មន្ត្រី​សិទ្ធិមនុស្ស​៖ ​ការ​អនុវត្ត​របស់​តុលាការ​ មិន​មាន​ភាពស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ រឿង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ

ដោយ ហេង សកល
2018-04-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត (ឆ្វេង) ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក ទឹម រដ្ឋា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត (ឆ្វេង) ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក ទឹម រដ្ឋា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ល្បី​ឈ្មោះ​ខាង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​លើ​ពលរដ្ឋ​សហគមន៍​ដីធ្លី សកម្មជន​គណបក្ស​នយោបាយ​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មិន​ត្រូវ​បាន​តុលាការ​ចាត់​ការ​បណ្តឹង​របស់​ក្រុម​ជន​រងគ្រោះ​នោះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​អនុវត្ត​របស់​តុលាការ​មិន​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ។

ក្រុមជនរងគ្រោះដែលរងការ​វាយដំ​ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ស្នើសុំ​ឱ្យ​តុលាការ​ពិចារណា​ឡើង​វិញ និង​បើក​ការ​ស៊ើបអង្កេត ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​តាម​នីតិវិធី​ច្បាប់។ ជន​រងគ្រោះ​សហគមន៍​ដីធ្លី​បឹង​កក់​ម្នាក់ គឺ​លោកស្រី ផាន់ ឈុនរ៉េត ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ក្រុម​លោកស្រី បាន​ដាក់​ប្តឹង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទាំង​នោះ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើប​អង្កេត ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ទាំង​នោះ​ឡើយ។ សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា​កន្លង​ទៅ​នេះ បាន​បដិសេធ​បណ្តឹង​ក្រុម​លោកស្រី ដោយ​សាលា​ឧទ្ធរណ៍​លើក​មូលហេតុ​ថា បណ្តឹង​របស់​លោក​ស្រី​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ឱ្យ​ច្បាស់លាស់ ហេតុនេះ​សាលា​ឧទ្ធរណ៍​តម្កល់​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។ លោកស្រី​យល់​ថា សេចក្តី​សម្រេច​នេះ ពិត​ជា​អយុត្តិធម៌​ណាស់ ព្រោះ​បណ្តឹង​របស់​លោកស្រី​បាន​បញ្ជូល​ទាំង​រូបថត​ជន​សង្យ័យ​ចូល​ក្នុង​សំណុំរឿង​អស់​ហើយ៖ «បើ​រក្សា​ពាក្យ​បណ្តឹង​ខ្ញុំ​ដូច​សាលា​ដំបូង​ខំ​ហៅ​ខ្ញុំ​មក​ធ្វើ​អ្វី ហើយ​ខំ​បង្កើត​សាលា​ឧទ្ធរណ៍​ធ្វើ​អ្វី មាន​តែ​សាលា​ដំបូង​មួយ​ចឹង​បាន​ហើយ មិន​បាច់​ដល់​ឧទ្ធរណ៍​ទៀត​ទេ ព្រោះ​ហៅ​ខ្ញុំ​មក​អត់​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង អត់​មាន​ចុះ​ស៊ើប​អង្កេត​នៅ​សាលា​ខណ្ឌ​ដូនពេញ​ផង ឈ្មោះ​ដែល​ខ្ញុំ​ដាក់​បណ្តឹង​នឹង​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​អស់ ហេតុអ្វី​ក៏​លោក​មិន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​សាលា​ខណ្ឌដូន​ពេញ​ទៅ ព្រោះ​ពួក​សាលា​ខណ្ឌ​ដូន​ពេញ​ដើរ​វាយ​គេ»

កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រុម​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង ១០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពីធី​សមាធិ​នៅ​រមណីដ្ឋាន​វត្ត​ភ្នំ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា និង​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌដូន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បណ្តាល​ឱ្យ​លោកស្រី ផាន់ ឈុនរ៉េត និង​លោកស្រី ង៉ែត ឃុន ដែល​ជា​ឈ្មោះ​ថា យាយ​ម៉ាំម៉ី រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ លោកស្រី ផាន់ ឈុនរ៉េត ឱ្យ​ដឹង​ថា លោកស្រី​នឹង​ប្តឹង​សាទុក្ខ​រឿង​ក្តី​នេះ​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាយ៍​ក្រោយ​នេះ។ លោកស្រី​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ស្វែងរក​យុត្តិធម៌​ដល់​លោកស្រី ព្រមទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​នោះ។

សកម្មជន​សិទ្ធិមនុស្ស​រង​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ពី​សំណាក់ កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​នេះ​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិមនុស្ស នៃ​សមាគម​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ក៏​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ទៀត បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា​ថា លោក​ក៏​ត្រូវ​បាន​ក្រុម​សន្តិសុខ​ទាំង​នេះ​វាយ​រូប​លោក ខណៈ​ដែល​លោក​កំពុង​ឃ្លាំមើល​សហគមន៍​ដីធ្លី​ហែ​ក្បូន​ក្នុង​វេទិកា​សិទ្ធិ​លំនៅឋាន​ពិភព​លោក កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦។ ភ្លាមៗ ក្រោយ​កើត​ហេតុ លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ជ័យជម្នះ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បែ​ជា​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្តឹង​បក​វិញ​ទៅ​តុលាការ​ពី​បទ​ប្រើ​អំពី​ហិង្សា​ដោយ​ចេតនា ហើយ​លោក​ក៏​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ ក្នុង​នាម​ជា​ជន​សង្ស័យ៖ «ទាក់ទង​នឹង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​វា​ច្រើន​លើក​ច្រើន​សា​ហើយ ឃើញ​ថា មាន​ការ​ប្រទូសរ៉ាយ​គ្នា នៅ​ពេល​ដែល​សហគមន៍ នៅ​ពេល​ដែល​ប្តឹង គឺ​ចំណាត់ការ​នឹង​មិន​សូវ​ជា​នេះ​ទេ បើ​តុលាការ​ធ្វើ​ដែរ។ ប៉ុន្តែ​ដោយសារ​ពួក​គាត់​អត់​ស្គាល់​អត្តសញ្ញាណ​ គាត់​ដឹង​តែ​ក្រុម​សន្តិសុខ​ខណ្ឌ ប៉ុន្តែ​អត់​ស្គាល់​ឈ្មោះ ស្គាល់​អ៊ីចឹង​ទៅ​គេ​លើក​លែង​បទ​ចោទ​។ល។»

កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ ក្រុម​សន្តិសុខ​បន្ត​ប្រើប្រាស់​ហិង្សា​វាយ​បាតុករ ដោយ​មិន​ក្លាច​រអា​ទាំង​កណ្តាល​ហ្វូង​មនុស្ស។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​ទៅ ពេល​សាលា​ឧទ្ធរណ៍​កំពុង​បើក​សវនាការ​សំណុំ​រឿង​លោក​ កឹម សុខា ប្រជា​ពលរដ្ឋ​​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​មេបក្ស​ប្រឆាំង​រូប​នេះ​​។ ​​​ប្រធាន​សន្តិសុខ​ខណ្ឌដូន​ពេញ លោក គឹម វុត្ថា ក្នុង​ឯកសណ្ឋាន​ស៊ីវិល គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់​ បាន​ចេញ​មុខ​មក​ទះ​កំភ្លៀង​បាតុករ លោក ប៉ែន ចាន់ មួយ​ដៃ និង​បាន​គំរាម​ទះ​ភ្លៀង​ថែម​ទៀត។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក គឹម វុត្ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បាតុករ។ រូបភាព​វីដេអូ​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ថា លោក គឹម វុត្ថា បាន​យក​មួយ​សុវត្ថិភាព​វាយ​ទៅ​លើ​បាតុករ​របស់​​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក អំ សំអាត ឱ្យដឹងថា ចំពោះ​ករណី​នេះ លោក​មិន​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ លោក​ឱ្យ​ដឹង​បន្ត​ថា បុគ្គល​ណា​ក៏​ដោយ​ទោះបី​ជា​ពលរដ្ឋ មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​អាវុធក្តី សុទ្ធ​តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ ព្រោះ​វា​ជា​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​។ លោក​ថា​ទង្វើ​របស់​ប្រធាន​សន្តិ​សុខ​​ខណ្ឌ​ដូន​ពេញ​នោះ គឺ​ជា​អំពើ​ហិង្សា​ដោយ​ចេតនា ដែល​អាជ្ញាធរ​ត្រូវ​នាំ​ខ្លួន​ជន​នោះ​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​លុប​បំបាត់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា៖ «ហើយ​អា​នេះ​ជា​វប្បធម៌​មួយ ដែល​អាក្រក់ ដែល​បើ​សិន​ជា​យើង​ប្រើ​នូវ​រប្បធម៌​របៀប​នេះ ដើម្បី​ធ្វើ​ជា​ដំណោះស្រាយ អា​ហ្នឹង​ប្រទេស​យើង​វា​ក្លាយ​ជា​ប្រទេស​មួយ ដែល​គ្មាន​ច្បាប់​ទម្លាប់​។ល។»

ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កងកម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​ពិសេស កម្លាំង​ខណ្ឌ​ដូន​ពេញ​ តែង​កើត​មាន​ជា​ហូរហែ​នៅ​រាល់​ពេល​មាន​ការ​ជួប​ប្រជុំ ឬ​ការ​តវ៉ា​ដោយ​សន្តិវិធី​ម្ដងៗ។ អាជ្ញាធរ​តែង​លើក​ឡើង​ថា ការ​ជួប​ប្រជុំ ឬ​ការ​តវ៉ា​របស់​ពលរដ្ឋ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ឬ​មិន​មាន​ការ​អនុញ្ញាត ហើយ​ជា​ញឹកញាប់ ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​ស្លៀកពាក់​ឯកសណ្ឋាន និងមាន​​ពាក់​មួក​សុវត្ថិភាព​ផង គឺ​ជា​អ្នក​ចេញ​មុខបង្រ្កាប​ក្រុម​ពលរដ្ឋ។

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ស្នើទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​លុប​បំបាត់​កម្លាំង​សន្តិសុខ​ទាំងនោះចោល​ កាល​ពី​ចុង​ឆ្នាំ​២០១៦ ដោយ​យល់ឃើញថា កម្លាំងនោះ​ជា​កម្លាំង​ខុស​ច្បាប់​ដែល​តែង​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​។ ទោះជា​យ៉ាង​ណា ​សំណើ​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​ ដោយ​ក្រសួង​លើក​ឡើង​ថា​ ការ​ប៉ះទង្គិច​ទាំង​ឡាយ​កាល​ពី​ពេល​កន្លងទៅ គឺ​ដោយ​សារ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ឬ​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

មិន​ត្រឹម​តែ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មិន​ត្រូវ​បាន​ផ្តន្ទាទោស ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​សរសើរ និង​ដម្លើង​តំណែងថែមទៀត។ អតីត​អភិបាលរង​ខណ្ឌ​ដូនពេញ​លោក សុខ ពេញវុធ ត្រូវ​បាន​ដម្លើង​តំណែង​ជា​អភិបាល​ខណ្ឌ​ដូនពេញ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​ជន​រងគ្រោះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែលបាន​បង្ក​ហិង្សា ដើម្បីឱ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​និយាយ​អំពីពាក្យ​ថា ​សន្តិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិមនុស្ស​៖ ​ការ​អនុវត្ត​របស់​តុលាការ​ មិន​មាន​ភាពស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ រឿង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ"

  1. AKAVC says:

    we must be intractable all these victims are not as innocent as we have to support and sympathize
    They are VOTE for the CPP but it is sad that they must and will have to support the consequences, especially the BANG KOEAK area.
    THANK YOU
    PS we hope that the facts will not happen again for all those workers who cheered hun sen see selfies with hun sen

Leave a Reply

Submit Comment