លោក ហ៊ុន សែន ថារដ្ឋាភិបាលនឹងរងគ្រោះធ្ងន់ធ្ងរបើទប់ស្កាត់ថៅកែរត់ចោលកម្មករមិនបាន

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 4:49 PM
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅក្រសួងពាក់ព័ន្ធទប់ស្កាត់ឲ្យ​មានប្រសិទ្ធិភាពករណីថៅកែរោងចក្រ កាត់ដេរសំលៀកបំពាក់បិទទ្វាររត់ចោលដោយមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ដោយថា ដើម្បីកុំឲ្យរដ្ឋាភិបាលរងគ្រោះកាន់តែខ្លាំង។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកម្មករនៅថ្ងៃទី២១ ខែមីនានេះ លោក ហ៊ុន សែន មានប្រសាសន៍ថាតាមរយៈការដោះស្រាយពេលកន្លងមកមានថៅកែរោងចក្រមួយចំនួនជំពាក់ប្រាក់អត្ថប្រយោជន៍កម្មករខ្លះ រហូតដល់១ម៉ឺនដុល្លារ ដែលលោកថា បញ្ហានេះនឹងធ្វើឲ្យរដ្ឋាភិបាលមានវិបត្តិធ្ងន់ធ្ងរ ប្រសិនបើទប់ស្កាត់មិនមានប្រសិទ្ធភាព។

លោកបន្ថែមថា«នេះជារឿងមួយដែលមិនសាមញ្ញ ហើយមិនធម្មតាទេត្រូវរកវិធីដោះស្រាយបញ្ហានេះ [ថៅកែ]ហាក់ដូចជាបានជំពាក់កម្មករ លេងកម្មករខ្លះដល់១ម៉ឺនដុល្លារណោះ កម្មករខ្លះ៣ទៅ៤ពាន់ដុល្លារណោះ អញ្ចឹងដល់ពេលថៅកែរត់ចោលយើងទទួលខុសត្រូវ ថៅកែរត់ចោលយើងទទួលខុសត្រូវ ថ្ងៃក្រោយរដ្ឋាភិ បាលគឺជារដ្ឋាភិបាលរងគ្រោះ»

លោកនាយករដ្ឋមន្រ្តី បានប្រាប់ទៅមន្រ្តីក្រោមឱវាទឲ្យរកវិធីដោះស្រាយដោយតម្រូវឲ្យថៅកែត្រូវទូរទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករក្នុង២ទៅ៣ខែម្តង ឬត្រូវតម្កល់ប្រាក់អត្ថប្រយោជន៍ទាំងនោះនៅធនាគារ។

លោកបន្ថែមថា«ខ្ញុំបានចារទៅលើចំណាឲ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមន្នីរ័ត្ន ដឹកនាំការប្រជុំដើម្បី ដើម្បីដោះស្រាយបញ្ហានេះមិនត្រូវទុកចោល។ ជាប្រាក់បៀរវត្សជំពាក់១ខែមានអីច្រើន វាអត់ច្រើនទេ ប៉ុន្តែបញ្ហាធំជាងគេគឺជុំពាក់ប្រាក់អតីតភាព ប្រាក់នេះ ប្រាក់នោះ បើអញ្ចឹងរឿងនេះវាត្រូវដោះស្រាយដូចម្តេច? ឥលូវឧទាហណ៏បើគាត់[ថៅកែ]មិនទាន់បើកឲ្យទេ គាត់រុញប្រាក់ហ្នឹងមកតម្កល់នៅធនាគារមក»

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសាទរចំពោះយន្តការរដ្ឋាភិបាលនេះ ប៉ុន្តែលោកថា ដើម្បីទប់ស្កាត់បញ្ហានោះមានប្រសិទ្ធភាពលុះត្រាតែមន្រ្តីក្រោមឱវាទទាំងនោះអនុវត្តច្បាប់បានត្រឹមត្រូវ។

លោកថា ករណីថៅកែរត់ចេញទៅក្រៅប្រទេស គឺមានតិចតូចជាងករណីថៅកែបិទទ្វាររត់ចោល ដោយប្តូរ ឈ្មោះ និងទីតាំងទៅបង្កើតរោងចក្រថ្មី ដើម្បីគេចវេសការទូទាត់សំណង ដែលលោកថា បញ្ហានេះកើតឡើង ដោយសារអំពើពុករលួយរវាងថៅកែ និងមន្រ្តីខិលខូចមួយចំនួន។

លោកបន្ថែមថា«ការអនុវត្តមិនពិបាកទេ ទី១ក្នុងករណីក្រុមហ៊ុនហ្នឹងវាអត់មានអីវ៉ានធ្វើ ឬក្រុមហ៊ុនចង់រត់គឺ ក្រុមហ៊ុនហ្នឹងវានៅក្នុងស្រុកខ្មែរទេ វានៅសុំបញ្ជីពីក្រសួងពាណិជ្ជកម្មវាមិនអាចធ្វើអ្វីបានទេ អញ្ចឹងក្នុងករណី បើក្រុមហ៊ុនទាំងអស់ហ្នឹងអត់មានអីវ៉ានធ្វើ ឬចង់ដួលរលំគឺត្រូវអនុវត្តតាមច្បាប់ក្សៃធនហ្នឹងទៅ។អញ្ចឹងមន្រ្តី របស់ក្រសួង ឬក៏តុលាការ និងមន្រ្តីរបស់រដ្ឋទាំងអស់ហ្នឹងគាត់អនុវត្តទៅតាមវិធានការច្បាប់ឲ្យបានត្រឹមត្រូវខ្ញុំ គិតថាវាមានប្រសិទ្ធភាពហើយ។ប៉ុន្តែកុំឲ្យតែមន្រ្តី ឬក៏ក្រុមពួកនោះជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយក្រុមហ៊ុនអា ហ្នឹងទើបមានបញ្ហា»។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់​មាត់​កាលពីថ្ងៃទី២១កុម្ភៈ ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយលោក បានប្រកាសផ្តល់ថវិកាបុរេប្រទានជាង ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ទៅដោះស្រាយសំណងជូនកម្មករ​ចំនួន ៤ ១៤៦​នាក់ បម្រើការងារនៅរោងចក្រចំនួន ៩ បន្ទាប់​ពី​ថៅកែ​បិទ​ទ្វារ​​រោងចក្រ​រត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជូនពួកគេ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles