ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ | ម៉ោង 4:58 PM
http://vodhotnews.com
លោក កឹម សុខា ក្នុងបន្ទប់រង់ចាំសវនាការ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)
អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានចាប់ឃុំខ្លួន អំពាវនាវទៅដៃគូប្រកួតដ៏ធំរបស់ខ្លួន ឲ្យរកដំណោះដោះស្រាយបញ្ហានយោបាយ ដោយអហឹង្សា កុំយកខ្មែរគ្នាឯងជាសត្រូវ។
អតីមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួននៅគេហេដ្ឋានរបស់លោក កាលពីដើមខែកញ្ញឆ្នាំមុន កាចាប់ឃុំខ្លួននោះត្រូវមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថាលោកជាអ្នកបញ្ជា ដោយចោទថា អតីតមេបក្សរូបនេះបានធ្វើទង្វើក្បត់ជាតិ។
លោក កឹម សុខា ឲ្យដឹងតាមសារ ជូនពរឆ្នាំថ្មី ដែលបង្ហោះលើគេហទំព័រហ្វេសប៊ុក របស់លោកនាថ្ងៃនេះ ឲ្យដឹងថា ឆ្នាំចាស់នេះ មានការធ្លាក់ចុះយ៉ាងខ្លាំងនូវ គុណធម៌ ជាហេតុបង្កឲ្យខ្មែរមានការឈឺចាប់ទាំងប្រជាពលរដ្ឋ និងអ្នកនយោបាយ។លោកថា ការឈឺចាប់នេះ ធ្វើឲ្យអ្នកនយោបាយ ខ្វះការជឿទុកចិត្តគ្នា ដែលនាំមានការបែកបាក់ជាតិ ដោយសារ តែគ្មានការអត់ឱន និងការអធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក កឹម សុខា អំពាវនាវទៅដៃគូប្រកួត របស់ខ្លួនថា ឆ្នាំថ្មីនេះ លោកចង់ឲ្យខ្មែរគ្រប់ភាគីនឹងលុបជម្រះឲ្យអស់នូវអពមង្គល ការគុំកួន និងអំពើបាបក្នុងឆ្នាំចាស់ ហើយវិលទៅរកការដោះស្រាយដោយសន្តិវិធី ដោយមិនយកខ្មែរណាធ្វើជាសត្រូវ។
សារលិខិត៖«មុននឹងបញ្ចប់នេះ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទផ្ទាល់ ខ្ញុំព្រះករុណា ខ្ញុំចង់ឃើញថ្មីមួយដែលនាំមកនូវសេចក្ដីសុខសេរីភាព និងសុភមង្គមដល់ខ្មែរគ្រប់ភាគីនិងលុបជម្រះឲ្យអស់នូវអពមង្គល ការគុំកួននិងអំពើបាប ក្នុងឆ្នាំចាស់។ សម្រាប់ខ្ញុំព្រះករុណា ខ្ញុំមិនមាននោះទេពាក្យថាសងសឹក ហើយក៏សូមអហោសិកម្មចំពោះទង្វើបាបទាំងឡាយដែល ត្រូវបានគេធ្វើមកលើខ្ញុំព្រះករុណាខ្ញុំ។សូមឲ្យប្រខ្មែរអាចចាប់ផ្ដើមសារជាថ្មីក្នុងការកសាងជាតិរួមគ្នាចាប់ពីឆ្នាំថ្មីនេះតទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនាវនេះថា ជារឿងល្អ ប៉ុន្តែលោកថា គណបក្សប្រជាជនមិនអាចធ្វើការចចារជាមួយមានអ្នកទោសនោះទេ។
លោកថា៖«ចង់បានការដោះស្រាយរវាងខ្មែរ និងខ្មែរដោយអហឹង្សាហ្នឹង វាល្អហើយ បញ្ហាសំខាន់ដូចចិត្តខ្ញុំយល់ឃើញធ្វើ ម៉េ ចកុំឲ្យមានបញ្ហា កុំឲ្យមានបញ្ហាគឺកុំល្មើសច្បាប់តែល្មើសច្បាប់ហើយដោះស្រាយអត់ចេញដែរ អ្នកល្មើសច្បាប់វាត្រូវជាប់បញ្ហា ជាបពិរុទ្ធភាពចំពោះមុខច្បាប់ ហើយទៅដោះស្រាយទៅនឹងការចរចាគ្នាម៉េចកើត អត់ទៅរួចគេ កាលណាខុសច្បាប់វាត្រូវតែដោះស្រាយជាមួយច្បាប់អញ្ចឹងរកការចចារគ្នាមិនកើតអញ្ចឹងវាខ្វះត្រង់ហ្នឹង»។
ទោះជាយ៉ាងណាអ្នកស្រាវជ្រាវពីអភិវឌ្ឍន៍សង្គមលោក មាស នី ជំរុញរដ្ឋាភិបាលគួរតែធ្វើការពិចារណាឡើងវិញ ក្នុងការចរចាជាមួយភាគីម្ខាងទៀតដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ។ លោករំឭកថា អ្នកនយោបាយទាំងអស់ត្រូវដឹកថាពួកគាត់ទាំងអស់គ្នាបាននាំប្រទេសខ្មែរចូលក្នុងស្ថានភាព បង្កឲ្យមានការលាបពណ៌គ្នាតាំងពីលើដល់ក្រោម ។ លោកថា នេះជាវិបត្តិ ដែលធ្វើឲ្យសង្គមមួយនេះខ្វះការទុកចិត្តគ្នាទំនាស់ផ្ទៃក្នុងកាន់តែរីកធំៗឡើង។