អ្នកវិភាគចាត់ទុកការប្រកាសជំហរជាថ្មីរបស់​លោក ហ៊ុន សែន បិទ​ផ្លូវ​ចរចាជា​ការ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ

ដោយ យន់ សាមៀន
2018-03-21
វិទ្យុអាស៊ី​សេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


អ្នកវិភាគនយោបាយ ចាត់ទុកការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​បិទ​​ផ្លូវ​​ចរចា​​ជាមួយ​គណបក្ស​​​ប្រឆាំង គឺ​​ជា​​ការ​​ខាត​​បង់​​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ទាំង​មូល។ អតីត​មេ​បក្ស​​ប្រ​ឆាំង ធ្លាប់​ព្រមាន​ថា បើ​លោក ហ៊ុន សែន មិន​ព្រម​ចរចា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ អាច​នឹង​​ត្រូវ​​ទម្លាក់​ពី​តំណែង។

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ ​ហៅការសម្រេចចិត្តបិទផ្លូវចរចា​ជាការសម្រេច​ចិត្ត​ខុស​របស់ លោក ហ៊ុន សែន។ លោក វិភាគថា មន្ត្រីក្នុងជួរគណបក្សកាន់អំណាច និងមន្ត្រីបក្ស​ប្រឆាំង សុទ្ធតែខក​ចិត្ត​ចំពោះ​​ការ​​បិទ​​ផ្លូវ​​ចរចារ​បែប​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​ខាត​បង់​​ប្រយោជន៍​​ពលរដ្ឋ​​ទាំង​​មូល​៖ «ជាសរុបខ្ញុំយល់ឃើញថា ការបិទផ្លូវចរចានេះ ជាការ​សម្រេច​ចិត្តមួយដែលខុសឆ្គងហើយ ប្រសិនបើគ្មានការកែប្រែក្នុងកម្រិតណាមួយ ដែល​អាច​​ទទួល​​​យក​បាន​ទេ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កាន់​​តែ​​ធ្លាក់​​ដុន​ដាប​​ទៅៗ ជា​ពិសេស ​នៅ​​​មុន​ថ្ងៃ​បោះឆ្នោត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញដែលបានក្រាញ​អំណាចជាង​ ៣០ឆ្នាំ​មក​នេះ ​បានប្រកាសជំហរជាថ្មី នៅព្រឹកថ្ងៃទី ២១ មីនា ថា​មិនចរចា​ និងមិនត្រូវ​ការ​លើក​លែងឲ្យអ្នក​នយោ​បាយបក្សប្រឆាំង ដែលកំពុងជាប់​ពន្ធ​នាគារ​ដាច់​ខាត។ លោក ហ៊ុន សែន ប្រាប់មូលហេតុថា ការ​​​ប្រកាសជំហរបិទច្រកចរចារ ដោយ​សារ​លោក​ខឹង​សម្បារ នឹង​អ្នកដុត​​ទីមោងរូបលោក នៅប្រ​ទេស​អូស្ត្រាលី។​ ដំបូង លោក ហ៊ុន សែន ព្រមាន​តាមវាយអ្នកដុតទីមោងរូបលោក ដល់ផ្ទះ ប៉ុន្ដែ​ក្រោយ​ពេលពលរដ្ឋនាំគ្នាដុតទីមោង មេដឹក​នាំ​របប​ក្រុងភ្នំពេញ ហៅសកម្មភាពនោះ ថាជាការ​យក​ដែក​គោលវាយលើក្ដារមឈ្ឈូសរបស់​គណបក្ស​ប្រឆាំងនៅកម្ពុជា៖ «ហ៊ុន សែន អត់ត្រូវ​ការចរចា​ជាមួយ​នរណា​ទេ។ ចរចា​​ជាមួយ​អា​អ្នក​ជាប់​គុក មិន​ចរចា​ទេ​ជាមួយ​អា​ក្រុម​ជាប់​គុក ដែល​ត្រូវ​គេ​រំលាយ​ហើយ គឺ​គ្មាន​ការ​​ចរចា អ្នក​ណា​ចង់​ធ្វើអី​ធ្វើ​ទៅ។ ដឹង​ថា គន្លឹះ​នៅ​លើ​ដៃ​ ហ៊ុន សែន ហើយ​ទៅ​ដុត​រូប ហ៊ុន សែន វា​​មិន​ចប់។ មិន​មែន ហ៊ុន សែន ដាក់​អន្ទាក់​ទេ ក៏​ប៉ុន្ដែ​អ្នក​ឯង​ទៅ​ផុត​គំនូសក្រហម​ទៅ​ហើយ។ អ៊ីចឹង​បាន​​សេចក្តី​ថា អ្នក​ឯង​ស្ទើរ​ភ្លើង​ណាស់ ខាង​នយោបាយ។ អ្នក​ឯង​គួរ​មាន​ការ​អត់ធ្មត់ ហើយ​អ្នក​ឯង​សុំ​​ទទូច​​ចរចា​​ល្អ​ជាង។ ប៉ុន្ដែ​ដល់​អ្នក​ឯង​វាយ​តាម​របៀប​ដុត​រូប ហ៊ុន សែន អ៊ីចឹង ហ៊ុន សែន ថែម​ទៀត​ថា ដួង​កែវ ហ៊ុន សែន នៅ​ហ្នឹង​រូប​នាគ អ៊ីចឹង​ទាល់​តែ​វាយ​រូប​នាគ​នៅ​វិហារ​លោក​ទាំង​អស់ អា​ហ្នឹង​បាន​សម្លាប់ ហ៊ុន សែន បាន។ ទៅ​វាយ​មើល បើ​មិន​លោក​ដាក់​រំបល់​យ៎»។

ពលរដ្ឋនៅប្រទេសអូស្រ្តាល និងអាមេរិក បាននាំគ្នាដុតរូបទីងមោងលោក ហ៊ុន សែន ដើម្បី​ទាម​ទារ​​ឲ្យ​​លោក​គោរពសិទ្ធិមនុស្ស និង​ដោះ​លែង​អ្នក​ទោស​នយោបាយ។

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ធ្លាប់ប្រកាសទាមទារឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​​ពីតំណែង ទើប​យកព្រមរកដំណោះស្រាយនយោបាយ។ លោក សម រង្ស៊ី ប្រកាស​ទុកផ្លូវពីរ ឲ្យ​លោក ហ៊ុន សែន គឺ​ចុះ​ចេញ​ពី​តំណែង ដោយសារ​ស្ម័គ្រ​ចិត្ត ឬ​ដោយសារ​ចាប់​បង្ខំ៖ «ជៀស​មិន​ផុត​ទេ ទាន់​ឥឡូវ​ស្ថានការណ៍​​អាច​​អំណោយ​​ផល ឲ្យ​មាន​ការ​ចរចា​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ដោយ​ស្ម័គ្រ​ចិត្ត។ តែ​បើ​គាត់​មិន​ព្រម គាត់​​នៅ​​តែ​អូស​បន្លាយ ស្ថានការណ៍​នឹង​ប្រែប្រួល ហើយ​នឹង​បង្ខំ​ឲ្យ​គាត់​ចុះចេញ​ពី​តំណែង ទោះ​ជា​គាត់​​មិន​ចង់ គាត់​ចង់​ក្រាញ​ទៀត តែ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ»។

នេះមិនមែនជាលើកទី១ ទេ ដែល​លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​បិទ​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​​ប្រឆាំង។ អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ជឿជាក់​ថា នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រសិន​បើ​​ទណ្ឌកម្ម ឬ​ស្ថានការណ៍​ណា​មួយ​តម្រូវ មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ នឹង​ប្រកាស​បើកផ្លូវ​ចរចារ​ជា​​មិន​ខាន ព្រោះ​លោក​ធ្លាប់​ឮ​លោក ហ៊ុន សែន គំរាម​បែប​នេះ​ច្រើន​ដង​ហើយ ខណៈ​ដែល​លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ថា នយោបាយ​បត់បែន​លឿន​ណាស់។ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ប្ដេជ្ញា​ការពារ​ព្រៃ​ឈើ​មិន​បាន​កាត់​ក​ខ្លួន​ឯង​ចោល​ដែរ តែ​ធ្វើ​មិន​កើត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles