ទាង បូរិនៈ រូប​គំនូរ​អប្សរា​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ




ភ្នំពេញប៉ុស្តិ៍

ភាព​លេចធ្លោ​នៃ​ស្នាដៃ​វិចិត្រកម្ម​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​ក្នុង​ស្រុក និង​បរទេស​បាន​ធ្វើ​ឱ្យ​កិត្តិស័ព្ទ​របស់​វិចិត្រករ​ខ្មែរ​មួយ​រូប​ល្បីល្បាញ​រហូត​ទាក់ទាញ​អង្គការ IKARE ដែល​មាន​សារមន្ទីរ​មត៌ក​ជាតិ​ខ្មែរ ​(The National Khmer Legacy Museum) នៅក្នុង​ទីក្រុង​សេនផល រដ្ឋមីនីសូតា​នាំ​យក​ស្នាដៃ​ស្ថាបត្យកម្ម​នោះ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​មួយ​ដែល​នឹង​រៀបចំ​នៅ​រដ្ឋ​មីនីសូតា សហរដ្ឋអាមេរិក​ក្នុង​ខែ​ឧសភា​ខាង​មុខ​។

លោក ទាង បូរិន ជា​វិចិត្រករ​ខ្មែរ​មួយ​រូប​ដែល​បច្ចុប្បន្ន​នេះ​បាន​យក​ពេលវេលា​របស់​ខ្លួន​ស្ទើរ​ទាំង​ស្រុង​មក​ចាប់ដៃ​កាន់​ជក់ ដើម្បី​គូរ​ផ្ទាំង​គំនូរ​នៅ​លើ​ផ្ទាំង​ក្រណាត់​សម្រាប់​ដាក់​តាំង​លក់ ព្រម​ទាំង​កំពុង​បង្កើត​ស្នាដៃ​ជាច្រើន​តាមរយៈ​រូបគំនូរ​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ និង​ភាព​រស់រវើក​។

លោក ទាង បូរិន រៀន​ជំនាញ​ស្ថាបត្យកម្ម​កាលពី​រៀន​នៅ​សាកល​វិទ្យាល័យ ប៉ុន្តែ​លោក​មិន​បាន​ប្រើប្រាស់​ជំនាញ​នោះ​ពេញលេញ​ឡើយ ខណៈ​ទីផ្សារ​ស្ថាបត្យកម្ម​ហាក់​ដូច​មិន​សូវ​អំណោយផល​លោក​ក៏​សម្រេចចិត្ត​អភិវឌ្ឍ​គូរគំនូរ ដែល​លោក​មាន​ទេពកោសល្យ​ស្រាប់​តាំងពី​នៅ​វ័យក្មេង​។

ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​ព្រីន​រូបភាព​ដែល​មាន​ទំហំ​ធំៗ​បាន​ដោយ​ងាយស្រួល​ឆាប់​រហ័ស និង​មាន​តម្លៃ ថោក ក៏​មាន​មនុស្ស​ជាច្រើន​នៅ​តែ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ទៅលើ​រូបភាព​ដែល​គូរ​ដោយ​ដៃ​ដដែល​។

បច្ចុប្បន្ន​នេះ​ស្នាដៃ​របស់​លោក បូរិន មិន​ត្រឹម​តែ​ទាក់ទាញ​ការចាប់​អារម្មណ៍​ពី​អតិថិជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្នាដៃ​នេះ​ក៏​បាន​ទាក់ទាញ​ការចាប់​អារម្មណ៍​ពី​អន្តរជាតិ​រហូត​ទទួល​បាន​ការគាំទ្រ​ពី​អង្គការ​នៅ​បរទេស​ទៀត​ផង​។

ក្នុង​សម្លៀកបំពាក់​អាវ​វៀល​ក្លៀក កំពុង​ផ្ចង់​អារម្មណ៍​ដើម្បី​បន្ថែម​ពណ៌​ទៅ​លើ​ផ្ទាំង​គំនូរ​បែប​បុរាណ​ (​រូប​អប្សរា​) ដែល​មាន​ទំហំ​ ១០០x១២០ ​សង់ទីម៉ែត្រ លោក ទាង បូរិន ដែល​មនុស្ស​ភាគច្រើន​ហៅថា «Din» ហើយ​បច្ចុប្បន្ន​ជា​ម្ចាស់​វិចិត្រសាល​គំនូរ DinArt Gallery បាន​ប្រាប់​ថា គំនូរ​បែប​បុរាណ​ខ្មែរ​ដែល​លោក​គូរ​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​បរទេស​។ ការ​គូរ​រូប​បែប​បុរាណ​ត្រូវ​ទាមទារ​នូវ​ភាព​ផ្ចិតផ្ចង់​ខ្លាំង​បំផុត ព្រោះ​វា​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​។ ការ​គូរគំនូរ​បែប​បុរាណ​ទាមទារ​នូវ​ការ​ប្រើ​រូបារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ដើម្បី​ឲ្យ​រូប​ដែល​គូរ​រួច​មាន​អត្ថន័យ ភាព​ទាក់ទាញ និង​លក់​បាន​តម្លៃ​ខ្ពស់​។

ក្នុង​វ័យ​ ៣៧ ​ឆ្នាំ​លោក ទាង បូរិន ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក​កាលពី​ចុង​ខែ​មីនា​កន្លង​មក​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក្ខណៈ​អន្តរជាតិ​មួយ​នៅ​សហរដ្ឋអាមេរិក (The 2018 Festival of Nations at the River Centre in St. Paul) បាន​និយាយ​ថា៖ « វា​ជា​មោទនភាព​ណាស់​សម្រាប់​ខ្ញុំ ដែល​ត្រូវ​បាន​សមាគម​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​តាំងពិព័រណ៍​មួយ​ដែល​រៀបចំ​ឡើង​នៅក្នុង​រដ្ឋ​មីនីសូតា​ចាប់ពី​ថ្ងៃទី​ ៣-៦ ខែ​ឧសភា ឆ្នាំ​ ២០១៨ ដោយ​មាន​វិចិត្រករ​តំណាង​មកពី​ប្រហែល​ ២០០ ​ប្រទេស​ចូលរួម​។ តាមរយៈ​កម្មវិធី​នេះ​ខ្ញុំ​នឹង​នាំ​យក​នូវ​រូប​ភាព​ល្អៗ​ដែល​ខ្ញុំ​បាន​គូរ​ទៅ​បង្ហាញ​ដល់​អ្នក​ចូលរួម​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​ស្នាដៃ និង​វប្បធម៌​ខ្មែរ​របស់​ខ្មែរ​លើ​ឆាក​អន្តរជាតិ​»​។

ក្នុង​រយៈពេល​ជាង​ ១ ​ខែ​នៅ​សហរដ្ឋអាមេរិក​គឺ​មុន​ពេល​ដែល​កម្មវិធី​តាំងពិព័រណ៍​ចាប់​ផ្តើម វិចិត្រករ​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​រូប​នេះ​មាន​បំណង​គូរ​រូបភាព​បែប​បុរាណ​ខ្មែរ​ឲ្យ​បាន​យ៉ាង​តិច​ ២០ ​រូប​សម្រាប់​ដាក់តាំង​បង្ហាញ​ឲ្យ​ភ្ញៀវ​ដែល​មក​ទស្សនា​ក្នុង​កម្មវិធី​នោះ​បាន​ឃើញ​។

នាពេល​កន្លង​មក​រូប​គំនូរ​ជាច្រើន​ដែល​គូរ​ដោយ​លោក ទាង បូរិន ក៏​ធ្លាប់​ទទួល​បាន​ការគាំទ្រ​ឲ្យ​ដាក់​ចូល​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​មួយ​ចំនួន​នៅ​សណ្ឋាគារ​ល្បីៗ​ក្នុង​ស្រុក​ដូច​ជា​សណ្ឋាគារ Intercontinental, Le Royal និង Sun and Moon, Meta House និង​ព្រឹត្តិការណ៍​នៃ​ការតាំងពិព័រណ៍​នៅ​តាម​បណ្តា​ខេត្ត​នានា​ជាដើម​។

វិចិត្រករ​ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​កំពត​រូប​នេះ​បាន​និយាយ​ថា ការយល់ដឹង​ពី​វប្បធម៌ និង​ឲ្យ​តម្លៃ​កាន់តែ​ខ្ពស់​ពី​គំនូរ​បែប​បុរាណ​ខ្មែរ​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក និង​ភ្ញៀវទេសចរ​បរទេស​បាន​ធ្វើឲ្យ​រូប​លោក​ត្រូវ​ចំណាយពេល​យ៉ាង​ច្រើន​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​គូររូប​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​។ រូបភាព​ដែល​លោក​គូរ​នាពេល​នេះ​គឺ​មិន​អាច​ធ្វើ​ទាន់​ទៅ​តាម​ការ​បញ្ជា​ទិញ​ពី​អតិថិជន​បាន​ឡើយ​។

លោក​បាន​និយាយ​ថា៖ «​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​គំនូរ​បែប​បុរាណ​កំពុង​មាន​ការកើនឡើង​យ៉ាងច្រើន​ទាំងពី​សំណាក់​ជនជាតិខ្មែរ និង​ជនបរទេស​។ សព្វ​ថ្ងៃនេះ​ខ្ញុំ​គូររូប​ឲ្យ​គេ​កុម្ម៉ង់​មិនទាន់​នោះ​ទេ​»​។

ទោះបី​ជា​យ៉ាង​ណា​ស្នាដៃ​គំនូរ​របស់​លោក​ក៏បាន​ផ្តល់​នូវ​ប្រាក់ចំណូល​ច្រើន​ផងដែរ ដោយ​សម្រាប់​ផ្ទាំង​គំនូរ​ដែល​មាន​ទំហំ ៦០x១២០ ​សង់ទីម៉ែត្រ​អាច​លក់​បាន​តម្លៃ​ ៦០០ ​ដុល្លារ​ក្នុង​ ១ ​ផ្ទាំង​ហើយ​ជា​មធ្យម​លោក​អាច​រកចំណូល​បាន​ប្រមាណ​ជាង ​២០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

បច្ចុប្បន្ន​រូបភាព​ដែល​គូរ​ដោយ​វិចិត្រករ​ខាង​លើ​ត្រូវ​បាន​គេ​ឃើញ​មាន​ដាក់​តាំង​លក់​នៅ​តាម​វិចិត្រសាល​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ព្រម​ទាំង​តាម​គេហទំព័រ​មួយ​ចំនួន​ដូចជា Trip Adviser ជាដើម​។ តាម​ការប៉ាន់​ប្រមាណ​រហូត​មក​ដល់​ពេល​នេះ​រូប​អប្សរា​ដែល​លោក​បាន​គូរ​គឺ​មាន​ចំនួន​រាប់ពាន់​រួច​ហើយ​។

យុវជន​ដែល​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​មាន​ឪពុក​ជា​គ្រូបង្រៀន និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​រូប​នេះ​បាន​និយាយ​ការងារ​ទាក់ទង​នឹង​គំនូរ​បែប​បុរាណ​ (​អប្សរា​) ​គឺជា​ចំណង់​ចំណូលចិត្ត​ដែល​មាន​នៅក្នុង​គំនិត​របស់​លោក​តាំងពី​ពេល​ចាប់ផ្តើម​ចេះ​គូរ​រូប​ដំបូង​មក​ម្ល៉េះ (​ពេល​កំពុង​សិក្សា​នៅ​សាលា​បឋមសិក្សា​) តែ​នៅពេល​នោះ​រូប​ដែល​លោក​គូរ​ភាគច្រើន​ជា​រូបភាព​បែប​ទេសភាព​នៅ​ជនបទ ព្រោះ​ធ្វើ​ទៅ​តាម​ការ​តម្រូវការ​របស់​អ្នក​មក​រក​ឲ្យ​គូរ​។ លោក​បាន​បញ្ជាក់​ថា៖ «​តាមពិត​ទៅ​ខ្ញុំ​អាច​រក​បាន​ប្រាក់​ចំណូល​សម្រាប់​ខ្លួនឯង​តាំងពី​ខ្ញុំ​រៀន​នៅ​សាលា​បឋមសិក្សា​ដោយ​ពេល​នោះ​មាន​សិស្ស​ជាច្រើន​បាន​យក​រូប​មក​ឲ្យ​ខ្ញុំ​គូរ​»​។

បើ​ទោះបី​ជា​មិន​មាន​ក្រុមគ្រួសារ ឬ​ញាតិសន្តាន​ណា​បាន​ចាប់​យក​អាជីព​ជាជាង​គំនូរ​ក៏ដោយ ក៏​លោក​អះអាង​ថា​ការចាប់ផ្តើម​មាន​គំនិត​ស្រឡាញ់​មុខ​ជំនាញ​នេះ​អាច​ជា​ការទទួល​បាន​ពី​ឪពុក​របស់​លោក​ដែល​តែងតែ​គូររូប​សម្រាប់​យក​ទៅ​បង្រៀន​សិស្ស​នៅ​សាលា​។ លោក​និយាយ​ថា៖ «​ការចាប់​អារម្មណ៍​ចំពោះ​ជំនាញ​គូររូប​នេះ​អាច​និយាយ​ថា ខ្ញុំ​ទទួល​បាន​ពី​ឪពុក​ផង​ដែរ ព្រោះ​កាល​នៅ​តូច​ខ្ញុំ​ឧស្សាហ៍​ឃើញ​គាត់​គូររូប​សម្រាប់​យក​ទៅ​បង្រៀន​សិស្ស​ជា​ញឹកញាប់​»​។

សក្តានុពល​របស់ បូរិន ទាក់ទង​នឹង​គំនូរ​បាន​លេច​ឡើង​ច្បាស់​នៅពេល​ដែល​រូបគេ​កំពុង​សិក្សា​នៅ​ថ្នាក់​បឋមសិក្សា ដោយ​ពេល​នោះ​រូប​គំនូរ​របស់ បូរិន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​ការ​ប្រឡង​ប្រចាំ​ខេត្ត​កំពត​។

លោក ទាង បូរិន ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ខេត្ត​កំពត​មុន​ពេល​ឈាន​ជើង​មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកល​វិទ្យាល័យ​ន័រតុន ក្នុង​ឆ្នាំ​ ២០០១ និង​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​ ២០០៥ បាន​និយាយ​ថា​លោក​ចាប់ផ្តើម​ធ្វើការ​ដំបូង​នៅ​ក្រុមហ៊ុន Yianko Associates ចាប់ពី​ឆ្នាំ​ ២០០៨ រហូត​ដល់​ឆ្នាំ​ ២០១៤ ក្នុង​នាម​ជា​ស្ថាបត្យករ​។ ការងារ​ស្ថាបត្យករ​អាច​និយាយ​ថា មាន​ភាព​ងាយស្រួល​ផង និង​លំបាក​ផង​ដោយ​លំបាក​នៅ​ត្រង់​ថា ត្រូវ​ធ្វើ​ការងារ​ជា​ក្រុម និង​ប្រើ​ពេលវេលា​យូរ​អាច​ដល់​រាប់​ខែ ឬ​ឆ្នាំ​ទើប​សម្រេច​គម្រោង​មួយ​បាន​ខុស​ពី​ការងារ​របស់​លោក​សព្វ​ថ្ងៃ​ដែល​ធ្វើការ​ម្នាក់ឯង និង​មាន​រយៈ​ខ្លី​។

បើ​ទោះបី​ជា​បច្ចុប្បន្ន​នេះ​លោក​មិន​បាន​បន្ត​ចាប់​យក​អាជីព​ជា​ស្ថាបត្យករ​ជា​បន្ត​ទៀត​ក៏ដោយ ក៏​ពេល​កន្លង​មក​លោក​ធ្លាប់​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ផ្ទាល់​នៅក្នុង​ការ​ឌីហ្សាញ​វីឡា​ធំៗ​ចំនួន​ ២ ​កន្លែង​ដែរ គឺ​ទី ​១ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​នៃ​ខណ្ឌ​សែនសុខ និង​ ១ ​ទីតាំង​ទៀត​ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា នៃ​ខណ្ឌ​ច្បារអំពៅ​។

បញ្ហា​ពេលវេលា​ប្រាក់​ចំណូល និង​សក្តានុពល​ពី​ធម្មជាតិ​ទាក់ទង​នឹង​គំនូរ​បែប​បុរាណ គឺជា​ហេតុផល​សំខាន់​ដែល​បាន​ជំរុញ​ឲ្យ​ស្ថាបត្យករ​វ័យ​ ៣៧ ​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​ប្តូរ​ពី​ធ្វើ​ការងារ​ឲ្យ​គេ​ក្នុង​នាម​ជា​ស្ថាបត្យករ​មក​បើក​វិចិត្រសាល​គូររូប​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាតបង់ ប្រសិន​បើ​ការងារ​នោះ​មិន​ទទួល​ជោគជ័យ​។

មុន​ពេល​សម្រេច​ចិត្ត​ចេញ​មក​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ដើរ​តួនាទី​ជា​ម្ចាស់​ក្រុមហ៊ុន និង​បុគ្គលិក​ផង​នោះ​លោក បូរិន ក៏​បាន​ចំណាយពេល​សិក្សា​ពី​សក្តានុពល​របស់​ទីផ្សារ​រូប​គំនូរ​ផង​ដែរ​។ លោក​បាន​និយាយ​ថា៖ «​បន្ទាប់ពី​ចំណាយពេល​សិក្សា​ទីផ្សារ​មួយ​រយៈ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​មក​បើក​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​ ២០១៥ ដោយ​ដាក់​ឈ្មោះ​ថា DinArt Gallery»​។

វិចិត្រសាល​ដែល​លោក​បាន​បើក​ដំណើរការ​បាន​រយៈពេល​ជាង​ ២ ​ឆ្នាំ​មក​នេះ បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ដោយ​មាន​អតិថិជន​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស​ចូល​ទៅ​ស្វែងរក​ទិញ​រូប​គំនូរ​ជា​រៀងរាល់​ថ្ងៃ​។

បុរស​ដែល​ជា​កូន​ទី​ ២ នៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្រុស​ ១ ​នាក់ និង​ប្អូនស្រី​ចំនួន​ ៣ ​នាក់​ខាង​លើ​បាន​និយាយ​ថា សម្រាប់​ថ្ងៃ​អនាគត​លោក​មាន​គោលបំណង​ចង់​ទៅ​បើក​វិចិត្រសាល​មួយ​កន្លែង​នៅក្នុង​ខេត្ត​សៀមរាប​ព្រោះ​លោក​យល់​ថា នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវទេសចរ​ច្រើន និង​ជា​កន្លែង​ដែល​លោក​អាច​បណ្តែត​អារម្មណ៍​ដើម្បី​ឲ្យ​ផ្ទាំង​គំនូរ​ដែល​លោក​គូរ​កាន់​តែ​មាន​ភាព​រស់រវើក​បន្ថែម​ទៀត​។

កម្លោះ​ខាង​លើ​បាន​អះអាង​ថា៖ «​ខេត្ត​សៀមរាប​ជា​កន្លែង​ដែល​ខ្ញុំ​មាន​គម្រោង​ទៅ ព្រោះ​ខ្ញុំ​ចង់​ទៅ​ស្រាវជ្រាវ​ដើម្បី​បង្កើន​គុណភាព និង​គុណ​តម្លៃ​រូប​ដែល​ខ្ញុំ​គូរ​បន្ថែម​ទៀត​។ ការ​គូរគំនូរ​បែប​បុរាណ​គឺជា​ការជួយ​ថែរក្សា​វប្បធម៌​ជាតិ​ដែល​ខ្ញុំ​តែ​ប្រកាន់​ខ្ជាប់​ជានិច្ច​»៕

What Next?

Recent Articles