អតីត​មេដឹកនាំ​បក្សប្រឆាំង​ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត

អតីត​មេដឹកនាំ អតីត​គណបក្សប្រឆាំង​លោក សម រង្ស៊ី។ រូបថត AFP



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អតីត​មេដឹកនាំ អតីត​គណបក្សប្រឆាំង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត​នាពេល​ខាង​មុខ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​មុន​ការបោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​ទេ​នោះ​។

ការអំពាវនាវ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ខែ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ ហើយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន ១១៨ រូប​ផ្សេង​ទៀត​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ហើយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ខែ​កញ្ញា​ដោយ​រង​ការចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​។

លោក សម រង្ស៊ី និង​អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កាលពី​ខែ​មករា​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​។ ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គូ​ប្រកួត​ប្រជែង​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

តាមរយៈ​អ៊ីមែល​លោក សម រង្ស៊ី បាន​អះអាង​ថា​ការសម្រេចចិត្ត​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​នេះ​ត្រូវ​បាន​សម្រេច​ដោយ​សមាជិក​ចលនា​សង្គ្រោះ​ជាតិ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​មិន​ត្រឹម​តែ​អំពាវនាវ​ដល់​អ្នក​បោះឆ្នោត​ឲ្យ​នៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អំពាវនាវ​ដល់​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​កុំ​ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ផង​ដែរ​។

សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​សមាជិក​គណបក្ស​សិទិ្ធ​មនុស្ស​របស់​លោក កឹម សុខា ហាក់​មិន​មាន​សំឡេង​ខ្លាំង​ក្នុង​ការ​គាំទ្រ​ដល់​ចលនា​សង្គ្រោះ​ជាតិ​ទេ ដែល​ភាគច្រើន​នៃ​អ្នក​គាំទ្រ​ចលនា​នេះ​គឺជា​អតីតមន្ត្រី​គណបក្ស​សមរង្ស៊ី​។

លោក​ សម រង្ស៊ី ថ្លែង​ថា​៖ «​ពេល​នេះ​យើង​ត្រូវ​តែ​បញ្ជាក់​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​។ វា​អាច​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រទេស​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ បើ​គេ​ចូលរួម​ការបោះឆ្នោត​ដែល​គ្មាន​ន័យ​នេះ​ដែល​គេ​មាន​ចេតនា​គ្រាន់​តែ​ធ្វើឱ្យ​មាន​ភាព​ស្រប​ច្បាប់ និង​ឲ្យ​របប​ផ្តាច់ការ​នៅ​បន្ត​កាន់​អំណាច​ទៀត​ប៉ុណ្ណោះ​»​។

លោក​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ការបោះឆ្នោត​ដែល​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​នៅ​ខែ​កក្កដា​គឺ​វា​នឹង​កាន់​តែ​បញ្ជាក់​បន្ថែម​ទៀត​អំពី​ភាព​មិន​ស្រប​ច្បាប់​របស់​ពួកគេ និង​បង្កើន​ហានិភ័យ​អស្ថិរភាព​សម្រាប់​រដ្ឋបាល​បក្ស​កាន់​អំណាច​។

ការអំពាវនាវ​របស់​លោក សម រង្ស៊ី នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ពេលវេលា​កំណត់ សម្រាប់​ការចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា​ដែល​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​លោក សម រង្ស៊ី ចង់​ឲ្យ​មាន​ការ​ពន្យារពេល​ដំណើរការ​បោះឆ្នោត​នេះ​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការប្រសើរ​ដែល​ផ្អាក​ការបោះឆ្នោត​ក្លែងក្លាយ​ដែល​ត្រូវ​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​គឺ​ប្រសើរ​ជាង​បន្ត​ធ្វើ ប៉ុន្តែ​គ្មាន​ន័យ និង​មិន​អាច​ទទួល​យក​បាន​ជាមួយ​នឹង​ផលវិបាក ដែល​មិន​អាច​ទាយ​ទុក​មុន​»​។

លោក​បាន​បន្ថែម​ថា​ប្រសិន​បើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​បោះឆ្នោត​វិញ​ទេ នោះ​ចលនា​សង្គ្រោះ​ជាតិ​នឹង​អំពាវនាវ​ឲ្យ​ធ្វើការ​តវ៉ា​អហិង្សា ហើយ​នឹង​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ និង​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ឈរ​នៅ​ខាង​ប្រជាជន​ជំនួស​ឱ្យ​នៅ​ខាង​រដ្ឋាភិបាល​។

ការបោះឆ្នោត​ឆ្នាំ​ ២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ៣ លាន​សំឡេង​ស្មើ​នឹង​ ៤៤ ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​វា​បាន​បង្ហាញ​អំពី​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ការបោះឆ្នោត ឃុំ សង្កាត់ កាលពី​ឆ្នាំ​មុន​ដែល​គណបក្ស​នេះ​ឈ្នះ​បាន​តំណែង​មេឃុំ ចៅសង្កាត់​រហូត​ដល់​ចំនួន​ ៤៨៩ ឃុំ សង្កាត់​។

ទន្ទឹម​នឹង​នេះ​ដែរ​អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ បាន​គាំទ្រ​ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី ​នេះ​ដោយ​លោកស្រី​បាន​លើក​ឡើង​ថា វា​គឺជា​ «​សុបិន​អាក្រក់​បំផុត​» ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ការអំពាវនាវ​នេះ​នឹង​ធ្វើឲ្យ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ធ្លាក់​ចុះ​។

ចំណែកឯ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា​លោក​នឹង​វាយតម្លៃ​ស្ថានការណ៍​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ មុន​នឹង​ធ្វើ​អត្ថាធិប្បាយ​លើ​ការអំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​នេះ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា​លោក​ សម រង្ស៊ី មិន​មាន​សំឡេង​ខ្លាំង​ជាមួយ​អ្នក​បោះឆ្នោត​កម្ពុជា​ទៀត​ទេ ហើយ​គ្មាន​នរណា​ម្នាក់​នឹង​គាំទ្រ​ការប៉ុនប៉ង​ឲ្យ​ធ្វើ​ពហិការ​របស់​គាត់​ទេ ដោយ​លោក​បាន​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ​វា​អាច​នឹង​បង្កើត​ឱ្យ​មាន​កំហឹង​ចំពោះ​អតីត​មេដឹកនាំ​ដែល​និរទេស​ខ្លួន​នេះ​ទៅ​វិញ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ពួកគេ​កំពុង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ និង​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​បោះឆ្នោត​។ ដូច្នេះ​ហើយ​ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​ធ្វើ​តាម​ការអំពាវនាវ​របស់​គាត់​?»​។

ប៉ុន្តែ​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ប្រទេស​ហើយ​មាន​មនុស្ស​ដែល​មាន​អារម្មណ៍​ថា សន្លឹកឆ្នោត​របស់​ពួកគេ​គឺ​គ្មាន​តម្លៃ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​ប្រសិន​បើ​សារ​របស់​លោក សម រង្ស៊ី អាច​ជ្រាប​ទៅ​ដល់​អ្នក​បោះឆ្នោត ខ្ញុំ​គិត​ថា​អ្នក​បោះឆ្នោត​ជាច្រើន​នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការអំពាវនាវ​របស់​គាត់​»៕ NS


Contact authors: នៀម ឆេង and Ananth Baliga

What Next?

Recent Articles

Leave a Reply

Submit Comment