សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ស្នើ​អ្នក​នយោបាយ​បញ្ឈប់​សង្គ្រាម​ពាក្យ​សម្ដី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

ដោយ ម៉ៅ សុធានី
2018-04-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


នៅ​ក្នុង​ឱកាស ឆ្នាំ​ថ្មី​ខាងមុខនេះ សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មួយ​ចំនួន​ចង់​ឲ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ឈប់​ការ​ផ្ដោះផ្ដង​សង្គ្រាម​ពាក្យ​ដាក់​សម្ដី​ដាក់គ្នា​ទៅវិញទៅមក​បន្ត​ទៀត ដើម្បី​ឱ្យ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​រីករាយ។

ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា​អ្នកនយោបាយ​ខ្មែរ ចេះតែ​បង្ក​សង្គ្រាម​ពាក្យ​សម្ដី​ដាក់គ្នា​ឥត​ឈប់ឈរ បើ​ទោះ​បី​ជា​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំថ្មី​ជិត​ចូល​មក​ដល់​ក្ដី។

សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មួយ​ចំនួន​យល់ថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ ចេះតែ​បង្ក​សង្គ្រាម​ពាក្យ​សម្ដី​ដាក់គ្នា​បន្ត​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​ពួកគាត់​ខ្លាច​រអា មិន​ចង់​ដើរលេង​កម្សាន្ត​ទៅ​តំបន់​ផ្សេងៗ តាម​ចិត្ត​ចង់​នោះ​បាន​ឡើយ ដោយ​ខ្លាចក្រែង​មាន​អ្វី​មិនល្អ​កើតឡើង។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​កាន់តែ​មាន​ទឹក​ចិត្ត​សប្បាយរីករាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាងមុខ អ្នកនយោបាយ​ខ្មែរ​គប្បី​ផ្អាក ឬ​បញ្ឈប់​សង្គ្រាម​ពាក្យ​សម្ដី​ដាក់គ្នា​មួយអន្លើ​សិន៖ «ខ្ញុំ​ក៏​សង្កេត​ឃើញ​ថា ពិធីបុណ្យ​ចូលឆ្នាំ​នេះ គឺជា​ពិធី​មួយ​ដែល​ប្រជាពលរដ្ឋ​គាត់​ចង់​សប្បាយ​ដោយ​ពិតប្រាកដ ដោយ​គ្មាន​កង្វល់​នៅ​ក្នុង​ចិត្ត​បាទ។ ជាមួយគ្នា​នោះ​ដែរ ក៏​គួរតែ​អ្នកនយោបាយ ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ហើយ​ថា មិន​ត្រូវ​វោហារ សាសន៍​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​បាទ»

កាលពី​ឆ្នាំ​២០១៥ ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ខេត្ត​សៀមរាប ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ដឹក​ដៃ​គ្នា​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​បាន​ភ្លក់​អន្សម​យក្ស​រួមគ្នា​ទៀត​ផង។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​មាន​ភាព​ខ្លាំង​រឹងមាំ។ លើស​ពី​នេះ លោក​សុំ​ឱ្យ​បញ្ចប់​នូវ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ជាដើម។

ចំណែក​លោក សម រង្ស៊ី ពេលនោះ​វិញ ក៏បាន​លើកឡើង​ថា វត្តមាន​របស់​ពួក​លោក​កាលណោះ ជា​សារ​មួយ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចេះ​សាមគ្គី​គ្នា ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល។ លោក​ថែម​ទាំង​អំពាវនាវ​ឱ្យ​ប្រកាន់​យក​វប្បធម៌​សន្ទនា គោរព​គ្នា ទុកចិត្ត​គ្នា និង​បបួលគ្នា​ធ្វើអំពើ​ល្អ​ជាមួយគ្នា​ដោយ​តម្កល់ទុក​ផលប្រយោជន៍​ជាតិ​ជាធំ។

សកម្មភាព​របស់​ប្រធាន​គណបក្ស​ធំៗ​ទាំងពីរ ពេលនោះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ក្តី​រំភើប និង​ស្ងប់​ចិត្តបាន​មួយ​រយៈ​ពេល​ដែរ ដើម្បី​រួម​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បើ​ទោះ​បី​ជា​វប្បធម៌​សន្ទនា​របស់​អ្នកនយោបាយ​ទាំងនោះ បាន​ត្រឹមតែ​មួយ​ចម្អិន​កំពឹស​ក៏​ដោយ​ចុះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​៧ មេសា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​តែ​បន្ត​វាយប្រហារ​ទៅ​របប​លោក ហ៊ុន សែន ថា​ជា​របប​ផ្ដាច់ការ​បំផ្លាញ​ជាតិ និង​ធ្លាប់​ខ្ចី​លុយ​បរទេស​មក​បម្រើ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន និង​បម្រើ​មហិច្ឆតា​ឱ្យ​វៀតណាម​ទៀត​ផង។ ដោយឡែក អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន បាន​លើកឡើង​ក្នុង​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន ដោយ​បាន​វាយប្រហារ​ទៅ​លោក សម រង្ស៊ី ថា​គឺជា​អ្នក​នយោបាយ​ពិសពុល ជាដើម។

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ និយាយ​ថា ពួកគាត់​បារម្ភ​ណាស់​នៅ​ពេល​ឃើញ​អ្នកនយោបាយ​ខ្មែរ​បែកបាក់​គ្នា និង​ចេះតែ​បង្ក​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​ឥត​ឈប់ឈរ​បែបនេះ។ មិនតែប៉ុណ្ណោះ សង្គ្រាម​ពាក្យ​សម្ដី​របស់​អ្នក​នយោបាយ គឺ ធ្វើ​ឱ្យ​ពួកគាត់​មិន​ស្ងប់ចិត្ត ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឡើយ៖ «បើ​សិន​អ្នកនយោបាយ​ទាំងពីរ​គណបក្សៗ ទាំង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង បើសិនជា​ត្រូវរ៉ូវ​គ្នា ប្រាកដជា​ប្រទេស​ខ្មែរ​យើង​នឹង​លូតលាស់​រីកចម្រើន»

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន ដែល​តែង​ចុះ​តាម​មូលដ្ឋាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ប្រាកដ​មែន។ លោក​បន្ត​ថា ពលរដ្ឋ​ព្រមទាំង​សង្គម​ស៊ីវិល​ផង គឺ មិន​ត្រឹមតែ​ចង់​ឃើញ​អ្នកនយោបាយ​បញ្ឈប់​សង្គ្រាម​ពាក្យ​សម្ដី​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ចង់​ឱ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ចប់​ការវាយប្រហារ​គ្នា​រហូត​ទៅ ហើយ​ងាក​មក​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​រួបរួមសាមគ្គី​គ្នា​ឡើងវិញ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​បួន ដោយ​គិត​ដល់​ប្រយោជន៍​ជាតិ និង​រាស្ត្រ​ជាធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ស្នើ​អ្នក​នយោបាយ​បញ្ឈប់​សង្គ្រាម​ពាក្យ​សម្ដី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ"

  1. people says:

    King dom of veitcong slave is the king dom of communist and leaded by former veitcong communist killer and never respected international and constitution ‘ so all politicians are crooks and the worse are veitcong communist dictator who leaded the coup in 1997 and continue till now’ and opposition politicians are the bad one too ‘ . Why opposition going in to parliament after 2013 vote?? why they go in to parliament and not repair about Parish Accord?? Now all politicians and people must learn lessen from veitcong mafia dictator ‘ Remember veitcong mafia dictator never give up power ‘ he will do anything even killing more people so it mean nothing for talking or negotiation with veitcong mafia dictator. GOD bless all good people’

Leave a Reply

Submit Comment