លោក ហ៊ុន សែន បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដុត​ទីងមោង​រូប ហើយ​ថា លោក​នឹង​មិន​លើកលែង​ទោស​អ្នក​នយោបាយ​ទេ

នយោបាយ

រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)


21 មិនា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក ហ៊ុន សែន បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដុត​ទីងមោង​រូប ហើយ​ចោទ​ថា លោក សម រង្ស៊ី ជា​អ្នកអុចអាល ដូច្នេះ​លោក​នឹង​មិន​លើកលែង​ទោស​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំឃាំង​ទេ។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រកាសយ៉ាង​ដាច់ណាត់​ថា​ ​លោក​នឹង​មិន​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ ​ឬ​បន្ធូរ​បន្ថយ​ទោស​ ​ដល់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ណា​មួយនោះ​ទេ​ ​ដោយ​ថា​ ​មេដឹក​នាំ​របស់​ពួក​គេ​ ​គឺ​លោក​ ​សម រង្ស៊ី​ ​បា​ន​ញុះញង់​ឲ្យមា​ន​ការ​ដុត​រូប​ថត​ ​និង​ទីងមោង​ ​ប្រឆាំង​នឹង​វត្តមាន​របស់​លោកនៅ​ប្រទេស​អូស្រ្តាលី​ ​កាល​ពី​សប្តាហ៍​មុន។​

ក្នុងពិធីជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ ​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៥​ ​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ប្រតិកម្ម​ទៅ​នឹង​អ្នក​ដែល​បាន​ដុតរូប​លោក ​ដោយ​ចោទថា​ អតីតមេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​អ្នក​នយោបាយ​ដែល​មិន​មាន​ភាព​អត់ធ្មត់​ ​និង​ថា​ ​បាន​ចាញ់​ល្បិច​លោក​ ​ដោយ​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី​ដុត​រូប​របស់​លោក​ ​កាល​ពី​សប្តាហ៍​មុន។​

លោក​បន្ថែម​ថា​ ​ការ​ថ្លែង​របស់​លោក​ដែល​ថា ​នឹង​តាម​វាយ​ដល់​ផ្ទះ​ចំពោះ​នរណា​ដែល​ហ៊ាន​ដុត​រូប​របស់​លោក​នៅ​ប្រទេស​អូស្រ្តាលី​ ​កាល​ពី​ពេល​លោក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អូស្រ្តាលី កាលពី​ថ្ងៃទី​១៧-១៨​ ​ខែ​មីនា​នោះ​ ​គឺ​ជា​ល្បិច​ពន្យុះឲ្យ​មាន​ការ​ដុត​រូប​ ​និង​ថា​ ​ការ​ដុតរូប​នេះ​ ​ជាមូលហេតុ​ដែលលោក​មិន​លើក​លែង​ ​ឬ​សុំ​បន្ធូរ​បន្ថយ​ទោស​សម្រាប់​សមាជិក​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដឹង​ថា​ គន្លឹះ​នៅ​នឹង​ដៃ​ ​ហ៊ុន សែន​ ​ហើយ​ទៅ​ដុតរូប​ ​ហ៊ុន សែន​ ​វា​មិន​ចប់។​ ​មិន​មែន​ ​ហ៊ុន សែន​ ​ដាក់​អន្ទាក់​ទេ ​ក៏​ប៉ុន្តែ​អ្នក​ឯង​ទៅ​ផុត​គំនូស​ក្រហម​ទៅ​ហើយ។​ ​អីចឹង​បាន​សេចក្តី​ថា ​អ្នក​ឯង​ស្ទើរ​ភ្លើង​ណាស់​ខាង​នយោបាយ។​ អ្នកឯង​គួរ​មាន​ការ​អត់ធ្មត់ ​ហើយ​អ្នកឯង​សុំ​ទទូច​ចរចា​ល្អ​ជាង​… ​ព្រោះ​អាពួក​នេះ​វា​ចូលចិត្ត​តែ​និយាយ​ [ហាម] ស្អី ​ធ្វើ​ហ្នឹង!​ ​យើង​ថា​ ​ស​ ​វា​ថា​ខ្មៅ។​ ​អីចឹង​ទេ​យើង​ថា​ ដុត​រូប​ រឿង!​ អានេះដុតរូប​ផ្ចាញ់​មែន! ចូល​មែន!»

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា ​កន្លង​មក​លោក​បាន​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោសអតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​មួយរូប​ តែ​លោក​ថា ​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បាន​និយាយ​ថា ​ការ​ដោះលែង​នោះ​ជាសម្ពាធ​ពី​អន្តរជាតិ។​ ដូច្នេះ​លោក​ថា ​ដោយ​យោង​លើ​មូលហេតុ​ទាំង​នេះ​ លោក​នឹង​មិន​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ ឬ​បន្ធូរ​បន្ថយ​ទោស​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ណា​មួយ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ឯង​ដោះ​លែង​ ​ហុង សុខហួរ​ ​មួយ​ ​គេ​ថា​ អាហ្នឹង​សម្ពាធ​អន្តរជាតិ។​ ​អើ!​ ​អីចឹង​ ​ បើ​កាលណានៅ​តែ​បន្ត​អាធុន​ហ្នឹង​ ​អញ​មិន​លើកលែង​ឲ្យ​អាណា​ទេ​ ប្រាប់​ឲ្យ​ហើយ​ទៅ!​ ជាប់​គុក​ឲ្យ​គ្រប់​ ​ហើយ​មិន​បាច់​បញ្ចូល​ក្នុង​អាអី​លើកលែង​ទោស​ទេ។​ ​ព្រោះ​អា​ខ្លះ​សាលក្រម​អត់ទាន់​ចូល​ស្ថាពរ​ទេ​ ​នៅ​ក្តី​នៅ​ឡើយ​ទេ ​ទុក​នៅ​ហ្នឹង! ​ព្រោះ​អាមេ​វា​ហ្នឹង​ព្រហើន​ពេក។ ​យើង​លើកលែង​ទោស​ឲ្យ​មួយ​ ​ដោយ​សារ​ការ​សុំ​ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ ​យើង​ក៏​បាន​លើកលែង​ទោស​ឲ្យ។​ ​ប៉ុន្តែ​អា​មេ​វា​នោះ​ ​វា​ថា​ ដោយ​សារ​សម្ពាធ​អន្តរជាតិ។​ ​អីចឹង​ទុក​ហ្អែង​ទាំងអស់»។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​ ​ដែល​បាន​ធ្វើឡើងក្នុង​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្រ្តាលី​ ​រវាង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ ​ដោយ​មាន​អូស្ត្រាលី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។​ ​ខណៈ​កិច្ច​ប្រជុំ​កំពុង​ដំណើរ​ការ​ ​គេ​ឃើញ​មានអង្គការ​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​អូស្ត្រា​លី​ ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​នៅ​ឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ​ ​បាន​ទទូច​ឲ្យមាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី បាន​នាំ​គ្នា​ដុត​រូប​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យអ្នក​ដុត​រូប​របស់​លោក ប្តូរ​ទៅដុត​រូបនាគ​ ឬ​វាយ​កម្ទេចរូប​នាគ​នៅ​តាម​វត្ត​អារាម​នានា​វិញ។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)

ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី បាន​នាំ​គ្នា​ដុត​រូប​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យអ្នក​ដុត​រូប​របស់​លោក ប្តូរ​ទៅដុត​រូបនាគ​ ឬ​វាយ​កម្ទេចរូប​នាគ​នៅ​តាម​វត្ត​អារាម​នានា​វិញ។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)


ប្រមាណ​ជា​ពីរ​សប្តាហ៍​ មុន​ការ​ចាប់​ផ្តើម​ប្រជុំ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ព្រមានពី​កម្ពុជា​ទៅ​ថា​ នឹង​តាម​វាយ​ដល់​ផ្ទះ​ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ណា​ ​ដែល​ដុត​ទីងមោង​រូប​លោក​ ​នៅ​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី។​ ​ក្រោយ​ការ​ព្រមាន​មិន​ប៉ុន្មាន​ថ្ងៃ​ផង​ ​គេ​ឃើញប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ ​កាណាដា​ ​និង​អូស្ត្រាលី​បាន​នាំ​គ្នា​ដុត​ទីង​មោង​រូបលោក ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋា​ភិបាល​កម្ពុជា។​ យ៉ាងណា​ក៏​ដោយ​គេសង្កេត​ឃើញថា ​មិន​មាន​ការ​ដុត​ទីង​មោង​រូប​លោកក្នុងបាតុ​កម្ម​នៅពេល​ដែល​ ​លោក​ ​ហ៊ុន សែន​ ​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​នោះ​ទេ។​

អ្នកស្រី​ ​មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​និង​ដែល​កំពុង​ភៀស​ខ្លួន​ និង​ស្នាក់នៅ​ឯ​បរទេស​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធនេះ​ថា​ ​លោក​ ​សម រង្ស៊ី​ ​និង​គណបក្ស​ប្រឆាំងមិន​បាន​ស្ថិត​នៅ​ពីក្រោយ​ការ​ដុត​រូប​ថត​របស់​លោក​ ​ហ៊ុន សែន​ ​កាលពី​សប្តាហ៍​មុន​នោះ​ទេ។ ​លោក​ស្រី​បន្ថែម​ថា​ ​ការ​ថ្លែង​ព្រមាន​តាម​វ៉ៃ​ដល់​ផ្ទះ​ ​និង​សកម្មភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ទៅ​វិញ​ទេ​ ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅទី​នោះ​ដុត​រូប​របស់​លោក។

លោកស្រី​ ​មូរ សុខហួរ​ ​មាន​ប្រសាសន៍​ថា៖

«ដើម​ចម​នៃ​បញ្ហា​ ​អ្នកណា​អ្នក​ទៅ​គំរាម​កំហែង​សិទ្ធិ​រស់នៅ​ ​សិទ្ធិ​បញ្ចេញ​មតិ​ ​សិទ្ធិ​ជួបជុំ​នៃ​ប្រជាពល​រដ្ឋ​អូស្រ្តាលី?​…​ ​មិនចាំ​បាច់​លោក​ប្រធាន​ សម រង្ស៊ី​ ​ទៅ​ញុះញង់​ទេ។​ ​គេ​ធ្វើ​ដោយសារ​គេ​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សិទ្ធិ​ ​មាន​សេរីភាព​ ​ហើយ​គឺ​ជា​ឧត្តម​គតិ​នៃ​ពលរដ្ឋ​ដែល​គេ​រស់ក្នុង​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ដែល​គេ​អាច​បញ្ចេញ​ ហើយ​និង​យក​សិទ្ធិ​សេរីភាព​របស់​គេ​យក​ទៅ​ប្រើ»។​

លោក​ ​សម រង្ស៊ី គឺជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​ ដែល​បង្កើត​ឡើង​ក្រោយពី​តុលាការបាន​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​នោះ។​ ​ការរំលាយ​នេះ​ធ្វើឡើង​ក្រោម​បទ​ចោទ​ប្រកាន់​ថា ​គណបក្ស​នេះ​មាន​ពាក់ព័ន្ធ​នឹង​បរទេស​ ​ដើម្បី​រៀប​គម្រោង​ផ្តួល​រំ​លំ​រដ្ឋា​ភិបាល​កម្ពុជា។​ ​ខណៈ​កំពុង​នៅ​បរទេស​ ​លោក​ ​សម រង្ស៊ី​ ​តែងរិះគន់ខ្លាំងៗ​ មិន​សំចៃ​មាត់​ ប្រឆាំង​នឹងរដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​រហូត​លោក​នាយក​រដ្ឋមន្រ្តី​មាន​ការ​ជេរ​ប្រមាថ និងឌឺដងទៅវិញជា​ច្រើន​ដង។​

ចំណែកលោក​ ​អ៊ូ ច័ន្ទរ័ត្ន​ ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ហើយដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស ​បានលើកឡើង​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ មិនគួរ​យក​កំហឹង​ផ្ទាល់​ខ្លួន​ជាមួយ​លោក​ ​សម រង្ស៊ី​ ​មក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ទេ។​ ​លោកអ៊ូ ច័ន្ទរ័ត្ន ដែលត្រូវ​បាន​តុលាការ​ព្យួរ​សិទ្ធិ​នយោបាយ​ដែរ​នោះ​ បន្ថែម​ថា​ ​ការ​ប្រើប្រាស់កំហឹង​ជះ​លើ​អ្នក​ដែល​កំពុង​ឃុំខ្លួនបែប​នេះ​ ​មិនមានប្រយោជន៍ណា​មួយ​សម្រាប់​ដំណោះស្រាយ​បញ្ហា​ជាតិ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖

«រឿង​អ្នកទោស​ ​គ្នា​អត់មាន​ពាក់ព័ន្ធ​អីនឹង​រឿង​ដុតទីង​មោង​ហ្នឹង​ទេ។ ​ហើយ​បើ​ខឹង​ឯកឧត្តម សម រង្ស៊ី ​ឯណោះ​ ​ហើយ​មក​បន្តឹង​ទៅលើអ្នកទោស​ ​ខ្ញុំថា​ ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។​ ​អ្នកទោស​គួរតែ​ត្រូវ​បាន​ទទួល​ការ​សណ្តោស​ពី​ប្រមុខ​រដ្ឋាភិបាល​ ​ព្រមទាំង​ព្រះ​មហា​ក្សត្រ​ផង​ ​ព្រោះ​អ្នក​ទោស​មនសិកា​នេះ​ ខ្ញុំ​យល់​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្នា​ណាស់។ ​វាជា​រឿង​តិចតួច​សោះ​ ​ហើយ​បាន​ដាក់​ទោស​គ្នា​រហូត​ដល់មាន៧​ឆ្នាំ​ ​រហូត​ដល់​២០​ឆ្នាំ​អី។​ ​ខ្ញុំគិត​ថា​ វា​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ទោស​ទាំងអស់​ហ្នឹង​ណាស់»។​

រហូត​មក​ដល់​ពេល​នេះ​ ​សកម្មជន​នយោបាយ​ ​មន្ត្រី​ ​និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ ​យ៉ាង​ហោច​ណាស់​ជាង​២០រូប​ ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។​ ​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​កាត់​ទោស​ជា​បន្ត​បន្ទាប់​ចាប់​ពី​ឆ្នាំ​២០១៥​មក​ ទាក់ទង​នឹង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ​រាប់​ចាប់​តាំង​ពី​ការ​បង្ក​អំពើ​ហិង្សា​ ​និង​ការ​កកូរ​កកាយ​រឿង​ផែនទី​ ​និង​ព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ។​

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងនោះ​ ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​គឺ​លោក​ ​មាជ សុវណ្ណារ៉ា​ និង​លោក​ ​អ៊ុំ សំអាន។​

ចំណែក​លោក​ ​ហុង សុខហួរ​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​បារាំង​ ​ហើយ​ដែលកន្លងមកត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារ​បញ្ហា​ព្រំដែន​ ​នោះ​ ត្រូវ​បាន​ដោះលែង​ ​បន្ទាប់​ពីលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​សុំឲ្យ​ព្រះ​មហា​ក្សត្រលើកលែង​ទោស​ ​កាល​ពី​ចុង​ខែ​តុលា​ ​ឆ្នាំ​២០១៧។​ ​ការ​លើក​លែង​ទោស​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ​ហុង សុខហួរ​ ​បាន​សរសេរលិខិតពី​ក្នុង​ពន្ធនាគារ​ ​សុំ​ទោស​លោក​នាយក​រដ្ឋ​មន្រ្តី៕

What Next?

Recent Articles