ដោយ អាស៊ីសេរី
2018-03-21
បុរសវ័យចំណាស់ឈ្មោះ ម៉ារី ត្រូវសមត្ថកិច្ចចាប់ខ្លួនសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីមានបទបញ្ជារបស់លោក ហ៊ុន សែន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ Photo Facebook
សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ភ្លាមៗ ក្រោយពីមានការបញ្ជារបស់លោក ហ៊ុន សែន ដែលចោទប្រកាន់បុរសនោះថា ផ្សព្វផ្សាយព័ត៌មានមិនពិតថា លោក ហ៊ុន សែន បរាជ័យទាំងស្រុងក្នុងកិច្ចប្រជុំកំពូល អាស៊ានអូស្ត្រាលី។
ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ត្រូវកាសែតក្នុងស្រុកដកស្រង់សម្ដីថា សមត្ថកិច្ចបានចាប់ខ្លួនបុរសឈ្មោះ ម៉ារី អាយុ ៧២ឆ្នាំនេះ នៅ ភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ព្រោះជនសង្ស័យនេះបានដើរនិយាយភូតកុហកថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសអូស្ត្រាលីទទួលភាពបរាជ័យទាំងស្រុង។
ចំណាត់ការរបស់ លោក ហ៊ុន សែន នៅពេលនេះគឺក្រោយពេលលោកបរាជ័យមិនបានតាមវាយពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលដុតរូបទីងម៉ោងលោកដល់ផ្ទះ ប៉ុន្តែមេដឹកនាំក្រាញអំណាចរូបនេះ បែរបង្ហាញការខឹងសម្បាទៅនឹងបុរសវ័យចំណាស់ម្នាក់ដែលនិយាយថា លោកបរាជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងថែមរត់គេចពីអ្នកកាសែត។
លោក ហ៊ុន សែន និយាយទាំងញ័រមាត់ក្នុងពេលចុះជួបកម្មករថ្ងៃទី២១ ខែមីនា ថា ការនិយាយ របស់បុរសម្នាក់នេះ យកការងារជាតិមកភូតកុហកដែលនេះមិនមែនជាសិទ្ធិនៃការធ្វើព័ត៌មានទេ ប៉ុន្តែសកម្មភាពនេះគឺការធ្វើចារកម្ម៖ «យើងបានស្គាល់លោកឯងហើយ អភិបាលខេត្តកែប តាមអាណឹងមួយថ្ងៃហ្នឹង តាមរកអាមួយហ្នឹង»។
លោក ហ៊ុន សែន ក៏បានអួតអាងថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី កាលពីចុងសប្ដាហ៍មុនគឺមានពលរដ្ឋខ្មែរមកគាំទ្រ និងស្កាត់ជួបលោកជាងមួយពាន់នាក់ ប៉ុន្តែ អ្នកធ្វើបាតុកម្មប្រឆាំងរូបមានតែជាងមួយរយនាក់ប៉ុណ្ណោះ។
ប៉ុន្តែផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីដែលចុះ ទៅយកព័ត៌មាននៅប្រទេសអូស្ត្រាលីដែរនោះ មើលឃើញថា កិច្ចប្រជុំដដែលនោះ គឺពិតជាបានញាំញីដោយបាតុកម្មប្រឆាំង ក្រុមមេដឹកនាំផ្ដាច់ការមកពីអាស៊ាន ពិសេសកម្ពុជា។
ជាងនេះទៅទៀត ក្រុមបាតុករប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន គឺមានច្រើនជាងក្រុមបាតុករមកពីប្រទេសផ្សេងទៀត ដែលអ្នកទាំងនោះមានជាងមួយពាន់នាក់ មិនដូចការនិយាយរបស់លោក ហ៊ុន សែន ឡើយ។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ហេង ភារៈ ប្រាប់ថា លោកមិនទាន់ដឹងពីមូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនបុរសឈ្មោះ ម៉ារី នេះនៅឡើយទេ។ លោកថា សមាគមអាដហុក កំពុងឃ្លាំមើលករណីនេះ និងតាមដានដំណើររឿងដោយយកចិត្តទុកដាក់ព្រោះសំណុំរឿងប៉ះពាល់និងលោក ហ៊ុន សែន៖ «អាដហុកកំពុងតែបន្តឃ្លាំមើលថាតើ ជាករណីអ្វីពិតប្រាកដ ថាតើការឃាត់ខ្លួនជាករណីអ្វីពិតប្រាកដ»។
នេះមិនមែនជាលើកទីមួយទេដែលរបបលោក ហ៊ុន សែន ចាប់ខ្លួនពលរដ្ឋរបស់ខ្លួនដែលហ៊ាននិយាយរិះគន់ និងនិយាយពីចំណុចអវិជ្ជមានរបស់របបលោក។ កាលពីពេលថ្មីនេះ ស្ត្រីម្នាក់ ឈ្មោះ សំ សុខា ដែលបានរត់គេចខ្លួនទៅដល់ប្រទេសថៃ ករណីយកស្បែកជើងគប់រូបលោក ហ៊ុន សែន និងរូបលោក ហេង សំរិន ត្រូវរបបលោក ហ៊ុន សែន សហការជាមួយសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនទៅដាក់ពន្ធនាគារនៅប្រទេសកម្ពុជាវិញ ទោះបីលោកស្រីទទួលបានសិទ្ធិជាជនភៀសខ្លួនក៏ដោយ៕