លោក ហ៊ុន សែន សរសើរ​ជោគជ័យ​នៃ​ការកម្ចាត់​បក្ស​ប្រឆាំង​ក្នុង​សារ​ឆ្នាំ​ថ្មី

នយោបាយ

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន និង​ភរិយា​ គឺ​លោកស្រី ប៊ុន រ៉ានី នៅក្នុង​ពិធី​បួងសួង​នៅមុខ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។


10 មេសា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

លិខិត​លោក​ ហ៊ុន សែន ​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ នៅ​ពេល​ដែលកម្ពុជា​មាន​សន្តិសុខ​ និង​សនិ្តភាព​ពេញលេញ​នេះ​ ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំកន្លងទៅ​ត្រូវ​បានប៉ាន់ស្មានថា​ អាចសម្រេច​បាន​កំណើន​ ៦,៩​ភាគរយ។​ ​កំណើន​ដ៏​រឹងមាំ​នេះ​ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការរីកចម្រើន​នៃវិស័យ​ឧស្សាហកម្ម​ កម្មន្តសាល​ សំណង់​ កសិកម្ម​ និង​សេវាកម្ម​​ ដូចជា​ទេស​ចរណ៍​​ និង​អចលនទ្រព្យ​ជាដើម។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ នៅថ្ងៃ​ច័ន្ទ​នេះ​ ​បាន​ជូនពរ​ប្រជារាស្ត្រខ្មែរ​ ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដោយ​ការ​បញ្ជាក់​ពី​ជោគជ័យ​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​លោក​បាន​ចោទថា​ ​ប្រើប្រាស់​ឧបាយកលបដិវត្តន៍​ពណ៌​ ដើម្បី​រំលាយ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក។​ ​នេះ​បើ​តាម​លិខិត​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល។​

លិខិត​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​មានប្រាំមួយទំព័រ​ចុះ​ថ្ងៃទី​៣ ខែ​មេសា​ ឆ្នាំ​២០១៨​ ​បាន​រៀបរាប់​ថា៖​

«ក្នុងឆ្នាំ​កន្លងទៅ​ ទោះបីកម្ពុជា​បានប្រឈម​នឹង​ឧបសគ្គ​គ្រប់បែបយ៉ាង​ទាំងក្នុង​ និង​ក្រៅប្រទេស​ក៏ដោយ​ ក៏ខឿន​ការ​ពារ​ជាតិ​របស់​ប្រជាជន និង​ខឿនសន្តិសុខ​ ស្ថិរភាពនយោបាយ​ និងភាព​សុខដុម​រមនា​នៃសង្គម​ជាតិ​ទាំង​មូល​ ជាពិសេស​ឧបាយកល​បដិវត្តន៍ពណ៌​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុប​ឃិត​ជាមួយ​បរទេស​ ប៉ុនប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ ក៏ត្រូវបាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​ តាម​រយៈ​វិធានការ​ច្បាប់​ដ៏ម៉ឺងម៉ាត់​ ហើយ​ក៏ជា​ឆ្នាំ​ដែល​បដិវត្តន៍ពណ៌​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅកម្ពុជា​ផងដែរ។​ ជាលទ្ធផល​ កម្ពុជា​រក្សា​បាន​នូវសុខសន្តិភាព​ ឯករាជ្យ​ ​និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជាថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុងចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​កិច្ច​អភិវឌ្ឍប្រទេស​កម្ពុជា»។ ​

លិខិត​លោក​ ហ៊ុន សែន​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ នៅ​ពេល​ដែលកម្ពុជា​មាន​សន្តិសុខ​ និង​សនិ្តភាព​ពេញលេញ​នេះ​ ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំកន្លងទៅ​ត្រូវ​បានប៉ាន់ស្មានថា​ អាចសម្រេច​បាន​កំណើន​ ៦,៩​ភាគរយ។​ ​កំណើន​ដ៏​រឹងមាំ​នេះ​ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការរីកចម្រើន​នៃវិស័យ​ឧស្សាហកម្ម​ កម្មន្តសាល​ សំណង់​ កសិកម្ម​ និង​សេវាកម្ម ដូចជា​ទេស​ចរណ៍ និង​អចលនទ្រព្យ​ជាដើម។

លិខិត​ដដែល​បាន​បន្តថា​ កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់តែមាន​ភាព​ល្អប្រសើរ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​សូចនាករ​សង្គម​ ជាពិសេស​ការ​កើនឡើង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស.)​ ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​ ១.០៤២​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០១៣​ ដល់​ប្រមាណ​ ១.៤៣៥ដុល្លារ​អាមេរិក​ ក្នុងឆ្នាំ​ ២០១៧។

លិខិត​លោកហ៊ុន សែន​បាន​សរសេរ​ក្នុង​ន័យ​បន្ថែម​ថា៖​

«អត្រា​ភាពក្រីក្រ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ ៥៣,៥ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៤​ មកត្រឹម​ ១៣,៥ភាគរយ​ ក្នុងឆ្នាំ​២០១៤ និង​បន្តធ្លាក់​ចុះ​ថែមទៀត​នៅឆ្នាំ​ ២០១៧នេះ​ ហើយ​គម្លាត​នៃប្រាក់​ចំណូល​របស់​ប្រជាជន ក៏មានការ​ធ្លាក់​ចុះ​ជាលំដាប់ផងដែរ។ ទន្ទឹមនេះ​ រាជរដ្ឋាភិបាល​ក៏បាន​រៀប​ចំ​បង្កើន​ប្រាក់​ចំណូល​ជូនមន្ត្រី​រាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ទទួល​បាន​នូវប្រាក់​បៀវត្សរ៍​ កាន់តែខ្ពស់​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ស្របតាម​គោលដៅ​ជាង​ ១លានរៀល​ នៅឆ្នាំ​២០១៨នេះ»។​

យ៉ាង​ណាក៏​ដោយ​ ការថ្លែង​របស់​មេដឹកនាំកម្ពុជា​មានខ្លឹមសារ​ បញ្ច្រាសគ្នា​នៃការវាយតម្លៃ​របស់​ក្រុមមន្ត្រីនៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ទាក់​ទិន​ការគោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ។​

អ្នកស្រី​ ​Kate Gilmore​ ​ឧត្តម​ស្នងការ​រង​ ​អ.ស.ប.​ ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​ទទួលស្គាល់​ពី​ភាព​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ សង្គម​វប្បធម៌​ តែ​អ្នក​ស្រី​ក៏​បាន​ទទូច​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ឲ្យ​គិត​គូរ​ផងដែរ​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស។​ ​នេះបើយោងតាម​សម្រង់​ប្រសាសន៍​របស់​អ្នកស្រី​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​Twitter​ ​របស់​ការិយាល័យ​ឧត្តមស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាល​ពីខែ​មីនា។​

អ្នក​ស្រី​ត្រូវ​បាន​បញ្ជាក់​ថា៖​

«នៅ​ប្រទេស​កម្ពុជា ​មាន​ភាព​ប្រសើរ ​ឡើងគួរឲ្យ​កត់សម្គាល់​លើ​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដូច​ជា​ការ​ដាក់​ឲ្យ​ប្រើ​នូវ​គោល​នយោបាយ​ការពារ​សង្គម និង​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ ជាដើម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សិទ្ធិ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ គឺ​ជា​សិទ្ធិ​ដែល​មិន​អាច​បំបែក ចេញពី សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ឡើយ​ ​ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​បង្វែរ​ការ​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​នូវ​ស្ថានភាព​សិទ្ធិ​នយោបាយ​និង​សេរីភាព​ជា​មូលដ្ឋាន»។

ស្រដៀង​គ្នា​នោះ​ដែរ​ ​អ្នកស្រី​រ៉ូណា​ ស្មីត​ (Rhona Smith)​ ​ប្រេសិត​ពិសេស​របស់​អ.ស.ប.ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែលបាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈពេល​១០​ថ្ងៃ​ ​លើក​ទីប្រាំ​ ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ​ដោយ​បាន​លើកឡើងពី​ កង្វល់​យ៉ាងខ្លាំង​អំពី​ការ​រឹតត្បិត​លើ​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​និង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ​នៅ​មុន​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា។​

អ្នកស្រី​ថ្លែងថា​ ប្រទេសកម្ពុជា​មកដល់​ផ្លូវបំបែក​មួយដ៏សំខាន់​ ហើយ​ត្រូវតែ​ចាប់​យក​សិទ្ធិមនុស្ស​ដែល​ចាំបាច់​មិន​អាច​ខ្វះបានក្នុង​ការ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ដែល​រកបាន​ដោយ​ពិបាក​អ្នកស្រី​បាន​ថ្លែង​តាម​ន័យ​ដើម​ថា៖​

«​ការ​រឹតត្បិត​សំឡេង​ប្រជា​ជន​កម្ពុជា​ នៅ​ទីបំផុត​អាច​ជាការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ពិតប្រាកដ ​ដែល​រដ្ឋាភិបាល​ ​និង​ប្រជាជន​បាន​ខិតខំកសាង​ឡើង​ដោយ​លំបាក​។​ ​សេរីភាព​ក្នុងការ​បង្កើតសមាគម​ ការ​បញ្ចេញមតិ​ និង​ការជួប​ប្រជុំ​ដោយ​សន្តិវិធី​ គួរតែ​ត្រូវ​បាន​ការ​ពារ​ និង​បង្កើត​ឡើង​ មិន​ត្រូវ​ធ្វើការ​រឹតត្បិត​ឡើយ​ នៅ​ក្នុងលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ដែល​ត្រូវបាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា»។ ​

អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប.​រូបនេះ​ ក៏​បាន​លើកឡើង​ពី​ដំណើរ​វិវឌ្ឍគួរ​ឲ្យ​ព្រួយបារម្ភ​នា​ពេល​ថ្មីៗ​នេះ​ រាប់ទាំង​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុងស្រុកមួយចំនួន​ និងកាសែត​ក្នុងស្រុក​មួយ​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ និងការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​នេះ​ ការ​ចាប់​គូរបដិបក្ខ​នយោបាយ​ដាក់​ក្នុងពន្ធនាគារ​ និង​សកម្មជនសិទ្ធិមនុស្ស​ ការ​ប្រើច្បាប់​ថ្មី​ ដើម្បី​កាត់​បន្ថយ​សេរីភាព​ ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ និង​សកម្មភាព​សង្គមស៊ីវិល។​

តុលាការ​កំពូល​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​ប្រឆំាង​សង្គ្រោះជាតិ​ ​និងបាន​ហាម​ឃាត់​ក្រុម​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨នាក់មិន​ឲ្យធ្វើនយោ​បាយ។ អ្នកស្រី​ស្មីត​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បង្វែរ​ជា​បន្ទាន់នូវ​ចំណាត់ការ​នានា​ពេលថ្មីៗនេះ​ ហើយ​ដកការ​ហាម​ប្រាមអ្នកនយោបាយ​ចំនួន​១១៨រូប​ មិន​ឲ្យចូលរួម​ក្នុង​សកម្មភាព​នយោបាយ។​

ប្រទេស​ចំនួន​៤៥​ ក៏​បាន​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ដែល​ប្រ​ទេស​ទាំង​អស់​នោះ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​ដើរ​បញ្ច្រាស​ទិស​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេច​ក្តី​ថ្លែងការណ៍​នេះ​ បានធ្វើឡើង​ ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២១​ខែ​មីនាឆ្នាំ​២០១៨។

សេចក្ដី​ថ្លែង​ការណ៍​រួម​តំណាង​ឱ្យ​៤៥​ប្រទេស​ ​ត្រូវ​បាន​អាន​ជូន​មហា​សន្និបាត​រួម​កាដោយ​អ្នកស្រី​ ​Jillian Dempster​ ​ប្រមុខ​ការ​ទូត​ណូវែល​សេឡង់​ប្រចាំ​ទី​ស្នាក់ការ​ ​អ.ស.ប.​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​កាលពី​ខែមីនា​បាន​បញ្ជាក់​ថា៖​

​«ខណៈ​ដែល​យើង​ខិត​ជិត​ទៅ​ដល់​ការ​បោះ​ឆ្នោត​ថ្ងៃទី២៩​ ខែកក្កដា​ឆ្នាំនេះ​ ​សុទិដ្ឋិនិយម​របស់​យើង​នា​គ្រា​មុន ​ត្រូវ​បានជំនួស​ដោយ​ក្ដី​ព្រួយ​បារម្ភយ៉ាង​ជ្រាល​ជ្រៅ ​ជុំវិញ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នា​ពេល​ថ្មីៗ​នេះ​ ​នូវ​សិទ្ធិ​ស៊ីវិល​ ​និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជំហាន​ដើរ​ថយ​ក្រោយ​ទាំង​នេះ​ ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​សញ្ញាណ​នៃ​ការ​គាស់​រំលើង​ដែល​មាន​ចរឹត​ចេះ​តែ​រន្ថើន​ឡើង​ទៅ​លើ​ក្រុម​នយោបាយ​ជំទាស់ ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។​

លោក​ ​ម៉ៅ មុនីវណ្ណ ​ ​អ្នកនយោបាយ​នៃ​គណបក្ស​ប្រឆាំង​ដែលត្រូវបាន​រំលាយតាមបណ្តឹង​របស់​រដ្ឋា​ភិបាល​មានប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ច័ន្ទនេះ​ថា​ បដិវត្តន៍ពណ៌​ ​មិនស្ថិត​ក្នុង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​បា្រថ្នាចង់បាន​ការផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​ការ​បោះឆ្នោត​ត្រឹមត្រូវ​ សេរី និង​យុត្តិធម៌។​

«អតីត​គណបក្ស​សង្គ្រោះជាតិ​ គឺ​មាន​គោល​ការណ៍​ ច្បាស់លាស់​ណាស់​ក្នុងការ​ធ្វើសកម្មភាព​នយោបាយ​។​ យើង​ធ្វើ​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាទ​យើង​ផ្អែក​ពីសន្ធិសញ្ញា​ទីក្រុងប៉ារីស​មក​ គឺយើង​ជំរុញ​ប្រទេស​យើង​ឲ្យ​មានប្រជាធិបតេយ្យ​ ហើយ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​យើង​ធ្វើ​ យើង​មាន​គោលនយោបាយ​របស់​យើង​ត្រឹម​ត្រូ​វ យើង​មានសារ​នយោបាយ​យើងត្រឹមត្រូវ​ យើង​ឆ្ពោះប្រឡូក​នយោបាយក្នុង​ទិសដៅ​គឺ​ផ្លាស់​ប្តូរដោយ​ ដោយ​តាម​គោលការណ៍ប្រជាធិ​បតេយ្យ​សេរីពហុបក្ស​ហ្នុង​ឯងបាទ​»។

លោក​ ​ម៉ៅ មុនីវណ្ណ​ មានប្រសាសន៍បញ្ជាក់ទៀត​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​សម្រេចបាន​នូវការ​បង្រួប​បង្រួម​ជាតិ​មួយ​ គ្រាដែល​សិទ្ធិរបស់​ប្រជាពលរដ្ឋ​មួយភាគធំ​ត្រូវបាន​រឹតត្បិត​ ដូចជា​ការ​ហាម​ឃាត់​ក្រុមមន្ត្រីនៃ​គណបក្ស​ប្រឆាំងចំនួន​១១៨​នាក់​មិន​ឲ្យធ្វើ​នយោបាយ។​

«នៅក្នុង​សង្គមប្រជាធិបតេយ្យ​ ហើយ​ជាពិសេស​អ្នកនយោបាយ​យើង​គួរតែ​គិត​គូ​ពីបញ្ហា​អភិវឌ្ឍន៍​ជាតិ​ ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ជំរុញ​ឲ្យមាន​ប្រជាធិបតេយ្យ​ ការគោរពសិទ្ធិមនុស្ស​នោះ​ ទាល់តែ​យើង​ធ្វើ​ម៉េច​បង្រួប​បង្រួម​ជាតិ​ ឲ្យវាមាន​សុខដុមរមនា​ជាមួយ​គ្នា​ទៅអនាគត​ អាហ្នឹង​បាន​មែនទែនទៅ​ មិនមែន​សប្បាយ​តែមួយក្រុម​ទេ​ សប្បាយ​ទាំង​អស់គ្នា​ ចំពោះជនជាតិ​ខ្មែរ​ ជនរួមជាតិ​ខ្មែរ​ទាំងអស់​រស់​នៅ​ក្នុង​ប្រទេស​ក្រៅប្រ​ទេស​ហ្នឹង​ឲ្យ​សប្បាយ​ទាំង​អស់​គ្នា​ អាហ្នឹង​បាន​រស់​នៅក្នុង​ភាព​ជឿជាក់​ទាំងអស់​គ្នា​ ក្នុង​ភាព​រួមគ្នា​អភិវឌ្ឍន៍ប្រទេស​ទាំង​អស់​គ្នា​បាទ»។​

តែ​ទោះបី​ជាយ៉ាងណា​ក៏ដោយ​ ​លើស​ពី​វិស័យសេដ្ឋកិច្ច​ និង​សនិ្តសុខ​ លិខិត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប ​ក៏​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​អំពី​វឌ្ឍន​ភាព​នៃវិស័យ​អប់រំសិក្សា​ធិការ​នៅកម្ពុជា​ និង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធក្នុង​ប្រទេស។​

លិខិត​របស់​លោក ហ៊ុន សែន​ បាន​សរសេរ​ក្នុងន័យ​ដើមថា៖​

«ក្នុងឆ្នាំ​សិក្សា​ ២០១៧- ២០១៨នេះ​កុមារ​អាយុក្រោម​៥ឆ្នាំ​ បាន​ទទួល​សេវា​អប់រំ​គ្រប់​រូបភាព​មាន​ជាង​ ៤​សែន​នាក់​ ហើយ​កុមារ​អាយុ​៥ឆ្នាំ​ បានទទួល​សេ​វា​អប់រំតាមគ្រប់រូបភាព​ចំនួន​ជាង​ ២សែននាក់​ សិស្ស​បឋមសិក្សា​ សាធារណៈ​មាន​ជាង​ ២​លាន​នាក់​ សិស្ស​មធ្យម​សិក្សា​បឋម​ភូមិ​មាន​ជាង​ ៦សែន​នាក់​ និង​សិស្ស​មធ្យមសិក្សា​ ទុតិយភូមិ​មាន​ជាង​ ៣សែននាក់។ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​មាន​ជាង​២ម៉ឺននាក់​ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មាន​ជាង​ ១សែន៦ម៉ឺននាក់​ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​មាន​ជាង​ ២ម៉ឺននាក់​ និង​ថ្នាក់​បណ្ឌិត​មាន​ជាង​ ១ពាន់​នាក់»។​

យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​មាន​ចំណង​ជើង​ថា​«ភាព​ឈ្លាសវៃ​កាន់តែ​ប្រសើរ​ឡើង៖​ ការ​រៀន​សូត្រ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក»​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនាកន្លងទៅនោះ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​

​ប្រទេស​កម្ពុជា​ កំពុង​ខំពុះពារ​ដើម្បី​បង្កើតប្រព័ន្ធ​អប់រំ​សិក្សាធិការ​ល្អ​បំផុត​ ​បើ​ធៀប​ទៅ​នឹង​ប្រទេស ​និង​តំបន់រដ្ឋបាល​ពិសេស​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

របាយ​ការណ៍នេះ​ក៏​បានបង្ហាញឲ្យ​ឃើញ​នូវ​ចំណុច​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​ ចំពោះគុណភាព​អប់រំ​នៅ​កម្ពុជា​ ធៀបនឹង​បណ្តាប្រទេសក្នុងសមាគមអាស៊ាន​។​ របាយការណ៍​បានសរសេរក្នុងន័យ​ដើម​ថា៖ «កម្ពុជា​ និង​ទីម័រ​ខាងកើត មួយ​ភាគ​បី​ ឬ​លើស​នេះ​នៃ​សិស្ស​ថ្នាក់​ទី​២​ នៅតែ​មិន​អាចអាន​ដាច់​សូម្បី​តែមួយ​ពាក្យ​ក្នុង​ការ​ធ្វើ​តេស្ត​អំណាន»។​

ដោយឡែក​ ព្រះមហាក្សត្រ​ខ្មែរព្រះបាទ​សម្តេចព្រះបរមនាថ​នរោត្តម​សីហមុនី​ បាន​ចេញ​ព្រះរាជសារ​ កោតសរសើរ​ដល់​កិច្ច​ការរបស់​រដ្ឋសភា​ និង​ភាពដឹកនាំត្រឹមត្រូវរបស់​រដ្ឋាភិបាលលោក​ហ៊ុន សែន។ នេះបើតាម​ព្រះរាជសារ​ដែល​ត្រូ​វបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន​ Freshnews នៅថ្ងៃ​ច័ន្ទ។​

លិខិត​របស់​អង្គព្រះ​មហាក្សត្រ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំព្រះករុណា​ ខ្ញុំ​សូម​អបអរ​សាទរ​ដល់​រាជរដ្ឋាភិបាល​ ដែល​តែងតែ​បាន​ប្រកាន់​ភ្ជាប់នូវ​ គោលការណ៍​សាមគ្គី​ជាតិ​ ដើម្បី​រួបរួម​ពួត​ដៃគ្នា​ រវាង ប្រជា​ជាតិ​កម្ពុជា​ទាំងអស់​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ លើ​គ្រប់​មជ្ឈដ្ឋាន​ និង​និន្នាការ​នយោបាយ ដើម្បី​កសាង​ និង​ការ​ពារ​ជាតិ​ សមិទ្ធផល​សង្គម​ និង​ការធានាឲ្យមានឯកភាព​ជាតិ​បូរណភាព​ទឹកដី​ អធិបតេយ្យ​ភាព​ជាតិ​ សន្តិភាព​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​វឌ្ឍនភាព»។​

យ៉ាង​ណាមិញ​ ក្រោយការ​រំលាយគណបក្ស​ប្រឆាំង​ ក្រុម​សហគមន៍​ប្រជាធិបតេយ្យ​ធំៗចំនួន​ពីរ​ គឺ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បានគំរាម​ជាបន្តបន្ទាប់​ក្នុងការ​ទណ្ឌកម្មសេដ្ឋកិ​ច្ច​លើប្រទេស​កម្ពុជា​ និង​បានរឹតបន្តឹង​លើ​ទិដ្ឋាការ​របស់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ទាំងឡាយ​ណា​ ដែលបាន​រួមដៃ​រំលាយ​គណបក្ស​ប្រឆាំង​ដែលកើនការ​គំាទ្រ​ជាង​៤០​ភាគរយ​ទាំងការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០១៧៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន សរសើរ​ជោគជ័យ​នៃ​ការកម្ចាត់​បក្ស​ប្រឆាំង​ក្នុង​សារ​ឆ្នាំ​ថ្មី"

  1. people says:

    This country is in your hand mr veitcong mafia dictator ‘ so you can say what ever you wanted and do what ever you wanted ‘ but remember dictator in the world never die easily ‘ they die like animal so you will be one of them going to hell soon ‘ GOD bless all good people’

Leave a Reply

Submit Comment