លោក កឹម សុខា ឲ្យអ្នកចង់ជូនពរពេលចូលឆ្នាំផ្ញើលិខិតនៅផ្ទះរបស់លោក​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោក កឹម សុខា អតីតប្រ​ធានគណបក្សប្រឆាំង (ហ្វេសប៊ុកលោក កឹម សុខា)


មេធាវីការពារក្តី​ឲ្យ​មេដឹកនាំអតីតបក្សប្រឆាំងថា លោក កឹម សុខា បានផ្តាំថា អ្នកគាំទ្រ​អាច​សរសេរ​ជាលិខិត​ផ្ញើសារ​ជូនពលរូបលោកបាន​ ប៉ុន្តែ​ត្រូវ​​យកលិខិតនោះ​ទៅ​ជូនភរិយារបស់​លោក​នៅ​ផ្ទះ ស្ថិតនៅខ័ណ្ឌទួលគក រាជធានីភ្នំពេញ​។

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា កូនក្តីរបស់លោកស្រី កាលពីថ្ងៃទី៤ ខែមេសានេះ បានផ្តាំផ្ញើតាមរយៈក្រុម​មេធាវីដែលទៅសួរសុខទុកនៅពន្ធនាគារត្រពាំងផ្លុងថា មុនចូលឆ្នាំខ្មែរខាងមុខ​នេះ បើអ្នកគាំទ្ររូប​លោក​ចង់សរ​សេរ​លិខិត​ផ្ញើសារជូនពរ អាចយកទៅ​ផ្ញើ​ភរិយា​របស់​លោកនៅផ្ទះ ស្ថិត​នៅ​ខ័ណ្ឌទួល​គក រាជធានីភ្នំពេញដោយថាសារនេះនឹងឭដល់រូបលោក។

លោកស្រីមានប្រសាសន៍ថា«បើស្រលាញ់ចូលចិត្តគាត់ ជិតចូលឆ្នាំថ្មីនេះ បើបងប្អូនប្រជាពលរដ្ឋចង់សរសេរសារលិខិតជូន គឺអាចយកលិខិតនោះទៅដាក់នៅផ្ទះរបស់គាត់ ភរិយារបស់គាត់និងជំរាបគាត់ អំពីលិខិតជូនពរដែលបងប្អូនប្រជាពលរដ្ឋសរសេរមកកាន់គាត់»

លើសពីនេះទៀត មេធាវីរូបនោះ បានច្រានចោលសម្តីមេធាវី ហែម សុជាតិ ដែលវិទ្យុអាស៊ីសេរី​​បាន​ដកស្រង់សម្តី លោក កឹម សុខា កាល​ពីថ្ងៃទី៤ ខែមេសានេះថា «សម្តែងសុទិដ្ឋិនិយមថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្នបាន គឺត្រូវការចរចារវាងភាគីគណ​​បក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា» ដោយថាសម្តីរបស់មេធាវី ហែម សុជា​តិ ​ជារឿង​របស់បុគ្គល។

ទោះជាបែបនេះក្តី VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីលោកមេធាវី ហែម សុជាតិ បានទេ​នៅថ្ងៃនេះ​។

លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​បន្ត​ទៀត បន្ទាប់​ពី​លោក​ត្រូវ​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ​នោះ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ឆ្នាំ​មុន។

លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕ លោក ណាត សុភាព

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles