លោក​ ​កឹម សុខា​ អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​លះបង់​ការ​ចង​អាឃាត

នយោបាយ

រូបឯកសារ៖ អ្នកគាំទ្រ កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ថ្ងៃទី២៨ ខែមីនាឆ្នាំ ២០១៨។


12 មេសា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​ជាប់ឃុំ ​អំពាវនាវ​ពីក្នុង​ពន្ធនាគារ​ ​ឲ្យ​អ្នក​នយោបាយ​បោះបង់​ចោល​ការ​ចង​អាឃាត​ ​និង​ឈប់​យក​ប្រជាពល​រដ្ឋ​ធ្វើជា​សត្រូវ​ ​ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ផ្តល់​មេត្តា​ធម៌​ចំពោះ​គ្នា​ទៅវិញទៅមក​ដើម្បី​ពង្រឹង​គុណធម៌​ក្នុង​សង្គម។​

ក្នុង​សារ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នា​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​លោក​ កឹម សុខា​ បាន​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ​ ​ប្រជាពលរដ្ឋ​ ​និង​អ្នកនយោបាយ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង ដោយ​សារ​ ​«ការ​ធ្លាក់ចុះ​នូវ​គុណធម៌»។​ ​លោក​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ​ការ​ឈឺចាប់​នោះ​ធ្វើ​ឲ្យ​ខ្វះ​ការ​ជឿ​ទុកចិត្ត​គ្នា​ ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​ដោយសារ​គ្មាន​ការ​អត់ឱន​ ​និង​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ ​កឹម សុខា​ ​បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​ជាតិ​ ​និងអ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិប​តេយ្យ​កុំ​អស់​សង្ឃឹម​ ​និង​ត្រូវ​តស៊ូ​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ការ​ផ្លាស់ប្តូរ​គឺ​ចាំបាច់​ត្រូវ​កើត​មាន​ឡើង​ដោយ​អហិង្សា​ ​និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ពិត​ប្រាកដ ​និង​តាមរយៈ​ការ​បោះឆ្នោត​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌។ ព្រះ​ឱវាទ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ ​ក៏​ដូចជា​ច្បាប់ធម្មជាតិ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ អ្វីៗ​តែង​មាន​ការ​ផ្លាស់ប្តូរ​មិន​អាច​ប្រកែក​បាន​ ​សូម្បី​តែ​ទេវតា​ឆ្នាំ​ចាស់​ ក៏​ត្រូវ​ផ្លាស់​ជំនួស​ដោយ​ទេវតា​ឆ្នាំ​ថ្មី​ផង​ដែរ»។

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពីក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ ​កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​ដោយ​តុលាការ​ចោទ​លោក​ពីបទ​ក្បត់ជាតិ។​ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ឯខេត្តត្បូង​ឃ្មុំ ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស វៀតណាម ​នៅ​មុន​បន្តិច​នៃការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ថា ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួ​យ​បរទេស រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

ក្នុង​រយៈពេល​នៃ​ការ​ឃុំខ្លួន​នេះ​ ​ចៅក្រម​បាន​សាកសួរ​ ​និង​ជំនុំ​ជម្រះ​លោក​ទាំង​នៅ​ក្នុង​ពន្ធនាគារដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កា​រ​សួរ​សុខទុក្ខ​ ​ក្រៅ​តែ​ពី​មេធាវី​ ​និង​គ្រួសារ​របស់​លោក​នោះ​ទេ។​

ក្រុម​មេធាវី​របស់​លោក​ ​កឹម សុខា​ ​បានប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំដើម្បី​ព្យាបាល​ជំងឺ​គៀប​សសៃ​ ​លើស​ឈាម​ ​និង​ទឹកនោម​ផ្អែម ប៉ុន្តែ​តុលា​ការ​ទាំងអស់​បាន​ច្រាន​ចោល។​

លោក​ ​កឹម សុខា​ ​បាន​បន្ថែម​ក្នុង​លិខិត​ជូនពរនោះ​ថា លោក​ចង់​ឃើញ​ឆ្នាំ​ថ្មី​មួយ​ដែល​នាំ​មក​នូវ​សេចក្តី​សុខ សេរីភាព និង​សុភមង្គល​ដល់​ខ្មែរ​គ្រប់ភាគី និង​លុប​ជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការគុំគួន អំពើ​បាប​ក្នុង​ឆ្នាំ​ចាស់៖

«សម្រាប់​ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​មិនមាន​នោះ​ទេ​ពាក្យ​ថា​សងសឹក​ ​ហើយ​ក៏​សូម​អហោសកម្មចំពោះទង្វើ​បាន​ទាំងឡាយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​មក​លើ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ។​ ​សូម​ឲ្យ​ខ្មែរ​ចាប់​ផ្តើម​ជា​ថ្មី​ក្នុង​ការ​កសាង​ជាតិ​រួមគ្នា ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​តទៅ»។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ​ថា លោក​គាំទ្រ​អត្ថន័យ​ក្នុង​លិខិត​ជូនពរ​របស់​លោក​ ​កឹម សុខា​ ​ដែល​បង្ហាញ​ពី​ការ​ពង្រឹង​គុណធម៌​ក្នុង​សង្គម។​ ​ទោះយ៉ាងណា​លោក​ថា​ ​ទង្វើ​របស់​លោក​ ​កឹម សុខា​ ​រហូត​ឈាន​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​ពី​បទ​ក្បត់ជាតិ គឺ​នៅ​តែ​ជា​បទល្មើស ដែល​មិន​អាច​លើក​យក​ពាក្យ​គុណធម៌​មក​ពាក់ព័ន្ធ​បាន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសិនណា​ជា​អ្នក​នយោបាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​ក្បត់ជាតិ ​ខ្ញុំ​យល់​ថា​អាហ្នឹង​មិនអាច​យក​សីលធម៌​មក​និយាយ​ទេ​ ​គឺ​សីលធម៌​អ្នក​ខុស​ហ្នឹង​ហើយ។ ឲ្យ​អ្នក​ដឹកនាំ​អំណាច​យក​សីលធម៌​សម្រប​សម្រួល​ជាមួយ​អ្នកក្បត់ជាតិ វា​អត់​ទៅ​រួច»។

សារ​លិខិត​ជូន​ពរ​របស់​លោក​ ​កឹម សុខា​ ​ចេញ​ក្រោយ​បន្តិច​នៃ​សារ​ជូនពរ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ ​និង​សារ​ជូនពរ​របស់​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ឯ​បរទេស។​

សារ​របស់​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​បាន​បញ្ជាក់​ពីការ​ប្តូរ​ផ្តាច់​ ​ក្នុង​ការ​កសាង​កម្ពុជា​ទៅតាម​គន្លង​ប្រជា​ធិបតេយ្យ​សេរី​ ​ពហុបក្ស​ ​ខណៈ​សារ​របស់​លោក​ ​សម រង្ស៊ី​ ​បញ្ជាក់​ថា​ ពន្លឺ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​មិនទាន់​ភ្លឺខ្លាំង​នៅឡើយ​ ​ចំណែកដំណើរ​រៀបចំ​ការ​បោះឆ្នោត​បច្ចុប្បន្ន​ ​ត្រូវ​បាន​លោក​ចោទ​ថា​ ជា​ដំ​ណើរ​ការ​បោះឆ្នោត​ក្លែង​ក្លាយ៕

What Next?

Recent Articles