននៅតំបន់នោះប្រឈមបោះបង់ការសិក្សា ដោយសារងគ្រោះវិបត្តិ​ដីធ្លីនេះ ហើយយុវជនខ្លះបង្ខំចិត្តបោះបង់ការសិក្សាដើម្បីរកការងារធ្វើចិញ្ចឹមជីវិត។ លោក​ថា ពលរដ្ឋដែលមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចជាង ២រយគ្រួសា (២៣២) ភាគច្រើន​ជាពលរដ្ឋមានជីវភាពធូរធា និងមានខ្សែបក្សពួកជាអាជ្ញាធរឃុំផង។ ចំណែក​ពលរដ្ឋដែល​​ពុំមានដីធ្លីពិតប្រាកដ អាជ្ញាធរមិនដោះស្រាយ ដោយផ្តល់ដីសម្បទានសង្គមកិច្ចនោះទេ៖ «ក្មេងៗ អត់មានបានការសិក្សា បើផ្ទះ​សម្បែង​ម៉ែ​ឳ​មិន​ដឹង​នៅ​ណា​រក​គោលដៅ​មិន​ពិតប្រាក។ អត់មានគិតគួរពីពលរដ្ឋ ចង់នណាអត់ស៊ីម៉េចៗទៅ។ ពលរដ្ឋរកអង្កមិនបាន»។

កាល​ពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋជាង ២​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦ បំណង​ស្នើសុំ​​ឲ្យ​​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​ផល​ដំណាំ តែ​​ត្រូវ​​អាជ្ញាធរ​​ខែត្រ​ក្រចេះ ភាគ​​​ច្រើន​​ជា​​​យោធា​​​រាប់​​រយ​​នាក់ ប្រដាប់​​អាវុធ​​​គ្រប់​​ដៃ​​បាន​​បាញ់​​រះ​​មក​​លើ​​ពលរដ្ឋ។ ក្រោយ​ពី​ការ​បាញ់​រះ សាក្សី​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ​ត្រូវ​អាជ្ញាធរ​គំរាម និង រឹតត្បិត​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ មន្រ្តីសិទ្ធិមនុស្សអះអាងថា មានពលរដ្ឋបីនាក់រងរបួសធ្ងន់និងស្រាល។

មេឃុំពីរធ្នូ លោក ប៉ឹង វិន និយាយថា ដំណោះស្រាយវិវាទដីធ្លីនៅតំបន់នោះធ្វើឡើង សម្រាប់តែអ្នកមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចជាង ២រយគ្រួសារ (២៣២) ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋដែលនៅសេសសល់ សុទ្ធសឹងជាពលរដ្ឋចំណាកស្រុកទើបតែមកតាំងទីលំនៅ និងចាប់ដីរស់នៅក្នុងបរិវេណក្រុមហ៊ុន បង្ក​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ៖ «ពិបាកណាស់ ជូនកាលអ្នកទើបមកថ្មី។ ខ្លះគាត់ទិញដីគេអី។ ពិបាកណាស់។ គាត់អត់មាននៅក្នុងឃុំផង នៅអីណានោះ»។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់ក្រុមគ្រួសាររបស់លោកហ៊ុន សែនទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈ​ពេល ៥០​ឆ្នាំ។

អ្នកភូមិថា ក្រោយពីអាជ្ញាធរបង្ក្រាបដោយហិង្សាដោយយកកាំភ្លើងបាញ់រះមកលើពលរដ្ឋ បង្ក​ឲ្យ​ពួក​គាត់​ខ្លាច​រអា​ក្នុង​ការ​ទាមទារ​ស្វែងរក​ដំណោះស្រាយ និង​លំបាក​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់ ដោយសារ​គណបក្ស​ជំទាស់​ត្រូវ​លោក ហ៊ុន សែន រំលាយ។ ចំណែក​ប្រព័ន្ធ​តុលាការ​ក៏​ជា​បក្ស​ពួក​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles