ជប៉ុន​នៅតែ​បន្ត​ចង់​ឃើញ​ការ​បោះឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2018-04-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen's Facebook Page
រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen’s Facebook Page


ជប៉ុន​នៅ​តែ​បន្ត​ចង់​ឃើញ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌


ប្រទេស​ជប៉ុន នៅតែ​បន្ត​ចង់​ឃើញ​ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែល​មាន​ការចូលរួម ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ នៅ​កម្ពុជា។ អ្នកវិភាគ យល់ថា អន្តរាគមន៍​របស់​ជ​ប៉ុន និង​សម្ពាធ​អន្តរជាតិ នឹង​អាច​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ សមស្រប​មួយ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ នៅមុន​បោះឆ្នោត​ជាតិ។

លើក​នេះ ក៏ដូចជា​លើក​មុនៗ​ដែរ ប្រទេស​ជប៉ុន នៅតែ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ដដែល​របស់​ខ្លួន ថា​រដ្ឋាភិបាល​ជប៉ុន ពិតជា​ចង់​ឲ្យ​របប​លោក ហ៊ុន សែន រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ជាតិ​ខាងមុខ ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ជំហរ​ដដែល​របស់​រដ្ឋាភិបាល​ជប៉ុន​បែប​នេះ ធ្វើឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ (Taro Kono) ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី៨ ខែ​មេសា។

ទោះបីជា​ប្រទេស​ជប៉ុន លើក​ពី​កង្វល់ អំពី​ការបោះឆ្នោត ដដែលៗ ជាមួយ​របប​លោក ហ៊ុន សែន ក្រោយ​របប​នេះ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា យ៉ាង​ណា​ក្តី ក៏​រដ្ឋាភិបាល​ជប៉ុន នៅតែ​ប្រកាន់​ជំហរ​ទន់ភ្លន់ ជាង​ប្រទេស​ដទៃ​ទៀត​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយសារ​ជប៉ុន នៅតែ​បន្ត​ជួយ​កម្ពុជា ផ្នែក​ហិរញ្ញវត្ថុ។

ការ​បន្ត​ជួយ​កម្ពុជា​របស់​ប្រទេស​ជប៉ុន ក្នុង​ស្ថានភាព​បែបនេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ជា​ការ​លើកទឹកចិត្ត​មួយ​ឲ្យ​របប​លោក ហ៊ុន សែន បន្ទន់​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​សុទិដ្ឋិនិយម​ថា ការ​អន្តរាគមន៍​របស់​ជប៉ុន នឹង​នាំ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន បើ​មិន​ច្រើន​ក៏​ខ្លះ​ដែរ នៅ​មុន​បោះឆ្នោត​​​​​​​​​​​​​​​​​​​​​​ដើម្បី​ឲ្យ​ឃើញ​ថា មាន​ការ​បន្ទន់​ឥរិយាបថ​នេះ៖ «ក្នុង​ចំណោម​វិធានការ ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ឲ្យ​ឃើញ​ថា ការ​បោះឆ្នោត​ហ្នឹង​អាច​មាន​ភាព​សេរី យុត្តិធម៌​មួយ​កម្រិត ដូចជា​ការ​ហាមឃាត់​មិន​ឲ្យ​ថ្នាក់ដឹកនាំ​សង្គ្រោះជាតិ​ទាំង ១១៨​នាក់ ប្រហែលជា​អាច​មាន​ការ​បន្ធូរបន្ថយ ឬ​ក៏​លែង​ហាមឃាត់​ទៅវិញ ប៉ុន្តែ​អា​ហ្នឹង​ប្រហែលជា​ដល់​កៀក​ការបោះឆ្នោត»

ទោះបីជា​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​សុទិដ្ឋិនិយម ថា​អាច​នឹង​មាន​ដំណោះស្រាយ​នយោបាយ ដោយ​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ និងមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ទាំង ១១៨ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក៏ដោយ ក៏​លោក​បណ្ឌិត គ្មាន​សុទិដ្ឋិនិយម ថា​របប​លោក ហ៊ុន សែន នឹង​ព្រម​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ ខាងមុខ​នេះ​នោះ​ឡើយ។

ប៉ុន្តែ​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ឯណោះ មិន​សុខចិត្ត​ឲ្យ​មាន​ការ​បោះឆ្នោត ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពេញលេញ​នោះ​ឡើយ។

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី៨ ខែ​មេសា លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ធ្វើ​ពហិការ កុំ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​ឲ្យ​សោះ បើ​មិន​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ លើ​សន្លឹកឆ្នោត​ទេ​នោះ។ មិនតែប៉ុណ្ណោះ លោក​បាន​អំពាវនាវ​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ កុំ​ទៅ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​បែបនេះ​ដែរ ពីព្រោះ​វា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ រៀបចំឡើង​គ្រាន់តែ​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច​សព្វ​ថ្ងៃ ឈ្នះ​យ៉ាង​ងាយ ដោយ​បំបាត់​គូប្រកួត​ពិតប្រាកដ​តែមួយ​គត់ គឺ​គណបក្ស​សង្គ្រោះជាតិ។

ស្រប​ពេល សហគមន៍​អន្តរជាតិ ថ្កោលទោស ដាក់​សំពាធ និង​ដាក់ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​លើ​របប​លោក ហ៊ុន សែន ប្រទេស​ជប៉ុន រក្សា​ជំហរ​ទន់ភ្លន់ និង​ប្រើប្រាស់​យន្តការ​ការទូត ដើម្បី​ជួយ​រក​ដំណោះស្រាយ វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា កាលពី​ថ្ងៃទី៨ ខែ មេសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​បាន​ចុះហត្ថលេខា បន្ត​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន សរុប​ជា​ទឹកប្រាក់​ជាង ៩០​លាន​ដុល្លារ​អាមេរិក ដល់​របប​លោក ហ៊ុន សែន ក្នុង​នោះ​រួមមាន ទឹកប្រាក់​ជាង ៤.៦​លាន​ដុល្លារ ជា​ជំនួយ​ឥតសំណង សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​ទឹកប្រាក់​ជិត ៨៦​លាន​ដុល្លារ ជា​ទឹក​ប្រាក់កម្ចី ឥណទាន​សម្បទាន សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២។ ផ្អែកលើ​ទំហំ​នៃ​ប្រាក់​ហិរញ្ញប្បទាន​នេះ គឺ​ភាគច្រើន​ស្ទើរតែ​ទាំងអស់ ជា​ប្រាក់​កម្ចី មិនមែន​ជា​ជំនួយ​ឥតសំណង​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​កម្ពុជា លោក​បណ្ឌិត មាស នី ស្នើ​ឲ្យ​អ្នក​នយោបាយ កុំ​យល់​ច្រឡំ ចំពោះ​ការ​បន្ត​ផ្ដល់​ជំនួយ​របស់​ជប៉ុន ថា​ជា​ការ​គាំទ្រ ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក​បណ្ឌិត មាស នី បន្ត​ថា ជប៉ុន​កំពុងតែ​សម្លឹង​មើល និង​គិតគូរ​អំពី​បញ្ហា​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​វិនិយោគ​របស់​ខ្លួន ក៏ដូចជា​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា​រវាង ការប្រកួតប្រជែង​គ្នា​ផ្នែក​នយោបាយ​ការបរទេស ដើម្បី​ការពារ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​ប្រទេស​ចិន។

លោក​បណ្ឌិត មាស នី យល់ថា មាន​តែ​អ្នក​នយោបាយ​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ ដែល​អាច​វិល​ទៅ​រក​តុ​ចរចា ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រួម សម្រាប់​ជាតិ។ រដ្ឋាភិបាល​ជប៉ុន ក៏​លើកទឹកចិត្ត ឲ្យ​ភាគី​នយោបាយ​ខ្មែរ វិល​រក​ការ​ចរចា​នេះ​ដែរ ដើម្បី​ឲ្យ​មានការ​ចូលរួម​ស្មើភាព​គ្នា​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​ការ​បោះឆ្នោត។ បើ​មិន​ដូច្នេះ​ទេ ការ​បោះឆ្នោត​ជាតិ​ខាងមុខ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment