អ្នក​វិភាគ៖ របបលោក ហ៊ុន សែន កំពុង​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​មិន​ចេញ​ទៅ​បោះ​ឆ្នោត

ដោយ មាន ឫទ្ធិ
2018-04-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ការណ៍​ដែល​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ផ្ញើ​សារ​ជូនពរ​ដល់​ជន​រួម​ជាតិ ដោយ​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​នេះ គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​មិន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ចំនួន កំពុង​ពិចារណា​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង ត្រៀម​ធ្វើ​ពហិការ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ។

អ្នក​វិភាគ​នយោបាយ និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ទឹក​ចិត្ត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់ ឬ​ស្មើ​នឹង​ជាង​កន្លះ​នគរ ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​សម្រេច​ទៅ​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ថា ប្រសិន​បើ​អ្នក​ទៅ​បោះ​ឆ្នោត មាន​ចំនួន​តិច​ពេក នោះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ ចោទ​ជា​បញ្ហា៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ការ​គិត​ឃើញ​របស់​គណបក្ស​កាន់​អំណាច គាត់​នៅ​តែ​ចង់​បាន​នូវ​អ្វី ដែល​ជា​ភាព​ស្រប​ច្បាប់ ពិសេស​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ រដ្ឋាភិបាល​គាត់​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​លោ​ពលរដ្ឋ​ហ្នឹង មិន​បាន​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា»

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​លោក​បណ្ឌិត មាស នី គឺ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ត្រៀម​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច សំរឹទ្ធិស័ក ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​នេះ ហើយ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ប្រើ​ភាសា​ហិង្សា​គំរាម​កំហែង​កាប់​សម្លាប់​ពូជ​សាសន៍​ខ្មែរ​គ្នា​ឯង បាន​ជូន​ពរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​ប្រកប​ដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី និង​ជ័យ​មង្គល​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល។

តែ​អ្វី​ដែល​ខុស​ប្លែក​សម្រាប់​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​នេះ ទំនង​ជា​ភ័យ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ លើក​ឡើង​នៅ​ផ្នែក​ខាង​ដើម​បង្អស់​នៃ​សារ​របស់​លោក​នេះ​ថា ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ ម្តង​ហើយ​ម្តង​ទៀត លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន ក្នុង​អ្វី​មួយ​ដែល​លោក​ថា ដើម្បី​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​របស់​ខ្លួន។

ការ​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​របស់​លោក បាន​សម្រេច​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គណបក្ស​របស់​លោក និង​លោក ហ៊ុន សែន ខ្លួន​ឯង នឹង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​រក្សា​ការ​បន្ត​កាន់​អំណាច និង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តទៅ​ទៀត។ ការ​ធានា​ជ័យជម្នះ​ជា​មុន នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តួល​ដៃគូ​ប្រកួត​ដ៏​ស្រួចស្រាវ​ឲ្យ​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ដែល​នោះ គឺ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​គាស់​រម្លើង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​នានា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​បង្ក្រាប​មក​លើ​សំឡេង​ក្រុម​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្រោម​លេស​ថា ដើម្បី​ប្រឆាំង​នឹង​បដិវត្ត​ពណ៌។ បដិវត្ត​ពណ៌ ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សារ​នោះ​ថា គឺ​ជា​ឧបាយកល​របស់​គណបក្ស​ប្រឆាំង ដែល​ឃុបឃិត​ជាមួយ​បរទេស ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​របប​របស់​លោក។ លោក ហ៊ុន សែន បាន​សរសើរ​ថា ក្នុង​ឆ្នាំ​ចាស់​កន្លង​ទៅ​នេះ របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី​នេះ។

មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ដែល​ទាំង​លោក ហ៊ុន សែន និង​ទាំង​របប​របស់​លោក បន្ត​លើក​យក និង​អួតអាង​អំពី​ជោគជ័យ​នៃ​ការ​បង្ក្រាប​បដិវត្តន​ពណ៌​នេះ។ ក្នុង​អត្ថបទ​ដាក់​ចំណង​ជើង​ថា «ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា គឺ​ជា​ផែនការ ដែល​ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន​យ៉ាង​យូរ​មក​ហើយ» ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អនឡាញ Asia Times មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​០៥ មេសា ឲ្យ​ដឹង​ថា កូន​ប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ គឺ​ជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ និង​រៀបចំ​ផែនការ​កម្ទេច​ក្រុម​ប្រឆាំង និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​គណបក្ស​នេះ​បាន​ចាញ់​ឆ្នោត និង​បាត់បង់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក ហ៊ុន ម៉ានិត ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផែនការ​នេះ តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដោយ​លោក​បាន​ប្រើប្រាស់​ពាក្យ បដិវត្ត​ពណ៌​នេះ ជា​លើក​ដំបូង នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ធ្វើ​ឡើង​ជា​មួយ​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន។

ភស្តុតាង​ដែល​រឹត​តែ​បញ្ជាក់​បន្ថែម​អំពី​ផែនការ​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​នេះ ក៏​ត្រូវ​បាន​លាត​ត្រដាង នៅ​ក្នុង​សារ​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់ រួម​មាន ការ​ត្រៀម​ប្រើប្រាស់​យុទ្ធវិធី​ចិត្តសាស្ត្រ​បែប​បំភិតបំភ័យ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត (សារ​រវាង​លោក ហ្សូសេហ្វ៍ ម៉ាត់ហ្សូវស៍ (Joseph Matthews) ជនជាតិ​ប៉ាគីស្ថាន ជាមួយ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦) ការ​រៀបចំ​ផែនការ​សម្ងាត់​ពឹងពាក់​ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​ឈ្មោះ Shaviv Strategy and Campaigns ដែល​មាន​លោក អារុន សាវីវ ជា​នាយក​ប្រតិបត្តិ​ឲ្យ​ជួយ​ធ្វើការ​ស្ទង់​មតិ​សម្ភាស​ផ្ទាល់​មុខ​មួយ​ជាមួយ​ក្រុម​មនុស្ស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ៥​ពាន់​នាក់ (.៣៧៩) នៅ​ទូទាំង ២៤​ខេត្តក្រុង​នៅ​កម្ពុជា ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​តុលា ឆ្នាំ​២០១៦ ពី​សំណាក់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន ជា​ដើម។

ភ្លាមៗ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ គណបក្ស​កាន់​អំណាច​បាន​ចាប់​ផ្តើម​អនុវត្តន៍​ផែនការ​បង្ក្រាប​ទាំង​នោះ តាម​រយៈ​ការ​បណ្តេញ​ចេញ និង​បំបិទ​អង្គការ​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​ចុង​ក្រោយ គឺ​ការ​ឈាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង ទាំង​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ មិន​ដាច់​ពី​មាត់ និង​បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​ប្រែ​ក្លាយ​ជា​គ្មាន​ន័យ ពុំ​អាច​យក​ជា​ការ​បាន និង​ពុំ​ស្រប​ច្បាប់ និង​ជា​ការ​អាមាស់ ប្រសិន​បើ​របប​នេះ នៅ​តែ​បន្ត​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច​គ្នា​ដែរ ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​លោក ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ ប្រសិន​បើ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​រសើប​មួយ ដោយ​របប​ក្រុង​ភ្នំពេញ​តែង​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ទៅ​នឹង​ការ​អំពាវនាវ​ទាំង​ឡាយ​ណា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ..ប កាល​ពី​ថ្ងៃ​ទី​០៩ មេសា បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​ចេញ​មុខ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ដោយ គ..ប ចាត់​ទុក​អំពើ​នេះ​ថា ជា​រឿង​ខុស​ច្បាប់ និង​ស្នើសុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ភាព​ស្រប​ច្បាប់ និង​អព្យាក្រឹតភាព នៃ​ស្ថាប័ន គ..ប បាន​ចោទ​ជា​បញ្ហា​ភ្លាមៗ ក្រោយ​ពេល​ដែល​សមាជិក​ឯករាជ្យ​មួយ​ចំនួន នៃ​ស្ថាប័ន​មួយ​នេះ បាន​សម្រេច​លា​ឈប់​ពី​មុខ​តំណែង ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​ជាន់ខ្ពស់​ទាំង​៩ រូប​របស់​ស្ថាប័ន​នេះ សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ របស់​គណបក្ស​កាន់​អំណាច។

យ៉ាង​ណា​ក៏​ដោយ ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​តម្រូវ​ថា ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ឡើយ ឬ​ក៏​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​ចូលរួម ឬ​អវត្តមាន ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នឹង​ត្រូវ​មាន​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ។ មាត្រា ៣៤ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នក​វិភាគ៖ របបលោក ហ៊ុន សែន កំពុង​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​មិន​ចេញ​ទៅ​បោះ​ឆ្នោត"

  1. akvac says:

    WHAT HUN SEN FEARS IS HIS OWN GHOST AND THE GHOST OF INNOCENTS
    DOES HE SLEEP WELL IT’S UP TO HIS QUESTION

  2. ?? says:

    HUN SEN is fear from Cambodian people’s justice . in what so ever HUN SEN should knew what have he done to this poor people . as I used to say some thing going up it definitely have to come down. the people of justice will reveal all HUN SEN evil act during his long term ruling in this nation. this time more then ever Cambodian will make their final judgement for their own nation. HUN SEN should understand that this country is not his belonging . time to showing your true color Mr you can not getting away from responsible for this poor nation. GOD bless Cambodia and all Cambodian

  3. so socheath says:

    អាចម្គួតមាស នី
    អានេះបើនិយាយឲ្យចំ គួរហៅវាថា អាល្ងង់ចុយម៉្រាយ អាល្ងង់ !
    ប្រជាពលរដ្ឋមួយណាដែលមិនទៅបោះឆ្នោតហើយនាំការបារម្ភ ?
    ប្រជាពលរដ្ឋ ភាគច្រើនដាច់ខាត សុទ្ធជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
    អ្នកទៅបោះឆ្នោតគឈអ្នកទាំងនោះ ។ គណបក្សប្រជាជនឈ្នះគ្រប់អាណត្តិ គឺអ្នកទាំងនោះ
    បោះឆ្នោតគាំទ្រ ។
    តើអាចនិយាយថាអ្ហែង ជាអាឡប់ អាល្ងង់ចុយម៉្រាយ អាល្ងង់ ! បានទេ ដែលគឹតថា អ្នកទាំងនោះ
    មិនទៅបោះឆ្នោត ?

Leave a Reply

Submit Comment