ពិធីផ្ទេរតំណែងទេវតា​ និងប្រពៃណី​ទំនៀម​ទម្លាប់នៃការ​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី

ដោយ សេក បណ្ឌិត
2018-04-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រប​សៀវភៅ​សង្ក្រាន ឆ្នាំ ២០១៨ (Print screen)
ក្រប​សៀវភៅ​សង្ក្រាន ឆ្នាំ ២០១៨ (Print screen)


ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០១៨​នេះ មាន​រយៈ​ពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សៅរិ៍ ទី​១៤​ ដល់​ថ្ងៃចន្ទទី​១៦ ខែ​មេសា។

ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹងចូលមក​បន្ត​វេន​ថែរក្សា​លោក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​បន្ត​ទៀត​នេះមាន «ព្រះនាម ​មហោធរៈទេវី » ជាបុត្រីទី៧​ របស់ កបិល​មហាព្រហ្ម។

ព្រះនាង បាន​យាង​ចុះ​មក​ដល់​នៅ​វេលា​ម៉ោង : ១២ ព្រឹក ថ្ងៃ​សៅរិ៍ ​ទី​១៤​រោច ​ខែចេត្រ​​​ឆ្នាំ​ថ្មី គឺ​ឆ្នាំ «​» ​សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ២០១៨ មហាសករាជ ១៩៤០ និង​ចុល្លសករាជ​១៣៨០។

តើគេនឹងរៀបចំពិធីផ្ទេរតំណែងទេវតា​ និងរៀបចំ​គ្រឿង​រណ្ដាប់​អ្វី​ខ្លះ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​ត្រឹមត្រូវតាម​ក្បួន​តម្រា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរយើង ដើម្បី​ទទួល​បាន​សេរី​សួស្ដី​បវរ​មហា​ប្រសើរ​នោះ?

សូម​ស្តាប់​សេចក្តី​រាយការណ៍​ពិស្តារ របស់​លោក សេក បណ្ឌិត ជុំវិញ​រឿង​នេះ​ដែល​មាន​សេចក្ដី​ដូចតទៅ

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ជាប់​ទាក់ទង​ជា​សំខាន់​នឹង​បុត្រី​កបិល​មហាព្រហ្ម​ទាំង៧​អង្គ ដែល​យាង​មក​ប្ដូរ​វេន​គ្នា​រក្សា​លោកយើងនេះ ទៅ​តាម​ជំនឿ​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល រហូត​ដល់​សព្វថ្ងៃនេះ។

តាម​ក្បួន​តម្រា​មហា​សង្ក្រាន្ត​ឆ្នាំថ្មី​ ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្ត​សករាជ​២០១៨ មហាសករាជ ១៩៤០ និងចុល្លសករាជ​១៣៨០នេះ គឺ​ត្រូវ​វេន​ទេព​ធីតា​ព្រះនាម​«មហោធរៈទេវី » ដែល​ជា​បុត្រី​ទី​៧​ ​យាង​មក​ទទួល​តំណែង​បន្តវេន​ពី​ទេព​ធីតា​ឆ្នាំ​ចាស់​ឆ្នាំរកា គឺ​ព្រះទេពធីតា​ព្រះនាម«កិមិរា​ទេវី»ដែល​ជា​បុត្រីច្បង​ទី៦​របស់​កបិល​មហាព្រហ្ម។

តាម្រាពីបុរាណបានបង្ហាញ​នូវ​លក្ខណៈ​សម្គាល់​ទេព​ធីតា​ព្រះនាម «មហោធរៈទេវី » ​គឺ​ទ្រង់​អម្ពរ​ពណ៌​ខៀវ លម្អ​ដោយ​ផ្កា​ត្រកៀត អភរណៈ​ និលរតន៍ ភក្សាហាទ្រង់ សោយ សាច់ ទ្រាយ ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រហស្ត​ឆ្វេង​ទ្រង់ ​ត្រីសូល៍ ទ្រង់​គង់​រំពៃ​លើ​ខ្នង​ស្តេច​ក្ងោក (មយូរា) ដែល​ជា​ពាហនៈ។

ទេព​ធីតា​ព្រះនាម​ «មហោធរៈទេវី » បាន​នាំ​អស់​ទេវ​បុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ ធម្មមាលី នា​ទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស​ នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ​ចំនួន ៧​ជុំ តាម​ផ្លូវ​ព្រះ​អាទិត្យ ចរ​ចំនួន ​៦០​នាទី ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​តាម​ទំនាម​ត​រៀង​មក។

ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​ទេវតា​ លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ អតីត​ទីប្រឹក្សា​ជុំនុំ​ព្រះ​ត្រៃបិដក ​មាន​ប្រសាសន៍​ថា ពីធី​នេះ​ បុរាណ​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ និង​មាន​របៀប​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​ តាម​ទីវត្ត​អារាម និង​តាម​ផ្ទះ​សម្បែង​តាម​ភូមិឋាន​នានា របស់​អ្នក​ភូមិ​ ក្រោម​ទិដ្ឋភាព​សប្បាយ​រីករាយ​ដោយ​ម្នាក់ៗ ស្លៀក​ពាក់​ល្អ​ស្អាត ជា​បៀប​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ដោយ​មាន​លោក​អាចារ្យ ចាស់​ព្រឹទ្ធាចារ្យ ជា​អ្នក​ដឹក​នាំ​ធ្វើ​ពិធី​នេះ៖ «គឺ​យើង​ធ្វើ​តាម​ដំណើរ​រឿង​របស់​ទេវកថា តាម​ដំណើរ​រឿង​កបិល​មហា​ព្រហ្ម និង​បុត្រី​ទាំង ៧​អង្គ ដែល​ជា​ទេវតា បាន​ដាក់​វេន​គ្នា មក​រក្សា​លោក​យើង​នេះ ជំនួស​ព្រះ​បិតា។ ការ​ផ្ទេរ​តំណែង​នោះ មាន​រៀបចំ​ពិធី​ប្រកាស​ហេតុ​ ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់ មាន​សេចក្តី​របាយការណ៍​ផ្សេងៗ និង​មាន​ផែនការ​ថ្មី ការ​សេសសល់​គម្រោង​ចាស់ ​ដែល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​អនុវត្ត​បន្ត​នោះ​ជាដើម»

ចំណែក​ប្រពៃណី​ទំនៀម​ទម្លាប់​ នៃ​ការ​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​វិញ ចាស់​ទុំ​ពី​បុរាណ​ក៏​បាន​ទុក​ជា​គំរូ ឬ​របៀរបប​យ៉ាង​ច្បាស់លាស់​សម្រាប់​កូន​ចៅ​គោរព​តាម​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​ដែរ។

តាម​ទំនៀម ពលរដ្ឋ​ខ្មែរ​តែង​រៀបចំ​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​ទទួល​បាន​សិរី​សួស្ដី​ក្នុង​ឆ្នាំ​ថ្មី។ ចាស់​ទុំ​មួយ​ចំនួន ដែល​បាន​សិក្សា​ពី​វប្បធម៌ ជំនឿ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ពិធី​ទទួល​ទេវតា​មិន​មែន​ចេះតែ​រៀបចំ​ទៅ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ពោល​គឺ​វា​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវទៅ​តាម​លំអាន​នៃ​តម្រា​មហាសង្ក្រាន្ត​ខ្មែរ ដែល​ត្រូវ​បាន​កត់​ចំណាំ​ទុក​ជា​ច្រើន​ជំនាន់​មក​ហើយ។

ក្បួន​តម្រាចូល​ឆ្នាំ​ថ្មី​ ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពិធី​ទ្វា​ទសមាស ភាគ​ទី​១ បាន​បង្ហាញ​ថា រណ្ដាប់​ទទួល​ទេវតា​មាន​រាន​ទេវតា​ ៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេង​ពិណពាទ្យ ១​វង់ សម្រាប់​លេង​ទទួល​ទេវតា។ គេ​ត្រូវ​ក្រាល​សំពត់​ដែល​មាន​ពណ៌​ស ឬ​ពណ៌​ទៅ​តាម​ថ្ងៃ​ខែ​ឆ្នាំ និង​ឈ្មោះ​ទេវតា ដោយ​ក្រាល​នៅ​លើ​រាន ឬ​តុ​ស្រស់​ស្អាត​មួយ ឬ​គេ​ហៅ​ថា រាន​ទេវតា។

រីឯ​រណ្ដាប់​ ឬ​ដង្វាយ​ទទួល​ទេវតា​វិញ មាន​បាយ​សី​ធំ ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ លាជ ៥​កែវ ផ្កា ៥​កែវ ​ឬ​ថូ​ ស្លា​បារី​ ដាក់​លើជើង​ពាន ១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ដាក់​លើ​ជើង​ពាន ១​គូ​ ដូងឡៅ​មួយ​គូ​ និង​មាន​ផ្លែ​ឈើ​ប្រណិត ១១​មុខ​ផ្សេង​ទៀត ទឹក​ស្អាត​ពីរ​កែវ ឬ​មួយ​ផ្តិល​ធំ និង​ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១។

ចាស់​ទុំ​បុរាណ​ក៏​បាន​អនុញ្ញាត​ឲ្យ​រៀប​រណ្ដាប់​ទទួល​ទេវតា​ ដោយ​សង្ខប​ទៅ​តាម​ធន​ធាន​ដែល​យើង​មាន​ជាក់​ស្តែង​ក៏​បាន​ដែរ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​ថា ពលរដ្ឋ​សាមញ្ញ ​អាច​ធ្វើ​ត្រឹម​បាយសី ៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន​ទៀន​៥ ធូប​៥ ស្លាធម៌​ កូន​ចេក ​១​គូ ទឹក​មួយ​ផ្តិល​ធំ។ ចំពោះ​ផ្លែ​ឈើ​អាច​រៀប​ត្រឹម ៧​មុខ ទៅ​តាម​ធនធាន​ដែល​ខ្លួន​មាន​ឲ្យ​សម​ល្មម​ ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ​ជ្រះ​ថ្លា ​ក្នុង​ការ​បូជា​ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នោះ ​ក៏​ទទួល​បាន​នូវ​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​ដែរ៖ «ទេវតា​មាន​អាហារ​សម្រាប់​ពួក​ទេវតា​នោះ​ហើយ មិន​ចាំ​តែ​មក​សោយ​ដង្វាយ​អាហារ ដែល​មនុស្ស​លោក​ថ្វាយ​នោះ​ទេ។ ប៉ុន្តែ​ដើម្បី​ឲ្យ​គាប់​គួរ​នោះ គឺ​ថា​យើង​បរិភោគ​អី​ដែល​គិត​ថា វា​ប្រណិតៗ ល្អ​ហ្នឹង គឺ​យើង​យក​ផ្លែ​ឈើ​នោះ​ទៅ​បូជា​ថ្វាយ​ទេវតា ធ្វើ​ទៅ​តាម​សទ្ធា​ ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នោះ​ជា​ការ​ប្រសើរ​ហើយ»

អ្នក​ជំនាញ​ខាងវប្បធម៌​ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ លោក​អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​រៀបចំ​បាយសី ផ្លែឈើ និង​ផ្កាភ្ញី ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ពេល​ទេពធីតា​ចុះ​នោះ គឺ​ធ្វើ​ឡើង​តាម​បែប​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធ​សាសនា ព្រោះ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា ពិត​ជា​មាន​ទេវតា​ចុះ​មក​ផ្លាស់ប្ដូរ​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង ដើម្បី​ថែរក្សា​សត្វ​លោក និង​ទេវតា​ឱ្យ​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​​ក្នុង​ឆ្នាំ​ថ្មី។

នៅ​ពេល​ជិត​ដល់​ម៉ោង​ទេវតា​យាង​ចុះ សមាជិក​ក្រុម​គ្រួសារ​ តែងតែ​មក​ជួបជុំ​គ្នា​នៅ​មុខ​រាន​ទេវតា​ដោយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​​​ ធ្វើ​បទ​នមស្សការ​ព្រះរតនត្រ័យ សមាទាន​សីល ​​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត ​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​សៅហ្មង​ទាំង​ពួង តម្កល់​ចិត្ត​​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទី​ពឹង​នៃ​ស្រែ​បុណ្យ​របស់​យើង រហូត​ដល់​ពិធី​ទទួល​ទេវតាបានបញ្ចប់​ដោយ​បរិបូរណ៍។

ព្រះមហា​ធម្មាលង្ការោ ចាន់ សុជន ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​កណ្តាល​ ហៅ​វត្ត​ខា្ចស់ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​ពន្យល់​ថា ការ​សម្អាត​ចិត្ត មុន​ចូល​ថ្វាយ​បង្គំ​ព្រះរតនត្រ័យ​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​លះ​បង់​គំនិត ដែល​ធ្លាប់​ចង់​សាង​អំពើ​បាប ហិង្សា គំនុំ កុំកួន ព្យាបាទ​គ្នា​ តាំង​ពី​ឆ្នាំ​ចាស់​នោះ​ឲ្យ​អស់​ ហើយ​តាំង​ចិត្ត​ប្រព្រឹត្តិ​ល្អ​ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​តទៅ៖ «ការ​សម្អាត​ចិត្ត​នៅ​ពេល​នេះ​គឺ​ចម្រើន​ទៅ​ដោយ​សេចក្តី​ល្អ​ផ្សេងៗ ឆ្នាំ​ថ្មី គឺ​អ្វីៗ ថ្មី​ទាំង​អស់។ មាន​ន័យ​ថា ការ​គិត​អាក្រក់​ទាំង​ឡាយ​កន្លង​មក​ហ្នឹង សូម​ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ហ្នឹង​ទៅ ហើយ​ក្នុង​ឆ្នាំ​ថ្មី​សូម​ឲ្យ​ការ​គិត​នោះ​ថ្មីៗ គោល​ដៅ​សំខាន់​ការ​សម្អាត​ចិត្ត​នេះ​សំដៅ​សាងមេត្តា​ធម៌​ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង​ជា​រៀង​រហូត​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ត​ទៅ»

លោក​ អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ពន្យល់​ដែរ​ថា អត្ថន័យ​រៀបចំ​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី ​តាំង​ពី​បុរាណកាល​មក​ដោយ​ពលរដ្ឋ​ខ្មែរ​គោរព​ស្រលាញ់​សាសនា​បែប​ព្រហ្មញ្ញ​ ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភ​ជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

អ្នក​ជំនាញ​ហោរាសាស្ត្រ​បញ្ជាក់​ថា ប្រសិនបើ​បុគ្គល​ណា​តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ និង​រក្សា​សីល ព្រម​ទាំង​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា នោះ​ទេវតា​ឆ្នាំ​ថ្មី​នឹង​តាម​ថែរក្សា​ឱ្យ​ជួប​តែ​សេចក្ដី​សុខ សុភមង្គល​គ្រប់​វេលា។

រដូវ​កាល​ចូល​ឆ្នាំថ្មី ​ជា​ឱកាស​មួយ ​ជម្រះ​ នូវ​ឧបទ្រព​ចង្រៃ​នៅ​ឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​ថ្មី ពី​ទេវតា​ឆ្នាំ​​ថ្មី ដោយ​ក្តី​សោមនស្ស​រីករាយ​​ក្សេ​មក្សាន្ត​​ និង​សុភមង្គល។

ក្រៅ​តែ​ពី​ពិធី​ទទួល​ទេវតា ចាស់​បុរាណ ក៏​បាន​ដឹក​នាំ​កូន​ចៅ ឲ្យ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ​ ទៀត​ដែរ ដូចជា ការ​ធ្វើ​បុណ្យ​ដាក់​ទាន​ និង​ការ​គោរព​ដឹង​គុណ អ្នក​មាន​គុណ មាន​មាតា បិតា ជីដូន ជីតា បុព្វការី​ជន​ទាំង​ឡាយ ទាំង​អ្នក​ចែក​ឋាន ទៅហើយក្តី និងអ្នកនៅរមានជីវិតនៅឡើយក្តី។

ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ ២០១៨​នេះ ខ្ញុំបាទ សេក បណ្ឌិត​​ ពី​ឯ​នាយ​សមុទ្រ​​ រួម​នឹង​សហការី​នៃ​​អាស៊ីសេរី ទាំង​អស់ ក៏​សូម​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​នឹង​លោក​អ្នក​នាង​ពី​ចម្ងាយ និងសូម​ជូនពរ​ឲ្យ​អ្នក​នាង​ប្រាថ្នា​អ្វី​សូម​ឲ្យ​បាន​ដូច​សេចក្តី​បំណង សូម​ឲ្យ​មាន​សេចក្តី​រីករាយ សុភមង្គល ​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​ ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ ទៀត។ ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្ដី​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​នេះ​តរៀង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles