កម្ពុជា​ មាន​បំណង​ចង់​បង្កើត​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ

លោក​ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ទន្លេ​មេគង្គ​នៅ​សៀមរាប​។ រូបថត សហការី


and
ភ្នំពេញប៉ុស្តិ៍

សៀមរាបៈ ​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​សម្លឹង​មើល ចង់​បង្កើត​​សេចក្តី​​ព្រាង​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ប្រទេស​ម៉ាឡេស៊ី​បាន​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​ហើយ​ការធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​កើត​មានឡើង​បន្ទាប់ពី​មាន​ការបង្ក្រាប​មួយ​ក្នុង​ចំណោម​ការបង្ក្រាប​ដ៏អាក្រក់​បំផុត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​។

ការប្រកាស​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ច​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ក្នុង​ទីក្រុង​សៀមរាប​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិការ​ទន្លេមេគង្គ​កាលពី​ថ្ងៃ​ពុធ​។

ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន លោក អ៊ាង សុផល្លែត បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លោក Phuc បាន​ផ្តល់​ជា​យោបល់​ថា ការដោះដូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំង​ ២ គឺ​ត្រូវការ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​បង្ក​ការយល់​ខុស​រវាង​ប្រទេស​ទាំង​ ២​។ លោក សុផល្លែត បន្ត​ថា​៖ «​វា​សំដៅ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ព័ត៌មាន​ខុស​ ឬ​ព័ត៌មាន​ក្លែងក្លាយ​»​។ «​សម្តេច​បាន​យល់​ស្រប​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក សុខ ឥសាន បាន​ថ្លែង​ថា​ការ​ឯកភាព​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​នឹង​ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នោះ មាន​ន័យ​ថា​ក្រុម​ការងារ​បច្ចេកទេស​មួយ​នឹង​ពិនិត្យ​មើល​លើ​ការបង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព័ត៌មាន​មិន​ពិត​។

លោក​បាន​ថ្លែង​ថា​៖ «​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ដំបូង​ត្រូវ​ធ្វើ​ច្បាប់ ដើម្បី​ការពារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​និយាយ​ខុស ហើយ​ទី​ ២ ​វា​ជា​ផ្នែក​អេឡិចត្រូនិក និង​បច្ចេកទេស​ដើម្បី​ការពារ​មិន​ឲ្យ​វា​កើតឡើង​»​។

ការប្រកាស​បង្កើត​សេចក្តីព្រាង​ច្បាប់​នេះ​បាន​ធ្វើ​ឡើង ខណៈ​សភា​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​ដែល​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​វិធាន​ការដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​គឺ​ដាក់​ពន្ធនាគារ​រហូត​ដល់​ ៦ ​ឆ្នាំ និង​និយមន័យ​ស្រពេច​ស្រពិល​អំពី​អ្វី​ទៅ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​។

សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ការអនុម័ត​ពី​ព្រឹទ្ធសភា​នាពេល​ខាង​មុខ​ឆាប់ៗ និង​ត្រូវ​បាន​ឃើញ​ដោយ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ថា​ជា​វិធី​មួយ​សម្រាប់​នាយករដ្ឋមន្ត្រី Najib Razak ដែល​ពោរពេញ​ដោយ​អំពើ​ពុករលួយ បំបិទ​សំឡេង​អ្នក​រិះគន់​ពី​មុន​ពេល​ការបោះឆ្នោត​ជាតិ​នា​ខែ​សីហា​ខាង​មុខ​។

ស្រដៀង​គ្នា​នេះ​ដែរ​កម្ពុជា​ត្រូវ​បាន​ឃើញ​ថា មាន​ការបង្ក្រាប​មួយ​ក្នុង​ចំណោម​ការបង្ក្រាប​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ព្រម​ទាំង​គណបក្ស​ប្រឆាំង​។

កាសែត​ឌឹខេមបូឌាដេលី​ដែល​ជា​កាសែត​ឯករាជ្យ​មួយ​ត្រូវ​បាន​បិទ​ពាក់ព័ន្ធ​នឹង​ករណី​បំណុល​ពន្ធ ៦,៣ ​លាន​ដុល្លារ ហើយ​ស្ថានីយ​វិទ្យុ​ជាង​ ១០ ដទៃៗ​ទៀត​ត្រូវ​បាន​បិទ​ក្នុង​នោះ​រួមមាន​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​។

លោក​ សុខ ឥសាន ថ្លែង​ថា​៖ «​ប្រទេស​មួយ​ដែល​ជា​សមាជិក​អាស៊ាន​ធ្វើ​ច្បាប់​សម្រាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​ និង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បង្ក​ចលាចល​ក្នុង​សង្គម​នឹង​ប្រឈមមុខ​នឹង​ការពិន័យ​ចំនួន​ ១០ ម៉ឺន​ដុល្លារ ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ប្រហែល​ជា​ដឹង​»​។

ខណៈ​វា​មិន​ច្បាស់​ភ្លាមៗ​ថា​តើ​ព័ត៌មាន​ក្លែងក្លាយ​អ្វី​ដែល​លោក Nguyen Xuan Phuc កំពុង​សំដៅ​ទៅ លោក ឥសាន បាន​ថ្លែង​ថា​អ្នកវិភាគ​ម្នាក់​ដែល​មាន​និន្នាការ​នយោបាយ​បាន​សរសេរ​អំពី​កិច្ចប្រជុំ​សម្ងាត់​ និង​បិទទ្វារ មាន​ន័យ​ថា វា​ជា​ព័ត៌មាន​ក្លែងក្លាយ​។

លោក ឥសាន ប្រហែល​ជា​កំពុង​សំដៅ​ទៅ​អត្ថបទ​មួយ​របស់​កាសែត Asia Times ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ កាលពី​ខែ​មីនា​ ​ដែល​បាន​ស្រង់​ប្រភព​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​ឈ្មោះ ដោយ​ចោទ​ប្រកាន់​ថា សមាជិក​អ្នក​នយោបាយ​ជាន់​ខ្ពស់​វៀតណាម​ ២ ​នាក់​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ «​នៅ​ពី​ក្រោយ​ទ្វារ​បិទ​» ​ចំពោះ​ការ​បង្ក្រាប​របស់​លោក ហ៊ុន សែន ទៅ​លើ​គណបក្ស​ប្រឆាំង​។

អត្ថបទ​នេះ​បន្ត​ថា ​ការផ្លាស់ប្តូរ​ភូមិសាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​រក​ចិន​កំពុង​បង្ក​ឲ្យ​មាន​ការ​ប្រេះឆា​រវាង​ប្រទេស​ជិត​ខាង​ទាំង​ ២ ​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែង​ថា​លោក​មិន​បាន​ដឹង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​នេះ​ទេ ប៉ុន្តែ​លោក​ថា​ក្រសួង​មហាផ្ទៃ​បាន​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​លោកស្រី ចក់ សុភាព បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​កំពុង​ឃើញ​មាន​ការធ្វើ​ទុក​បុក​ម្នេញ​មួយ​ចំនួន​ទៅ​លើ​ការនិយាយ​ស្តី​តាម​អនឡាញ​នា​ឆ្នាំ​កន្លង​មក​ ខណៈ​លោកស្រី​យល់​ស្រប​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ត្រឹមត្រូវ​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ប៉ុន្តែ​នោះ​មិនមែន​តែងតែ​ជា​ករណី​កើតឡើង​នោះ​ទេ​។

លោកស្រី​បន្ត​ថា​៖ «​ទោះ​យ៉ាង​ណា​ក្តី​ពាក្យ​ «​ព័ត៌មាន​ក្លែងក្លាយ​» ​នៅ​អាមេរិក កម្ពុជា និង​កន្លែង​ដទៃៗ ជា​ញឹកញាប់​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​នយោបាយ ជាពិសេស​ដើម្បី​បំបិទ​ការរិះគន់​ចំពោះ​ការ​ធ្វើ​ខុស​របស់​ពួកគេ​»​។

លោក Ed Legaspi នាយក​ប្រតិបត្តិ​នៅ​អង្គការ Southeast Asian Press Alliance បាន​ថ្លែង​ថា​កម្ពុជា​ធ្វើ​តាម​គំរូ​របស់​ម៉ាឡេស៊ី​ដោយ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​ស្រពេច​ស្រពិល​ និង​ប៉ះពាល់​ទៅ​លើ​មនុស្ស​ជាច្រើន ហើយ​វា​កាន់​តែ​ជា​ការ​រឹតបន្តឹង​បន្ថែម​ទៀត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​សេរីភាព​តូច​ចង្អៀត​រួច​ទៅ​ហើយ​។

លោក​បន្ត​ថា​៖ «​ឥឡូវ​នេះ​យើង​នៅ​តែ​ចាត់ទុក​ថា សារព័ត៌មាន​កម្ពុជា​គឺ​មាន​សេរីភាព​ជាង​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​នឹង​រុញ​ប្រទេស​នេះ​ចូល​ទៅ​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ដែល​ត្រូវ​បាន​ស្គាល់​ថា​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»៕ PS


Contact authors: ម៉ិច ដារ៉ា and Ananth Baliga

What Next?

Recent Articles

One Response to "កម្ពុជា​ មាន​បំណង​ចង់​បង្កើត​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ"

  1. Phanna says:

    ខ្ញុំទ្រាំទ្រ​ គឺដើម្បីកាត់ទោសរបបដែលណូកែឆកប្លន់ដីរាស្ត្រ​ ក្លែងបន្លំឯកសារ​ សុីសំណូក​ លក់ជាតិ​ បំផ្លាញជាតិ​ សម្លាប់ប្រជាជនខ្លួនឯងនេះចេញ

Leave a Reply

Submit Comment