កម្មករដែលថៅកែមិនបើកប្រាក់នៅខេត្តកណ្តាលរៀបចំទទួលទេវតាមុខរោងចក្រ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨​ | ម៉ោង 3:58 PM
http://vodhotnews.com

សង្គម | សិទ្ធិមនុស្ស

កម្មកររោងចក្រ ហ្វឺស ហ្គាវ័ន ប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ (CLC Cambodia)


កម្មកររោងចក្រមួយនៅក្រុងខ្មៅ ខេត្តកណ្តាល នៅបន្តដេកយាមមុខរោងចក្ររងចាំដំណោះស្រាយរឿងវិវាទការ ងារ បើទោះបីជាដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ដោយ។

កម្មកររោងចក្រ ហ្គាវ័ន ស្ថិតក្នុងក្រុងតាខ្មៅ អ្នកស្រី សាន់ សុខន អះអាងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមកម្មករ មិនទទួលបានសំណងទេ ហើយពួកគេនៅតែបន្តដេកយាមមុខរោងចក្រដដែលរហូតមកដល់ថ្ងៃនេះ ខណៈស្អែកជាថ្ងៃចូលឆ្នាំទី១។

អ្នកស្រីបន្តថា ការបន្តដេកយាមនៅមុខរោងចក្រដោយពុំបានទៅលេងស្រុកកំណើតនេះដោយសារពួកគាត់គ្មានថវិកាសម្រាប់ធ្វើដំណើរ និងចាយវាយនៅរដូវបុណ្យចូលឆ្នាំ។

អ្នកស្រីបន្តថា«អត់មានការបើកលុយ ទទួលលុយអ្វីទាំងអស់ ពួកខ្ញុំនៅថ្ងៃនេះនាំគ្នាចងតង់​ដាក់បដារូបសម្តេចនៅខាងមុខរោងចក្រហ្នឹងដដែល ដេកយាមទ្រព្យសម្បត្តិរោងចក្រហ្នឹងដដែល ហើយអត់បានទៅចូលរួម ពិធីបុណ្យចូលឆ្នាំដែរ ព្រោះអីពួកខ្ញុំអត់មានថវិកាទេ និយាយទៅពិបាកណាស់។ ស្អែកនេះពួកខ្ញុំនឹងធ្វើពិធីទទួលទេវតានៅមុខរោងចក្រហ្នឹងតែម៉ង។ និយាយរួមពួកខ្ញុំប៉ះពាល់ខ្លាំងគឺអត់ហ្មងហាស់»

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈប្រកាសផ្តល់ថវិកាបុរេប្រទានជាង៤លាន៥៧ម៉ឺនដុល្លារទៅដោះស្រាយសំណងជូនកម្មករនៅ៩រោងចក្រដែលថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

ប្រធានមន្ទីរការងារខេត្តកណ្តាល លោក លឹម សារ៉ុម មានប្រសាសន៍ថា ករណីវិវាទការងារនៅរោងចក្រហ្គាវ័ន បានឆ្លងផុតពីដៃមន្ទីរការងារហើយថា បានបញ្ជូនដល់ដៃតុលាការហើយដែរ។

លោក លឹម សារ៉ុម បន្តថា រោងចក្រហ្គាវ័ន មិនស្ថិតក្នុងចំណោមរោងចក្រ៩ដែលរដ្ឋាភិបាលប្រកាសចេញសំ ណងជូនជំនួសថៅកែនោះទេ។

លោកបន្ថែមថា«រឿងរបស់ពួកគាត់នេះយើងបានដោះស្រាយចប់សព្វគ្រប់ហើយ យើងបានបញ្ជូនទៅក្រសួង ហើយអាជ្ញាកណ្តាលបានដោះស្រាយហើយៗ បច្ចុប្បន្ន រឿងនេះស្ថិតក្នុងនីតិវិធីតុលាការ អញ្ចឹងគាត់រង់ចាំការ ដោះស្រាយតាមប្រព័ន្ធតុលាការ។ រោងចក្រនេះមិនមែនស្ថិតនៅក្នុង៩រោងចក្រទេ ៩រោងចក្រនោះគឺថៅកែរត់ ចោលប៉ុន្តែរោងចក្រហ្គាវ័ននេះថៅកែមិនរត់ចោលនោះទេ គឺថៅកែគេរងចាំការដោះស្រាយ»

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា មិនមែនមានតែរោងចក្រហ្គាវ័ននេះមួយទេដែលពុំទទួលសំណងមុនថ្ងៃចូលឆ្នាំ គឺមានរោងផ្សេងទៀត ដូចជា រោងចក្រ ហ្វឺស ហ្គាវ័ន រោងចក្រថបវើល រោងចក្រក្បាលកោះ និងរោងចក្រដៃយ៉ាងក៏មិនទទួលបានដំណោះស្រាយដែរ។

លោក អាត់ ធន់ បានបន្ទោសទៅមន្រ្តីក្រសួងការងារចំពោះការដោះស្រាយយឺតយ៉ាវនេះ ដោយថា វាជាភាព កំសោយរបស់អាជ្ញាធរក្នុងការជួយដោះសាយជូនកម្មករ។

លោកបន្ថែមថា«ខ្ញុំស្នើទៅរដ្ឋាភិបាលទី១គឺសុំឲ្យមន្រ្តីរបស់ខ្លួនហ្នឹងចុះធ្វើការឲ្យខានតែបានព្រោះថ្ងៃនេះនៅសល់ មួយថ្ងៃទៀតដែរ បើក្រុមហ៊ុនណាអាចផ្តល់បានត្រូវ បើកអាចទេ រដ្ឋត្រូវជួយចេញលុយទៅ បើចេញមិនបានទេ អាហ្នឹងកម្មករលំបាកហើយ។ ហើយអ្វីដែលរដ្ឋាភិបាលត្រូវដោះស្រាយបន្តទៀតនោះ គឺធ្វើយ៉ាងណាកុំឲ្យមន្រ្តី របស់ខ្លួនជាប់ពាក់ព័ន្ធជាមួយ ឬកាងក្រុមហ៊ុន បើរកឃើញថា មានកាងត្រូវដាក់ទោសទណ្ឌ»

កម្មករប្រមាណជាង៧០០នាក់បម្រើការងារនៅរោងចក្រហ្គាវ័ន្តស្ថិតក្នុងក្រុងតាខ្មៅមានវិវាទការងាររយៈពេល ជាង១ឆ្នាំហើយជុំវិញរឿងថៅកែបើកប្រាក់ឈ្នួលឲ្យពួកគេមិនទៀងទាត់ និងមិនទូរទាត់ប្រាក់អត្ថប្រយោជន៍ជូន ពួកគេ ខណៈកម្មករទាំងនោះអះអាងថា ពួកគេធ្វើការនៅរោងចក្រនោះចម្លោះពី៧ទៅ១០ឆ្នាំ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment